លោក ត្រាំ ថាអ៊ីរ៉ង់​ស្នើ​សុំ​ឈប់​​បាញ់​​តែ​អាមេរិក​ឱ្យ​បើក​ច្រក​​សមុទ្រ Hormuz ជា​មុន​សិន

ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​១ខែ​មេសា ​បាន​មាន​ប្រសាសន៍​ថា ប្រធានា​ធិបតី​អ៊ីរ៉ង់ បាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​​មាន​ការ​ឈប់​បាញ់។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង “ពិចារណា” លើ​សំណើ​នោះ លុះ​ត្រា​តែ​ច្រក​សមុទ្រ Hormuz ត្រូវ​បាន “បើក​ចំហ មាន​សេរី​ភាព និង​ស្រឡះ​ល្អ”។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក ត្រាំ លើ​បណ្តាញ​សង្គម Truth Social។

លោកបានសរសេរថា៖ «រហូត​ដល់ពេលនោះ យើងកំពុងកម្ទេចអ៊ីរ៉ង់ឱ្យរលាយ​សូន្យ ឬ​ដូច​ដែល​ពួក​គេ​និយាយ​ថា ឱ្យ​ត្រឡប់​ទៅ​សម័យ​យុគ​ថ្មី​វិញ!»

ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍នៅព្រឹកថ្ងៃទី​១ខែ​មេសាដ​ដែល​នោះ ដោយ​ស្រង់​សម្តី​មន្ត្រី​អ៊ីរ៉ង់​មិន​​បញ្ចេញ​​ឈ្មោះ​ម្នាក់​ថា ទីក្រុង​តេហេរ៉ង់​បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ឈប់​បាញ់​នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ Al Jazeera កាលពីថ្ងៃទី​៣១ខែ​មីនា ដោយ​បញ្ជាក់​ជា​ថ្មី​ថា ទី​ក្រុង​តេហេរ៉ង់​មិនមែនកំពុងស្វែងរកការឈប់បាញ់នោះទេ ប៉ុន្តែគឺកំពុងស្វែងរកការបញ្ចប់សង្គ្រាម។

យោងតាមការបកប្រែ លោក Araghchi បានប្រាប់សារព័ត៌មាននោះក្នុងបទសម្ភាសន៍​មួយ​ថា៖ «បច្ចុប្បន្ន​ មិន​មាន​ការ​ចរចា​អ្វី​ឡើយ»

សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ CNBC សម្រាប់ព័ត៌មាន​បន្ថែម​ជុំវិញ​វិវាទ​លើ​ការ​ចោទ​ប្រកាន់​​អំពី​សំណើ​សុំ​ឈប់​បាញ់​នេះ​ទេ។

វាមិនទាន់ច្បាស់នៅឡើយទេថា តើមានសំណើណាមួយត្រូវបានធ្វើឡើងដោយផ្ទាល់ទៅកាន់​សហរដ្ឋ​អាមេរិក ដូច​ដែល​​ការ​​បង្ហោះរបស់លោក ត្រាំ បានលើកឡើង ឬមួយក៏វាបានមកតាមរយៈអ្នកសម្របសម្រួល ដូចជាប៉ាគីស្ថាននោះទេ។

ទោះបីជាប្រធានាធិបតី Masoud Pezeshkian ពិតជាបានស្នើសុំការឈប់បាញ់ក៏ដោយ ក៏លោកប្រហែល​ជា​មិនមានសិទ្ធិសម្រេចចុងក្រោយដែរ គឺ​មេដឹកនាំកំ​ពូល​របស់​អ៊ីរ៉ង់ មិនមែនប្រធានាធិបតីនោះទេ ដែលមានអំណាចដាច់​ខាត​នៅ​ក្នុង​សាធារណ​រដ្ឋ​អ៊ីស្លាមនេះ។

មេដឹកនាំកំពូលបច្ចុប្បន្ន Ayatollah Mojtaba Khamenei បានជៀសវាងការបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីលោក​បានឡើងកាន់តំណែង បន្ទាប់ពីការសម្លាប់ឪពុករបស់លោក គឺអតីត Ayatollah Ali Khamenei ក្នុងការវាយប្រហារតាមអាកាសនៅដើមសង្គ្រាម។

ភាគីទាំងពីរតែងតែមានការអះអាងផ្ទុយគ្នាទៅវិញទៅមក អំពីអត្ថិភាព និងស្ថានភាពនៃកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីថ្ងៃទី​២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋ​អាមេ​រិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់។

ការប្រកាសលើ Truth Social របស់លោក ត្រាំ បានកើតឡើងប៉ុន្មានម៉ោងមុនពេលដែលលោកគ្រោងនឹងផ្តល់ “ព័ត៌​មាន​ថ្មី​ដ៏​សំខាន់​ស្តីពីអ៊ីរ៉ង់” នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិក។ នេះបើយោងតាមសេតវិមាន។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានកំណត់ធ្វើឡើងនៅម៉ោង ៩ យប់ (ម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក)។

សង្គ្រាមដែលអូសបន្លាយពេលជាងមួយខែនេះ បានបង្កឱ្យមានភាពវឹកវរសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃថាមពលសកល។ ភាពមិនស្ថិតស្ថេរនោះ គឺមានទំនាក់ទំនងយ៉ាងធំធេងទៅនឹងសមត្ថភាពបន្តរបស់អ៊ីរ៉ង់ ក្នុងការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព ដែលជាផ្លូវទឹកសម្រាប់​ការដឹកជញ្ជូនប្រេងដ៏ច្រើនលើសលប់របស់ពិភពលោក។

លោក ត្រាំ បានទទួលស្គាល់ថា ច្រកសមុទ្រនេះនៅតែជាចំណុចជាប់គាំងដ៏សំខាន់នៅក្នុងសង្គ្រាម បើ​ទោះ​បី​ជា​លោក និងមន្ត្រីរដ្ឋបាលផ្សេងទៀតទទូចថា យោធារបស់អ៊ីរ៉ង់ត្រូវបាន “កម្ទេចចោល” ហើយសហរដ្ឋអាមេរិកកំពុងសម្រេច​បាននូវគោលដៅរបស់ខ្លួនយ៉ាងឆាប់រហ័សក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ