ពលរដ្ឋភៀសសឹក នៅភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា ដោយចោទអាជ្ញាធរថា ការបែងចែកផ្ទះឱ្យពួកគាត់ ស្នាក់នៅបណ្តោះអាសន្នធ្វើឡើងខ្វះតម្លាភាព ប្រកាន់បក្ខពួក ដែលបញ្ហានេះ សង្គមស៊ីវិលនិងគណបក្សប្រឆាំង ជំរុញរដ្ឋាភិបាលពិនិត្យឡើងវិញ ដើម្បីកុំឱ្យគេជួបវិបត្តិផ្ទួនៗ ក្រោយរងគ្រោះដោយថៃឈ្លានពាន។
តាមវីដេអូ ដែលគេចែកចាយលើបណ្តាញសង្គមកាលពីថ្ងៃទី៦ខែមេសានេះ ត្រូវគេអះអាងថា ជនភៀសសឹកប្រមាណ ១០០នាក់ បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការចាប់ឆ្នោតទទួលផ្ទះ ដើម្បីចូលស្នាក់នៅបណ្ដោះអាសន្ន បន្ទាប់ពីដីនិងផ្ទះពួកគេត្រូវបានថៃឈ្លានពានកាន់ ដែលរដ្ឋាភិបាលមិនអាចការពារបាន។
ពលរដ្ឋបានសម្ដែងការខឹងសម្បារនៅមុខអាជ្ញាធរ និងអះអាងថា ខ្លួនមិនបានទទួលផ្ទះឡើយ ទោះពួកគេមករង់ចាំ និងធ្វើដំណើរជាច្រើនលើកមកស្ដាប់លេខ ដើម្បីទទួលផ្ទះដូចជនភៀសសឹកផ្សេងទៀតក្ដី។ ការណ៍នេះនាំឱ្យពលរដ្ឋមិនសុខចិត្តរហូតផ្ទុះការតវ៉ា និងចោទប្រកាន់អាជ្ញាធរថា ប្រកាន់បក្ខពួកជាដើម។
សំឡេងតវ៉ា៖ «មួយគ្រួសារខ្ញុំចាប់បានបីនាក់ ហេតុអីអត់ផ្ទះនៅ ឥឡូវអុំឯងប្រាប់មក(សួរអាជ្ញាធរ)វគ្គក្រោយនេះ បានថ្ងៃណា? ខ្ញុំមកពីដង៣ដងហើយ»។
វីអូឌី ពុំអាចសុំការឆ្លើយតបពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានទេនៅថ្ងៃទី៧ ខែមេសានេះ ដោយលោកអះអាងថា កំពុងរវល់ប្រជុំ ។
លោក អ៊ុំ រាត្រី និយាយថា៖ «ខ្ញុំកំពុងរវល់ប្រជុំ អព្យាស្រ័យណា ខ្ញុំកំពុងប្រជុំ »។
ទោះជាយ៉ាងណា មេភូមិត្រពាំងសំរោង លោក រ៉ង សារឿត ប្រាប់វីអូឌីដោយខ្លីនៅថ្ងៃទី៧ខែមេសានេះថា ការតវ៉ារបស់ពលរដ្ឋភៀសសឹក កាលពីថ្ងៃទី៦ ខែមេសា ដោយសារការផ្ដល់ព័ត៌មានមិនច្បាស់លាស់ នាំឱ្យពលរដ្ឋមិនទាន់មានឈ្មោះទទួលផ្ទះ មកចាំចាប់ឈ្មោះ។ ក្រោយប្រកាសគ្មានឈ្មោះពួកគេ ពួកគេក៏តវ៉ាឡើងភ្លាមៗ។ ប៉ុន្តែមេភូមិរូបនេះ អះអាងថា ក្រោយការពន្យល់ពលរដ្ឋក៏បានរំសាយការតវ៉ាវិញ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៧ ខែមេសាថា ការបែងចែកផ្ទះជូនពលរដ្ឋគួរមានវិធានការដោះស្រាយឱ្យបានទាំងអស់គ្នា និងជៀសវាងបក្ខពួកនិយម។
លោក សុន ឆ័យ ថ្លែងថា៖ «ខ្ញុំថាវាមានវិធានការច្រើនណាស់ដែលយើងធ្វើឱ្យពលរដ្ឋលោកអស់ចិត្ត កុំឱ្យលោកធ្វើការតវ៉ាហើយចោទប្រកាន់បាន ដូចជាឱ្យមានការចាប់ឆ្នោត ឬក៏ចាប់លេខ អ្នកណាមុនអ្នកណាក្រោយតាមការឱ្យមានការចាប់លេខ ផ្សងមុនផ្សងក្រោយអីយ៉ាងណានេះទៅ ក៏អាចនឹងជួយកាត់បន្ថយការសង្ស័យដែរ»។
ជុំវិញបញ្ហានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា រូបភាពតវ៉ានេះមិនគួរឱ្យកើតមានទេ នៅក្នុងស្ថានភាពបច្ចុប្បន្ន។ លោកបន្តថា ពលរដ្ឋភៀសសឹកទាំងអស់ សុទ្ធតែជាជនរងគ្រោះដូចគ្នា ដូច្នេះមិនគួរមានការរើសអើង ឬបក្ខពួកនោះទេ។ លោកថា យន្តការទាំងអស់គួរកំណត់ទុកជាមុនថា ត្រូវចាប់ឆ្នោត ឬនីតិវិធីមួយណា ដែលអាជ្ញាធរ និងភាគីពាក់ព័ន្ធធ្វើការដោយយកចិត្តទុកដាក់ និងមានផែនការច្បាស់លាស់។
លោក សេក សុជាតិ ថ្លែងថា៖ «ប្រសិនជារកឃើញថា មានកំហុស ក៏គួរតែមានការណែនាំ ហើយនិងការសន្យាដើម្បីកុំឱ្យគាត់ធ្វើការរំលោភបំពានទៅលើចំណុចទាំងអស់ហ្នឹង ពីព្រោះវាជារូបភាពមួយបំពុលទៅដល់មុខមាត់របស់រាជរដ្ឋាភិបាល ហើយជាពិសេសគឺធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់បងប្អូនជនភៀសសឹក ដែលពួកគាត់កំពុងតែរងគ្រោះស្រាប់ផង»។
លោក សេក សុជាតិ បន្តថា បើពេលណាពលរដ្ឋជួបបញ្ហាមិនប្រក្រតី នោះមន្ត្រីរដ្ឋាភិបាលត្រូវបញ្ជូនអង្គភាពប្រឆាំងអំពើពុករលួយទៅតាមដាន ដោយសហការជាមួយភាគីពាក់ព័ន្ធ មានសង្គមស៊ីវិល ឬដៃគូដែលអាចទុកចិត្តបាន ដើម្បីធានាថា ការអនុវត្តរបស់មន្ត្រីទទួលបន្ទុកលើការបែងចែកផ្ទះដល់ពលរដ្ឋភៀសសឹកប្រកបដោយតម្លាភាព។
ពលរដ្ឋភៀសសឹកនៅតំបន់បឹងត្រកួន សរុបជាង ៨០០គ្រួសារ ត្រូវបានចាប់ឆ្នោតជំហានដំបូង កាលពីថ្ងៃទី២០ ខែមីនា ចេញពីមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តកណ្ដោល ទៅរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ដែលមានទំហំទទឹង ៥ម៉ែត្រ និងបណ្ដោយ ៧ម៉ែត្រ លើក្បាលដីដែលមានទទឹង ២០ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី៧ ខែមេសា នៅមានពលរដ្ឋភៀសសឹកជាង ៣ម៉ឺន (៣៤ ៨៧០) នាក់ មិនទាន់អាចត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ ក្នុងនោះស្ត្រីជិត ២ម៉ឺន (១៩ ១០៥) នាក់ និងកុមារជាង ១ម៉ឺន (១១ ៥៨៥) នាក់ ដោយសារការឈ្លានពានរបស់ថៃ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ប្ដឹងថៃជាផ្លូវការ ទៅកាន់តុលាការអន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃដកកងទ័ពចេញពីដីខ្មែរជាង៥០ទីតាំង ដែលថៃបានវាយដណ្តើមគ្រប់គ្រងដោយខុសច្បាប់នោះទេ ដែលបញ្ហានេះ អ្នកឃ្លាំមើលបារម្ភថា ដីខ្មែរនឹងបាត់បង់រហូត បើកម្ពុជាគ្មានមេដឹកនាំ ដែលមានសមត្ថភាពការពារទឹកដី ៕









