សាលា​ឧទ្ធរណ៍​កំណត់​ថ្ងៃ​ជម្រះ​សំណុំ​រឿង​ចោទ លោក​ កឹម​ សុខា ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ

សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​កំណត់​ថ្ងៃ​ជម្រះ​សំណុំ​រឿង​ចោទ លោក កឹម សុខា ជា​ថ្មី​ទៀត នៅ​​ថ្ងៃ​ទី​៨ ខែ​មេសា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្រោយ​លើក​ពេល​ច្រើន​ដង ធ្វើ​ឱ្យ​សំណុំ​រឿង​ចោទ​នេះ អូស​បន្លាយ​ជាង​៨ឆ្នាំ ​ខណៈ​បក្ស​សង្គ្រោះ​​​ជាតិ​ត្រូវ​គេ​ដឹង​ថា មាន​សក្តានុ​ពល​ប្រកួត​ជាមួយ​បក្ស​កាន់​អំណាច។

បើតាមដីកាបង្គាប់របស់អគ្គព្រះរាជអាជ្ញារងនៃសាលា​ឧទ្ធរណ៍​ភ្នំពេញ លោក អ៊ឹម សុផាន ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ លោក កឹម សុខា ត្រូវ​មក​សាលា​ឧទ្ធរណ៍​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​​ទី​៨ ខែ​មេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក។

បើតាមប្រភពនោះ ការបង្គាប់ឱ្យចូលខ្លួននេះ​ ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍​ ពី​ប​ទ សន្និដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​​ចាប់​ខ្លួន ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែល​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទី​១១ មាន​លោក អ៊ឹម វណ្ណៈ ជាប្រ​ធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ។

កាលពីឆ្នាំ​មុន សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសលើកពេលជម្រះសំណុំ​រឿ​ង​ប្តឹ​ងទាស់​របស់​ លោក កឹម សុខា នេះ​ជា​ថ្មី​ទៀត ដោយ​មិន​ប្រាប់​មូល​ហេតុ ខណៈ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​​ធ្នូ ឆ្នាំ​២០២៥។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន​ទាំង​កណ្តាល​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

ប្រមាណជា​៣ខែ​​ប​ន្ទាប់ គណបក្ស​​សង្គ្រោះជាតិ​របស់លោក ដែលទទួលបានសំឡេងឆ្នោត ប្រហាក់ប្រហែល​បក្ស​កាន់​អំណាច​ដែរ​នោះ ត្រូវ​បាន​តុលាការ​​កំពូ​ល​​រំលាយ តាម​​បណ្តឹង​​របស់​​គណប​ក្ស​​ប្រជាជន​​កម្ពុជា ​ដែល​​ចោទ​​​ថា លោក​​​បាន​គប់​គិត​ជាមួយ​សហរដ្ឋ​អា​មេ​រិក ចង់​ផ្តួ​ល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ។

ក្រោយពី​តុលាការកំពូល​រំលាយ អាសនៈក្នុងសភា និងនៅឃុំសង្កាត់ ដែលមានសំឡេងឆ្នោត គាំទ្រជិតពាក់កណ្តាល​ប្រទេស ត្រូវ​បាន​រឹប​អូស​យក​ទៅ​ចែក​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឱ្យ។ ក្នុងនោះ​អាសនៈ​ស្ទើរ​តែ​ទាំង​អស់​របស់​គណបក្ស​​ប្រឆាំង​ធំ​ជាង​គេ​នេះ បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេ​ស​អាសនៈ​ក្នុង​សភា ។

ចាប់ពីពេលនោះមក ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ បាន​ក្លាយ​ជា​រដ្ឋាភិ​បាល​ឯកបក្ស អំណាច​ទាំង​អស់​ត្រូវ​បាន​លោក ហ៊ុន សែន ក្រសោប​យក​ទាំង​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។

៦ឆ្នាំក្រោយ​មក ពោល​គឺនៅ​ថ្ងៃ​ទី៣ ខែ​មិនា ឆ្នាំ​២០២៣ តុលាកា​រ​ក្រុ​ង​ភ្នំពេញ បាន​ប្រកាស​សាលក្រ​ម​ផ្តន្ទា​ទោស​ លោក កឹម សុខា ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ ឱ្យ​ជាប់ទោស​២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុ​ង​ផ្ទះ​ដែល​ជា​ការ​បន្ត​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើ​នយោ​បាយ។

យ៉ាង​ណា ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​​ផ្តន្ទា​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា ច្រាន​ចោល​ទៅ​នឹង​សេចក្តី​សម្រេច​រប​ស់​តុលាការ​នេះ ដោយ​ចាត់​ទុក​សាល​ក្រម​ផ្តន្ទា​ទោស​នេះ​ថា ជា​ការ​រំខាន​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​ផ្តន្ទា​ទោស លោក កឹម សុខា មេដឹក​នាំ​នយោបាយ​កម្ពុជា​ ដែល​ទទួល​បាន​នូវ​ការ​គោរព។

សហរដ្ឋ​​អាមេរិក គូសបញ្ជាក់ពេលនោះថា ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ដោយ​ ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃប្រ​ព័ន្ធ​យុត្តិ​ធម៌។ ហើយ​ថា ការ​បដិសេធ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​នយោបា​យ​របស់ លោក កឹម សុខា និង​អ្នក​នយោ​បាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​ ធម្ម​នុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាព​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុ​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ។

សម្រាប់​អាមេរិក​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់ ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​​ជា​សាកលក្នុង​ការ​ប្រមូល​​ផ្តុំ​គ្នាដោ​យ​សន្តិ​វិធី និង​សេរីភា​ព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ចូល​រួម​កសាង​ប្រព័ន្ធ ប្រជាធិ​ប​តេយ្យ​ពិត​ប្រាកដ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ