ពលរដ្ឋជាង ៩០នាក់ ក្នុងចំណោមពលរដ្ឋ ១៤៦គ្រួសារ រស់នៅក្នុងឃុំរួសរាន់ និងឃុំរីករាយស្រុករវៀង នៅព្រឹកថ្ងៃទី០៧ ខែមេសា នាំគ្នាជិះគោយន្តជាច្រើនគ្រឿង ធ្វើដំណើរទៅសាលាស្រុករវៀង ដើម្បីពឹងឱ្យអភិបាលស្រុកផ្ដល់ដំណោះស្រាយវិវាទដីធ្លី ដែលក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន (Global Green Energy Development) ហ៊ុមព័ទ្ធយកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេលនេះ។
ពលរដ្ឋរស់នៅភូមិទន្លាប់ លោក ឡុំ សែ ប្រាប់វីអូឌីនៅថ្ងៃទី០៧ ខែមេសាថា អាជ្ញាធរហាក់មានចេតនាលម្អៀងខាងភាគីក្រុមហ៊ុន ដោយមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋ ប្រកបដោយតម្លាភាពនោះទេ ធ្វើឱ្យពលរដ្ឋប្រឈមបាត់បង់ដីស្រែចម្ការដាំដុះចិញ្ចឹមជីវិត។
លោកថា កន្លងទៅ ក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន បានឈូសឆាយដីស្រែចម្ការរបស់អ្នកភូមិអស់រាប់រយហិកតា ដោយមិនបានជូនដំណឹងប្រាប់ពលរដ្ឋមុនឡើយ ហើយគំរាមបង្ខំឱ្យពលរដ្ឋទទួលសំណងដីធ្លីចន្លោះ ៤លានរៀល ដល់ ៨លានរៀលក្នុងមួយហិកតា តែពលរដ្ឋបានបដិសេធ។
លោកថា៖ «គាត់ទាមទារចង់បានដំណោះស្រាយហើយចង់បានដីធ្លីមកវិញ បើមិនយកក៏យក បើមិនយកលុយក៏យើងដី ដល់ពេលគេឆ្លើយអ៊ីចឹងចេះតែទទួលសំណងទៅ។ របស់របរដីយើង បើយើងមិនយកសំណងមិនចោលអសារបង់»។
កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ពលរដ្ឋជាង ៩០នាក់ រស់នៅក្នុងឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានផ្តិតមេដៃដាក់ញត្តិ នៅសាលាស្រុករវៀង ដើម្បីស្នើឱ្យអភិបាលស្រុក លោក ហោ ប៊ុនហួរ ដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ១៤៦គ្រួសារ រស់នៅភូមិទម្លាប់ និងភូមិឈ្នួន ឋិតក្នុងឃុំរួសរាន់ និងឃុំរីករាយ ជាមួយក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន (Global Green Energy Development) មានផ្ទៃដីសរុបជិត ១ពាន់ហិកតា (៩៥៤)។
ពលរដ្ឋអះអាងថា អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានទទួលញត្តិរបស់ពួកគាត់រួចហើយ និងបានប្រជុំជជែកពិភាក្សាជាមួយពលរដ្ឋ ៩០នាក់ នៅសាលាស្រុកនៅព្រឹកថ្ងៃទី០៧ ខែមេសា។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិទម្លាប់ឃុំរួសរាន់ លោក ភីន សួង ខកចិត្តអាជ្ញាធរឃុំ និងស្រុក គ្មានឆន្ទៈដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដោយតម្លាភាពនោះទេ ធ្វើឱ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរ។
លោកថា គ្រួសារលោកមានដី ៦ ហិកតា ដែលអាស្រ័យផលតាំងពីឆ្នាំ១៩៨៣ និងដីខ្លះទៀតជាដីកេរឪពុកម្តាយ ត្រូវបានក្រុមហ៊ុនរំលោភយកទាំងមូលតាំងពីឆ្នាំ២០២៤។
លោកបន្តថា៖ «ទទួលសំណងគេហ្នឹងគំរាមកំហែង ឱ្យក៏យកមិនឱ្យក៏យក លុយក៏យើងមិនយកក៏អត់។ យើងឱ្យដីទៅគេយកលុយក៏យក មិនយកអត់។ ទៅឃុំក៏ឃុំគេមិនទទួលស្គាល់ញត្តិយើង ទៅវាយត្រាស៊ីញេពីឃុំ មានដំណោះស្រាយទៅមុខទៀត គេច្រានចោលទាំងស្រុង។ ដល់ស្រុកគេនិយាយថា គេព្យាយាមមិនចង់នឹងអើពើ»។
ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេលនេះ ដីស្រែចម្ការរបស់ពលរដ្ឋរាប់រយគ្រួសារនៅឃុំរីករាយ និងឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) យកគ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំ និងរារាំងអ្នកភូមិមិនឱ្យចូលទៅបង្កបង្កើនផល លើទំហំដីរាប់ពាន់ហិកតា។
វីអូឌី មិនទាន់អាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា អភិបាលស្រុករវៀង ខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ បានថ្លែងប្រាប់ពលរដ្ឋនៅព្រឹកថ្ងៃទី០៧ ខែមេសាថា លោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងដីមានជម្លោះនោះ ហើយដោះស្រាយត្រង់កន្លែងណាដែលរងផលប៉ះពាល់ដោយផ្ទាល់។ លោកថា ប្រសិនបើទីតាំងណាដែលពលរដ្ឋមិនទាន់ទទួលបានសំណង អាជ្ញាធរនឹងព្យាយាមដោះស្រាយសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន។
អ្នកសម្របសម្រួលគម្រោងលើកកម្ពស់ជីវភាពសហគមន៍ នៃអង្គការពន្លកខ្មែរ លោក ចាន់ សំណាង ពន្យល់ថា បើអាជ្ញាធរមិនយកចិត្តទុកដាក់បំពេញតួនាទីបម្រើពលរដ្ឋឱ្យល្អ ស្របតាមបទបញ្ជារបស់រដ្ឋាភិបាលនោះទេឆ្លុះបញ្ចាំងថា អាជ្ញាធរមូលដ្ឋានខេត្តនេះ មិនអនុវត្តគោលការណ៍របស់រដ្ឋាភិបាល។
លោកថា៖ «អាជ្ញាធរមិនបានចូលរួមជាមួយទេ បានន័យថា គាត់មិនបានយកចិត្តទុកដាក់បំពេញតួនាទីរបស់គាត់ មិនបានយកចិត្តទុកដាក់ទាក់ទងទៅហ្នឹងកាល កាលដាក់ឱ្យធ្វើរាជរដ្ឋាភិបាល មិនបានប្រកាន់ភ្ជាប់នៅតួនាទីភារកិច្ចរបស់គាត់នោះទេ»។
កាលពីឆ្នាំ២០២៣ រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ដោយលើកហេតុផលថា ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ត្រូវជាកូនបង្កើត ឧកញ៉ា ទ្រី ភាព ដែលមានរឿងអាស្រូវលក់ដូរឈើប្រណីតខុសច្បាប់នាំចូលទៅក្រៅប្រទេស និងជាឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជា។ ឧកញ៉ា ទ្រី ភាព ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន តាមរយៈការផ្ដល់ថវិកា និងផលប្រយោជន៍សេដ្ឋកិច្ច ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំជាង ៣០ឆ្នាំកន្លងទៅនេះ៕









