លោក ម៉ាក្រុង រិះ​គ​ន់លោក ​ត្រាំ ​ថា​​«មិន​មាន​ភាព​ថ្លៃ​ថ្នូរ»​ដែល​លើក​ឡើង​អំពី​អាពាហ៍​ពិពាហ៍​របស់​លោក

លោក Emmanuel Macron បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ លោក Donald Trump អំពី​អាពាហ៍​ពិពាហ៍​របស់​លោក​គឺ «មិន​មាន​ភាព​ថ្លៃ​ថ្នូរ និង​មិន​គ្រប់​ស្តង់​ដារ​ឡើយ» បន្ទាប់​ពី​ប្រធានាធិ​បតី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ត្រាប់​តាម​សំឡេង និង​ចំអក​ឱ្យ​សម​ភាគី​បារាំង​រូប​នេះ រួម​ទាំង​ភរិយា​របស់​លោក ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​ឯកជន​មួយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន។

បន្ទាប់​ពីបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី​៣ខែ​មេសា លោក Macron បានបង្ហាញយ៉ាង​ច្បាស់​នូវ​ការ​មិនពេញចិត្តចំពោះការលើកឡើងរបស់លោក Trump ដែលបានលេចឡើងក្នុងរយៈពេល​ខ្លីនៅក្នុងវីដេអូនៅ​លើ​ឆានែល YouTube របស់សេតវិមាន មុនពេលត្រូវបានលុបចេញវិញ។

លោក Macron បានប្រាប់អ្នកយកព័ត៌មានថា៖ «ដូច្នេះ ខ្ញុំនឹងមិនឆ្លើយតបទៅនឹងសម្តីទាំង​នោះ​ទេ វាគ្មាន​តម្លៃ​នឹង​ឱ្យ​ឆ្លើយ​តប​ឡើយ»

មានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង បន្ទាប់ពីលោក Trump ហាក់ដូចជាបានធ្វើការចំអកឱ្យ​លោក Macron និងភរិយារបស់លោក ក្នុងអំឡុងពេលអាហារថ្ងៃត្រង់កាលពីថ្ងៃទី១ខែ​មេសា ដែលមានការ​ចូល​រួម​ពីថ្នាក់ដឹកនាំសាសនា និងមន្ត្រីរដ្ឋាភិបាលនៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលលោកបានរិះគន់សម្ព័ន្ធ​មិត្តណាតូ (Nato) ចំពោះ​ការមិនចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

តាមរយៈការធ្វើត្រាប់តាមសំឡេងបែបបារាំង លោក Trump បាននិយាយថា ភរិយារបស់លោក Macron គឺ​លោកស្រី Brigitte «ប្រព្រឹត្តចំពោះលោកអាក្រក់ខ្លាំងណាស់»។ ថ្លែងអំពីការស្នើសុំឱ្យបារាំងជួយក្នុងបញ្ហា​អ៊ីរ៉ង់ លោក Trump បាន​និយាយថា៖ «យើងមិនត្រូវការពួកគេទេ ប៉ុន្តែខ្ញុំនៅតែសួរដដែល»។

លោក​​បានបន្ថែមថា៖ «ខ្ញុំបានទូរសព្ទទៅបារាំង ទៅ Macron ដែលប្រពន្ធរបស់គាត់ប្រព្រឹត្ត​ដាក់​គាត់​អាក្រក់​ខ្លាំង​ណាស់។ នៅ​មិន​ទាន់​សះ​ស្បើយ​ពី​ការ​រង​ទង្គិច​ត្រង់​ថ្គាម​នៅ​ឡើយ​ទេ»។

លោក Trump ហាក់ដូចជាចង់សំដៅទៅលើវីដេអូកាលពីខែឧសភា ឆ្នាំ​២០២៥ ដែលបង្ហាញថា លោកស្រី Brigitte Macron បា​នរុ​ញ​មុខ​ស្វាមី​របស់​លោក​ស្រី នៅ​ពេល​ដែល​ពួក​គេ​រៀ​ប​ចុះ​ពី​លើ​យន្ត​ហោះ ក្នុង​ដំណើរ​​​ទស្សន​​កិ​ច្ច​​ផ្លូវ​​ការ​​ទៅ​​​កាន់​​ប្រទេស​​វៀត​​ណាម។

វីដេអូ​​នោះ ថតដោយអ្ន​ក​ថត​កាមេរ៉ា​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Associated Press បានបង្ហាញលោក Macron លេច​មុខ​នៅមាត់ទ្វារយន្តហោះ នាដើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ។ ដៃរបស់ភរិយា​លោកហាក់ដូចជាបាន​រុញ​លោក ដែលធ្វើឱ្យលោកឈានថយក្រោយមួយជំហាន មុនពេលរក្សាលំនឹង​បានវិញ និងគ្រវីដៃ។ នៅពេលនោះ លោក Macron បានបដិសេធរាល់ «ជម្លោះក្នុងគ្រួសារ» ជាមួយ​​ភរិយា ដោយនិយាយថា ពួកគេគ្រាន់តែ «លេង​សើច​ដូច​ដែល​ធ្លាប់​ធ្វើ​ជា​ធម្មតា» ប៉ុណ្ណោះ។

នៅក្នុងពេលអាហារថ្ងៃត្រង់នោះ លោក Trump បានបន្តថា៖ «ហើយខ្ញុំ​បាននិ​យាយ​ថា Emmanuel យើង​ចង់​បាន​ជំនួយ​​ខ្លះ​នៅ​តំបន់​ឈូង​សមុទ្រ ទោះ​បី​ជា​យើង​កំពុង​បំបែក​កំណត់​ត្រា​​ក្នុង​ការ​កម្ចាត់​មនុស្ស​អាក្រក់ និង​កម្ចាត់​មីស៊ីល​ផ្លោង​ក៏​ដោយ យើង​ចង់​បាន​ជំនួយ​ខ្លះ។ បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​បញ្ជូន​នាវា​ទៅ​ភ្លាម»។

បន្ទាប់មក លោក Trump ហាក់ដូចជាព្យាយាមធ្វើសំឡេង​បែប​បារាំង ដើម្បី​ធ្វើត្រាប់តាមចម្លើយរបស់លោក Macron ថា៖ «’ទេ ទេ ទេ ដូណាល់ យើងមិនអាចធ្វើបែបនោះបានទេ។ យើងអាចធ្វើបាន បន្ទាប់ពីសង្គ្រាមត្រូវបានឈ្នះ’»។ លោក Trump និយាយថា៖ «ខ្ញុំក៏និយាយថា ទេ ទេ Emmanuel ខ្ញុំមិនត្រូវការបន្ទាប់ពីសង្គ្រាមត្រូវបានឈ្នះនោះទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ