ស្ថិរភាព​សេដ្ឋ​កិច្ច និង​ការ​បើក​ចំហ​នយោ​បាយ

របាយ​ការណ៍​ថ្មី​បំផុត​ឆ្នាំ​២០២៦ របស់​ស្ថាប័ន Moody’s Ratings បាន​បង្ហាញ​សញ្ញា​វិជ្ជ​មាន​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុជា ដោយ​​ប្តូរ​ការ​មើល​ឃើញ​ពី «ព្រួយ​បារម្ភ» មក​ជា «មាន​ស្ថិរ​ភាព» តែ​ស្ថិរភាព​នេះ នឹង​មា​ន​​​ភាព​ផុយ​ស្រួយ​បំផុត ប្រសិន​​បើ​គ្រឹះ​នៃល​ទ្ធិ​ប្រជា​ធិប​តេយ្យ មិន​មានភា​ពរឹ​ងមាំ​នោះ​​ទេ។

ការ​កែ​សម្រួល​នេះ​ដោយ​សារ Moody’s យល់​ថា រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​​បាន​ល្អក្នុ​ង​ការ​គ្រប់​គ្រង​បំណុល​ ហើយ​សេដ្ឋ​កិច្ច​ជាតិ​​នៅ​តែ​បន្ត​​រី​កចម្រើន​ក្នុង​រង្វង់ ៤,៥ ភាគ​រយ បើ​ទោះជា​ទំនិញ​នៅ​លើ​ពិភព​លោក​ឡើង​ថ្លៃ​ក៏​ដោយ។ បន្ថែម​ពី​នេះ Moody’s បាន​បញ្ជាក់​ថា កម្ពុជា​នៅមា​ន​ប្រាក់​បម្រុង​អន្តរ​ជាតិ​ច្រើន​គ្រាន់​បើ​ ដែល​អាច​ជួយ​ធានា​ដល់​ការ​បញ្ជា​ទិ​ញទំ​និញ​ពី​ក្រៅ​ប្រទេស និង​ជួយ​​ឱ្យ​តម្លៃលុយខ្មែរនៅមានលំនឹងល្អ។

បើតាមរបាយការណ៍ថ្មីបំផុតពីធនាគារពិភពលោកក្នុងខែមករា ឆ្នាំ​២០២៦ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា អាចនឹង​ថយ​ល្បឿន​​​​បន្តិច​​​មក​ត្រឹម ៤,៣ ភាគរយ ដែល​តួលេខ​នេះ​ស្រប​ទៅនឹងការព្រមានរបស់ Moody’s ដែរ​​។ មូលហេតុធំដែលធ្វើ​ឱ្យសេដ្ឋកិច្ចដើរយឺតជាងមុន គឺដោយសារវិស័យដីធ្លី និងផ្ទះសម្បែងនៅតែបន្តស្ងប់ស្ងាត់យូរជាងការរំពឹងទុក រួមទាំង​ការធ្លាក់ចុះនៃលុយកាក់ដែលពលករខ្មែរនៅក្រៅប្រទេសផ្ញើមកផ្ទះ ដែលកាលពីមុនគឺជាប្រភពចំណូលដ៏សំខាន់​​​សម្រាប់ជួយដល់ការចាយវាយក្នុងស្រុក។

ទោះបីជាវិស័យសំណង់ និងអចលនទ្រព្យកំពុងជួបការលំបាកក៏ដោយ ប៉ុន្តែ Moody’s បានមើលឃើញចំណុច​ខ្លាំងនៅ​ក្នុង​វិស័យនាំចេញ ជាពិសេសគឺការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលនៅតែ​ជា​ក្បាល​ម៉ាស៊ីន​ដ៏មាន​ឥទ្ធិពល​សម្រាប់រុញច្រានសេដ្ឋកិច្ចជាតិ។

ការនាំចេញទាំងនេះ ទទួលបានផលចំណេញពីការផ្លាស់ប្តូរការផលិតនៅលើពិភពលោក និងការកើនឡើងវិញ​នៃតម្រូវ​​ការ​ទិញ​ទំនិញពីទីផ្សារអឺរ៉ុប និងអាមេរិក បើទោះជាមាន​ភាពមិនច្បាស់លាស់ខ្លះៗ លើគោលនយោ​បាយពាណិជ្ជ​កម្ម​ក៏​ដោយ។

បន្ថែម​លើនេះ វិស័យកសិកម្ម និងការច្នៃផលិតផលកសិកម្ម ក៏កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង តាមរយៈ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង ដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានប្រភពចំណូល​ចម្រុះជាងមុន។

ទោះបីជាមើលឃើញចំណុចល្អខ្លះក៏ដោយ ប៉ុន្តែ Moody’s ក៏បានដាក់សញ្ញាប្រុងប្រយ័ត្នថា ប្រព័ន្ធហិរញ្ញវត្ថុ​​កម្ពុជា​នៅ​តែ​មាន​ចំណុចងាយរងគ្រោះ។ គ្រោះថ្នាក់ធំបំផុត គឺការកើនឡើងនៃបំណុលវណ្ឌក ឬការជំពាក់​​លុយធនាគារដែល​សងមិនរួចនៅក្នុងវិស័យដីធ្លី និងផ្ទះសម្បែង រួមជាមួយការរារែកចិត្តរបស់អ្នកវិនិយោ​គ​បរទេសក្នុងការចាក់​លុយចូល​ស្រុក​ខ្មែរ។ កត្តាទាំងនេះហើយ ដែលនៅតែជារបាំង ធ្វើឱ្យកម្ពុជាមិនទាន់​អាចដំឡើងពិន្ទុ ឬចំណាត់ថ្នាក់សេដ្ឋ​កិច្ច​ឱ្យខ្ពស់​ជាង​កម្រិត B2 បាននៅឡើយ។

នៅក្នុងស្ថានភាពដែលបណ្តាមហាអំណាចកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង​ក្នុងឆ្នាំ​២០២៦​នេះ កម្ពុជាកំពុង​​ស្ថិត​ក្នុង​​ដំណាក់​​កាល​​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ គឺ​ការរៀបចំសេដ្ឋកិច្ច​ឱ្យមានភាពចម្រុះ និងមិនពឹងផ្អែកលើ​វិស័យ​តែ​មួយ។

របាយ​ការណ៍​បានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ចនឹងមិនអាចរឹងមាំទៅបានឡើយ បើគ្មានស្ថិរភាពន​យោបា​យ​ផ្ទៃក្នុង និង​ការទទួលស្គាល់ ឬគាំទ្រពីសំណាក់ប្រទេសធំៗលើពិភពលោកនោះ។ ក្នុងន័យនេះ ភាពជោ​គ​ជ័យនៃសេដ្ឋ​កិច្ច និង​សន្តិ​សុខ​នយោ​បាយ គឺជាកង់ពីរដែលត្រូវធ្វើដំណើរទៅទន្ទឹមគ្នាជានិច្ច។

ការដែលកម្ពុជាអាចបន្តនាំចេញទំនិញបានច្រើនទៅកាន់ទីផ្សារធំៗ ដូចជា អាមេរិក និងអឺរ៉ុប គឺអាស្រ័យទាំង​ស្រុង​​លើការរក្សាឱ្យបាននូវភាពអនុគ្រោះពាណិជ្ជកម្ម និងទំនាក់ទំនងល្អជាមួយប្រទេសទាំងនោះ។ ដូច្នេះ​ហើយ របាយ​ការណ៍របស់ Moody’s មិនមែនគ្រាន់តែជាការបូកសរុបលេខលុយកាក់ធម្មតានោះទេ ប៉ុន្តែវាគឺជាការដាស់​តឿន​ឱ្យ​កម្ពុជា​ត្រូវតែធ្វើការកែទម្រង់ផ្ទៃក្នុងឱ្យខានតែបាន។ ការកែទម្រង់នេះ គឺដើម្បីឆ្លើយតបទៅនឹងការចង់បាន​របស់​អ្នក​វិនិយោគអន្តរជាតិ ដែលពួកគេតែងតែសម្លឹងមើល និងផ្ដល់តម្លៃខ្លាំងលើ​បញ្ហាសិទ្ធិមនុស្ស និងការគោរព​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

នៅក្នុងសមីការសេដ្ឋកិច្ចសម័យថ្មី នយោបាយ និង​សេដ្ឋ​កិច្ច គឺជាចំណងដែលមិនអាចស្រាយដាច់ពីគ្នាបាន​​ឡើយ។ របាយ​ការណ៍​របស់ Moody’s បាន​បង្ហាញ​ថា ដើម្បីឱ្យកម្ពុជាជោគជ័យក្នុងរយៈពេលវែង គឺអាស្រ័យ​លើសមត្ថភាពក្នុង​ការ​ទាក់ទាញអ្នករកស៊ីធំៗ ពីបរទេស (FDI) ដែលនាំមកនូវបច្ចេកវិទ្យានិងការ​ងារ​ពិត​ប្រាកដ មិន​មែន​ត្រឹម​តែ​អ្នក​​មក​បោះទុនទិញដី ឬផ្ទះ ទុកលក់ចំណេញមួយពេលៗ នោះទេ។

ដើម្បីធ្វើរឿងនេះបាន កម្ពុជាចាំបាច់ត្រូវសាងទំនុកចិត្តជាមួយវិនិយោគិនមកពីអាមេរិក អឺរ៉ុប និងជប៉ុន។ អ្នក​វិនិ​យោគ​ទាំងនេះ ​មិនមែនមើលតែតួលេខកំណើនសេដ្ឋកិច្ចជាតិ (GDP) តែមួយមុខនោះទេ ប៉ុន្តែពួកគេឱ្យតម្លៃខ្ពស់​បំ​ផុត​​លើ «ភាពស្អាតស្អំនៃរដ្ឋបាល ការគោរពច្បាប់ឱ្យបានស្មើភាព និង ស្ថិរភាពសង្គម»។

ផ្ទុយទៅវិញ ប្រសិនបើមានភាពរកាំរកូសផ្នែកនយោបាយ ឬការរឹតត្បិតសេរីភាពផ្សេងៗ វានឹងក្លាយជា​ហានិ​ភ័យលាក់​មុខ ដែល​ធ្វើឱ្យអ្នកវិនិយោគខ្លាចរអា។ ហានិភ័យទាំងនេះ អាចឈានទៅដល់ការដាក់ទណ្ឌកម្មសេដ្ឋ​កិច្ច ឬការដក​ហូតការមិនយកពន្ធលើទំនិញ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

ដើម្បី​ឱ្យសេដ្ឋកិច្ចដែល Moody’s ថាមាន «ស្ថិរភាព» នេះ រីកចម្រើនទៅមុខយូរអង្វែង និងដើម្បីដោះស្រា​យ​​​បញ្ហាដែល​​គេ​បាន​ព្រមាន លោក ហ៊ុន ម៉ាណែត គួរពិចារណាប្រើ «ការបើកចំហរនយោបាយ» ធ្វើជាក្បាល​ម៉ាស៊ីន​រុញ​ច្រាន​សេដ្ឋ​កិច្ច តាមរយៈចំណុចសំខាន់ៗ ដូចជា៖

ការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ និងការបើកសេរីភាពឱ្យទូលាយ គឺជាគន្លឹះដ៏សំខាន់សម្រាប់ចងមិត្ត ភា​ព​ឱ្យកាន់​តែជិតស្និទ្ធជាមួយប្រទេសលោកសេរី។ ការពិចារណាផ្តល់សិទ្ធិធ្វើនយោបាយដល់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដូច​ជា លោក កឹម សុខា លោក រ៉ុង ឈុន លោក ថាច់ ស៊ីថា និងអ្នកនយោបាយផ្សេងទៀត នឹង​ក្លាយជាសញ្ញាវិជ្ជមាន​យ៉ាងខ្លាំងផ្ញើទៅកាន់អាមេរិក និងអឺរ៉ុប។

ទង្វើនេះ នឹងជួយកាត់បន្ថយសម្ពាធពីច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកមកលើកម្ពុជា ហើយក៏​អាច​ឈាន​ទៅ​ដល់ការទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពេញ ១០០% ឡើងវិញពីសហភាពអឺរ៉ុប ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់វិស័យកាត់ដេរ និងជីវភាពកម្មករខ្មែររាប់លាននាក់។

កា​រ​ដោះលែងអ្នកទោសមនសិកា ដូចជាកញ្ញា សេង ធារី ក្រុមយុវជនមាតាធម្មជាតិ និងសកម្មជន​ដទៃ​ទៀត នឹង​ជួយ​កែ​លម្អមុខមាត់កម្ពុជាឱ្យកាន់តែល្អស្អាតនៅលើឆាកអន្តរជាតិ។

ការកាត់បន្ថយភាពតានតឹងផ្នែកនយោបាយក្នុងស្រុក នឹងបង្កើតបរិយាកាសរកស៊ីមួយដែលមានទំនុកចិត្តខ្ពស់​សម្រាប់អ្នកវិនិយោគធំៗ លំដាប់ពិភពលោក ដែលពួកគេមិនត្រឹមតែនាំមកនូវប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​នាំមកនូវបច្ចេកវិទ្យាទំនើប និងស្តង់ដារការងារខ្ពស់ដល់ពលរដ្ឋខ្មែរទៀតផង។

យុទ្ធសាស្ត្រនេះហើយ គឺជាការដោះស្រាយហានិភ័យដែលស្ថាប័ន Moody’s បានព្រមាន អំពីការពឹងផ្អែកខ្លាំ​ងពេក​លើ​ប្រភព​ទុនពីប្រទេសតែមួយ ដូចជាចិន។ វាក៏នឹងជួយឱ្យកម្ពុជាអាចពង្រីកទីផ្សារនាំចេញទំ​និញ​​ទៅកាន់ប្រទេសជាច្រើនទៀតជុំវិញពិភពលោកឱ្យកាន់តែទូលំទូលាយ និងមានសុវត្ថិភាពសេដ្ឋកិច្ចជាងមុន។

តាមរយៈការបើកសេរីភាពនយោបាយឱ្យទូលាយ កម្ពុជានឹងអាចកសាងទំនាក់ទំនងឱ្យមានតុល្យភាពរវាងប្រទេស​ចិន និងសហរដ្ឋអាមេរិក។ ការធ្វើបែបនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដែលកើតចេញពីជម្លោះរវាង​មហាអំណាច ដែល​ជាចំណុចស្ថាប័ន Moody’s តែងតែយកចិត្តទុកដាក់តាមដាន។ សេដ្ឋកិច្ចកម្ពុជានឹងរឹងមាំបំផុត នៅពេលដែល​​​កម្ពុជា​អាចប្រែក្លាយខ្លួនជា «ស្ពានមិត្តភាព» ដែលទទួលយកការរកស៊ីពីគ្រប់ទិសទី ដោយគ្មានការរើសអើង និង​​មិន​រង​សម្ពាធ​ពីខាងក្រៅ។

ជាចុង​ក្រោយ ការធ្វើកំណែទម្រង់តាមរយៈការផ្សះផ្សាជាតិ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចប្រមូលផ្ដុំអ្នកចេះ​ដឹង និង​ធនធានមនុស្សពីគ្រប់និន្នាការ ដើម្បីមកជួយគ្នាដោះស្រាយបញ្ហាសំខាន់ៗ នៃសេដ្ឋកិច្ច ដូចជា ការ​ធ្វើឱ្យប្រព័ន្ធតុលាការមានប្រសិទ្ធភាព និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។

នៅពេលដែលមានសេរីភាពនយោបាយត្រឹមត្រូវ កម្ពុជានឹងមានឥទ្ធិពលកាន់តែខ្លាំងក្នុងការចរចាបើកទីផ្សារ​ថ្មីៗជាមួយបរទេស និងអាចទាក់ទាញជំនួយបច្ចេកទេសទំនើបៗ ដើម្បីពង្រឹងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានស្ថិរភាព ដូចដែលស្ថាប័ន Moody’s បានផ្ដល់អនុសាសន៍ឱ្យធ្វើ។

សរុបមក ការដែលស្ថាប័ន Moody’s ប្តូរទស្សនវិស័យមកជា «ស្ថិរភាព» គឺជាឱកាសមាសដ៏កម្រ​សម្រាប់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញទុនវិនិយោគ។ ប៉ុន្តែ​​ស្ថិរភាពនេះនឹងមានភាពផុយស្រួយ​បំផុត ប្រសិន​បើ​គ្រឹះនៃ​លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មិនត្រូវបានពង្រឹងឱ្យរឹងមាំនោះទេ។

ការសម្រេចចិត្តកែទម្រង់ដោយបើកលំហនយោបាយ មិនមែនជាការបង្ហាញពីភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាភាព​ឆ្លាតវៃផ្នែកយុទ្ធសាស្ត្រ។ វាជាការធានាថា សេដ្ឋកិច្ចកម្ពុជា នឹងមិនមែនមានស្ថិរភាពត្រឹមតែនៅលើក្រដាសរបាយ​ការណ៍របស់ Moody’s ប៉ុណ្ណោះទេ ប៉ុន្តែ នឹងក្លាយជាសេដ្ឋកិច្ចដែលរឹងមាំ មានយុត្តិធម៌ និងអាចប្រកួតប្រជែង​ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។

ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវមានសាមគ្គីភាពជាតិជាធ្លុងមួយ។ ដូច្នេះ​ការ​​ដោះ​លែង​​​​អ្នក​​​ទោស​មនសិកា និងការផ្តល់សិទ្ធិធ្វើនយោបាយដល់អ្នកមានមតិផ្ទុយ គឺជាជំហានដំបូងដ៏ត្រឹមត្រូវបំផុត ដើម្បី​ឈាន​ទៅរកគោលដៅនេះ។ ការដើរទន្ទឹមគ្នា រវាង «ស្ថិរភាពសេដ្ឋកិច្ច និង ការបើកចំហនយោបាយ» គឺ​ជា​ផ្លូវ​តែ​មួយ​គត់ ដែល​នឹងជួយឱ្យកម្ពុជាចាកចេញពីតំបន់ដែលមានហានិភ័យ ហើយឈានទៅរកភាពរីកចម្រើនប្រកប​​ដោយ​​មោទកភាពជាតិ ក្នុងយុគសម័យថ្មីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ