សកម្មជន​បក្សប្រ​ឆាំង​ពីរ​រូប​ទៀត​ត្រូវ​ឧទ្ធរណ៍​​​កាត់​​ឱ្យ​បន្ត​ឃុំ​ខ្លួន​ទោះ​អនុវត្ត​ទោស​ជិត​គ្រប់

លោក កាក់ កុម្ភារ និង លោក ហេង ច័ន្ធសុទ្ធី ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​តុលាការ​រំលាយ​ ត្រូវ​​បា​ន​​សាលា​​ឧ​​ទ្ធរណ៍​​កាត់​ឱ្យប​ន្ត​ឃុំ​ខ្លួ​ន ​បើ​ទោះពួ​ក​គេ​ទទួល​ទោស​ជិត​គ្រប់​ចំនួន ជុំវិញ​ការ​ចោទ​​​ពី​​បទ​​រួមគំនិត​ក្បត់​ ​និង​​បទ​​ញុះ​ញង់ ដោយ​សារ​តែ​​សកម្ម​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​នយោ​បាយ។

អង្គ​ការការពារសិទ្ធិមនុស្សលីកាដូ បាននិយាយលើគេហទ័ពរបស់​ខ្លួន នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ​ថា កាល​ពី​​ថ្ងៃ​​​ទី​​៣​០​ ​​ខែ​​មីនា​ ​​ឆ្នាំ​​២​០​២​៦​ ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​ ​បាន​​តម្កល់​​សាល​ក្រម​​ផ្តន្ទា​ទោស​ លោក​ ​កាក់​ កុម្ភា​រ​ ​អាយុ​​៦​០​​ឆ្នាំ​ ​និង​ ​លោក​ ​ហេង​ ​ច័ន្ទសុទ្ធី ​អាយុ​​៦​៤​​ឆ្នាំ តាម​ការ​ចោទ​របស់​សាលា​ដំបូង។

​​ពួកគេ ជាប់​ចោទ​ពី​​បទ​ “​​ញុះ​ញង់​​ឱ្យ​​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​​​​ជា​អាទិ៍​” ​និង​​បទ​ “​រួ​ម​គំនិត​ក្បត់​” ​តាម​​បញ្ញត្តិ​​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​៤​៥​៣​ ​នៃ​​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​បទ​ចោទ​នេះ ​ត្រូវ​​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​​ផ្តន្ទា​ទោ​ស​ ​ដាក់​ពន្ធនា​គារ​៦​​ឆ្នាំ អំឡុង​​ខែ​​​មិថុនា​ ​ឆ្នាំ​​២​០​២​២​​។​

​បើតាមលីកាដូ ​ ​ថ្នាក់​ដឹកនាំ​ ​​និង​​អ្នកគាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​​ចំនួន​​យ៉ាង​តិច​ ​៥​០​​​រូប​ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចោទ​នេះ​ដូច​គ្នា​អំឡុង​ពេល​នោះ ដែល​ថា ការ​ចោទ​ប្រកាន់​ ​និង​​ចាប់​ខ្លួន​​អ្នក​​ទាំង​នោះ​ ​បាន​កើត​ឡើង​ក្នុង​​អំឡុង​​​ពេល​​ដែល​​ ​លោក​ ​សម​ ​រ​ង្ស៊ី ​បរា​ជ័យ​​ក្នុង​​ការ​​វិល​ត្រឡប់​​មក​​ប្រទេស​​កម្ពុជា​។​

​បើតាមប្រភពដដែល​ ​ជាលើកដំបូង​ ​ដែល​សាលាឧទ្ធរណ៍​​សម្រេច​​បើក​សវនា​ការ​​​លើ​​សំណុំ​រឿង​​របស់​​លោក​ កុម្ភា​រ​ ​និង​ ​លោក​ ​ច័ន្ទសុទ្ធី ​បន្ទាប់​ពី​​​លោក​ទាំង​​ពីរ​​កំពុង​​អនុវត្ត​​ទោស​​ជិត​ ​៦​ ​ឆ្នាំ​ទៅ​​ហើយ​ ហើយុ​ថាអ្ន​ក​ទាំង​ពីរ​នាក់​នេះ ​​​នឹ​ង​ត្រូវ​​បាន​​ដោះ​លែង​​ឱ្យ​​មាន​​សេរី​ភាព​​វិញ​ ​ក្នុង​​ខែ​​ឧសភា​ ​និង​ខែ​​មិថុនា​ ​ឆ្នាំ​​២​០​២​៦​​នេះ ក្រោយ​ទទួល​ទោស​ចប់។

​បច្ចុប្បន្ន​ ​លោក​ ច័ន្ទសុទ្ធី ​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​។​ ​ចំណែក​​លោក​ កុម្ភា​រ​ ​កំពុង​​ឃុំ​ខ្លួន​​នៅ​​ពន្ធ​​នាគា​​រ​​ខេត្ត​​ព្រះវិ​ហារ​។​ សកម្មជន​គណបក្ស​ស​ង្រ្គោះ​ជាតិ​ទាំង​២​រូប​នេះ​ ​ស្ថិត​ក្នុងចំណោម​អ្នកទោស​​ដែល​ប្រើ​សិទ្ធិ​ ​ចំនួន​ ​៩​៨ ​​នាក់​ ​ដែល​កំពុង​ជាប់ឃុំ​ ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​ ​និង​ដែល​ត្រូវ​បាន​ចង​ក្រង​​ដោយ​អង្គការ​លី​កា​ដូ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ