អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគេយកធ្វើជាសួនសាធារណៈ ក្រោយកម្ពុជាមានព្រលានយន្តហោះថ្មីនោះ នឹងបើកសាកល្បងឱ្យសាធារណជនចូលទៅកម្សាន្តក្នុងបរិវេណនេះ រយៈពេល៩ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា សប្តាហ៍ក្រោយនេះទៅ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ។
នេះបើតាមសេចក្តីជូនដំណឹង របស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ប្រភពនោះឱ្យដឹងថា ការបើកដំណើរការសាកល្បងនេះ តបតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសាធារណជន «អាចចូលទស្សនា កម្សាន្ត ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ»។
លើសពីនេះ ប្រជាពលរដ្ឋ អាចចូលទៅទស្សនាជុំវិញតំបន់នេះ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជាហោះហើរ(Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និងតំបន់ជុំវិញបរិវេណអគារចេញ និងចូល វីអាយភី (VIP)ជាដើម។
មួយវិញទៀត អ្នកចូលកម្សាន្ត ត្រូវចូលរួមរក្សាអនាម័យ ប្រើប្រាស់បន្ទប់ទឹកចល័ត ហាមលក់ដូរ គ្រឿងស្រវឹង ការប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានា។
ដោយឡែក ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និងការផ្ញើឡាន ត្រូវបង់កម្រៃ ២០០០រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់ មិនមានការយកកម្រៃ ហើយការបើកឱ្យចូលកម្សាន្តចាប់ពីម៉ោង ៥:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់៕









