ទឹកកខ្វក់ មានក្លិនស្អុយខ្លាំង និងពិបាកដកដង្ហើម ដែលគេជឿថា បានហូរចេញពីរោងចក្រនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម កំពុងគំរាមកំហែងជីវភាពពលរដ្ឋរស់នៅជុំវិញតំបន់នោះ ក្នុងសង្កាត់រាម ដែលពួកគេជំរុញឱ្យអាជ្ញាធរដោះស្រាយបន្ទាន់ ដើម្បីទប់ស្កាត់ហានិភ័យសុខភាព។
លោក សួន វុទ្ធី ប្រជាពលរដ្ឋរស់នៅអមព្រែកទឹកសាប ក្នុងសង្កាត់រាម រៀបរាប់ថា ស្ថានភាពទឹកក្នុងព្រែកទឹកសាប មានទីតាំងនៅជិតតំបន់សេដ្ឋកិច្ចពិសេសនេះ បានប្រែទៅជាមានពណ៌ខ្មៅ កខ្វក់ខួរអណ្តែង មានពពុះ មានក្លិនស្អុយ និងក្លិនឆួលខ្លាំង ដែលពិបាកទ្រាំរស់នៅតំបន់នោះ។ លោកបន្តថា មានពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅជាប់ព្រែកទឹកសាបនេះ គឺបានចាកចេញពីតំបន់នោះជាបន្តបន្ទាប់ ព្រោះមិនអាចទ្រាំនឹងក្លិនស្អុយឆួលទាំងនោះបាន។
លោក វុទ្ធី ក៏ដូចជាពលរដ្ឋដទៃទៀតដែរ បានស្នើដល់មន្ត្រីជំនាញឲ្យចុះពិនិត្យរកប្រភពនៃការបំពុលបរិស្ថាន ក្នុងព្រែកទឹកសាបនេះឲ្យបានឆាប់ផង។ ដ្បិតការបំពុលនេះ មានវិសាលភាពកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកថា៖ «អាជ្ញាធរជួយពិនិត្យមើលការបង្ហូរទឹកស្អុយ ពីរោងចក្រដែលប៉ះពាល់ដល់ប្រជាជនរស់នៅជាប់មាត់ព្រែកទឹកសាបហ្នឹងផង ហើយអ្នកដែលរកស៊ីនៅតាមដងព្រែកហ្នឹង គឺវាប៉ះពាល់ដល់សុខភាពខ្លាំង ស្ទើរតែដកដង្ហើមអត់ចង់រួច ហើយមានផ្សែងចេញក្លិនមក គឺពិបាកនឹងទទួលយក ពីព្រោះបរិស្ថានមិនល្អ»។
លើសពីនេះ លោក ចាន់ ប៊ុនថា ជាអាជីវករបំរើវិស័យទេសចរណ៍ ក៏បានបង្ហាញការព្រួយបារម្ភលើបញ្ហាបំពុលទឹកក្នុងព្រែកធម្មជាតិខាងលើនេះដែរ។ លោកថា ទឹកកខ្វក់នេះ មួយផ្នែក ទំនងអាចត្រូវគេបង្ហូរចេញពីរោងចក្រ សហគ្រាសធំៗ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
លោកបន្តថា បើគ្មានការទប់ស្កាត់បញ្ហាខាងលើឲ្យទាន់ពេលទេ នឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដល់បរិស្ថានបាតសមុទ្រ ការធ្វើនេសាទ ប៉ះពាល់សុខភាពសហគមន៍ និងប៉ះពាល់ដល់វិស័យទេសចរណ៍នាថ្ងៃអនាគត។
លោកថា៖ «គាត់ចេះតែបង្ហូរកាកសំណល់ របស់គាត់ចុះមកខាងក្រោមព្រែកហ្នឹង ក៏ពិបាកដែរ។ ហើយខាងរោងចក្រចេះតែបង្ហូរសំណល់រាវ បង្ហូរអាស៊ីត មកតាមទឹកអញ្ចឹងគឺវាប៉ះពាល់ធ្ងន់ធ្ងរ។ ហើយព្រែកយើងស្អាតសឹងអី ហើយបើអត់មានអ្នកជួយមើលថែទេ វាប្រាកដជាទៅថ្ងៃក្រោយទៅជាព្រែកទឹកស្អុយវិញហើយ មិនមែនព្រែកទឹកសាបទៀតទេ »។
ផ្តើមពីបញ្ហានេះ ទាំងប្រជាពលរដ្ឋ និងអាជីវករបំរើការវិស័យទេសចរណ៍ បានស្នើដល់មន្ត្រីជំនាញឲ្យចុះធ្វើតេស្តគុណភាពទឹក និងអនុវត្តច្បាប់បរិស្ថានឲ្យបានតឹងរឹង ប្រយោជន៍ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននេះ ឲ្យមានប្រសិទ្ធភាព។
ឆ្លើយតបកង្វល់នេះ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានប្រាប់កាសែតក្នុងស្រុកថា ករណីបំពុលទឹកក្នុងព្រែកទឹកសាបនេះ ខាងមន្ទីរជំនាញកំពុងចុះពិនិត្យ និងរកប្រភពនៃផលប៉ះពាល់នេះរួចហើយ។ លោកទទួលស្គាល់ថា ពិតជាមានករណីបង្ហូរទឹកស្អុយ ចូលព្រែកធម្មជាតិមួយនេះពិតមែន។
លោកបន្ថែម ៖ «វាមានពីររឿងគឺ ទី១ ខាងក្រុមហ៊ុនសន្យាពេជ្រ ដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន និងទី២ អាចថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហ្នឹងហើយ។ កន្លងមកធ្លាប់បានចុះទៅពិនិត្យមើលដែរ កាលហ្នឹងខេត្តដឹកនាំ គឺលោក ឡង់ ឌីម៉ង អភិបាលរង ប៉ុន្តែក្រោយពីដឹកនាំហើយក៏មិនទាន់មានកំណត់គោលដៅឲ្យបានច្បាស់លាស់។ ហើយយើងក៏បានទៅឆែកមើលតំបន់សេដ្ឋកិច្ចពិសេស ឆែកមើលការបង្ហូរចេញ ហើយយើងក៏មិនទាន់បានឃើញថាយ៉ាងម៉េចនៅឡើយទេ ឥឡូវនេះ»»។
យ៉ាងណា វីអូឌី មិនទាន់អាចសុំការបំភ្លឺពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ជុំវិញករណីបង្ហូរទឹកកខ្វក់ ចូលព្រែកទឹកសាបខាងលើ បានទេនៅថ្ងៃសុក្រនេះ។ ប៉ុន្តែយោងតាមសារព័ត៌មានក្នុងស្រុក បានស្រង់សំដី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ មកចុះផ្សាយថា ករណីមិនប្រក្រតី នៃទឹកកខ្វក់ក្នុងព្រែកទឹកសាបនេះ ខាងមន្ទីរជំនាញ បានចុះយកសំណាកទឹកនេះ ទៅធ្វើពិសោធន៍រួចហើយៗកំពុងស្តាប់លទ្ធផល។
លោកថា៖ «ករណីដែលបងលើកឡើងថា មានករណីបំពុលនៅផ្នែកខាងលើព្រែកទឹកសាបនោះគឺ មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន បានទៅយកសំណាកទឹក បញ្ជូនទៅភ្នំពេញរួចហើយ កំពុងធ្វើតេស្ត យើងរង់ចាំមើលលទ្ធផលទាំងអស់គ្នា »។
បន្ថែមលើនេះ លោក ម៉ើង សុភាព ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ខាងមន្ទីរបរិស្ថាន ក៏បានបញ្ជូនក្រុមការងារ ចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង និងជួបជាមួយក្រុមហ៊ុនមួយចំនួន។ ជាងនេះ ក៏បាននាំយកសំណាកទឹក ពីក្នុងតំបន់សេដ្ឋកិច្ចពិសេស យកទៅពិនិត្យនៅមន្ទីរពិសោធន៍ធំ នៅក្រសួងបរិស្ថាន រួចហើយដែរ តែមិនទាន់បានលទ្ធផលទេ។
លោកថា៖ «ថ្ងៃមុនក្រុមការងារបានចុះទៅត្រួតពិនិត្យជាមួយក្រុមការងារពាក់ព័ន្ធ ក៏ដូចជាម្ចាស់ទីតាំង ហើយយើងបានយកសំណាកទឹកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ យកសំណាកពីក្រុមហ៊ុនសន្យាពេជ្រពីទីលានចាក់សម្រាម។ ហើយយើងក៏បានពិនិត្យ និងវិភាគបឋម ហើយមួយវិញទៀត យើងក៏បានយកលទ្ធផលវិភាគទាំងអស់ ទៅវិភាគគុណភាពទឹកនៅក្រសួងបរិស្ថាន។ ឥឡូវយើងកំពុងចាំលទ្ធផល »។
យោងតាមច្បាប់ស្តីពី ការការពារ និងគ្រប់គ្រងបរិស្ថាន បានកំណត់ថា មិនអនុញ្ញាតឲ្យមានការបង្ហូរសារធាតុគីមី ឬសារធាតុពុលចូលក្នុងទឹក ឬដី ដោយគ្មានការគ្រប់គ្រងនោះទេ។ ហើយរោងចក្រសហគ្រាស ត្រូវមានប្រព័ន្ធសម្អាតទឹកកខ្វក់ និងត្រូវគោរពស្តង់ដារបរិស្ថានជាដើម។ ចំពោះការបង្ហូរទឹកកខ្វក់ ដោយគ្មានការគ្រប់គ្រង គឺផ្ទុយនឹងច្បាប់។ ហើយអាជ្ញាធរមានភារកិច្ចត្រួតពិនិត្យ និងចាត់វិធានការច្បាប់។ ជាងនេះ ប្រសិនបើរោងចក្រ សហគ្រាសទាំងនោះ មិនអនុវត្តតាមច្បាប់ទេ នឹងត្រូវពិន័យជាប្រាក់ បិទអាជីវកម្ម ឬទទួលទោសតាមច្បាប់។
ទាក់ទិនបញ្ហានេះដែរ លោក ជិន វណ្ណៈ ប្រធានអង្គការការពារបរិស្ថាន ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ចំពោះកង្វល់ពីការបំពុលបរិស្ថាន ក្នុងព្រែកទឹកសាបនេះ រូបលោក ក៏ដូចជាពលរដ្ឋ រស់នៅតំបន់ព្រែកទឹកសាប ធ្លាប់បានជូនដំណឹង និងស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ត្រីជំនាញ ក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខេត្តព្រះសីហនុរួចហើយ ប៉ុន្តែគ្មានលទ្ធផលទេ។
លោកថា ការបង្ហូរទឹកស្អុយចូលព្រែកទឹកសាប បានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវចម្រុះ ប៉ះពាល់ដល់ការធ្វើនេសាទរបស់ពលរដ្ឋ និងប៉ះពាល់សុខភាពជាដើម។
លោកស្នើឲ្យមន្ត្រីជំនាញ ចុះទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងព្រែកទឹកសាប ដែលសភាពទឹកបច្ចុប្បន្ន បានប្រែទៅជាពណ៌ខ្មៅ មានក្លិនស្អុយ ហើយមានត្រី និងសត្វបក្សីងាប់ជាបន្តបន្ទាប់ ឲ្យបានទាន់ពេល។
លោកថា៖ «សំណូមពរមុនគាត់បង្ហូតទឹកចូលព្រែក សូមឲ្យគាត់ធ្វើអាងចម្រោះឲ្យត្រឹមត្រូវ តាមបច្ចេកទេស។ ពិនិត្យឲ្យទឹកស្អាតអត់ជាតិពុល ហើយចាំបង្ហូរចូលព្រែក។ រឿងបង្ហូរទឹកស្អុយហ្នឹង ប្រជាពលរដ្ឋរស់នៅតំបន់នេះ គាត់ថា អស់ជំនឿពេលដែលគាត់ដាក់ពាក្យទៅស្ងាត់ឈឹងដាក់ទៅស្ងាត់ឈឹង។ ចឹងក៏គាត់ធ្វើហីៗទៅ »។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ មានរោងចក្រ សហគ្រាស សរុបជាង ២០០ក្រុមហ៊ុន បានចុះបញ្ជី និងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ចំនួននេះមានទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ មានការងារធ្វើប្រមាណ ៣ម៉ឺន ២ពាន់កន្លែង។ ហើយក្រុមហ៊ុនភាគច្រើនមកពីប្រទេសចិន អឺរ៉ុប និងអាម៉េរិកជាដើម។
រោងចក្រទាំងនោះ មានផលិតដូចជា៖ សម្លៀកបំពាក់, គ្រឿងបន្លាស់រថយន្ត, សំបកកង់, គ្រឿងម៉ាស៊ីន, គ្រឿងអេឡិចត្រូនិក, គ្រឿងសំណង់, សម្ភារៈលំនៅឋាន, ឧបករណ៍ថាមពល ឬគ្រឿងបន្លាស់ថ្មីៗ និងរោងចក្រ BYD ផលិតរថយន្តថាមពលជាដើម ៕









