មន្ត្រី​​ថា រយៈពេល​២​ថ្ងៃ​ខេត្ត​​ព្រះ​សីហនុ​ចាប់​ជន​សង្ស័យ​ឆបោក​អន​ឡាញ​បាន​១២១​នាក់

មន្ត្រី​ជា​ន់​ខ្ពស់​​នៅ​ខេត្ត​ព្រះ​សីហនុ បាន​ទម្លាយ​ឱ្យ​ដឹង​ថា ត្រឹម​រយៈពេ​ល​២​ថ្ងៃ​ចុង​សប្តាហ៍​នេះ សមត្ថ​កិច្ច​ជំនាញ​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១២១​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ឆបោក​តាម​អន​​ឡាញ​​នៅ​ក្នុង​ខេត្ត​នេះ។

ប្រភពនោះបង្ហាញក្តីសង្ឃឹមថា តាមរយៈវិធានចុះបង្ក្រាបបទល្មើសនេះ ខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋ​កិច្ចរបស់កម្ពុជាមួយនេះ នឹងអាចបោសសម្អាត​ឧក្រិដ្ឋកម្មអនឡាញ អស់ត្រឹមបំណាច់ខែមេសានេះ តាម​ការប្តេជ្ញា​របស់រដ្ឋាភិបាល ។

យ៉ាងណា អ្នកឃ្លាំមើល មិនជឿថា ខេត្តធ្លាប់ល្បីឈ្មោះ​ថា ជាសំបុកឧក្រិដ្ឋជននេះ​អាច​ធ្វើទៅបានទេ បើគ្មាន​ការ​ចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មាន ដើម្បីទប់ស្កាត់អំពើពុករលួយ​របស់មន្ត្រីអនុវត្តច្បាប់​នោះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ត្រឹមរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៥និង​ទី៦ ខែមេសា​នេះ សកម្មភាពចុះបបង្ក្រាបបទល្មើស​ ​Scam Online​ ដោយគណៈបញ្ជាការឯកភាព រដ្ឋបាល​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន១២១នាក់ មាន​៩សញ្ជាតិ។ នេះបើតាមការចុះផ្សាយ​​របស់កាសែតក្នុង​ស្រុក​ កាលពីថ្ងៃទី៦ខែ​មេសា​នេះ។

ប្រភពនោះ ឱ្យដឹង​ទៀតថា ការចាប់ខ្លួនជនសង្ស័យ ក្រោយពីបន្តចុះពិនិត្យ​​ឆែកឆេរ​ទីតាំង​ស្នាក់​នៅ និង​ប្រមូល​​ផ្តុំ​​មួយ​​កន្លែង ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ និងទីតាំងផ្សេងទៀត។

យ៉ាងណា អ្នកសិក្សាស្រាវជ្រាយពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី ហាក់មានជំនឿតិចតួចលើការអះ​អាង​របស់មន្ត្រី​អ្នកនាំពាក្យខេត្តព្រះសីហនុ​រូបនេះ លើយន្តការ​បោស​​សម្អាតឧក្រិដ្ឋ​អនឡាញ​ឱ្យ​អស់​ត្រឹម​បំណាច់​​ខែ​មេសា​នេះ។

លោក​និយាយថា រដ្ឋាភិបាល អាចត្រូវការពេលវេលាយូរ​ក្នុងការបោសសំអាត ឬបង្ក្រាប​បទ​ល្មើស Scam Online ដែល​បានចាក់ស្រែះ​នៅកម្ពុជា។ ហើយថា គម្រោង​​បិទបញ្ចប់មិន​ឲ្យមាន Scam Online នៅកម្ពុជា ត្រឹ​​​ម​​បំណាច់​ខែមេសានេះ ទំនង​ជាមិនអាចទៅរួចទេ ដ្បិតនៅខ្វះកិច្ចសហប្រតិបត្តិការគ្នា ឬការចូ​ល​រួម​​ពី​ផ្នែក​អ្នកពាកព័ន្ធ​ឲ្យបានទូលំទូលាយ។

លោកថា៖ «ខ្ញុំមើលមិនទាន់ឃើញថា រឿងស្កេមអនឡាញនេះ វាច​ប់​សព្វ​គ្រប់​នៅ​ក្នុង​ខែ​មេសា​នេះ​ទេ ព្រោះ​រឿង​នៅ​ស្រុក​យើង​​មា​ន​​រឿង​ស្មុគ​ស្មាញ​ច្រើន ហើយ​បើ​និយាយ​ពី​ស្កេម​អន​ឡាញ​ហ្នឹង​ និយាយ​មែន​ទែន​ទៅ វា​ទាក់​ទិន​ដល់​ក្រសួង​គមនា​គមន៍​ផង។ បើ​និយាយ​​​ឲ្យ​ស៊ី​ជំរៅ​​មែន​ទែន​ ហើយ​អី​ក៏​ក្រសួង​គមនា​គមន៍​មិន​អាច​ត្រួតពិ​និត្យ​បាន​ទៅ​លើ​ប្រព័ន្ធ​នៃកា​រ​ប្រើ​ប្រាស់​ស្កេម​​​អន​ឡាញហ្នឹ​ង​បាន?។ អាហ្នឹង​បើ​​និយាយ​​​​​ឲ្យ​ស៊ី​ជំរៅ គឺ​វា​ប៉ះ​ពាល់​ដល់​ក្រសួង​គមនា​​គមន៍​​ថែម​​ទៀត»។

លោកគូសបញ្ជាក់ថា ​ក្រសួងគមនាគមន៍គួរដើរតួនាទី​សំខាន់ ក្នុងការចូលរួមចំណែក​លើការងារបង្ក្រាប ឬ​បោស​​សំអាត​​ស្កេ​មអន​ឡាញ​​​​នៅកម្ពុជា។ លោកមើលឃើញថា រាល់សកម្មភាពបង្ក្រាបបទល្មើសអ្វីមួយ ដែល​​បាន​ដាក់ចេញ​ដោយប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា កន្លងមក គឺមិនដែលបានអនុវត្ត​ជោគជ័យ ឬ​​បាន​ពេញ​​លេញ​​ម្តង​​ណា​​ទេ ដោយធ្វើឡើងតាមរយៈភ្លើងចំបើង ឆេះមួយភ្លេតហើយក៏រលត់ទៅវិញ?។

លោកថា៖ «អញ្ចឹងវាមិនអាចទៅដើរចាប់តែបញ្ហាដែលមាន ប៉ុន្តែ​អ្នក​ដែល​បង្ក អ្នក​ដែល​ផ្តល់​ឱកាស​ ផ្តល់​នូវ​លទ្ធ​ភាព​​ដែលជា​​​មូល​​​​ហេតុ​ដើម​ហ្នឹង យើង​អត់​បាន​ធ្វើ អាហ្នឹង​យើង​ទៅ​កាត់​ស្មៅ ​កាត់​ហើយ​ដុះ​វិញ​ដូច​គ្នា​ដែរ។ វាថយចុះ ប៉ុន្តែបើថា​ឲ្យជោ​គ​ជ័យ ឲ្យ​​បាត់​​ទាំង​ស្រុង ខ្ញុំ​គិត​ថា សម្រាប់​ប្រពៃណី​នៃ​​ការ​​កំចាត់​​អំពើ​​ឧក្រិដ្ឋ​​កម្ម​នៅស្រុ​ក​ខ្មែរ​យើង​​នេះ វា​អត់​ដែល​បាន​បាត់​រហូត​នោះ​ទេ គឺ​គ្រាន់​តែ​​ថ​យ​​​​ចុះ ហើយ​​ស្ងាត់​​ត្រចៀក​​បន្តិច ក៏​វិល​មក​វិញ​ដដែល»។

លើសពីនេះ ​លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទៅ​អង្គការការពារសិទ្ធិមនុស្សលីកាដូ បង្ហាញ​ការយល់​​ឃើញ​ថា ដើម្បីឱ្យយុទ្ធនា​ការ​​បំបាត់ Scam Online មានប្រសិទ្ធ​​ភាព គឺទាមទារឲ្យ​មានការចូ​​លរួមពី​ផ្នែ​​កពាក់ព័ន្ធទាំងអស់ រាប់​ទាំងប្រជាពលរដ្ឋ និង​អ្នក​សារ​ព័ត៌​មានជាដើម។ ប៉ុន្តែលោក​ថា បើ​ការផ្តល់​ព័ត៌​មាន​​​ពីចំ​ណុច​អវិជ្ជមាន ផ្តើមចេញពីសមត្ថកិច្ចចុះការបង្ក្រាបបទល្មើសនេះ បែរជាអ្នកផ្តល់ព័ត៌មាន​បែរជា​​ទទួ​ល​បាន​​​នូវការ​បំភិត​បំភ័យ ឬរង​នូវការគំរាមកំហែង ​ប្តឹងផ្តល់ពីអាជ្ញាធរនោះ គឺទំនងជាមិនទទួលបាន​លទ្ធ​ផល​ល្អទេ។

លោកថា៖ «អញ្ចឹងអាជ្ញាធរដែលអនុវត្តហ្នឹងត្រូវតែទី១ត្រូវបង្កើនការអនុវត្តច្បាប់​ឲ្យមា​ន​ប្រសិទ្ធ​ភាព ទី២លុប​បំ​បាត់​អំពើ​ពុក​រលួយ ទី៣ ត្រូវ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ។ ហើយ​កិច្ច​សហប្រ​តិប​ត្តិ​ការ​ល្អ​ហ្នឹង​គឺ​មិន​មែន​ត្រឹម​អាជ្ញាធរ និង​អាជ្ញាធរ​ទេ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ពលរដ្ឋ ពីសា​រ​ព័ត៌​មាន​ ពី​ភា​គី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើម្បី​រួម​គ្នា​ទប់​ស្កាត់​បង្ក្រាប​ទៅ​​​​លើ​បទ​ល្មើស ស្កេម​អន​ឡាញ​ ទើប​ការ​បង្ក្រាប​ហ្នឹង​អាច​មាន​ជោគ​ជ័យ និង​មាន​ប្រសិទ្ធ​ភាព»

ថ្មីៗនេះ រដ្ឋបាលខេត្តនេះ ធ្លាប់ប្តឹងអ្នកសារព័ត៌មានក្នុងខេត្ត​នេះ គឺលោក យួន ឈីវ ក្រោយ​រាយ​ការណ៍​រឿង​អាស្រូវ​ពុ​ក​រលួយ​ពាក់​ព័ន្ធ​មន្ត្រី​ចុះអនុវត្តច្បាប់។

ជុំវិញបញ្ហានេះ ​អ្នកជំនាញភូមិសាស្រ្តនយោ​បាយ លោក សេង វណ្ណលី ធ្លា​ប់និ​យាយ​ថា ករណី​​បាញ់​​សម្លា​ប់​​​​មេ​​ឧក្រិដ្ឋ​ជន ​ជ​នជា​តិ​​តៃវ៉ាន់​នៅ​ក្រុង​ព្រះសីហនុនេះ គឺជា​ការ​ឆ្លុះបញ្ចាំង​​​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់​គ្រ​ង​​​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកគូសបញ្ជក់ថា វត្តមាន​ឧក្រិដ្ឋជន​ឆ្លងដែន ​ដែល​មាន​ដីកាចាប់ខ្លួន ប៉ុន្តែ​អាច​ចូល​មក​ជ្រកកោន និង​បន្ត​អាជីវ​​កម្ម​​​​បន​ល្បែងស៊ីសង​នៅ​កម្ពុជា​ដោយ​សេរី រហូត​ឈាន​ដល់​មាន​ករណី​បាញ់សម្លាប់​គ្នា​នេះ ​បង្ហាញថា កម្ពុ​ជា​​កំពុង​​​មាន​វិបត្តិ​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។

លោកគូសបញ្ជាក់ថា ករណីនេះ​ ​ឆ្លុះបញ្ចាំង​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋជន ដោយ​​សារ​តែ​​​​ពួក​គេ​​បាន​ប្រើប្រាស់​ឥទ្ធិពល​លុយកខ្វក់ ​ទិញ​សិទ្ធិ​ជ្រកកោន​លើទឹក​ដី​ខ្មែរ និង​ដើម្បី​ទទួល​បាន​​​ការ​ការ​ពារ​​​ពី​​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ