បញ្ហាគ្រឿងញៀន ឃាតកម្ម និងឧក្រិដ្ឋកម្មអនឡាញជាដើម នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា មិនថយចុះទេ ទោះសមត្ថកិច្ចចុះបង្ក្រាប និងចាប់បានជនល្មើសជារឿយៗក្តី ដែលបញ្ហានេះ បង្កជាការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងអនាគតយុវជន ដែលរដ្ឋាភិបាលចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយ។
លោក នួន សុភ័ក្រ រស់នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ និយាយនៅថ្ងៃទី៧ ខែមេសានេះថា បទល្មើសគ្រឿងញៀន និងការបាញ់បោះសេរី រួមទាំងឧក្រិដ្ឋកម្មអនឡាញនៅមូលដ្ឋានេះ ហាក់មិនថយចុះទេ។
លោកគូសបញ្ជាក់ថា យុវជននៅតែអាចរកទិញគ្រឿងញៀនមកប្រើប្រាស់បានដោយងាយ រីឯការបាញ់បោះនៅតែកើតមាន រួមទាំងបទលល្មើសឆបោកតាមអនឡាញជាដើម ។
លោកបន្តថា បញ្ហាទាំងអស់នេះ គឺជាក្តីបារម្ភធំចំពោះសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងអនាគតកូនចៅ ការបាត់បង់ភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅថ្ងៃអនាគត បើបទល្មើសទាំងនេះ មិនត្រូវបានទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទាន់ពេលទេនោះ។
លោកថា៖ «គ្រឿងញៀននៅស្រុកស្ទឹងហាវ នៅទីនោះក្មេងៗប្រុសមួយចំនួន ដែលមានអាយុចាប់ពី ១៤ទៅ១៥ឆ្នាំឡើងទៅ គឺពួកគាត់មានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ដូច្នេះសុំឲ្យមន្ត្រីមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ជាពិសេសអង្គភាពកាន់ផ្នែកគ្រឿងញៀនហ្នឹង ឲ្យគាត់ជាមន្ត្រីដែលស្មោះត្រង់ ជៀសវាងមន្ត្រីមាន់ពងលើស្រូវ។ បើមិនដូច្នេះទេគឺចាប់ក៏គាត់លក់ក៏គាត់។ បញ្ហាទិញគ្រឿងញៀននេះ វាហាក់ដូចជាងាយស្រួលជាងការទិញបាយហូបទៅទៀត កន្លែងណាក៏មានលក់ដែរ បើសិនជាយើងចង់ប្រើប្រាស់»។
លើសពីនេះ អ្នកស្រី សៀន ចិន្តា រស់នៅខេត្តព្រះសីហនុ បាននិយាយថា បញ្ហាគ្រឿងញៀននៅមូលដ្ឋានគាត់រស់នៅ មិនថយចុះទេ ដោយសង្កេតឃើញថា គ្រួសារដែលមានសមាជិកសេពគ្រឿងញៀននៅបន្តរងទុក្ខច្រើនឆ្នាំមកនេះ។ ទុក្ខលំបាកនេះ អ្នកស្រីចង់ឃើញ សមត្ថកិច្ចជំនាញរបស់រដ្ឋាភិបាលទប់ស្កាត់បទល្មើសទាំងអស់នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីស្តារទំនុកចិត្ត និងជួយលើកកម្ពស់ជីវភាពពលរដ្ឋដែលងាយរងគ្រោះឡើងវិញ។
អ្នកស្រីថា៖ «នៅតំបន់ខ្លះ ប្រជាពលរដ្ឋគាត់និយាយថា មានការលក់ដូរចែកចាយ ដូចគេចែកគ្រាប់ស្ករគ្នាញ៉ាំអញ្ចឹង ចឹងយើងនៅតែមានការព្រួយបារម្ភ។ ហើយបើនិយាយពីគ្រួសារដែលមាន កូនចៅ ឬសមាជិកគ្រួសារប្រើប្រាស់គ្រឿងញៀន គឺពួកគាត់យំរាល់ថ្ងៃ ហើយមិនដឹងជារកវិធីណា ដែលអាចឲ្យសមាជិកគ្រួសារ ឬកូនចៅហ្នឹង អាចផ្តាច់គ្រឿងញៀនបាន»។
កាលពីយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៦ ខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ ជាថៅកែកាស៊ីណូ នៅក្នុងខេត្តនេះ ដែលគេស្គាល់ថា ជាមេឧក្រិដ្ឋជនអនឡាញ ជនជាតិតៃវ៉ាន់ បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
មកដល់ពេលនេះ មានរយៈពេលជាង២សប្តាហ៍ហើយ សមត្ថកិច្ចខេត្តព្រះសីហនុ នៅមិនទាន់បង្ហាញមុខខ្មាន់កាំភ្លើងណាម្នាក់ពាក់ព័ន្ធនឹងឃាតកម្មនេះនៅឡើយទេ ដែលជាដើមហេតុបង្កឱ្យមានការភ័យខ្លាច ដល់សាធារណជន ពីសកម្មភាពសម្លាប់មនុស្សដ៏សាហាវនេះ។
ប្រហាក់ប្រហែលនេះ លោក ជា សុធី អាជីវករម្នាក់រស់នៅក្រុងព្រះសីហនុ បានចាត់ទុកយុទ្ធនាការចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងទៀត មានប្រសិទ្ធភាព វាមិនគ្រាន់តែជួយស្តារមុខមាត់ខេត្តប៉ុណ្ណោះទេ តែជាវាជួយទាំងស្តារជីវភាពពលរដ្ឋ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ ។
លោកថា ៖ «សម្រាប់អាជីវកម្មរីកចម្រើនយូរអង្វែង សំខាន់បំផុត ការកាត់បន្ថយសកម្មភាពខុសច្បាប់ ដូចជា ស្គេមអនឡាញ ឃាតកម្ម និងគ្រឿងញៀន ដែលអាចជួយបង្កើនភាពជឿជាក់ និងទាក់ទាញវិនិយោគស្របច្បាប់ ចូលមកខេត្តព្រះសីហនុ កាន់តែច្រើននាថ្ងៃខាងមុខ»។
វីអូឌី មិនអាចស្វែងរកការពន្យល់ពីមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ជុំវិញការលើកឡើងនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប៉ុន្តែអ្នកនាំពាក្យខេត្តព្រះសីហុន លោក ឃាង ភារម្យ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា បទល្មើសទាំងនេះ សមត្ថកិច្ចរបស់ខេត្តចុះបង្ក្រាបបានជាបន្តបន្ទាប់ ។
សម្រាប់មន្ត្រីរដ្ឋាភិបាលរូបនេះ វិធានបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់មកនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ការស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគឱ្យវិលត្រឡប់មកខេត្តព្រះសីហនុវិញ។
លោកថា៖ «យើងពិតជាអាចរំពឹងថា នឹងមានកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគច្រើនជាងមុន ប៉ុន្តែវានឹងកើតឡើងជាជំហានៗ។ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់នាពេលនេះ គឺជាការបោះទុនដ៏ធំបំផុត សេដ្ឋកិច្ចដ៏រឹងមាំរបស់ខេត្តព្រះសីហនុ»។
ជាការកត់សម្គាល់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន នៅក្នុងសណ្ឋាគារ ស៊ីជី ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ ដែលមានជនជាតិចិនចំនួន ១៨នាក់ វៀតណាម ០១នាក់ និងខ្មែរចំនួន ០៣នាក់។
ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច បង្ហាញថា បានរកឃើញគ្រឿងញៀនជិត ២០០គីឡូក្រាម អាវុធខ្លី គ្រាប់បែក រថយន្ត ៦គ្រឿង សារធាតុផ្សំគ្រឿងញៀន។ ហើយថា កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅបទល្មើសដែលកើតឡើងនៅខេត្តព្រះសីហនុ មានទាំងឃាតកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ជាដើម ថាជាការធ្លាក់ចុះនៃវិធានការគ្រប់គ្រង។
លោកថា បញ្ហានេះ វានឹងនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងវិនិយោគទុន កិត្តិយសខេត្តព្រះសីហនុ ព្រោះរដ្ឋាភិបាលបានចាត់ទុកខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។
លោកថា៖ «នៅពេលដែលគេនិយាយពីខេត្តព្រះសីហនុគេនឹងឃើញ ទីកន្លែងកម្សាន្ត ទីកន្លែងស្នាក់នៅសណ្ឋាគារ ដែលមានតម្លៃថ្លៃមធ្យម។ ហើយនឹងជាកម្មវត្ថុសម្រាប់កម្សាន្តលម្ហែ ហើយក៏ជាមុខសញ្ញានៃការវិនិយោគរបស់អ្នកវិនិយោគ។ អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំគិតថា នៅពេលដែលឃើញទំហំនៃការបង្ក្រាបគ្រឿងញៀន ដ៏ធំបែបនេះ ហើយវាបានកើតឡើងនៅខេត្តព្រះសីហនុ ធ្វើឲ្យយើងយល់ថា វាគឺជាចំណុចខ្វះខាតមួយ ដែលបានកើតឡើងកន្លងមកហើយ»។
សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានសាទរចំពោះកិច្ចខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ប៉ុន្តែលោកថា បើបទល្មើសនៅតែបន្តកើតឡើង នោះវាមិនមែនភាពភាពខ្លាំងរបស់សមត្ថកិច្ចជំនាញទេ តែវាជាកម្សោយនៃវិធានការបង្ការទប់ស្កាត់ជាមុនរបស់មន្ត្រីជំនាញ។
លោកថា៖ «វាមានរូបភាពខ្លះបង្ហាញឲ្យឃើញថា ខេត្តព្រះសីហនុគឺជាកន្លែងមួយដែលមានអារម្មណ៍ថាគួរឱ្យភ័យខ្លាច ដោយសារតែបទល្មើសជាច្រើន នៅក្នុងខេត្តនេះគឺវាហាក់បីដូចជាពិបាកនៅក្នុងការបង្ក្រាប។ ហើយជាពិសេសពាក់ព័ន្ធទៅនឹងជនបរទេស រហូតដល់ពួកគាត់ មានអាវុធប្រើប្រាស់នៅក្នុងដៃ ដូចជាមានការសម្លាប់ឆៅៗ ហើយសមត្ថកិច្ចនៅមិនទាន់មានលទ្ធភាពតាមចាប់ជនដៃដល់ជាដើម»។
លោក សេក សុជាតិ បន្ថែមថា ខេត្តព្រះសីហនុ ដែលជាមូលដ្ឋានដ៏ស៊ីវិល័យ និងប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។ ប៉ុន្តែថា បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាសំបុកឧក្រិដ្ឋជនគ្រឿងញៀន ស្គែមអនឡាញ ចូលមកស្នាក់នៅ និងបង្កបទល្មើស ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងប្រទេសជាតិទាំងមូល ដែលបញ្ហានេះ លោកថា រដ្ឋាភិបាលចាំបាច់ ត្រូវបង្កើតប្រព័ន្ធតាមដាន និងទប់ស្កាត់អំពើពុករលួយឱ្យមានប្រសិទ្ធភាព ទើបអាចស្តារមុខមាត់កម្ពុជាបាន៕









