តុលាការ​សម្រេច​ឱ្យ​ឃុំ​ខ្លួន​អតីត​ព្រះ​ភិក្ខុ ជា វុទ្ធី ពាក់​ព័ន្ធ​ការ​បញ្ចេញ​មតិ​រឿង​ព្រំដែន

អតីត​ព្រះ​ភិក្ខុ ជា​ វុទ្ធី ដែល​តែង​​តែប​ញ្ចេញ​មតិ​ពី​បញ្ហា​សង្គម​ រួម​ទាំង​បញ្ហា​ព្រំដែន ពាក់​ព័ន្ធ​នឹង​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឱ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​ពី​កម្លាំង​​សមត្ថ​កិច្ច​ខេត្ត​បាត់​ដំបង​ចាប់​វាយ​ខ្នោះ​ និង​ផ្សឹក​កាល​ពី​ថ្ងៃ​ពុធ។

សមាគម​ការពារសិទ្ធិមនុស្សអាហុក បាននិយថា នៅរសៀលថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២៦ អតីត​ព្រះ​អង្គ​ ជា វុទ្ធី ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ដោយ​ចោទ​ពី​បទ «ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៤ និង៤៩៥ នៃក្រម​ព្រហ្ម​ទណ្ឌ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រម​ទាំង​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅពន្ធនាគារ​រាជធានី​ភ្នំពេញ(ប៉េហ្សេ)។

អាដហុក បញ្ជាក់​ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២៦ ព្រះ​ភិក្ខុ​ព្រះ​នាម ជា វុទ្ធី គង់​នៅវ​ត្ត​ធម្ម​និម្មិត​រាជ​បុប្ផា​រាម ហៅ​វត្ត​ប៉ាឆា ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ត្រូវ​បាន​ជន​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម បាន​ចូល​ទៅ​នាំ​ព្រះ​កាយ​ព្រះ​អង្គ​ចេញ​ពី​វត្ត​ពោធិ៍​វាល ក្រុង​បាត់​ដំបង ដែល​ជា​ទីណាត់​ជួប​របស់​ប្រធាន​មន្ទីរ​ធម្ម​ការ និង​សាសនា​ខេត្ត​បាត់​ដំបង និង​ជា​សាលា​គណៈ​ខេត្ត។

ក្រោយមក ព្រះតេជគុណ ជា វុទ្ធី ត្រូវបានផ្សឹក ដោយ​មេគុណ​ខេត្ត​ស្តីទី​ព្រះ​នាម ហេង សុខន បន្ទាប់​មក​សមត្ថ​កិច្ច​បាន​​បញ្ជូន​អតីត​ព្រះ​អង្គ ជា វុទ្ធី មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។

នៅព្រឹកថ្ងៃទី​២ ខែ​ឆ្នាំ​ដដែល អតីត​ព្រះអង្គ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

បើតាមការបញ្ជាក់ពីព្រះអង្គ ជា វុទ្ធី មុនពេលចាប់ខ្លួន និងការ​បញ្ជាក់​ពី​ក្រុម​ព្រះ​សង្ឃ​ដែល​រៀន​នៅ​សាកល​វិទ្យាល័​យ​ជាមួយ​គ្នា ការ​ចាប់​ខ្លួន​នេះ​អាច​ទំនង​បណ្តាល​មក​ពី​សំណេរ​របស់​ព្រះអង្គ ជា វុទ្ធី បាន​សរ​សេរ​លើបណ្តាញ​សង្គម​ពាក់​ព័ន្ធ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ តែ​យ៉ាង​ណា​សំណេរ​នោះ​ត្រូវ​បាន​លុប​វិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចាប់​ខ្លួន។

អតីតព្រះសង្ឃអង្គនេះ គឺជាសកម្មសង្ឃ ដែលកន្លងមកតែងតែឈឺឆ្អាល​រឿង​ប្រទេស​ជាតិ និង​ចូល​រួម​សកម្ម​ក្នុង​កិច្ច​​ការ​​ងារ​សង្គម។ ព្រះអ​ង្គ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​រហូត​ដល់​២ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស ។

ករណីនេះ សមាគមអាដហុក បានជួប និងទទួលការពឹងពាក់ពីញោមស្រី​របស់​ព្រះ​តេជ​គុណ គឺ​អ្ន​ក​ស្រី ចាន់​ម៉ៅ រួច​សមាគម​​បាន​សម្រេច​ផ្តល់​មេធាវី​ដើម្បី​ការ​ពារ​តាម​នីតិ​វិធី ព្រម​ទាំង​បន្ត​ការ​ឃ្លាំមើ​ល​ដោយ​យក​ចិត្ត​ទុក​ដាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ