ខណៈពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានចូលដល់ខែទីពីរ ដែលកំពុងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពលពិភពលោក និងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ប្រទេសចិនកំពុងព្យាយាមចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួលសន្តិភាព។
ការណ៍នេះ កើតឡើងក្នុងពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ អាចនឹងបញ្ចប់ក្នុងរយៈពេល “ពីរទៅបីសប្តាហ៍” ប៉ុន្តែមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយបង្ហាញថា តើវានឹងកើតឡើងដោយរបៀបណា ឬមានអ្វីកើតឡើងបន្តទៀតនោះទេ។
ចិនបានចូលរួមជាមួយប៉ាគីស្ថាន ដែលបានលេចមុខជាអ្នកសម្របសម្រួលដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ មន្ត្រីក្នុងទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់ចេញនូវផែនការប្រាំចំណុច ក្នុងគោលបំណងនាំមកនូវការឈប់បាញ់ និងការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់។
ប៉ាគីស្ថាន ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក ហាក់ដូចជាបានឈ្នះចិត្តលោក ត្រាំ ឱ្យយល់ព្រមសម្របសម្រួលក្នុងជម្លោះនេះ។
ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងកំពុងចូលប្រឡូកក្នុងរឿងនេះ ក្នុងនាមជាគូប្រជែងរបស់ទីក្រុងវ៉ាស៊ីនតោន នៅមុនកិច្ចពិភាក្សាពាណិជ្ជកម្មដ៏សំខាន់រវាងមេដឹកនាំចិន លោក ស៊ី ជីនភីង និងលោក ត្រាំ នៅខែក្រោយ។
លោក Zhu Yongbiao ដែលជាអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ា និងជានាយកមជ្ឈមណ្ឌលសិក្សាអាហ្វហ្គានីស្ថាននៃសាកលវិទ្យាល័យ Lanzhou បានលើកឡើងថា ការគាំទ្ររបស់ចិនលើបញ្ហានេះគឺ “សំខាន់ខ្លាំងណាស់”។
“ទាំងផ្នែកសីលធម៌ នយោបាយ និងការទូត ប្រទេសចិនកំពុងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ជាមួយនឹងក្តីសង្ឃឹមថា ប៉ាគីស្ថានអាចដើរតួនាទីកាន់តែលេចធ្លោថែមទៀត”។
នេះក៏ជាការផ្លាស់ប្តូរសម្រាប់ទីក្រុងប៉េកាំងផងដែរ ដែលកន្លងមកប្រតិកម្មផ្លូវការចំពោះសង្គ្រាមនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ ដូច្នេះហេតុអ្វីបានជាចិនចូលខ្លួនមកអន្តរាគមន៍នៅពេលនេះ?។
ផែនការសន្តិភាពនេះ ត្រូវបានព្រាងឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានហោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីស្វែងរកការគាំទ្រពីចិនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសខ្លួន ក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនេះ។
កិច្ចខិតខំប្រឹងប្រែងរបស់លោកហាក់ដូចជាទទួលបានផល។ ក្រសួងការបរទេសចិន បានឱ្យដឹងថា ភាគីទាំងពីរបាននិងកំពុងធ្វើ “កិច្ចខិតខំប្រឹងប្រែងថ្មីៗឆ្ពោះទៅរកការតស៊ូមតិដើម្បីសន្តិភាព”។ សេចក្តីថ្លែងការណ៍រួមបានព្រមព្រៀងគ្នាថា ការសន្ទនា និងការទូតគឺជា “ជម្រើសដែលអាចអនុវត្តបានតែមួយគត់ដើម្បីដោះស្រាយជម្លោះ” ហើយក៏បានអំពាវនាវឱ្យមានការការពារផ្លូវទឹកនានា រួមទាំងច្រកសមុទ្រដែលកំពុងត្រូវបានបិទផ្លូវផងដែរ។
វាមិនមែនត្រឹមតែជារឿងប្រេងនោះទេ បើទោះបីជាវាក៏ជាកង្វល់មួយក្តី។ ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងឆៅធំជាងគេបំផុតក្នុងលោក មានប្រេងបម្រុងទុកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។
ទីក្រុងប៉េកាំងទំនងជាសម្រេចចិត្តដើរតួជាអ្នកសម្របសម្រួលសន្តិភាព ដោយសារសង្គ្រាមនៅអ៊ីរ៉ង់កំពុងគំរាមកំហែងដល់អ្វីដែលលោក ស៊ី ប្រាថ្នាចង់បានបំផុត នោះគឺ៖ ស្ថិរភាព។ ចិនត្រូវការសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាព ដោយសារខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើការលក់ទំនិញទៅកាន់ពិភពលោក ក្នុងខណៈពេលដែលខ្លួនកំពុងព្យាយាមស្រោចស្រង់សេដ្ឋកិច្ចក្នុងស្រុកដែលកំពុងធ្លាក់ចុះ។
លោក Matt Pottinger ប្រធានកម្មវិធីចិននៃមូលនិធិការពារប្រជាធិបតេយ្យ (Foundation for Defense of Democracies) បានមានប្រសាសន៍ថា៖ «ប្រសិនបើសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមដើរយឺតដោយសារតែវិបត្តិថាមពល នោះវានឹងក្លាយជារឿងលំបាកសម្រាប់រោងចក្រ និងអ្នកនាំចេញរបស់ចិន»៕









