ប្រទេសរាប់សិបបានស្វែងរកមធ្យោបាយ ដើម្បីចាប់ផ្ដើមឡើងវិញនូវការដឹកជញ្ជូនថាមពលដ៏មានសារៈសំខាន់តាមរយៈច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្តេជ្ញាបង្កើនការវាយប្រហារលើអ៊ីរ៉ង់ឱ្យកាន់តែខ្លាំងក្លា ដែលជំរុញឱ្យតម្លៃប្រេងហក់ឡើងវិញដល់កម្រិតដែលបង្កឱ្យមានការខូចខាត។
លោក Trump បានមានប្រសាសន៍ថា ប្រតិបត្តិការយោធានឹងត្រូវបានពង្រឹងបន្ថែម ដោយមិនបានបញ្ជាក់ពីកាលកំណត់សម្រាប់ការបញ្ចប់អរិភាពឡើយ ដែលកង្វះភាពច្បាស់លាស់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងសម្រេចបាននូវគោលដៅយោធារបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែបានលើកឡើងថា សង្រ្គាមអាចនឹងរីកធំឡើង ប្រសិនបើមេដឹកនាំអ៊ីរ៉ង់មិនព្រមចុះចាញ់តាមលក្ខខណ្ឌរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលចរចា ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេងរបស់អ៊ីរ៉ង់អាចនឹងកើតមានឡើង។
លោកបានមានប្រសាសន៍ថា លោកអាចនឹងបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង ហើយបានប្រាប់បណ្តាប្រទេសដែលពឹងផ្អែកលើការដឹកជញ្ជូនប្រេងតាមរយៈច្រកសមុទ្រ Hormuz ដែលត្រូវបានបិទជិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ឱ្យ«ចេះចាត់ចែងយកដោយខ្លួនឯងទៅ»។
បណ្តាប្រទេសនៅអឺរ៉ុប និងរដ្ឋដទៃទៀត បានលើកឡើងថា ពួកគេនឹងជួយការពារច្រកសមុទ្រនេះ លុះត្រាតែមានបទឈប់បាញ់តែប៉ុណ្ណោះ។ ខណៈដែលសម្ពាធកំពុងកើនឡើង ប្រទេសប្រមាណ ៤០ កំពុងស្វែងរកមធ្យោបាយដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធនិម្មិតកាលពីថ្ងៃទី២ខែមេសា។
ចក្រភពអង់គ្លេស បាននិយាយថា កិច្ចពិភាក្សាបានផ្តោតលើឧបករណ៍ការទូត និងសេដ្ឋកិច្ច។ បារាំងបានលើកឡើងថា ដំណើរការនេះនឹងមានច្រើនដំណាក់កាល ហើយមិនអាចចាប់ផ្តើមបានទេ រហូតទាល់តែអរិភាពបានស្ងប់ស្ងាត់ ឬបញ្ចប់ទៅវិញ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងថា៖ «វាអាចធ្វើទៅបាន លុះត្រាតែមានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ»។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានឆ្លើយតបទៅនឹងលោក Trump ជាមួយនឹងការព្រមានដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អំពីការវាយប្រហារដែល «កាន់តែខ្លាំងក្លា ទូលំទូលាយ និងបំផ្លិចបំផ្លាញជាងមុន» ដែលកំពុងរង់ចាំនៅខាងមុខ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាល Khatam al-Anbiya នៃយោធាអ៊ីរ៉ង់ បាននិយាយថា សង្រ្គាមនឹងបន្តរហូតដល់មាន «ការសោកស្តាយ និងការចុះចាញ់ជាអចិន្ត្រៃយ៍» នៃសត្រូវរបស់អ៊ីរ៉ង់៕









