ក្រសួងសុខាភិបាលលីបង់ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើភូមិ Kfarhata នៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស ៧ នាក់ កាលពីថ្ងៃទី៥ ខែមេសា រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ផងដែរ។
ក្រសួងបានបន្ថែមថា ការវាយប្រហារមួយទៀតរបស់អ៊ីស្រាអែលលើសង្កាត់ Jnah ក្នុងទីក្រុងបេរូត បានសម្លាប់មនុស្ស ៤ នាក់ និងរបួស ៣៩ នាក់ផ្សេងទៀត។
ការវាយប្រហារលើភូមិ Kfarhata បានកើតឡើងបន្ទាប់ពីមានបញ្ជាឱ្យជម្លៀសចេញកាលពីយប់ថ្ងៃទី៤ខែមេសា ដោយយោធាអ៊ីស្រាអែល ដែលបានណែនាំឱ្យអ្នកស្រុកចាកចេញពីភូមិនោះ។ ខណៈដែលគ្រិស្តសាសនិកលីបង់ ដែលមានចំនួនប្រហែលមួយភាគបីនៃចំនួនប្រជាជនសរុប បានប្រារព្ធពិធីបុណ្យ Easter កាលពីថ្ងៃទី៥ខែមេសា ប្រទេសនេះបានជួបប្រទះនូវថ្ងៃដ៏ហិង្សាបំផុតមួយ ចាប់តាំងពីការប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែលបានផ្ទុះឡើងកាលពីដើមខែមុន។
ពេញមួយថ្ងៃ ទីក្រុងបេរូតបានលាន់ឮសូរគ្រាប់បែក និងសំឡេងយន្តហោះហោះក្នុងកម្ពស់ទាប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី ត្រូវបានរងការវាយប្រហារតាមអាកាសចំនួន ៨ លើក។ កាលពីព្រឹកថ្ងៃទី៥មេសាកងទ័ពលីបង់បាននិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
កាលពីថ្ងៃទី៤ខែមេសា យោធាអ៊ីស្រាអែលបានចេញការព្រមានឱ្យជម្លៀសចេញ ដែលមានគោលដៅលើច្រកព្រំដែន Masnaa របស់លីបង់ជាមួយប្រទេសស៊ីរី ដែលជាចំណុចចូលដ៏សំខាន់តភ្ជាប់ប្រទេសទាំងពីរ ដោយចោទប្រកាន់ថាវាត្រូវបានប្រើប្រាស់ដោយក្រុមប្រដាប់អាវុធ Hezbollah គាំទ្រដោយអ៊ីរ៉ង់ សម្រាប់គោលបំណងយោធា។ ប្រទេសលីបង់ត្រូវបានទាញឱ្យចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា នៅពេលដែលក្រុម Hezbollah បានចាប់ផ្តើមបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់។
អ៊ីស្រាអែលបានបើកការវាយប្រហារលើលីបង់ និងបានចូលលុកលុយភាគខាងត្បូង នៅក្នុងអ្វីដែលបានក្លាយជាការរីករាលដាលដ៏ហិង្សបំផុតនៃសង្រ្គាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។ គិតត្រឹមចុងខែមីនា យុទ្ធជន Hezbollah ជាង ៤០០ នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមប្រភពបានប្រាប់ Reuters។ យោធាអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលយ៉ាងហោចណាស់ ១០ នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងលីបង់ក្នុងរយៈពេលដូចគ្នានេះ។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស ១,៤៦១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ គិតត្រឹមថ្ងៃ៥មេសា ដែលធ្វើឱ្យចំនួនអ្នកស្លាប់ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមបានកើនឡើង ៣៩ នាក់ក្នុងរយៈពេលប្រហែល ២៤ ម៉ោង។ មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនមានបំណងគ្រប់គ្រង “តំបន់សន្តិសុខ” ដែលមានជម្រៅរហូតដល់ ៣០ គីឡូម៉ែត្រ (២០ ម៉ាយ) ចូលទៅក្នុងទឹកដីលីបង់។ ខ្លួនបានចេញបញ្ជាឱ្យជម្លៀសចេញ ដែលគ្របដណ្តប់ប្រហែល ១៥% នៃទឹកដីលីបង់។ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់នៅតែបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅភាគខាងត្បូង រួមទាំងគ្រិស្តសាសនិកលីបង់ប្រហែល ៩,០០០ នាក់ដែលរស់នៅក្នុងបណ្តុំនៃទីក្រុងតាមព្រំដែន ដែលបានប្រាប់ Reuters ថាពួកគេប្តេជ្ញានៅបន្តទៀត៕









