កម្មករ​រោង​​ចក្រមួយ​​​នៅខណ្ឌ​ដង្កោ​​ផ្ទុះការតវ៉ា​​នឹង​ថៅកែ​បញ្ឈប់​​តំណាង​​​សហជីព​​ពី​​ការ​​ងារ

កម្មករ​​រោង​​ចក្រ ​អ៊ីស ឡូយ៉ាល់ ហ្គាម៉ិន (ខេមបូឌា) ក្នុង​សង្កាត់​​ក្រាំង​​ពង្រ ខណ្ឌ​ដង្កោ ​រាជធានីភ្នំពេញ ត្រូវបាន​គេ​អះ​អាង​មក​ថា មាន​គ្នា​ជាង​៣០០​នាក់ បាន​​ផ្ទុះ​ការ​​ត​វ៉ា​ប្រឆាំង​នឹង​ការ​រើស​អើង​សហជីព ក្រោយ​ភា​គី​រោង​ចក្រ បញ្ឈប់​តំណាង​សហជីព​ពី​ការ​ងារ ដោយ​មិន​ប្រាប់​ពី​មូល​ហេតុ។

លោក អែម ម៉ៅ ​ធ្វើការ​នៅរោង​ចក្រនេះ បាន​ឱ្យ​ដឹងថា ការដែលពួកគេជាង៣០០នាក់ តវ៉ា​នៅថ្ងៃ​ទី​​៧ ខែ​មេសា​​នេះ គឺ​​ទាម​ទារ​ឱ្យ​ភាគីរោងចក្រ យក​តំណាងសហជីពចូលធ្វើការវិញ។

លើស​ពី​នេះ​ ពួក​គេ​ទាមទា​រ​ប្រាក់​​​ធ្វើ​​ដំណើរ​​ចំនួន ២.៥ ដុល្លារ​ក្នុ​​ង​មួយ​​ខែ ដែល​​ក្រសួង​​ការ​​ងារ​​ប្រកាស​​ផ្តល់​​ឱ្យ​​កម្មករ​ ចាប់​​​ពី​ដើម​​​ខែ​មេសា​ទៅ ដែល​ជា​ការ​ប៉ះ​ប៉ូវ​ថ្លៃ​សោហ៊ុយ​ធ្វើ​ដំណើរ ក្រោយ​តម្លៃ​ប្រេង​​ឡើង​ថ្លៃ។

លោកថា៖ «កម្មករ​គាត់​តវ៉ា​ ទី១ គឺ​ដក​តំណាង​កម្មករ ហើយ​និ​ងសហជីព​ចេញ ដោយអត់មានការ​ជូនដំណឹង​​ ឬក៏​អត់​មាន​ហេតុ​ផល​ច្បាស់​លាស់ ហើយ​មួយ​ទៀតគឺ​​​តវ៉ា​ទាមទារយក​ប្រាក់​កម្រៃដែល​​ក្រសួង​​ផ្តល់ឱ្យ​ខាង​​កម្មករ​ ខាង​រោង​ចក្រ​គេ​អត់​អនុវត្តតាម​ក្រសួង​ការ​ងារ​​ឱ្យ​ទេ ចឹង​អាលុយ ២ដុល្លា​រ​៥០​សេន​ហ្នឹង គឺ​​ខាង​រោង​ចក្រមិន​ព្រម​ឱ្យ​កម្មករ​​ទេ[…] ខ្ញុំសំណូម​ពរ​ឱ្យ​រោ​ងចក្រ​ធ្វើការ​តាម​ក្រសួង​ទាំង​អស់ ក្រសួង​ដាក់​មក​ម៉េច​គឺ​តម្រូវ​ឱ្យ​រោង​ចក្រ​ធ្វើតាម​ក្រសួង​ទាំង​អស់ តែ​រោង​ចក្រ​នេះ​អត់មាន​តម្រូវ​តាម​ក្រសួង​ទេ​»។​​

កាលពីថ្ងៃទី២០ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេ​ញ​សេច​ក្តី​ជូន​ដំណឹង ស្តី​ពី​ល​ទ្ធផល​នៃ​កិច្ចប្រ​ជុំប​ន្ទាន់​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា ដោយ​បាន​ឯកភាព​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​​បណ្តោះ​អាសន្ន​ចំនួន ២.៥ ដុល្លារ​អាមេរិក​​ក្នុង​មួយ​ខែ ជូន​កម្មករ​និយោ​ជិត។ វិធាន​​ការ​ថ្មី​នឹង​ចាប់​អនុវ​ត្ត​ចា​ប់​ពី​ថ្ងៃទី​១ ខែមេ​សា ឆ្នាំ​២០២៦ តទៅ ដើម្បី​ជួយ​បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ធ្វើ​​ដំណើរ​របស់​កម្ម​ករ និង​និយោ​ជិត នៅ​ក្នុង​បរិបទ​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុង​មាន​ការ​ឡើង​ថ្លៃ។

ក្រសួង​​បានបញ្ជាក់ថា ប្រាក់សោហ៊ុយនេះ គឺត្រូវ​ផ្តល់បន្ថែ​មលើប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់​នៅ ដែល​​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ កំពុង​អនុវត្ត​ស្រាប់ ហើយ​នឹង​បន្ត​អនុវត្ត​ជាបណ្តោះ​អាសន្ន រហូត​ដល់​ស្ថាន​ភាព​តម្លៃប្រេ​ង​ឥន្ធនៈ​វិល​ត្រឡប់​មក​រក​ប្រក្រ​តី​ភាព​វិញ។

អ្នកស្រី លី សុផារី តំណាង​សហជីព​នៅមូលដ្ឋាន និង​ជាតំណាង​កម្មករ ដែល​ត្រូ​វបាន​រោង​ចក្រ​បញ្ឈប់ពីការ​​ងារ បាន​​លើក​ឡើង​ថា ខាង​​រោង​ចក្រ​បាន​​ហៅអ្នកស្រីទៅ​ប្រាប់ពី​ការ​បញ្ឈប់ពីការ​ងារ ដោយ​ពុំមាន​ប្រាប់មូល​​ហេតុ និង​​ជូន​ដំណឹង​ជាមុន​នោះទេ ដោយគ្រាន់តែឱ្យគាត់​​ទាក់ទង​ទៅ​ខាង​មេធាវី​របស់​ក្រុម​ហ៊ុន​។ ចំណែក​​​​ខាង​​មេធាវី ​ក៏មិនបាន​​​ប្រាប់​មូល​ហេតុ​​ដែរ ដោយ​គ្រាន់​តែ​ប្រាប់អ្នកស្រី​​ថា ​ក្រុមហ៊ុនបានបញ្ចប់​​កុង​ត្រា​​​ការ​ងារ​ជាមួយ​អ្នកស្រី​ហើយ​​ និង​​បាន​​​វេរលុយ ដែលជាប្រាក់ខែចុងក្រោយ​ឱ្យអ្នកស្រី តែអ្នកស្រីបាន​វេរលុយ​នោះ​ទៅកាន់​ក្រុមហ៊ុនវិញ ដោយ​​ទាមទារឱ្យមានដំណោះស្រាយ​។

​អ្នកស្រីថា៖ «ចឹងខាង​ក្រុមហ៊ុន​​តែង​តែ​បំពាននៅលើ​​​ច្បាប់ មិនអនុវត្ត​ច្បាប់ ហើយ​អ្វី​ដែល​កម្មករ​ស្នើ​​អ្វី​ដែល​កម្មករ​ទាមទារ​ហ្នឹង គឺ​​ពួកគាត់​មានតំណាង​កម្មករនៅ​ក្នុង​រោង​ចក្រ​ហ្នឹង ហើយ​គាត់​តែង​តែ​រក​តំណាង​ឱ្យ​ចូលរួម​ដោះស្រាយ ស្នើ​សុំ​ពីលក្ខខណ្ឌ​ការ​ងារ​មួយ​ចំនួន ​ស្នើ​សុំ​ឱ្យ​ពួកគាត់​ ចឹង​​ទៅប្រហែលជាមូលហេតុ​ដែល​ខាង​តំណាង​យើង​​តែង​តែទាមទារតវ៉ា​ឱ្យ​កម្មករ​ ពាក់ព័ន្ធ​​ជាមួយ​​​​សំណើរ​កន្ល​ងម​កចំនួន​​ពីរលើកហ្នឹង ដែល​ក្រុម​ហ៊ុន​មិន​អនុវត្ត​ហ្នឹង​​ តែង​តែ​ទាម​ទារ​​​ តែងតែស្នើសុំនេះស្នើ​សុំ​នោះ​ ចឹងទៅ​បាន​ខាង​ក្រុមហ៊ុន​ហ្នឹង​ មានការ​មិនពេញ​ចិត្តជាមួយ​តំណាង​ហ្នឹង ព្រមទាំង​មានការ​រើស​អើង​កម្មករ​ បានជាបញ្ឈប់តំណាង​កម្មករ»។

បើតាម​តំណាង​កម្មករ​រូបនេះ កន្លងមក កម្មករធ្លាប់បានតវ៉ា​ចំនួន ២លើក​មក​ហើយ ដោយសារ​តែខាងរោង​ចក្រ​​​កាត់​លុយ​​​ពេលដែលកម្មករ​ឈឺ​បើទោះជាមានសំបុត្រ​ពេទ្យ កាត់លុយកម្មករ​ដែល​មក​យឺត​ត្រឹម៤ទៅ៥​នាទី និង​​បញ្ឈប់​កម្មករ​ដោយ​គ្មានមូល​ហេតុជាដើម​។​

វីអូឌី មិន​អាចសុំ​​​ការ​អត្ថាធិប្បាយជុំវិញបញ្ហានេះ​ពីខាង​តំណាង​រោង​ចក្រ​​អ៊ីស ឡូយ៉ាល់ ហ្គាម៉ិន និង​ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​រាជធានីភ្នំពេញ លោក អេង សុវិចិត្រ បាន​ទេ​នៅរសៀល​ថ្ងៃ​អង្គារ​នេះ។

អគ្គលេខា​ធិការ​សហជីពឯករាជ្យ ​ហៅកាត់ថា អ៊ិនទូហ្វី លោក នេត តារា មាន​ប្រសាសន៍ថា ការ​បញ្ឈប់តំណាង​​កម្មករ​ពីការងារនេះ ក្រោយពី​តំណាង​រូបនោះ បាន​ចូលរួមជាមួយ​សហជីពក្នុងការ​ការ​ពារ​សិទ្ធិ​​កម្មករ​នៅក្នុង​រោង​ចក្រ ដែល​នេះបង្ហាញពីការ​រើសអើង​សហជីព ខណៈ​ការ​បញ្ចប់កិច្ច​សន្យា​ការ​ងារនោះទៀតសោត មិនមានការ​ជូនដំណឹងជាមុន ដែលផ្ទុយ​នឹង​ច្បាប់។

ការណ៍នេះ លោក​ជំរុញឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សម្របសម្រួល​និងពន្លឿនកា​រដោះស្រាយ​វិវាទការ​ងារ​នេះ ដើម្បី​ជៀស​​វា​ង​ប៉ះ​ពាល់​​ដល់​​ផល​ប្រយោជន៍​ផ្សេងៗ​របស់​កម្មករ។

លោកថា៖ «ខ្ញុំ​ចង់​ស្នើសុំឱ្យគាត់ជួយ​​ពន្លឿនការ​ដោះស្រាយ ដើម្បី​ទីមួយ​ឱ្យ​កម្មករ​បាន​ចូល​ធ្វើការ​បម្រើ​ការ​នៅ​ហ្នឹង​ទាំង​អស់គ្នា​​វិញ​ ទី​១ កុំឱ្យស្ទះសង្វាក់ផលិត​កម្ម ទី២ វា​​ជិតដល់​​ចូលឆ្នាំហើយ ចឹង​​​បានធ្វើការ​ទៅ​​បើក​លុយ​បាន​ទៅ​ផ្ទះ​ទាំង​អស់​គ្នា​ ឱ្យ​សប្បាយ​ចិត្តចឹងណា ហើយ​​​ចំណុច​​សំខាន់​បំផុត​ ស្នើ​សុំ​ឱ្យ​គាត់​​យក​ថ្នាក់ដឹកនាំ​សហជីពចូលធ្វើការ ហើយ​​ជា​ចុង​ក្រោយ​​សុំឱ្យ​​រោ​ង​​​ចក្រ​​អ៊ី​ស​ឡូយ៉ាល់​ហ្នឹង​គាត់​​​គោរព​ច្បាប់​ការ​ងារ​ផង ព្រោះគាត់អត់សូវ​គោរព​ច្បាប់ការ​ងារ​ទេ ទី​១គ្រាន់តែកម្មករ​​ទៅបន្ទប់​ទឹក​អីចឹង​ គាត់​ទៅតាម​កម្មករ​ដល់​បន្ទប់​ទឹក​ តាម​មើល​ ចឹង​វា​រំលោភ​ឯកជន​ភាព»។

បើតាមក្រុមកម្មករ និង​សហជីព រោង​ចក្រ​អ៊ីស ឡូយ៉ាល់ ហ្គាម៉ិន មានកម្មករ​និយោជិត​ធ្វើការ​សរុបប្រមាណ ៦០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ