បញ្ញវន្តខ្មែរមួយចំនួន បានព្រមានថា កម្ពុជាអាចនឹងចៀសមិនផុតពីការកើតមានចលាចលសង្គមនោះទេ ប្រសិនបើរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នៅតែមើលរំលងពីបញ្ហាអយុត្តិធម៌សង្គម ដែលហាក់រីកកាន់តែធំ និងនៅតែបន្តចាប់ឃុំខ្លួនឥតស្រាកស្រានលើអ្នកបញ្ចេញមតិពីបញ្ហាព្រំដែន ខណៈរដ្ឋាភិបាលអសមត្ថភាពយ៉ាងខ្លាំង ក្នុងការការពារទឹកដីកេរដូនតាខ្មែរ ធ្វើឱ្យថៃអាចបន្តវាទចូលកាន់កាប់ទឹកដីខ្មែរតាមអំពើចិត្តជារៀងរាល់ថ្ងៃ។
ការព្រមានរបស់បញ្ញវន្តខ្មែរទាំងនេះ កើតឡើងខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបន្តចាប់ឃុំខ្លួនឥតស្រាកស្រានទៅលើអ្នកបញ្ចេញមតិ ពីបញ្ហាព្រំដែនជាបន្តបន្ទាប់ ក្នុងនោះមានទាំងព្រះសង្ឃ គ្រូបង្រៀន អ្នកនយោបាយប្រឆាំង និងប្រជាពលរដ្ឋ។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី៦ខែមេសានេះថា នៅលើពិភពលោកនេះ មិនថានៅក្នុងសង្គមប្រជាធិបតេយ្យ សង្គមកុម្មុយនិស្ត ឬសង្គមផ្តាច់ការនោះទេ គឺប្រជាពលរដ្ឋសុទ្ធតែស្រឡាញ់សិទ្ធិសេរីភាព ចង់បានយុត្តិធម៌ ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម។
លោកថា៖ «ហើយបើសិនជាមានការបណ្តែតបណ្តោយឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គមច្រើន គាបសង្កត់ច្រើនអីច្រើន អាចនឹងឈានទៅដល់វិបត្តិនយោបាយ វិបត្តិសង្គមនឹងខ្លាំង។ យើងមើលឃើញប្រទេសច្រើនណាស់ដែលអាចទៅជាក្រឡាប់ចក្រអីជាដើម ដោយសារតែរឿងអយុត្តិធម៌សង្គម ដោយសារតែរឿងរឹតត្បិតសេរីភាពអ៊ីចឹង។ តិចទៅមានអ្នកងើបតវ៉ាទ្រាំលែងបានទៅ ក៏ងើបតវ៉ាទៅ ទោះបីជាមានការកាប់សម្លាប់បង្ក្រាបអីក៏ដោយ មនុស្សនៅតែងើបនៅតែតវ៉ា យើងឃើញនៅអ៊ីរ៉ង់ និងនៅប្រទេសផ្សេងៗក៏ដូចគ្នាដែរ មានការងើបតវ៉ា»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ លើកឡើងថា ប្រទេសដែលមានការដួលរលំមួយចំនួនថ្មីៗនេះ ដូចជា នៅនេប៉ាល់ និងនៅបង់ក្លាដែសជាដើម គឺកើតឡើងដោយសារតែរងនូវអំពើអយុត្តិធម៌ក្នុងសង្គម និងរងនូវការរិតត្បិតសេរីភាពជាដើម។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ក៏យល់ស្របទៅនឹងការលើកឡើងរបស់ លោក អ៊ូ ច័ន្ទរ័ត្ន ផងដែរ ដោយថ្លែងថា បើបញ្ហាអយុត្តិធម៌សង្គម និងការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋមិនត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពនោះទេ អាចនឹងមានផលវិបាកជាច្រើនដែលជះឥទ្ធិពលដល់ស្ថិរភាពយូរអង្វែងរបស់ជាតិ។
ជាដំបូងបញ្ហាដែលចៀសមិនផុត គឺការបាត់បង់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋទៅលើស្ថាប័នរដ្ឋ ពីព្រោះកាលណាប្រជាពលរដ្ឋមានអារម្មរណ៍ថា សំឡេងរបស់ពួកគាត់មិនត្រូវបានគេស្តាប់ ឬក៏មានអារម្មរណ៍ថា ប្រព័ន្ធយុត្តិធម៌មានលក្ខណៈលម្អៀង វាបង្កើតគម្លាតកាន់តែធំរវាងអ្នកដឹកនាំ និងអ្នកក្រោមបង្គាប់ដែលជាហានិភ័យនាំឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ជាតិ។
លោកថា៖ «ទន្ទឹមនឹងនេះ ស្ថិរភាពនយោបាយ ក៏អាចរង្គ្រោះរង្គើផងដែរ ដោយសារតែការមិនពេញចិត្តក្នុងចិត្តរបស់មហាជន អាចវិវត្តទៅជាការតវ៉ាឬការប្រឆាំងដោយហិង្សាក្នុងទ្រង់ទ្រាយធំ។ បរិយាកាសបែបនេះ មិនត្រឹមតែរំខានដល់ដំណើរការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរដ្ឋាភិបាលចំណាយធនធានកាន់តែច្រើន នៅក្នុងការគ្រប់គ្រងសន្តិសុខ ជាជាងយកទៅវិនិយោគលើវិស័យអប់រំ ឬក៏សុខាភិបាល។ លើសពីនេះនៅក្នុងបរិបទអន្តរជាតិ រដ្ឋាភិបាលអាចនឹងប្រឈមមុខនឹងការដាក់សម្ពាធពីសហគមន៍អន្តរជាតិ និងបណ្តាប្រទេសប្រជាធិបតេយ្យដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់»។
អ្នកវិភាគរូបនេះ លើកឡើងថា ការធ្លាក់ចុះនូវសន្ទស្សន៍សិទ្ធិមនុស្ស និងនីតិរដ្ឋ អាចប៉ះពាល់ដល់ការផ្តល់ជំនួយ ការដកប្រព័ន្ធអនុគ្រោះពន្ធ ឬការការកាត់បន្ថយការវិនិយោគពីបរទេសដែលនាំឱ្យសេដ្ឋកិច្ចជាតិជួបការលំបាក។ សម្រាប់ លោក វណ្ណលី ការរារាំងការបញ្ចេញមតិលើបញ្ហាព្រំដែន ឬបញ្ហាសង្គមក៏អាចធ្វើឱ្យរដ្ឋាភិបាលបាត់បង់ឱកាស ក្នុងការទទួលបានធាតុចូលល្អៗ ឬការរិះគន់ក្នុងន័យស្ថាបនាដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លោកថា ប្រសិនបើបញ្ហាទាំងនេះ មិនត្រូវបានដោះស្រាយដោយផ្អែកទៅលើគោលការណ៍យុត្តិធម៌ និងតម្លាភាពទេ វានឹងក្លាយទៅជាបន្ទុកដ៏ធ្ងន់សម្រាប់រដ្ឋាភិបាល ក្នុងការរក្សាសន្តិសុខសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។
វីអូឌី មិនអាចទាក់ទង លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី៦ខែមេសានេះ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងកាលពីខែកុម្ភៈថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សម្តែងការឈឺចាប់ និងការខឹងសម្បារ ចំពោះទង្វើរបស់ថៃដែលឈ្លានពានទឹកដីខ្មែរ គឺមិនមានអ្វីខុសនោះទេ។
លោកថា៖ «គាត់អត់ខុសទេ ព្រោះអារម្មរណ៍ជាខ្មែរ គាត់មានសិទ្ធិឈឺចាប់ មានសិទ្ធិខឹង មានសិទ្ធិបញ្ចេញមតិរបស់គាត់ ហើយវាអត់មានប៉ះពាល់អីទៅដល់ស្ថានភាព ឬមួយក៏ការឆ្លើយតបដែលបង្កើតជាស្ថានភាពនៅលើដី ដូចការសម្រេចចិត្តរបស់រដ្ឋាភិបាល តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគ្រប់ជំហ៊ានទាំងអស់ ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន»។
ប៉ុន្តែយ៉ាងណាក្តី ក្រុមអ្នកឃ្លាំមើល កត់សម្គាល់ឃើញថា ការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលនៃបក្សប្រជាជន គឺផ្ទុយស្រឡះពីអ្វីដែល លោក ហ៊ុន ម៉ាណែត បានថ្លែង ពីព្រោះគ្រាន់តែនៅដើមឆ្នាំ២០២៦នេះ រដ្ឋាភិបាលបានចាប់ឃុំខ្លួនអ្នកបញ្ចេញមតិលើបញ្ហាព្រំដែនជាង ២០នាក់ ធ្វើឱ្យចំនួនអ្នកទោសមនសិការដែលត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ កើនឡើងដល់៩៨នាក់។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានប្រាប់វីអូឌីនៅថ្ងៃទី៦ខែមេសានេះថា បញ្ហាប្រឈមធំៗ៣ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងពើបប្រទះនៅពេលអនាគត ហើយបញ្ហាប្រឈមនេះកំពុងតែបង្ហាញសញ្ញាច្បាស់ទៅៗ គឺទី១ កម្លាំងតស៊ូប្រឆាំងនៃរដ្ឋាភិបាលក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី ហាក់កំពុងទាញបានការចាប់អារម្មរណ៍ ហើយនឹងសមាណចិត្តពីប្រជាពលរដ្ឋខ្មែរ ជាពិសេសពីអ្នកដែលនៅក្រៅប្រទេស។
លោកថា៖ «ហើយក្នុងកាលៈទេសៈដែល លោក ហ៊ុន ម៉ាណែត ចាញ់សង្គ្រាមជាមួយថៃ ធ្វើឱ្យបាត់បង់ទឹកដីមួយចំនួន ធ្វើឱ្យចលនាមហាជនងាកទៅចាប់អារម្មរណ៍រដ្ឋាភិបាលក្រៅប្រទេសកាន់តែខ្លាំង។ ទី២ កម្លាំងរើបម្រះរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ដែលពួកគាត់រងនូវបញ្ហាចាក់ស្រែសសព្វបែបយ៉ាងជាពិសេសពាក់ព័ន្ធទៅនឹងកក្តារស់នៅជាប្រចាំថ្ងៃរបស់ពួកគាត់ ដែលមិនទទួលបានការគាំពារណាមួយសោះឬក៏យន្តការដោះស្រាយណាមួយឱ្យបានសមស្រប និងទាន់ពេលវេលាសោះ សម្រាប់ប្រជាពលរដ្ឋជាពិសេសការរងនូវអំពើអយុត្តិធម៌ ដែលប្រជាពលរដ្ឋរស់នៅហាក់គ្រាន់តែជាឧបករណ៍ដែលក្រុមអ្នកកាន់អំណាចបោកប្រាស តាមរយៈការប្រើនយោបាយប្រជាភិថុតិចំពោះប្រជាពលរដ្ឋ»។
អ្នកវិភាគរូបនេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបរាជ័យទាំងស្រុងក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់ខ្លួនក្នុងនោះសូម្បីតែវិស័យកសិកម្ម ក៏បរាជ័យ ភូមិឃុំមានសុវត្ថិភាពក៏បរាជ័យ និងគោលនយោបាយផ្សេងៗទៀត គឺសុទ្ធតែបរាជ័យ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឥទ្ធិពលនយោបាយរបស់ខ្លួន ដែលបានធ្វើឱ្យបាត់បង់នូវការគាំទ្រយ៉ាងខ្លាំង បើទោះបីជាបច្ចុប្បន្ននេះ នៅមានឪពុក គឺលោក ហ៊ុន សែន ប្រឹងប្រែងជួយជំរុញជួយទប់យ៉ាងណាក៏ដោយ។ លើសពីនេះ បញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនជាបញ្ហាមួយដ៏ស្រួចស្រាល់ ហើយមិនអាចមើលរំលងនោះទេ ពីព្រោះកន្លងមក លោក ហ៊ុន សែន តែងតែព្យាយាមច្បាមយកអំណាចទាំងអស់ រហូតខ្លួនឡើងជាប្រធានគណបក្សប្រជាជន ហើយគោលដៅចុងក្រោយបំផុតរបស់លោក គឺចាំបាច់ត្រូវតែរុញ លោក ហ៊ុន ម៉ាណែត ឱ្យទៅជាប្រធានគណបក្សប្រជាជន។
ជាមួយគ្នានេះ លោក ស៊ន តារា អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ដែលជាសកម្មជនគណបក្សប្រឆាំងក៏ថ្លែងដែរថា លោក ហ៊ុន ម៉ាណែត នឹងទៅទស្សនកិច្ចនៅប្រទេសបារាំងក្នុងពេលឆាប់ៗនេះ ហើយលោកសូមផ្ញើសារទៅលោកនាយករដ្ឋមន្ត្រី ឱ្យប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា និងទាមទារឱ្យ លោក ហ៊ុន ម៉ាណែត ដោះលែងឪពុករបស់លោក និងអ្នកទោសមនសិការទាំងអស់ចំនួន៩៨នាក់ ដែលត្រូវបានចាប់ឃុំខ្លួនទាំងអយុត្តិធម៌ ដើម្បីបើកផ្លូវឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិពិតប្រាក។
លោកថា៖ «ខ្ញុំមិនជឿទាល់តែសោះថា ហ៊ុន ម៉ាណែត គ្មានសតិសម្បញ្ជៈ និងវិចារណៈញ្ញាណ ដើម្បីវិនិច្ឆ័យថា អ្វីទៅដែលហៅថាខុស អ្វីទៅត្រូវអ្វីទៅយុត្តិធម៌ អ្វីទៅអយុត្តិធម៌ ដូចជាឪពុករបស់ខ្ញុំដែលជាជនស្លូតត្រង់បម្រើគណបក្សប្រជាជន កាន់អាវុធការពារទឹកដីដែលគួរតែត្រូវបានលើកទឹកចិត្ត។ម្ស៉ាងទៀតក្នុងនាមជាមេដឹកនាំកម្ពុជា ទស្សនវិស័យគួរតែខិតខំស្វែងរកវិធី ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ មិនត្រូវអភិវឌ្ឍន៍កសាងកំហឹង គំនុំ និងការឈឺចាប់ដល់មហាជន គឺវាគ្មានប្រយោជន៍អ្វីដល់អនាគតជាតិនៃប្រទេសកម្ពុជាឡើយ»។
អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមដែលធ្លាប់ធ្វើឱ្យ លោក ហ៊ុន សែន មានការខឹងសម្បាយ៉ាងខ្លាំងរូបនេះ ជឿជាក់ថា វត្តមានរបស់ លោក ហ៊ុន ម៉ាណែត នៅប្រទេសបារាំង នឹងនាំឱ្យមានការកែប្រែស្ថានការណ៍នយោបាយប្រទេសកម្ពុជាពីភាពខ្មៅងងឹតអាក្រក់ទៅប្រសើរឡើង។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី៥ខែមេសាថា «យើងកុំមើលរំលង យុត្តិធម៌សង្គម ដល់ចំណុចរបត់១ ពលរដ្ឋតូចតាចលែងខ្លាចសេចក្តីស្លាប់ ត្រូវហ៊ានវះកាត់ពិត»៕









