ថៃបន្តពង្រីកខ្សែបន្ទាត់ព្រំដែនថ្មី រំលោភយកដីខ្មែរដល់តំបន់ផ្សេងទៀតក្នុងស្រុកជាំក្សាន្ត ក្បែរប្រាសាទព្រះវិហារ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈ ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅបន្តចេញលិខិតតវ៉ាមិនប្រើសិទ្ធិស្វ័យការពារដើម្បីបុព្វហេតុទឹកដី។
ក្រសួងការបរទេសកម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសថ្មីមួយនៅថ្ងៃអាទិត្យនេះថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី ក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ និងបានរាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែក នៅតំបន់បុស្សស្បូវ-ជាំតែ ។
យ៉ាងណា សេចក្តីប្រកាសនេះ មិនបានទាមទារឱ្យថៃដកថយវិញ ឬប្រើសិទ្ធិស្វ័យការពារ ដើម្បីបុព្វហេតុការពារទឹកដីទេ ដោយគ្រាន់តែទាមទារឱ្យថៃបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដោយសំអាងថា សកម្មភាពនេះបានរំលោភបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ផ្ទុយនឹងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
លើសពីនេះ ក្រសួងថា កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ ហើយកម្ពុជា «ប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា»។
ការពង្រីកការឈ្លានពានរបស់ថៃមកលើកម្ពុជានេះ មានរយៈពេលជាង៣ខែហើយ ចាប់ពីមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។
ប៉ុន្តែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវបានគេជឿថា មិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃដកកងទ័ពចេញពីដីខ្មែរជាង៥០ទីតាំង ដែលថៃបានដណ្តើមកាន់កាប់នោះទេ ក្រៅពីប្រើជម្រើសតវ៉ាដដែលៗ ធ្វើឱ្យថៃនៅតែពង្រីកការឈ្លានពានអត់ឈប់។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាបានតវ៉ាសរុបជិត ៧០០លើករួចមកហើយ៕









