ប្រវត្តិខ្លះៗរបស់​​ភិក្ខុ ជា វុទ្ធី ដែល​​សមត្ថ​កិច្ច​​ចាប់​​ផ្សឹក​​វាយ​​ខ្នោះ​បញ្ចេញ​មតិ​​រឿង​ថៃ​ឈ្លាន​ពាន

ព្រះភិក្ខុ ជា វុទ្ធី ត្រូវ​​បាន​សាលាដំ​បូង​​រាជធានី​​ភ្នំពេញ​ ចោទ​​​ប្រកាន់​​ជា​​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​២ខែ​មេសា ពី​​បទ​​ញុះ​ញង់ តាម​​មាត្រា​​៤៩៤ និង៤៩៥ ដែល​ជា​មាត្រា​​​ដ៏​​ពេញ​​និយម ​ដែល​​​លោក ហ៊ុន ម៉ាណែត និង​​លោក ហ៊ុន សែន តែង​​ប្រើ ដែល​​គេ​ជឿ​​ថា ដើម្បី​​បំបិទ​​មាត់​​អ្នក​​និយាយ​ការ​ពិត​ និង​អ្នក​ទាម​ទារ​យុត្តិ​ធម៌​សង្គម ពិសេស​បញ្ហា​ព្រំដែន។

ប្រភព​​ស្និទ្ធ​​នឹង​ព្រះអង្គ​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ ​ឱ្យដឹងថា ភាពសកម្មរបស់​ព្រះអង្គ​មុន​​​ចាប់​​ខ្លួន ព្រះ​អង្គ​​​ត្រូវ​​បាន​​មន្ត្រី​​​បក្ស​​កាន់​​​អំណាច​​​បញ្ចុះ​បញ្ចូល​​ឱ្យ​​ចូល​រួម​​ជីវភាព​​នយោ​បាយ​​ជាមួយ ប៉ុន្តែ​ព្រះ​អង្គ​​បដិសេធ។ តែ​យ៉ាងណា ​ព្រះអង្គ​បាន​​លុប​សារ​មួយ​​ចំនួន​​លើ​​ហ្វេស​ប៊ុក​​របស់​​ព្រះ​អង្គ​​ហើយ ក្រោយ​​មាន​​ការ​​គំរាម មុន​​ឈាន​​ទៅ​ចាប់​ខ្លួន​​ផ្សឹក​ទាំង​បង្ខំ កាល​ពី​ថ្ងៃ​ទី១ ខែ​មេសា។

ព្រះភិក្ខុ ជា វុទ្ធី មាន​ព្រះជន្ម ២៩​​ព្រះវស្សា គង់​នៅ​​វត្ត​ធម្មនិមិត្តរាជ​បុប្ផារាម ហៅ​វត្តបច្ឆា។ ព្រះ​អង្គ​ជា​កូន​កសិករ​ក្រី​ក្រ​​មក​​ពី​​ភូមិ​​​ពោធិ៍​​​កុដិ ឃុំ​​កំពង់​ពោធិ៍​ ស្រុក​​ក្រគរ ខេត្ត​​ពោធិ៍​សាត់។

ញោម​ស្រី​ ​ឈ្មោះ ចាន់ ម៉ៅ ប្រកប​របរ​ដាំ​សណ្ដែក​ចិញ្ចឹម​ជីវិត​នៅ​ខេត្ត​កំពង់ឆ្នាំង។ ញោម​ប្រុស​ឈ្មោះ គង់ សុចេន ធ្វើ​ជា​កម្មករ​សំណង់​​​នៅ​រាជធានី​ភ្នំពេញ និង​មាន​ជំងឺ​ប្រចាំ​កាយ។ ទោះ​ស្ថានភាព​គ្រួសារ​លំបាក​យ៉ាងណា ព្រះអង្គ​បាន​ខិតខំ​តស៊ូ​រៀនសូត្រ​​រហូត​​​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​​​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សកលវិទ្យាល័យ​ជាតិ​បាត់ដំបង។

ព្រះអង្គ​ជា​កូន​ច្បង​ក្នុង​គ្រួសារ។ ដោយ​ស្ថានភាព​គ្រួសារ​ទីទាល់​​ ព្រះអង្គ​បាន​សម្រេច​ទៅ​បួស​​ជា​សាមណេរ​​នៅ​​ព្រះ​ជន្ម ១២​ព្រះ​វស្សា និង​​គង់​នៅ​វត្ត​ប៉ាឆា ក្រុង​បាត់​ដំបង ដោយ​បន្ត​រៀនសូត្រ​នៅ​ពុទ្ធិកសិក្សា​​រហូត​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​​ទុតិយ​ភូមិ នៅ​ពុទ្ធិក​វិទ្យាល័យ​​អឹង​ធួង និង​​បន្ត​​ថ្នាក់​​បរិញ្ញាប័ត្រ​​នៅ​សកលវិទ្យា​ព្រះសីហនុរាជ សាខា​ខេត្ត​បាត់ដំបង។

បើ​តាម​ព្រះតេជព្រះគុណ វ៉ែន សាវគ្គ គង់​នៅ​ខេត្ត​បន្ទាយមានជ័យ ​ដែល​ស្គាល់​ព្រះអង្គ ជា វុទ្ធី ច្បាស់​​មាន​ថេរៈដីកា​ថា ព្រះអង្គ ជា វុទ្ធី ទើប​​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ចុង​ឆ្នាំ​២០២៥ ហើយ​ពុំ​ទាន់​បាន​ទទួល​សញ្ញាប័ត្រ​នោះ​ទេ។

ព្រះអង្គ វ៉ែន សាវគ្គ អះអាង​ថា ព្រះអង្គ ជា វុទ្ធី បាន​ប្រឡូក​ចូល​ការងារ​សង្គម​ដំបូង​នៅ​ឆ្នាំ​២០២០ ហើយ​បន្ត​កិច្ចការ​ជាមួយ​​មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល តាមរយៈ​ការ​ចូលរួម​សិក្ខា​សាលា និង​ការងារ​ស្ម័គ្រចិត្ត​ជាច្រើន។

ក្នុង​នោះ​​មាន​ការងារ​ជាមួយ​យុវជន​សង្គម​ដែល​មាន​ប្រធាន​សមាគម​បញ្ញវ័ន្ត​ខ្មែរ​ លោក កើត សារ៉ាយ យុវជន​សង្គម​ លោក ធូ រ៉ាឃីម និង​​កិច្ចការ​បរិស្ថាន​​ជាមួយ​​ចលនា​មាតា​​ធម្មជាតិ នៅ​​តំបន់​​អារ៉ែង ព្រៃ​មេត្តា​​ធម្ម​ជាតិ ព្រៃឡង់ និង​​​ព្រៃ​​សហគមន៍​​​សង្ឃរុក្ខា​វ័ន្ត​​ជាដើម។

ព្រះអង្គ ជា វុទ្ធី ក៏​សកម្ម​បណ្ដុះបណ្ដាល​យុវជន​ជា​ច្រើន​​នៅ​​​ខេត្ត​​បាត់​ដំបង ស្ដីពី​ ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ លើស​​ពី​នេះ​ ​ព្រះអង្គ​ក៏​ជា​​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ (CJ) របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ហៅ​​​កាត់​​​ថា ស៊ីស៊ី​អាយ​អិម​(CCIM)​ផង​ដែរ។

ការ​ចាប់​ចុះ​ចាប់​ផ្សឹក ភិក្ខុ ជា វុទ្ធី យ៉ាងប្រញាប់ប្រញាល់ និង​បញ្ជូន​ភ្លាមៗ​ បញ្ជូលទៅ​ឱ្យតុការនៅភ្នំពេញកាត់ទោសនេះ ​ត្រូវ​បាន​​គេ​​មើល​​ឃើញ​​ថា ជាការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​មាន​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល។ ករណី​នេះ​​មិន​ខុស​ពី​ករណី​​ចាប់​ខ្លួន​កម្មការិនី​រោងចក្រ ​​លោកស្រី ហ៊ុល មុន្នីសាមន គ្រូបង្រៀន​នៅ​ខេត្ត​កណ្ដាល លោក នូ ភារម្យ និង​លោក ភុន យុទ្ធ ជន​ពិការ​នៅ​ខេត្ត​តាកែវ​​ជាដើម​​នោះ​ទេ។ ពួកគេ​សុទ្ធតែ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ​ពី​បទ​ញុះ​ញង់ បន្ទាប់​ពី​​រិះគន់​រឿង​ព្រំដែន​ដែល​ថៃ​កំពុង​ឈ្លាន​ពាន និង​កាន់កាប់​ទឹកដី​ខ្មែរ​ជាង ៤០​ទីតាំង ហើយ​រដ្ឋាភិបាល​មិន​​អើ​ពើ​​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ និង​សហប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស​ជាដើម។

ការ​ចាប់​ពលរដ្ឋ​ជា​បន្តបន្ទាប់​​នេះ​ទៀត​​សោត ក៏​ផ្ទុយ​នឹង​សម្ដី​ប្រមុខ​រដ្ឋាភិបាល ដែល​អះអាង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ឈឺឆ្អាល​និង​បញ្ចេញ​​មតិ​រឿង​ព្រំដែន។ ការ​ប្រកាស​នេះ​​ផ្ទុយ​ស្រឡះ​ពី​ការពិត ដែល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ពលរដ្ឋ​​ជាង ២០​នាក់​ហើយ ដែល​​និយាយ​រិះគន់​រឿង​ព្រំដែន​ខ្មែរ​ថៃ រួម​ទាំង​ភិក្ខុ ជា វុទ្ធី ផង។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២ ខែ​មេសា​ថា ភិក្ខុ ជា វុទ្ធី ត្រូវ​​តំណាង​អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​​ពី​បទ «ញុះញង់​បង្ក​​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៤ និង​​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន នៅ​​​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)។

ករណី​នេះ លោក​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ព្រោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​​កាន់តែ​រួម​តូច​ និង​កំពុង​ប៉ះពាល់​​ដល់​​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ខាត​បង់ ព្រម​ទាំង​បាត់​ព័ត៌​មាន​​ដើម្បី​​សម្រេចចិត្ត​​លើ​​គោល​​នយោបាយ ឬ​បញ្ហា​ផ្សេងៗ​ទៀត ដោយសារ​ពលរដ្ឋ​លែង​ហ៊ាន​និយាយ​បញ្ហា​សង្គម ព្រោះ​​ខ្លាច​​​ត្រូវ​ចាប់​ខ្លួន និង​ចោទ​​ប្រកាន់។

លោក យិន ម៉េងលី ថ្លែង​ថា៖ «យើង​ចង់​ឱ្យ​មាន​ការ​ដោះលែង​ លោក ជា វុទ្ធី វិញ ហើយ​ឱ្យ​មាន​ការ​បើក​លំហ​សេរីភាព​​នេះ​​កាន់​តែ​​ធំ​​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​​ដល់​រដ្ឋាភិបាល​​ក្នុង​​ការ​ទទួល​​បាន​ព័ត៌មាន​​គ្រប់​​មជ្ឈដ្ឋាន ទោះបីជា​ព័ត៌មាន​វិជ្ជមាន​ក្ដី ព័ត៌​​មាន​​​អវិជ្ជមាន​ក្ដី គឺ​រដ្ឋាភិបាល​ងាយស្រួល​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត ឬក៏​នៅក្នុង​ការ​ធ្វើ​គោលនយោបាយ​ផ្សេងៗ»។

ចំពោះ​ការងារ​ជាមួយ​យុវជន​របស់​ភិក្ខុ ជា វុទ្ធី ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភាពជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​​អភិវឌ្ឍ (PED Cambodia) លោក សាន់ ម៉ាឡា អះអាង​ថា ភិក្ខុ ជា វុទ្ធី បាន​លេច​វត្តមាន​ស្រប​ពេល​​នឹង​លោក កើត សារ៉ាយ កាល​នៅ​​ជា​​ព្រះសង្ឃ​ដូចគ្នា ដោយ​ភិក្ខុសង្ឃ​រូប​នេះ​សកម្ម​ការងារ​ជាច្រើន ដូចជា​ការ​លើក​កម្ពស់​យុត្តិធម៌​សង្គម ការការពារ​បរិស្ថាន និង​ការ​ឈឺឆ្អាល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជំពាក់​បំណុល​វ័ណ្ឌក​របស់​ពលរដ្ឋ​ជាដើម។ លើស​នេះ ព្រះអង្គ​ក៏​​សកម្ម​ចូលរួម​ការងារ​ជាមួយ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ មាន​លោក ថុន រដ្ឋា ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ។

​លោក សាន់ ម៉ាឡា និយាយ​ថា៖ «ការ​ចាប់ខ្លួន​ព្រះសង្ឃ ​ទាំង​លោក​នៅ​វ័យ​ជា​ព្រះសង្ឃ​បែប​នេះ យកទៅ​ផ្សឹក​ទាំង​បង្ខំ វា​ជាការ​​ឆ្លុះ​បង្ហាញថា កម្ពុជា​យើង​មិន​​មាន​​ឆន្ទៈ​នៅ​ក្នុង​​ការ​​កែ​​ទម្រង់ មិន​​មាន​​ឆន្ទៈ​​នៅ​ក្នុង​​ការ​​ស្ដារ​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស ស្ថាន​ភាព​​ប្រជា​ធិប​តេយ្យ​ឱ្យ​បាន​​ល្អប្រ​សើរ​​នោះ​ទេ ទោះបីជា​បច្ចុប្បន្ននេះ យើង​កំពុងតែ​ត្រូវការ​ជា​ចាំបាច់ នូវ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការរំលោភបំពាន ការឈ្លានពាន ពី​សំណាក់​រដ្ឋ​ជិតខាង​ក៏ដោយ»។

រី​ឯ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ​កញ្ញា មាន លីសា លើកឡើង​ដែរ​ថា ភិក្ខុ ជា វុទ្ធី ​ចូលចិត្ត​ចុះទៅ​សហគមន៍​មូល​ដ្ឋាន​​ជាមួយ​​អង្គ​ការ​​សង្គម​ស៊ីវិល ដើម្បី​ទៅ​ស្វែងយល់​ពី​សហគមន៍​មូលដ្ឋាន​តាម​បណ្តា​ខេត្ត និង​តំបន់​ការពារ​ធម្ម​ជាតិ​​​ដែល​​រង​ការ​បាត់បង់​ជាដើម។ កញ្ញា​​បន្ត​ថា ព្រះអង្គ​បាន​ព្យាយាម​​ចុះ​ជួយ​ដល់​ពលរដ្ឋ តាមរយៈ​ចំណេះដឹង​ដែល​ព្រះ​អង្គ​​បាន​រៀន ពាក់ព័ន្ធ​​បញ្ហា​បរិស្ថាន ​ដីធ្លី និង​បញ្ហា​សង្គម​ផ្សេងៗ ព្រម​ទាំង​​សរសេរ​ជា​ព័ត៌មាន​ចែក​រំលែក​នៅ​លើ​​ហ្វេស​ប៊ុក​ផង​ដែរ។

កញ្ញា មាន លីសា ថ្លែងថា៖ «អ្វីដែល​ខ្ញុំ​បានដឹង បានឃើញ​ឆន្ទៈ​របស់គាត់​នេះ គាត់​មិនមែនជា​មនុស្ស​ដែល​ធ្វើ​អ្វី​ដើម្បី​​ទៅ​​ប៉ះពាល់​​អ្នកណាម្នាក់ ឬ​បុគ្គល​ណា​ម្នាក់​ទេ មានតែ​ខ្នះខ្នែង​ដើម្បី​សិក្សា​រៀនសូត្រ ហើយ​យក​ចំណេះដឹង​ទាំងអស់​ហ្នឹង​ទៅ​ចែករំលែក​​ជា​ប្រយោជន៍​ដល់​សង្គមជាតិ»។

ចំពោះ​វិស័យ​សារព័ត៌មាន នាយិកា​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) លោកស្រី ឆន សុគន្ធា អះ​អាង​​​ថា ព្រះ​អង្គ​​ធ្វើ​ការងារ​យ៉ាងសកម្ម​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​​រឿង​សកម្មភាព​ចុះ​ជួយ​ជនភៀសសឹក នឹង​​បញ្ហា​ផ្សេងៗ​​ទៀត​ជា​ច្រើន។ លោកស្រី​​មើល​ឃើញ​ថា ព្រះអង្គ​តែង​ឈឺឆ្អាល​បញ្ហា​សង្គម​ខ្លាំង​ណាស់ ដែល​ខុស​ពី​ព្រះសង្ឃ​ដទៃ បើ​ប្រៀបធៀប​នឹង​ព្រះ​សង្ឃ​ទូទាំង​ប្រទេស​ប្រមាណ ៦​ម៉ឺន​អង្គ។

​លោកស្រីថា៖ «អ៊ីចឹង​ខ្ញុំ​គិតថា​រាជរដ្ឋាភិបាល ក៏ដូចជា​​ស្ថាប័ន​​ពាក់ព័ន្ធ រួមទាំង​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​​ដែលជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​​ហ្នឹង គួរតែមាន​មោទនភាព​ដែល​បាន​មានព្រះអង្គ មាន​ព្រះសង្ឃ​ដែល​គាត់​ចេះ​ឈឺឆ្អាល និង​ការងារ​របស់​ប្រទេស​ជាតិ»។

តាម​វិន័យ​ព្រះពុទ្ធសាសនា ភិក្ខុ​សង្ឃ​ពុំ​ត្រូវ​បាន​ចាប់​ផ្សឹក​នោះ​ទេ បើ​មិន​បាន​ប្រាសចាក​​ទោស​បរាជិក​​ទាំង​៤ ដូចជា ការ​​សម្លាប់​​មនុស្ស ការ​​សេព​​​សង្វាស លួច​ទ្រព្យ​គេ និង​ការ​អួត​គុណវិសេស ថា ចេះ​ហោះ បំបាំងកាយ និង​ថា បុគ្គល​អស្ចារ្យ​ជាដើម​។ ជំពូក​​ទី​៣ មាត្រា​៤៣ នៃ​រដ្ឋធម្មនុញ្ញ ​ក៏​បាន​ចែង​យ៉ាង​ច្បាស់​​ថា “ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ” ហើយ​ព្រះពុទ្ធសាសនា​​ដើរ​តួនាទី​យ៉ាង​​សំខាន់ ​ជា​គ្រឹះ​នៃ​វប្បធម៌ អរិយធម៌ អប់រំ​សីលធម៌ និង​ការ​អភិវឌ្ឍ​សង្គមជាតិ។

វីអូឌី ​ពុំ​អាច​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​ការ​ចាប់​ផ្សឹក​ភិក្ខុ ជា វុទ្ធី ពី​​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក ឆាត សុឆេត បាន​ទេ​នៅ​ថ្ងៃ​ទី២ ខែ​មេសា នេះ។

ប៉ុន្តែ អតីត​អ្នក​បួស​រៀន​ក្នុង​ព្រះពុទ្ធសាសនា​មួយ​រូប ​គឺ​លោក ឌីថេ ហូយ៉ា បច្ចុប្បន្ន​​លោក​គឺ​ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ សម្ដែ​ង​ការ​​មិន​ពេញ​ចិត្ត​​នឹង​ការ​ចាប់​ខ្លួន​ភិក្ខុ ជា វុទ្ធី នោះ​ទេ។ លោក​អះ​អាង​​​ថា ពលរដ្ឋ​​​ខ្មែរ​​មាន​​ជំនឿ​​លើ​​ពុទ្ធ​សាសនា គឺ​គោរព​ឱ្យ​តម្លៃ​ពុទ្ធសាសនា ហើយ​បើ​ភិក្ខុ​អង្គ​ណា​ដែល​​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ នៅ​​ក្នុង​ពុទ្ធ​វិន័យ​គួរ​ត្រូវ​បាន​ដាស់តឿន ១​លើក​ជា​២​លើក ឬ​៣​លើក ​​ដោយ​​គណៈ​សង្ឃ ហើយ​​​បើ​​ខុស​​ធ្ងន់​​ខ្លាំង គឺ​​ត្រឹម​​​បណ្តេញ​​ចេញ​ពី​វត្ត បើសិន​មិន​ពាក់ព័ន្ធ​នឹង​បារាជិក។

​លោក ឌីថេ ហូយ៉ា និយាយ​ថា៖ «អ៊ីចឹង​បើ​អត់​មាន​កំហុស ៤ ហ្នឹង​ទេ មិនអាច​ប្រាសចាក​ពី​ភាពជា​ភិក្ខុ​បានទេ លោក​​នៅតែ​ជា​ភិក្ខុភាវៈ នៅតែ​ជា​ព្រះសង្ឃ​ដដែល​។ អាហ្នឹង​យើង​មើល​ទិដ្ឋភាព​ពុទ្ធសាសនា»។

លោក ឌីថេ ហូយ៉ា បន្ត​ថា ចំពោះ​ទិដ្ឋភាព​សង្គម​វិញ ​ទស្សនៈ​របស់​ភិក្ខុ ជា វុទ្ធី ជា​ការ​បញ្ចេញមតិ​ ហើយ​​មិន​បាន​បង្ក​ឱ្យ​ខាតបង់​​​ដល់​​ជាតិ​ឡើយ ប៉ុន្តែ វា​បាន​ចូលរួម​កែ​លម្អ​​ឱ្យ​មាន​ភាព​រីកចម្រើន​ដល់​ជាតិ​ទៅ​វិញ បើ​ទោះបី​ការ​លើកឡើង​នោះ អាច​មិន​ពីរោះ​​ស្ដាប់​ក្ដី។ មួយ​វិញ​ទៀត បើ​​ភិក្ខុ​អង្គ​ណា​​និយាយ​ទៅ​ជ្រុល គួរ​ត្រូវ​ក្រើនរំលឹក​ឱ្យ​ឈប់ បើ​អំពើ​ទាំង​អស់​នោះ​ខុស​ច្បាប់។ ជា​ចុង​​ក្រោយ ​​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង ភិក្ខុ ជា វុទ្ធី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​​ចូល​រួម​ចំណែក​​ការពារ​ផល​ប្រយោជន៍​​ជាតិ និង​​សាមគ្គី​​ភាព។

ចំណែក​​ញោមស្រី​បង្កើត​របស់​ភិក្ខុ ជា វុទ្ធី គឺ​លោកស្រី ចាន់ ម៉ៅ បាន​ខំ​ឡើង​មក​រាជធានី​ភ្នំពេញ ក្រោយ​កូនប្រុស​ត្រូវ​បាន​ចាប់​ខ្លួន។ បើ​តាម​ ​លោក យិន ម៉េងលី លោកស្រី ចាន់ ម៉ៅ បាន​ស្នើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជួយ​ផ្ដល់​មេធាវី​ដើម្បី​ការពារ​ក្ដី ខណៈ​អ្នកស្រី​កំពុង​មាន​ជីវភាព​ខ្វះខាត។ លោក​អះអាង​ថា សមាគម​របស់​លោក​បាន​យល់​​ព្រម​​ទទួល​រឿង​ក្ដី​នេះ ដើម្បី​​បន្ត​នីតិវិធី​នៅ​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ