រដ្ឋមន្ត្រីបរិស្ថាន ចាត់មន្ត្រីចុះស្រាវជ្រាវរឿង​ពុករលួយ​របស់​​​មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ

រដ្ឋមន្រ្តីក្រសួង​​បរិស្ថាន បានចាត់ឱ្យមន្ត្រី​ជំនាញ​​ចុះស៊ើ​ប​អង្កេត​​រក​ការ​​ពិត ករណី​សង្ស័យ​​មន្ត្រី​បរិ​ស្ថាន​ខេត្ត​​កំពង់​​ស្ពឺ​​ចំនួន ​២រូប បាន​​ទារលុយ​ពីថៅ​កែរោ​ង​ចក្រ​ដំណាប់​ស្វាយ​ នៅ​​ខេត្ត​​កំពង់​ស្ពឺ ក្រោយ​ពី​មន្ទីរ​បរិ​ស្ថាន​ខេត្ត​​នេះ ចេញ​មុខ​ច្រាន​ចោល​ការ​បដិសេធ​ការ​ចោទ។

ចំណាត់​ការ​របស់​ក្រសួង បាន​ធ្វើឡើង​ក្រោយពី​មាន​ករណី​បែកធ្លាយ​វីដែអូ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ កាល​ពី​ពេល​​ថ្មីៗនេះ ដែល​គេ​ឃើញមានបុរស​ពីរនាក់​ពាក់អាវក្រហម ជាមន្ត្រីបរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ទៅទារ​​លុយ​ចំនួន ១៥០០​ដុល្លារ​ ចុះ​នៅត្រឹម ៦០០ដុល្លារ ពីថៅកែ​រោង​ចក្រ​ជា​ជន​ជាតិចិន ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ។

ក្នុង​វីដេអូនោះដែរ មន្ត្រីបរិស្ថាន​ទាំង​២រូប​នេះ បានប្រាប់​ទៅថៅ​កែ​រោង​ចក្រ​ ចេញ​លិខិ​តបំភ្លឺមួយ​សន្លឹក​សរសេរ​ថា ពួកគេ​ទៅ​ទី​នោះ ដើម្បីបំពេញ​បេសកកម្ម​ការ​ងារ ពុំមែន​ទៅទារ​លុយ​នោះទេ។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់ក្រសួងបរិស្ថាន នៅថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២៦នេះ បាន​ឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​ចាត់មន្ត្រីជំនាញ​ឱ្យ​ចុះ​ទៅ​ស្រាវ​ជ្រាវ​ករណី​នេះ នៅថ្ងៃទី​០៦ ខែមេសា ម្សិល​​មិញ​។

ក្រសួង​​បន្តថា ​​មន្រ្តីនៃក្រសួងបរិស្ថាន បានចុះទៅ​ដល់​ទីតាំង​រោង​ចក្រ​ខ្នាត​តូច កែ​ច្នៃ​​ដំណាប់ស្វាយ ឈ្មោះ ហុង ចេង​ហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ត​កំព​ង់​ស្ពឺ ដោយ​បានជួ​ប​​តំណាង​ក្រុម​ហ៊ុន ជា​ជន​ជាតិ​ចិន និង​អ្នក​បក​ប្រែ​ចំនួន​២នាក់ ដោយ​បាន​សួរ​នូវ​សំណួរ​ស៊ើប​អង្កេត​ជា​ច្រើន ដើម្បី​​ស្វែង​រក​ការ​ពិត និង​រក​ភាព​ស្អាត​ស្អំ​ជូន​ភាគី​ម្ចាស់​ក្រុម​ហ៊ុន ក៏​ដូច​ជា​ភាគី​ម​ន្ត្រី​​បរិស្ថាន។

តែយ៉ាងណា ក្រសួង​មិនបានបញ្ជាក់ពីលទ្ធផល​នៃកា​រចុះស្រាវជ្រាវនោះនៅឡើយ​ទេ ដោយ​គ្រាន់តែ​ស្រង់សម្តីរបស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង​ សុផល្លែត កាលពីថ្ងៃទី​០៤ ខែ​មេសាថា៖ «ក្រសួង​បរិស្ថា​ន​នឹង​មិន​ទុក​ឱ្យ​ករណី​នេះ​ចប់ ដោយ​មិន​ដឹង​ខុស​ត្រូវ ហើយ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ទេ។ ក្រសួង​បរិ​ស្ថា​ន មិ​ន​​អនុញ្ញាត​ឱ្យ​មន្ត្រី​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ទេ។ មន្ត្រី​ប្រព្រឹត្ត​ខុស​នឹងទ​ទួល​ខុស​ត្រូវ តែ​បើ​មិន​បាន​ប្រព្រឹត្ត​​ខុស​ទេ នឹង​ទទួល​បាន​យុត្តិ​ធម៌»។

ក្រោយ​​​ពី​បែក​ធ្លាយ​វីដេអូ​នេះដែរ​ មន្ទីរ​​បរិស្ថាន​​ខេត្ត​កំពង់ស្ពឺ កាល​ពី​​ថ្ងៃ​ទី​០៤ ខែ​មេសា ក៏​បាន​​ចេញ​​លិខិត​​​​​បំភ្លឺ​ ដោយ​​​​​បង្ហាញ​ពី​​ភាព​​ស្អាត​ស្អំ​​របស់​​មន្ត្រី​​ខ្លួន​​ថា​ ពួកគេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ មន្ទីរ​បរិស្ថានចោទ​លើ​អ្នក​​រិះគន់​មន្ត្រី​ថា  បង្ហោះ​ព័ត៌មាន​​បំផ្លើស ញុះ​ញង់ ទុច្ចរិត​ ធ្វើឲ្យ​សា​ធារណ​​ជន​​យល់​ច្រឡំ ប៉ះ​ពាល់​​​​កិត្តិយស​​អង្គភាព​មន្ទីរ​​បរិស្ថាន​​​ខេត្ត​​កំពង់ស្ពឺ។

មន្ត្រី​​សង្គម​​ស៊ីវិល​ ​មើល​​ឃើញ​​ថា​ ការ​​ចេញ​​លិខិត​​បដិសេធ​​​ការ​​ចោទ​ប្រកាន់​​ភ្លាមៗ​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដោយ​​​​មិន​​​​បាន​​ស៊ើប​អង្កេត​​​ប្រកប​ដោយ​តម្លាភាព​ នឹង​មិន​អាច​ដោះស្រាយ​រក​​ឫសគល់​​អំពើ​​ពុក​រលួ​យ​​​បាន​នោះ​ទេ​  ផ្ទុយ​ទៅ​វិញ​អំពើ​ពុក​រលួយ​​នៅ​តែ​ជា​ជំងឺ​មហារីក​ក្នុង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ