សង្គមស៊ីវិល និងសហគមន៍នេសាទនៅខេត្តព្រះសីហនុ និយាយថា ការកាប់ទន្ទ្រានព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិឯកជន កំពុងកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់ពីអាជ្ញាធររដ្ឋទេ ដែលជាក្តីបារម្ភថា ធនធានសមុទ្រក្នុងខេត្តនេះ នឹងជួបហានិភ័យឆាប់ៗ បើរដ្ឋាភិបាលមិនទប់ស្កាត់ឱ្យបានទាន់ពេល ។
ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) លោក សុខ សុខុម ឱ្យដឹងនៅថ្ងៃទី២ខែមេសានេះថា លោកមានការព្រួយបារម្ភពីបញ្ហានេះ ដោយថា ដីព្រៃលិចទឹក ឬដីព្រៃកោងកាង ក្នុងសហគមន៍នេសាទធំៗចំនួនពីរ ក្នុងខេត្តព្រះសីហនុ គឺសហគមន៍បឹងជុំ ស្ថិតក្នុងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម និងសហគមន៍បឹងរាំង ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ កំពុងរងការកាប់បំផ្លាញ។
លោកថា ការបាត់បង់ដីព្រៃលិចទឹក មួយផ្នែកដោយសារក្រសួងជំនាញ ចេញប្លង់គ្របដណ្តប់លើបរិវេណព្រៃកោងកាង និងមួយផ្នែកទៀត ត្រូវឈ្មួញមានឥទ្ធិពលចូលទន្ទ្រានកាន់កាប់។
ប្រភពនោះ សង្កត់ធ្ងន់ថា ការកើនឡើលងនៃសកម្មភាពទន្ទ្រានព្រៃកោងកាងនេះ បង្ហាញពីកម្សោយនៃប្រព័ន្ធគ្រប់គ្រងរបស់មន្ត្រីពាក់ព័ន្ធ ដោយលោកសំអាងថា សកម្មភាពនេះ ភាគច្រើនបុគ្គលមានអំណាច និងខ្លះសម្អាងថា មានប្លង់កម្មសិទ្ធិទៀតផង។
លោកបន្តថា៖ «បច្ចុប្បន្ននេះ ស្ថានភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង នៅក្នុងសហគមន៍នេសាទក្នុងខេត្តព្រះសីហនុ កំពុងតែក្តៅគគុក ហើយសហគមន៍ដែលជាអ្នកការពារផ្ទាល់នៅក្នុងគោលដៅនីមួយៗ បានលើកយកបញ្ហាទន្ទ្រានកាន់កាប់ដីព្រៃកោងកាងនេះ ដាក់ទៅអាជ្ញាធរជំនាញ ដូចជារដ្ឋបាលជលផល ដើម្បីបង្ក្រាបទប់ស្កាត់ និងការការពារ ជាពិសេសការអនុវត្តច្បាប់ឲ្យបានរឹងមាំ ដោយមិនត្រូវបណ្តោយឲ្យជនទន្ទ្រានលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺការទន្ទ្រានដីព្រៃកោងកាងនេះ នៅតែមានឱកាស នៅតែគឃ្លើនជាបន្តទៀតទេ»។
តាមលោក សុខ សុខុម បញ្ហានេះ សហគមន៍នេសាទ ធ្លាប់ស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធឲ្យជួយទប់ស្កាត់ ប៉ុន្តែថាមិនប្រសិទ្ធភាពទេ។
ប្រហាក់ប្រហែលនេះដែរ ប្រធានសហគមន៍នេសាទបឹងជុំ លោក ឈឺន ដៀប លើកឡើងថា ប្រសិនបើគ្មានការជួយទប់ស្កាត់ទាន់ពេលទេ ក្នុងរយៈពេលដ៏ឆាប់ខាងមុខ ធនធានសមុទ្រ ឬជីវចម្រុះ ក្នុងមូលដ្ឋាននេះ នឹងត្រូវបំផ្លាញអស់គ្មានសល់។
លោកថា៖ «អត់ទាន់ឃើញមន្ត្រីជំនាញណាម្នាក់ចុះទៅពិនិត្យដីព្រៃកោងកាងអីហ្នឹងផង ឃើញបានតែប្រជុំ បានតែសំណូមពរ តែអត់មានមន្ត្រីចុះមកមើលផល។ ឥឡូវឃើញគេសង់ផ្ទះ និងហ៊ុំព័ទ្ធរបងជុំជិតអស់ហើយ។ យើងបានស្នើសុំមន្ត្រីចុះពិនិត្យ និងដកបង្គោលរបង ក៏ស្ងាត់ឈឹងអត់ឃើញមកទេ។ សំណូមពរដល់ថ្នាក់ដឹកនាំជួយពង្រឹងវិធានការ ទប់ស្កាត់អ្នកកាប់បំផ្លាញយកដីព្រៃកោងកាង កុំឲ្យមានអ្នកទី២ ទី៣ទៀត។ សូមឲ្យថ្នាក់ដឹកនាំជួយពង្រឹងពីផែនការសកម្មភាពមន្ត្រីថ្នាកក្រោមហ្នឹង ឲ្យជួយពង្រឹងបន្ថែមទៀត»។
លោកឱ្យដឹងទៀតថា ព្រៃកោងកាង ជាជម្រក ត្រី ក្តាម បង្គា និងសត្វស្លាបជាច្រើនប្រភេទរស់នៅ និងបន្តពូជ ហើយថាមកដល់ពេលនេះ តំបន់ជាច្រើន ត្រូវបំផ្លាញស្ទើររលាយហិនហោច។ លើសពីនេះ លោកហាក់បង្ហាញការខកចិត្តចំពោះមន្ត្រីដែលបានចេញប្លង់កម្មសិទ្ធិ បើកផ្លូវឱ្យមានការកាប់ទន្រ្ទានព្រៃកោងការដែលជាធនធានចម្រុះនៅតំបន់សមុទ្របែបនេះ។
លើសពីនេះលោក រឿន រិន ប្រធានសហគមន៍នេសាទបឹងរាំង ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ បង្ហាញការព្រួយបារម្ភដូចគ្នា ចំពោះសកម្មភាពកាប់រានដីព្រៃកោងកាងនេះ ដោយថា សកម្មភាពកាប់ទន្ទ្រាន កំពុងកើតមានក្នុងសហគន៍របស់លោក ។
លោកលើកឡើងថា ធនធានជលផលសមុទ្រនឹងត្រូវរលាយហិនហោច នាថ្ងៃអនាគត បើគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។ ហើយថា សហគមន៍បឹងរាំងនេះ ធ្លាប់បានរាយការណ៍ជូន មន្ត្រីជំនាញជលផលកំពង់សោម ក៏ដូចជាមន្ទីរកសិកម្មជាច្រើនដឹងហើយ ប៉ុន្តែថា ឈ្មួញមានឥទ្ធិពលនៅតែបន្តកាប់ទន្ទ្រានជាបន្តបន្ទាប់មកនេះ។
លោកថា៖ «ដីពីមុនមកយើងកាន់កាប់ដីសហគមន៍បឹងរាំង សរុបទាំងអស់មានជាង ៤ពាន់១រយហិកតា។ ក្នុងនោះដីព្រៃកោងកាងមានជាង ៣រយហិកតា។ ហើយករណីវាទីរំលោភយកដីសហគមន៍ របស់បុគ្គលមួយចំនួន បើតាមខ្ញុំគិត គ្រាន់តែបណ្តោយទំនប់មានជាង ១ពាន់ម៉ែត្រ ខ្នងទំនប់ ៤ម៉ែត្រ ហើយកាយប្រឡាយជាង ៣ម៉ែត្រទៀត សរុបស្មើនឹង៧ម៉ែត្រ។ គឺចាក់លុបព្រៃកោងកាងមួយជួរហ្នឹងទាំងអស់រហូតជាង ១ពាន់ម៉ែត្រឯណោះ»។
ជុំវិញបញ្ហានេះ លោកចង់ឃើញរដ្ឋាភិបាលពិចារណាលុបចោលបណ្ណកម្មសិទ្ធិ ឬបញ្ឈប់ចេញប្លង់ដី ជូនក្រុមហ៊ុន ឬបុគ្គលឯកជន គ្របដណ្តប់លើផ្ទៃដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកមច្ឆាសមុទ្របន្តពូជតទៅទៀត ដើម្បីជួយបង្កើនប្រាក់ចំណូលឡើងវិញដល់ពលរដ្ឋដែលពឹងផ្អែកលើមុខរបរនេសាទសមុទ្រ។
វីអូឌី នៅមិនទាន់អាចទាក់ទង លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការលើកឡើងនេះបានទេ គិតត្រឹមថ្ងៃទី២ខែមេសានេះ។
ប៉ុន្តែកន្លងមក សារព័ត៌មានក្នុងស្រុក បានស្រង់សំដី លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម មកចុះផ្សាយថា បញ្ហាកំពុងកើតមានក្នុងសហគមន៍នេសាទបឹងរាំង និងបឹងជុំនេះ រូបលោក បានដឹកនាំមន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជាបន្តបន្ទាប់។
លើសពីនេះ លោកថា ភាគច្រើនទីតាំងមានការកាប់រានដីព្រៃកោងកាងនោះ គឺគេមានបណ្ណកម្មសិទ្ធិស្របច្បាប់ ហើយជំនាញរបស់លោកគ្មានសិទ្ធិរារាំងគេទេ។
យ៉ាងណា ក្នុងអាណត្តិដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ចេញវិធានទប់ស្កាត់ការកាប់ទន្ទ្រានព្រៃកោងកាងនេះ ពិសេសការចេញសេចក្តីណែនាំ ឬ ស.ជ.ណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តម្រូវឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិ ដោយផ្តោតលើខេត្តចំនួន៤ជាប់សមុទ្រ ដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ។
ប៉ុន្តែមកដល់ពេលនេះ ទាំងសង្គមស៊ីវិល និងប្រធានសហគមន៍នេសាទនៅក្នុងខេត្តព្រះសីហនុ បន្តអះអាងមកថា ការកាប់ទន្ទ្រានដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិឯកជន មិនបានថយចុះទេ៕









