លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនគុណភាពផលិតលើគ្រប់វិស័យ ក្នុងនោះមានទាំងការច្នៃប្រឌិត ការកែច្នៃផលិតផលកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ តែអ្នកឃ្លាំមើលថា ការជំរុញនេះមិនមានប្រសិទ្ធភាពទេ បើការដឹកនាំប្រទេសបច្ចុប្បន្ននៅតែរួមរឹតដោយបញ្ហាអំពើពុករលួយ បក្ខពួក និងគ្មានគោលនយោបាយច្បាស់លាស់ក្នុងការជួយដល់កសិករ។
ក្នុងសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ (ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦) ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ដែលផ្សព្វផ្សាយនៅថ្ងៃទី០៦ខែមេសានេះ បានលើកឡើងថា ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋានរឹងម៉ាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ គឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនមែនជាការងាររបស់ស្ថាប័នណាមួយឡើយ។
ការណ៍នេះ លោកបានជំរុញដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ព្រមទាំងត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជា ម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក ជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរអាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។
លោកបានគូសបញ្ជាក់ថា៖ «ការខិតខំរួមគ្នា នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗនៅតាមតំបន់ជនបទ»។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នា ពង្រីកបណ្តាញសមាជិក និងដោះស្រាយបញ្ហាប្រឈមរបស់អ្នកផលិតឱ្យបានទាន់ពេលវេលា ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់ មានសមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីកឱ្យកាសទីផ្សារឱ្យកាន់តែទូលំទូលាយ ដើម្បីធានាថា ផលិតផលខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្មកាន់តែច្រើន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា សារជំរុញរបស់នាយករដ្ឋមន្ត្រី ជារឿងដដែលៗ ដែលគ្មានប្រសិទ្ធភាពក្នុងការជួយដល់កសិករនោះទេ ខណៈមន្ត្រីមួយចំនួន អសកម្ម ប្រកាន់បក្ខពួក និងពុករលួយជាដើម។
លោកថា៖ «គ្រាន់តែផ្ញើសារជំរុញឱ្យមន្ត្រីអីយកចិត្តទុកដាក់អីៗហ្នឹង វាដដែលៗហ្នឹង មន្ត្រីរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន យើងដឹងហើយថារយីករយាគម៉េចអីម៉េច បញ្ហាច្រើនណាស់ ទាំងរឿងសមត្ថភាព ទាំងរឿងពុករលួយ ទាំងរឿងបក្ខពួករឿងស្អីៗហ្នឹង វាអត់មានប្រសិទ្ធភាព បើចង់ជួយមែនទែន ទាល់តែរៀបចំឱ្យមានគោលនយោបាយច្បាស់លាស់ មានការអនុវត្តច្បាស់លាស់ អាហ្នឹងទៅហើយ ដូចស្រុកគេ បើគេចង់ជួយកសិករ គេមានគោលនយោបាយរបស់គេស្អីខ្លះសម្រាប់ជួយកសិករហ្នឹង ផ្តល់លទ្ធភាពអីខ្លះ ជំរុញកម្មវិធីអីរបៀបម៉េចអីម៉េច ទៅទីផ្សារអន្តរជាតិហ្នឹង ត្រូវរដ្ឋាភិបាលជួយអីខ្លះ បើខាតបង់យើងចេញអីខ្លះ វាចឹងណា»។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ដើម្បីជួយដល់កសិករ រដ្ឋាភិបាលត្រូវពង្រឹងបន្ថែមរឿងបច្ចេកទេសជំនាញ បច្ចេកវិទ្យា ទៅដល់ទាំងមន្ត្រីរដ្ឋាភិបាល និងកសិករ ការរៀបចំធារាសាស្ត្រឱ្យបានគ្រប់គ្រាន់ វិធានការពារទឹកជំនន់ និងការរៀបចំទីផ្សារជាដើម។ ហើយរឿងសំខាន់មួយទៀត លោកថា អាជ្ញាធរនៅមូលដ្ឋាន ក៏ត្រូវចូលរួមផ្សព្វផ្សាយឱ្យសកម្ម ថាតើប្រភេទកសិផលណាដែលកសិករអាចដាំដុះបាន និងទទួលបានទិន្នផលអាចលក់លើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក មិនមែនពេលមានបញ្ហាស្រូវចុះថោក បែរជាបន្ទោសកសិករថា ដាំដុះស្រូវប្រភេទដូចគ្នាច្រើនពេក ឬដាំដុះស្រូវប្រភេទ OM ច្រើន ដែលជាន់គ្នាទីផ្សារកសិករឥណ្ឌានោះទេ។
ស្រដៀងគ្នានេះដែរ លោក ប៉ោ មករា អ្នកនាំពាក្យគណបក្ស យល់ឃើញថា ការជំរុញរបស់នាយករដ្ឋមន្ត្រី មិនអាចមានប្រសិទ្ធភាពទេ បើកម្ពុជារួមរឹតទៅដោយបញ្ហាជាច្រើន ដូចជា បញ្ហាអំពើពុករលួយ ប្រព័ន្ធច្បាប់នៅទន់ខ្សោយ បញ្ហាបក្ខពួកនិយម ការរឹតត្បិតសិទ្ធិសេរីភាព ឬការបិទសិទ្ធិបញ្ចេញមតិលើការដោះស្រាយរបស់រដ្ឋពីបញ្ហាកសិកម្មអីជាដើម ដែលបញ្ហាទាំងអស់នេះ បានរាំងស្ទះដល់ការរុញឱ្យមានតម្លាភាពលើការនាំចេញផលិតផលរបស់កសិករ ការផលិតរបស់កសិករជាដើម។
លោកថា៖ «នៅពេលដែលសង្គមមួយមានបញ្ហាអំពើពុករលួយ ការមិនគោរពច្បាប់ បញ្ហាបក្ខពួកនិយម វាធ្វើឱ្យក្រុមឱកាសនិយម ក្រុមដែលទុច្ចរិតគាត់ច្បាមយក ហៅថា វាទទីយកទីតាំងសេដ្ឋកិច្ច ច្បាមយកការមានបានរបស់ខ្លួនឯងនៅតែមួយក្រុម តែមួយបក្ខពួក។ ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមិនបានចែកផលទៅដល់ស្រទាប់នៃប្រជាជន ជាពិសេសគឺក្រុមកសិករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអ្នកផលិតហ្នឹង មិនបានគ្រប់គ្រាន់ទេ អីចឹងការដែលធ្វើឱ្យរីកចម្រើនទៅលើផ្នែកគុណភាពក្តី ការឱ្យរីកចម្រើនផលិតផលក្នុងស្រុកក្តី សុទ្ធសឹងតែជាបញ្ហា ចឹងការរីកចម្រើនវានៅមានកម្រិត ការរីកចម្រើនវាមិនមានគុណភាពល្អក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ បញ្ហាទាំងអស់នេះ រដ្ឋាភិបាលគួរតែហ៊ានកាត់សាច់ស្អុយ ហ៊ានវះកាត់នូវបញ្ហាដូចជាបញ្ហាអំពើពុករលួយ បក្ខពួកនិយម ឬក៏អនុវត្តច្បាប់មួយដែលស្មើភាពស្មើមុខស្មើមាត់ចំពោះប្រជាពលរដ្ឋទូទៅ»។
មួយទៀត លោកថា រដ្ឋាភិបាល ក៏គួរដោះស្រាយបញ្ហាជម្លោះដីធ្លី ដែលជាផ្នែកមួយនៃការរាំងស្ទះដល់ការប្រកបមុខរបរកសិកម្មរបស់ពលរដ្ឋ និងធ្វើឱ្យការផលិតមិនមានគុណភាពជាដើម។
ចំណែក អតីតនិសិត្សកសិកម្ម និងអ្នកស្រាវជ្រាវគោលនយោបាយ លោក ព្រាប ភ្លី យល់ថា ការជំរុញរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល អាចមានប្រសិទ្ធភាពឬមិនមាន អាស្រ័យទៅលើការអនុវត្តផ្ទាល់ និងគោលនយោបាយច្បាស់លាស់ ខណៈកន្លងមក លោកសង្កេតឃើញថា កសិករនៅជួបប្រទះបញ្ហាជាច្រើន ដូចជា បញ្ហាតម្លៃលក់រវាងកសិករនិងឈ្មួញ បញ្ហាទីផ្សារ ការខ្វះខាតរោងចក្រកែច្នៃសម្រាប់ការនាំចេញ ការប្រកួតប្រជែងទីផ្សាររវាងកសិផលក្នុងស្រុកនិងការនាំចូលពីក្រៅប្រទេសជាដើម។
លោកថា៖ «ការជួយ ឬការជំរុញលើកទឹកចិត្តដល់ប្រជាកសិករនេះ ខ្ញុំគិតថា អាចធ្វើទៅរួច បើសិនយើងមានគន្លឹះឬក៏គោលការណ៍ណាឱ្យច្បាស់លាស់ ដែលពាក់ព័ន្ធនឹងការធ្វើការងារអស់ហ្នឹង ដោយមានការយកចិត្តទុកដាក់ និងការអង្កេតតាមដានពីគ្រប់ស្ថាប័ននានា»។
លោក ព្រាប ភ្លី ផ្តល់ជាយោបល់មួយចំនួន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកកសិកម្ម ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់កសិករបាន ដោយរដ្ឋាភិបាលគួរផ្តល់ការស្រាវជ្រាវសម្រាប់រកបច្ចេកទេសថ្មីៗដល់និសិត្ស បញ្ញវ័ន្ត ឬមន្ត្រីជំនាញ, ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិឬហានិភ័យនានា, ការផ្តល់ប្រាក់កម្ចីទាបបំផុតដល់កសិករនិងស្ថាប័នពាក់ព័ន្ធក្នុងវិស័យកសិកម្ម, ការផ្គត់ផ្គង់ការនាំចេញទៅទីផ្សារអន្តរជាតិ, បង្កើត ឬបង្កើនរោងចក្រកែច្នៃផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច សម្រាប់ការនាំចេញទៅក្រៅប្រទេស និងការបន្ធូរបន្ថយឬកាត់បន្ថយពន្ធផលិតផលក្នុងស្រុក ទាបជាងផលិតផលនាំចូលពីក្រៅស្រុកជាដើម។
យ៉ាងណា បើតាមការវិភាគស៊ីជម្រៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ច និងអភិបាលកិច្ចបច្ចុប្បន្ន បង្ហាញថា វិស័យកសិកម្មដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទ កំពុងប្រឈមនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលអាចរាំងស្ទះដល់មហិច្ឆតានេះ ប្រសិនបើគ្មានការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការផ្លាស់ប្តូរផ្នត់គំនិតដឹកនាំនោះទេ។
ការឈានទៅរកឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ តម្រូវឱ្យកម្ពុជាបង្កើនប្រាក់ចំណូលជាតិសរុបក្នុងម្នាក់ ឱ្យដល់យ៉ាងហោចណាស់ ៤០៤៦ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០៣០ ដែលជាការលោតផ្លោះដ៏ធំ ធៀបនឹងកម្រិត ១៧០០ ដុល្លារក្នុងឆ្នាំ ២០២២ ពោលគឺ កម្ពុជាត្រូវបង្កើនចំណូលឱ្យបានថែមចំនួន ២៣៤៦ ដុល្លារ បន្ថែមទៀតក្នុងរយៈពេល ៨ ឆ្នាំ (គិតពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០)។ នេះបើយោងតាមរបាយការណ៍សង្ខេបទស្សនវិស័យកម្ពុជាឆ្នាំ២០២៣ របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
កំណើននេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើវិស័យកសិកម្ម នៅតែបន្តស្ថិតក្នុងសភាពអសកម្ម និងពឹងផ្អែកលើការលក់វត្ថុធាតុដើមមិនទាន់កែច្នៃ។
ចំណែក របាយការណ៍របស់អង្គការ Human Rights Watch ក្នុងឆ្នាំ២០២៥ ការបែងចែកដីធ្លីដ៏ធំសម្បើមទៅឱ្យក្រុមឧកញ៉ា និងសាច់ញាតិមន្ត្រីជាន់ខ្ពស់ បានបង្កឱ្យមានរលកនៃជម្លោះដីធ្លីជាមួយកសិករខ្នាតតូច ដែលជាកម្លាំងផលិតកម្មពិតប្រាកដ។ នៅពេលដែលកសិករខ្វះសុវត្ថិភាពនៃសិទ្ធិកាន់កាប់ដីធ្លី ការលើកទឹកចិត្តក្នុងការវិនិយោគលើបច្ចេកវិទ្យា ឬការធ្វើឱ្យដីមានជីជាតិយូរអង្វែងត្រូវបានបន្ទច់បង្អាក់ ដែលជាលទ្ធផលធ្វើឱ្យផលិតភាពកសិកម្មសរុបមានការធ្លាក់ចុះ។
ចាប់ពីពេលនេះដល់ឆ្នាំ២០៣០ គឺជាពេលវេលាកំណត់ដែលកម្ពុជា ត្រូវជ្រើសរើសរវាងការបន្តដើរតាមគន្លងចាស់ដែលពោរពេញដោយភាពអយុត្តិធម៌សង្គម និងការិយាធិបតេយ្យ ឬការឈានទៅរកយុគសម័យថ្មីនៃកសិកម្មទំនើប ដែលផ្តល់តម្លៃដល់កម្លាំងពលកម្មរបស់កសិករ និងនវានុវត្តន៍របស់យុវជនជំនាន់ក្រោយ៕









