មន្ត្រីសង្គមស៊ីវិល មើលឃើញថា ការចេញលិខិតបដិសេធការចោទប្រកាន់ភ្លាមៗរបស់មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ដោយមិនបានស៊ើបអង្កេតប្រកបដោយតម្លាភាព នឹងមិនអាចដោះស្រាយរកឫសគល់អំពើពុករលួយបាននោះទេ ផ្ទុយទៅវិញអំពើពុករលួយនៅតែជាជំងឺមហារីកក្នុងសង្គម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ គួរតែស៊ើបអង្កេតស្វែងរកការពិត និងដោះស្រាយបញ្ហាដោយតម្លាភាព ដោយត្រូវប្រមូលភស្តុតាងឱ្យច្បាស់លាស់ ចៀសវាងគ្រាន់តែចេញលិខិត ដើម្បីយករួចខ្លួនគេចពីការទទួលខុសត្រូវតាមច្បាប់។ លោកមើលឃើញថា លិខិតបដិសេធរបស់មន្ទីរបរិស្ថាន កំពុងប្រតិកម្មបង្កប់ន័យគំរាមកំហែងលើអ្នកដែលហ៊ានរិះគន់មន្ត្រីប្រព្រឹត្តកំហុស។
លោក ស៊ឹង សែនករុណា ថ្លែងថា៖«ធ្វើការស៊ើបអង្កេតឱ្យច្បាស់លាស់រឿងហ្នឹងទៅ យើងអាចចាត់វិធានការតាមច្បាប់ហើយ ចឹងភស្តុតាងផ្សេងៗគួរប្រមូលបន្ថែមទៀត ឱ្យបានច្រើន ដែលពួកគេឃើញអំពើប្រព្រឹត្តមិនត្រឹមត្រូវរបស់មន្ត្រីនានា នៅមូលដ្ឋាន។ គួរតែធ្វើបែបហ្នឹងជារឿងមួយដែលគួរទទួលខុសត្រូវ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងក្រោយពីបែកធ្លាយវីដេអូតាមបណ្ដាញសង្គមថ្មីៗនេះ(Faceboook) គេឃើញមានបុរសពីរនាក់ពាក់អាវក្រហម ជាមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺបានទៅទារលុយចំនួន ១៥០០ដុល្លារ ចុះនៅត្រឹម ៦០០ដុល្លារ ពីថៅកែរោងចក្រជាជនជាតិចិន ឋិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សារបែកធ្លាយបង្ហាញភស្តុតាងជាក់លាក់តាមបណ្ដាញសង្គម ជាវីដេអូរៀបរាប់ថា មន្ត្រីបរិស្ថានបានប្រាប់ឱ្យថៅកែរោងចក្រចេញលិខិតបំភ្លឺមួយសន្លឹកសរសេរថា ពួកគេមកទីនេះ ដើម្បីបំពេញបេសកកម្មការងារ ពុំមែនមកទារលុយនោះទេ។
សំឡេងបែកធ្លាយ៖«ធ្វើស៊ីដល់ អស់ ៦០០ដុល្លារ មកដល់គាបយកស៊ីលុយយកតែម្ដង បាញ់ទៅកុងធនាគារអត់យកទេ យកលុយសុទ្ធ។ ចិនឱ្យលុយសុទ្ធថ្ងៃហ្នឹង ពេលខ្ញុំហុចលុយឱ្យគាត់អត់ទទួលទេ គាត់ឱ្យខ្ញុំឡើងលើឡាន។ គាត់ឱ្យខ្ញុំធ្វើលិខិតបញ្ជាក់ថា គាត់មកធ្វើការធម្មតាមិនបានមកជំរិតទារប្រាក់»។
ក្រោយពីបែកធ្លាយវីដេអូនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែមេសា បានចេញលិខិតបំភ្លឺ ដោយបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រីខ្លួនថា ពួកគេមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នោះឡើយ។
មន្ទីរបរិស្ថានចោទលើអ្នករិះគន់មន្ត្រីថា បង្ហោះព័ត៌មានបំផ្លើស ញុះញង់ ទុច្ចរិត ធ្វើឲ្យសាធារណជនយល់ច្រឡំ ប៉ះពាល់កិត្តិយសអង្គភាពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
ខ្លឹមសារលិខិត បញ្ជាក់ថា មន្ទីរបរិស្ថានពិតជាបានបញ្ចូលមន្ត្រីចុះពិនិត្យករណីរោងចក្រ កែច្នៃដំណាប់ស្វាយ ដើម្បីធ្វើកំណត់ហេតុ ណែនាំដល់ម្ចាស់រោងចក្រឲ្យទទួលខុសត្រូវលើការគ្រប់គ្រងសំរាម សំណល់រឹង-រាវ តាមបច្ចេកទេស។ បន្ថែមពីនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមានប្រើវិធានការច្បាប់លើអ្នកដែលចែកចាយព័ត៌មាននេះ។
ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី០៤ ខែមេសាថា លោកនឹងស្វែងរកការពិតករណីនេះ ដោយមិនទុកឱ្យករណីបែបនេះ ចប់ដោយគ្មានអ្នកទទួលខុសត្រូវនោះទេ។
លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ ហើយបើមន្ត្រីគ្មានកំហុស នឹងទទួលបានយុត្តិធម៌។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា លោកនឹងពិចារណា តើគួរបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយ?
ទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ និងជាសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា លោក ប៊ី វ៉ាន់នី ពន្យល់ថា ករណីនេះព្រះរាជអាជ្ញាតំណាងឱ្យរដ្ឋ ត្រូវកោះហៅបុគ្គលពាក់ព័ន្ធមកសាកសួរ និងស៊ើបអង្កេតជំរុញឱ្យទទួលខុសត្រូវតាមច្បាប់ ដោយមានមន្ត្រីនគរបាលយុត្តិធម៌ជាសេនាធិការ ហើយក្រោយពីការស៊ើបអង្កេតរួចរាល់ ត្រូវតែបំភ្លឺជាសាធារណៈ ។
លោកថា ប្រសិនបើករណីនេះ មិនស៊ើបអង្កេតឱ្យច្បាស់លាស់ប្រកបដោយតម្លាភាពនោះទេ មន្ត្រីខិលខូចនៅតែប្រព្រឹត្តកំហុសដដែលៗ ប៉ះពាល់ដល់ទំនុកចិត្តពលរដ្ឋ និងសង្គមជាតិ។
លោកថា៖ «យើងឃើញកន្លងមក វាក្លាយជាទម្លាប់ដោយសារទង្វើទាំងអស់ហ្នឹង គាត់ធ្វើចោល ហើយវាអត់មាននរណាម្នាក់ទៅធ្វើទុកបុករបស់ខ្លួន អត់ធ្វើការដោះស្រាយ។ មន្ត្រីគ្រាប់ល្ពៅ ឬមន្ត្រីមិនស្មោះត្រង់ចំពោះពលរដ្ឋ និងរដ្ឋាភិបាល គាត់តែងតែឆ្លៀតប្រព្រឹត្តអំពើពុករលួយ គិតតែប្រយោជន៍ផ្ទាល់ខ្លួន»។
លោក ប៊ី វ៉ាន់នី សង្កេតឃើញថា ករណីនេះទាល់តែបែកធ្លាយតាមបណ្ដាញសង្គម ទើបមានចំណាត់ការពីស្ថាប័នពាក់ព័ន្ធ។ លោកជំរុញឱ្យក្រសួងបរិស្ថាន បង្ហាញភាពស្មោះត្រង់ដោះស្រាយរឿងនេះ ដោយតម្លាភាព និងទទួលខុសត្រូវតាមច្បាប់ ដើម្បីប៉ះប៉ូវផ្លូវចិត្តពលរដ្ឋដែលរងផលប៉ះពាល់ពីការបំពុលបរិស្ថាននៅខេត្តកំពង់ស្ពឺ ដោយសាររោងចក្រកែច្នៃដំណាប់ស្វាយ របស់ជនជាតិចិន៕









