ការ​បែក​បាក់​របស់បក្ស​​​​ប្រឆាំង​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​បក្ស​កាន់​អំណាច​​​ជិះ​សេះ​​លែង​​ដៃ

ខណៈ​​​អ្នក​​នយោ​បាយ​ប្រឆាំង​​​នៅ​​តែទ​ទួល​​រង​ការ​​ធ្វើ​​​ទុក្ខ​​បុក​ម្នេញ​ ពី​គណបក្ស​​​កាន់​​អំណាច​​របស់​ ​លោក ​ហ៊ុន សែន​ ប្រធា​ន​ព្រឹទ្ធ​សភា ​អ្នក​​ឃ្លាំ​មើល​​​ជំរុញ​​ឱ្យ​​អ្នក​នយោបា​យ​​ប្រឆាំង​​រួប​​រួម​គ្នា​ ទើ​ប​​​អាច​​​ឈាន​​​ទៅ​​បញ្ចប់​​​នយោ​​បាយ​​ដឹក​​នាំ​​​ប្រទេស​​​​ជិះ​​សេះ​​​លែង​​​ដៃ​​ ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត​​​របស់​​បក្ស​​ប្រជាជន ដោយ​​ថា ការ​មិន​​រួប​​រួម​សាមគ្គី​​គ្នា​ ​គឺ​​ជា​រូបមន្ត​ចាញ់​​​ដូច​​ដែល​​បាន​​កើត​ឡើង​​នា​ពេល​​កន្លង​មក​។

លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​៧ខែ​មេសា​​នេះ​ថា ការបង្ក្រាប ​និងការបំផ្លាញ​ប្រជាធិបតេយ្យ​របស់​គណបក្ស​កាន់​អំណាច ​បើ​​គិត​​ចាប់​​តាំង​​ពី​ឆ្នាំ​​២០១៣​មក​ ឃើញមាន​យុទ្ធនាការ​ និង​យុទ្ធសាស្ត្រច្បាស់លាស់ ​គឺ​បាន​​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​​​ជាតិ​​ដែល​​ជាគណបក្ស​ប្រឆាំង​ដ៏​ធំមាន​កម្លាំងគាំទ្រ​ច្រើន​។

​ដោយ​សារតែកម្លាំងគណបក្ស​ប្រឆាំង​ខ្លាំង​នេះ​ហើយ ​ទើប​គណបក្ស​កាន់​អំណាច​ប្រើប្រាស់នូវ​យុទ្ធ​សាស្ត្រ​ជា​ច្រើន ​ដើម្បី​​បំបែក​បំបាក់​ ​ហើយ​ចុង​ក្រោយ​នៅ​ចុង​ឆ្នាំ​២០១៧​ក៏​ លោក ​ហ៊ុន សែន ​ប្រើ​តុលាការ​​ដែល​ជា​​ឧបករណ៍​បម្រើ​​​នយោ​បាយ​​របស់​ខ្លួនឱ្យ​រំលាយគណបក្ស​នេះ​ចោល​​។

បន្ទាប់​ពីមានការ​រំលាយគណបក្ស​សង្គ្រោះជាតិ មន្ត្រីនិងសកម្មជន​របស់គណបក្សនេះ ​ទទួល​រង​នូវ​ការ​គំរាម​​កំហែង ​សម្លាប់ សម្លុត​ ​​ធ្វើ​​​ឱ្យ​សកម្ម​ជនមួយ​ចំនួន​បាក់​ស្មារតី​មិន​ហ៊ាន​ចូល​រួម​​ធ្វើ​សកម្មភាព​នយោ​បាយ​​​បន្ត​​ទៀត​​ទេ​។ ប៉ុន្តែ​​មាន​អ្នក​ខ្លះ​ទទួល​​បាន​ផល​ប្រយោជន៍​​លាភសក្ការៈ​​ពី លោក​ហ៊ុន​ សែន ទៅ​បង្កើត​​គណបក្ស​​ថ្មី ​ដោយ​គ្មាន​គោល​ការណ៍ គ្មាន​​គោល​នយោបាយ​ច្បាស់​លាស់​អ្វីនោះទេ។

លោកថា៖ «អ្នកខ្លះ​យុទ្ធសាស្ត្រ​គោល​នយោបាយ​ប្រឆាំង​​ទៅនឹងការ​ដឹកនាំ​​របស់​​រដ្ឋាភិបាល​​បច្ចុប្បន្ន​​របស់​គណ​បក្ស​​កាន់​​អំណាច​​បច្ចុប្បន្ន​​ដូចគ្នា ប៉ុន្តែ​សំណួរ​សួរថា ហេតុអ្វីបាន​ពួកគាត់​មិន​អាច​រួមគ្នា​បាន​? ​អ៊ីចឹង​ស្មើ​​នឹង​ការ​បម្រើ​នូវ​នយោបាយ ​និង​មហិច្ឆតា​របស់​គណបក្ស​កាន់​អំណាច​​​ហ្នឹងហើយ ហើយ​​ខ្ញុំ​យល់ថា បើ​សិន​​ជានៅ​តែស្ថិត​ក្នុង​​ស្ថាន​ភាព​​​របៀប​​​នេះ ​ក្នុងការដឹក​នាំ​ប្រទេស​បច្ចុប្បន្ន ​គឺគណបក្ស​ផ្សេងៗ​មិន​អាច​ទៅ​ប្រកួត​​ប្រជែង​ជាមួយគណបក្ស​កាន់​​​​​អំណាច​បាន​​ទេ។ អ៊ីចឹង​គណបក្ស​កាន់​​អំណាច​ នៅ​តែបន្ត​ដឹក​នាំ​ប្រទេស​​​បន្ត​​ទៀត​នឹង​ឯង ​បើសិនមិន​មានការ​រួប​​រួម​​ដ៏ច្បាស់លាស់មួយ»។

​បើ​តាម ​លោក ​ករុណា ការរួប​រួម​ច្បាស់លាស់មួយ ​គឺ​ត្រូវ​មាន​យុទ្ធសាស្ត្រ​វែង​​ឆ្ងាយ​ជាបន្ត​បន្ទាប់​ មិន​មែន​ទៅ​ចូល​​រួម​ប្រកួត​ ​ក្នុង​ពេលដែល​​គណបក្ស​ប្រជាជន​របស់​ លោក​ហ៊ុន​ សែន ​គឺជា​អ្នក​​ចាត់ចែង​គ្រប់យ៉ាងនៅលើ​ទីលាន​​ប្រកួត​​ ឧទាហរណ៍ដូចជា គណបក្ស​កាន់​អំណាច​​អាច​ត្រួត​ត្រា​ គជប ​ជាដើមនោះ​ទេ។​ ​អ្នក​វិភាគ​រូប​នេះ​​បន្តថា ការ​បែកខ្ញែក​គ្នា​​របស់​​អ្នក​នយោបាយ​​ប្រឆាំ ង​បាន​​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​អស់​សង្ឃឹម ពីព្រោះ​បើ​អ្នក​នយោ​បាយ​ប្រឆាំង​មិន​រួប​រួម​គ្នា​ទេ​ នោះការ​ចូល​រួម​ប្រកួត​ប្រជែង​នយោបាយ ​វាហាក់​ដូចគ្រាន់​តែ​ជាផ្កាលំអរ​សួន​​ប្រជាធិបតេយ្យ ​ឬក៏​ជាការ​ចូល​ទៅ​បំពេញ​ឱ្យ​មាន​​ភាព​​ស្របច្បាប់​ដល់​​គណបក្ស​ប្រជាជន​កម្ពុជា ​​​ធ្វើ​ឱ្យ​​គណបក្ស​​នេះ ​​អាច​​​បន្តដឹកនាំ​​ប្រទេស​​​​ដោយ​ជិះសេះ​លែង​ដៃ ​ធ្វើ​អ្វីៗ​តាម​​តែអំពើចិត្ត​ជាបន្តទៅ​ទៀត​តែ​ប៉ុណ្ណោះ​។

បើ​តាម ​លោក ​ករុណា ​សព្វថ្ងៃ​នេះ ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន ដឹកនាំ​ប្រទេស​មិន​បាន​គោរព​ទៅ​តាម​​​រដ្ឋ​​ធម្ម​​​នុញ្ញ​ ដែល​ជាច្បាប់​​កំពូល​របស់​ប្រទេស​នោះ​ទេ​ និង​បាន​​ប្រព្រឹត្ត​ប្រាស​ចាក​ឆ្ងាយ​​​ពីគន្លង​ប្រជា​ធិប​​តេយ្យ​ ធ្វើឱ្យ​មាន​ការ​​រំលោភ​​សិទ្ធិមនុស្ស​ និង​អំពើ​​អយុត្តិធម៌សង្គម​ជាច្រើន​បានកើត​ឡើង​។

លោកថា៖ ​«បញ្ហា​សង្គម​ជាច្រើន​ហ្នឹង​កំពុង​តែគំរាម​កំហែង ​និង​ធ្វើ​ឱ្យបាក់មុខមាត់​ប្រទេសកម្ពុជា​នៅក្នុង​ឆាកអន្តរ​ជាតិ នេះដោយសារតែ​កម្លាំងនយោបាយ​​ដែល​ជាកម្លាំង​គណបក្ស​ជំទាស់​ហ្នឹង ​​គឺ​ខ្វះ​​ការ​រួប​​រួម​សាមគ្គី​គ្នា​ ខ្វះ​​យុទ្ធ​សាស្ត្រ​​​​ច្បាស់​លាស់​​ក្នុង​ការ​ប្រកួត​​ប្រជែង​ ​ដូចកាលពីសង្គ្រោះ​ជាតិ​នៅនោះទេ។​ ចឹង​បើ​ចង់​​ប្រកួត​ប្រជែង​ឈ្នះគណបក្ស​កាន់​​អំណាច ​ទាល់​តែមាន​សាមគ្គី​ភាព​​រួប​រួមគ្នា​​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ ជាពិសេសកំណែទម្រង់​ឱ្យមាន​​​ទីលាន​បោះ​ឆ្នោត​ដោយ​សេរី ​​ត្រឹម​ត្រូវ ​និង​យុត្តិធម៌ ​ជាមុន​សិន ចាំ​ចូល​​រួម​​ការ​បោះ​​​ឆ្នោត ​អាហ្នឹង​​ទើប​ធ្វើ​ឱ្យ​សហគមន៍​ជាតិ ​និងអន្តរជាតិ ​គេមានការជឿជាក់​ទៅលើការ​បោះ​ឆ្នោត​​​ហ្នឹង​បាន​»។

ជាមួយគ្នានេះ លោក ​ម៉ែន ណាត ​ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​លើកឡើងថា នៅចំពោះ​មុខ​​ស្ថានភាព​បច្ចុប្បន្ន​​​​​នេះ ក្រុម​អតីតគណបក្ស​សង្គ្រោះជាតិ​ ​ដែល​ចេញមក​បង្កើតគណបក្ស​រៀង​ៗ​ខ្លួន​នេះ​ ទំនង​ជាមាន​ការ​​ពិបាក​​​ក្នុងការ​រួបរួមគ្នា​ណាស់​ ដោយ​សារ​តែវិធី​ធ្វើការ​របស់​ពួកគេ ​គឺខុសគ្នា​ក្នុងនោះ​អ្នក​ខ្លះ​​ធ្វើការ​បែប​​សកម្ម​​ជន គឺ​មាន​ភាព​សកម្មក្នុង​ការ​ប្រឆាំង​នឹង​​អំពើ​អយុត្តិធម៌​​សង្គម​ ឯអ្នក​ខ្លះ​ធ្វើការ​បែប​ខ្លាចមុខ​ខ្លាច​ក្រោយ ដោយ​​សារទទួល​រង​សម្ពាព​ពីគណ​បក្ស​កាន់​អំ​ណាច ​ហើយ​អ្នក​ខ្លះ​ទៀត​បារម្ភ​ខ្លាច លោក​ហ៊ុន សែន​។

លោក​ថា បច្ចុប្បន្ន ​អ្នកនយោបាយ​ប្រឆាំង ​កំពុង​ទទួល​រងសម្ពាធ​ពី លោក ​ហ៊ុន សែន​ ដោយ​​សារតែលោក​ហ៊ុន សែន​ បាន​​​ប្រើ​តុលាការ​ឱ្យ​​ប្រឌិត​​ភស្តុតាង​​ធ្វើការចោទប្រកាន់ និង​កាត់​ទោស​ដាក់​ពន្ធនាគារ​​ទាំង​បំពាន​​​តាម​​អំពើ​ចិត្ត​​ទៅ​លើ​សកម្ម​ជន ​និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ណា ​ដែល​​​លោក​ ហ៊ុន សែន គិត​ថា ជា​ឧបសគ្គ​​សម្រាប់​គណបក្ស​ប្រជាជន ​​ដូច​ជា លោក​កឹម សុខា លោក​​រ៉ុង ឈុន​ និង​លោក​ថាច់ សេដ្ឋា ជា​ដើម​។​

លោកថា៖ «ស្ថានភាពបច្ចុប្បន្ន​ យើង​ឆ្លុះបញ្ចាំង​ត្រឡប់ទៅ​វិញថា ពួកគេ​​ពិបាក​ធ្វើ​យ៉ាងណាឱ្យមាន​ការ​រួប​រួម​​​ឯក​ភាព​​ផ្លូវ​​ចិត្ត​ ផ្សះ​ផ្សា​​ធ្វើការ​ជាមួយគ្នា​បានណាស់ នៅក្នុង​ចំណោមពួកមន្ត្រី​​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​​អស់ហ្នឹង​។ ​នេះជារឿងអភ័ព្វមួយ​​ដែលមាន​គណបក្ស​កាន់​អំណាច ​​ដែល​ជាបក្ស​ទុច្ចរិត​ដែលប្រើ​អំណាច​​តាម​​ទំនើង​ចិត្ត​ធ្វើបាបប្រជាពល​រដ្ឋ​ ធ្វើបាបអ្នក​ប្រជាធិបតេយ្យ ​ហើយ​មិន​ត្រឹម​តែប៉ុណ្ណោះ​​ធ្វើ​ឱ្យ​បញ្ហា​​​​ទឹកដីជាតិ​នឹង​បាត់បង់​ទៅ​ប្រទេសជិត​​ខាង ​ដូចជា ទៅ​យួន ​ទៅ​សៀម​​អីជាដើម ដូចយើង​ឃើញ​ជាក់​ស្តែង​​​បច្ចុប្បន្ន។ ហើយអ្នកណា​និយាយ​រឿង​​​ហ្នឹងអត់​បាន ​និយាយ​ទៅ​ត្រូវ​ប្រឈម​ការធ្វើទុក្ខបុកម្នេញ​ចាប់​ទោស​​អូស​ដំណើរ ​​ចាប់​​ដាក់​គុក។ ​ចឹង​រឿង​ផ្សំគ្នាច្រើនណាស់»។

ជាមួយគ្នានេះ ​លោក ​វន ចាន់ឡូត ​អ្នក​សិក្សា​ផ្នែកច្បាប់ ​និងជាអ្នក​វិភាគ ក៏បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​៧​​ខែ​មេសា​​នេះ​ថា កាលពីអំឡុង​ឆ្នាំ១៩៩៣​ នៅពេល​ដែល​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​ចូល​រួម​ប្រកួត​ ​ហើយ​មិន​ទាន់​មាន​​ការ​​បែកខ្ញែក​​ ឃើញ​​ថា ហ៊្វុន​ស៊ិន​ប៉ិច​​​ឈ្នះការបោះ​ឆ្នោត​ ហើយ​នៅ​​ឆ្នាំ​២០១៣ ​​នៅ​ពេល​មានការ​រួប​រួម​​គ្នា​ឡើង​​វិញ ​រវាង​លោក​ កឹម សុខា​ និងលោក​សម រង្ស៊ី​ បាន​ធ្វើ​ឱ្យ​សំឡេង​​កម្លាំង​ប្រជាធិបតេយ្យ​​កើនឡើង​​គួរ​ឱ្យ​​​កត់​សម្គាល់។ ​ដូច្នេះ​តឹក​តាង​នៃការ​រួប​រួម ​រូប​មន្ត​នៃការ​រួបរួម​​សាមគ្គី ​គឺ​ជារូប​មន្តនៃការ​ឈ្នះ​សម្រាប់​កម្លាំង​​​ប្រឆាំង។

លោកថា៖ «ការបែកខ្ញែកគ្នា ​ហើយ​មិន​អាច​រក​ឃើញផ្លូវ​រួប​រួមគ្នា​បាន គឺ​​ជារូបមន្ត​ចាញ់​នៃ​គណបក្ស​ប្រឆាំង​ដែល​​កំពុង​មាន​វត្តមាន​​នៅក្នុង​ប្រទេសកម្ពុជា​។ ដូច​យើង​ដឹង​ហើយ ​នៅក្នុង​យុទ្ធសាស្ត្រ​ឌីហ្វី​ត​​​របស់​លោក​ហ៊ុន សែន ​គឺ​ការ​ធ្វើ​ឱ្យ​ដៃគូប្រកួត​​របស់​ខ្លួន​ចាញ់ ​ក្នុងនោះមាន​យុទ្ធសាស្ត្រមួយគឺ​ឌីវ៉ាយ​(Device)។​ឌីវ៉ាយ​នេះ ​​​គឺ​ធ្វើ​ឱ្យ​បែកខ្ញែក ​នៅពេល​ដៃគូរបស់ខ្លួន​បែកខ្ញែក​​ជាបំណែកៗ ​លោក​​ ហ៊ុន សែន ​នឹងបន្តកម្ទេច​នូវ​បំណែក​​នីមួយៗ​​នោះ​ជាបន្តទៀត ​ដោយ​មិនលើកលែង​ឡើយ»

​សម្រាប់​អ្នក​វិភាគ​រូបនេះ ដើម្បីទប់​ស្កាត់​ការបែកបាក់​​ អ្នក​នយោបាយ​ប្រឆាំង​ត្រូវ​តែ​រួប​រួម​​សាមគ្គី​គ្នា​​ពី​ព្រោះ​ការ​​រួប​​រួម​​សាមគ្គី​គ្នា​ គឺ​ជាកក្តាកំណត់​ឈ្នះចាញ់​​ដំបូង​បំផុត​ ហើយ​ក្នុងករណី​​ដែល​ការ​រួប​រួម​សាមគ្គី​មិន​អាច​ធ្វើ​​ទៅ​បាន​ទេ ​នោះ​​​ទំនង​មិន​មាន​អ្វី​ត្រូវ​និយាយ​​អំពីលទ្ធផល​សម្រាប់​​គណបក្ស​ប្រឆាំង ​ក្នុងការ​បោះ​ឆ្នោត​ឆ្នាំ​២០២៧ ​និង​២០២៨​​បាន​​នោះទេ​។ ​លើសពីនេះ​ លោក​បន្តថា បើមិន​មាន​ការរួប​រួម​ទេ​សំឡេង​​មូលដ្ឋាន​របស់​​គណបក្ស​ភ្លើងទៀន​​ដែល​មាន​​ប្រមាណ​ជាង​ ២០០០​សំឡេង​ នឹង​ត្រូវ​បាត់​បង់មិនក្រោម​​៥០​​ភាគ​​រយ​ទេ​។

ជាមួយគ្នានេះ ​លោក ​កែវ សុមុនី សមាជិក​គណកម្មាធិការ​នាយក​គណបក្សភ្លើងទៀន ​បាន​ថ្លែងថា អ្នកប្រជា​ធិប​តេយ្យ​រួមគ្នាដោយ​ឈរលើគោលការណ៍ ដើម្បីសង្រ្គោះជាតិទើបពលរដ្ឋរងគ្រោះមានសង្ឃឹម។ ប៉ុន្តែ​​​ការ​រួប​រួមខ្លះ​​ក៏មិន​ទទួលបាន​ជោគជ័យ​ដែរ ដោយសារតែ​បុគ្គល​ខ្លះ​ចង់បាន​តួនាទី ចង់​បាន​តំណែង​នៅ​ក្នុង​​​​​សម្ព័ន្ធ​ភាព​ ​​ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​មាន​ការប្រេះឆា។

លោកថា៖ «ខ្ញុំ​យល់​ថា កម្លាំង​ប្រជាធិបតេយ្យ ​បើ​អត់មានការ​រួប​រួម​​​ឈរលើគោលការណ៍ដើម្បី​ផលប្រយោ​ជន៍​​ពល​រដ្ឋ​ និងផល​ប្រយោជន៍​ប្រទេសជាតិទេ នឹងមិន​អាចទៅ​ជួយសង្គ្រោះ​ពល​រដ្ឋ​ខ្មែរ​​ដែល​​កំពុង​​រង​គ្រោះ​បាន​ទេ ពីព្រោះកាល​ណា​យើង​នៅ​ផ្សេងៗ​គ្នា ​ការបោះ​ឆ្នោត​អាចនឹង​បែក​សំឡេង ឬក៏យើង​អាច​រក​រូប​មន្ត​ណា​មួយ​ ​ដែល​​អាចធ្វើឱ្យគ្រប់​ភាគីគណបក្ស​អាច​​រួប​រួមគ្នា​បាន ពីព្រោះការបើ​ឆ្នោត​យើង​ប្រើប្រព័ន្ធ​សមា​មាត្រ​​កាលណានៅ​ផ្សេងៗគ្នា ​វាអាច​​​ធ្វើ​ឱ្យបែក​សំឡេងឆ្នោត​»។

បើ​យើងពិនិតមើល​ឱ្យ​បាន​​ស៊ីជម្រៅ​នៃនយោបាយកម្ពុជា ​ចាប់​តាំង​ពីមាន​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​​​កាល​​ពី​​ចុង​​ឆ្នាំ​២០១៧​មក​ គឺ​​ជាផែនការ​នៃយុទ្ធសាស្ត្រ​យ៉ាងមត់​ចត់​បំផុត​របស់ ​លោក​ ហ៊ុន សែន ​​ដើម្បី​​កម្ទេច​​​​កម្លាំង​​ប្រឆាំង​​​​ឱ្យទៅ​ជាបំណែក​តូចៗ។ ​យុទ្ធសាស្ត្រ​នេះ ​មិន​មែន​ជារឿង​ចៃដន្យ​ទេ​ ​ប៉ុន្តែ​ជាការ​រៀប​ចំ​ឡើង​​​ដើម្បី​​ធានា​ថា គ្មាន​​កម្លាំង​ប្រជាធិបតេយ្យ​ណា​មួយ ​​អាច​ងើប​ឡើងមក​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​​​​ប្រជា​ជន​កម្ពុជា​​បាន​ទៀត​ឡើយ​។ ​នេះ​បើ​យោង​​តា​ម​ក្រុម​អ្នក​វិភាគ​។

គិតមក​ដល់​ត្រឹម​ពេល​បច្ចុប្បន្ន អតី​ត​មន្ត្រី​គណបក្ស​សង្ក្រោះ​ជាតិ ​បាន​ចេញមក​​បង្កើត​គណបក្ស​​យ៉ាង​ហោច​ណាស់​​ ៧គណបក្ស ​​ក្នុង​នោះ​​មាន ​គណបក្ស​​ភ្លើង​​ទៀន គណបក្ស​​ឆន្ទៈ​​ខ្មែរ គណ​បក្ស​​​កម្លាំង​ជាតិ គណបក្ស​​កែ​ទម្រង់​កម្ពុជា និង​​គណបក្ស​​ជំនាន់​​​ថ្មី​ជា​ដើម។ ​ប៉ុន្តែ​​ក្នុង​​ក្រសែ​​​ភ្នែ​ក​អ្នក​វិភាគ ​គណបក្ស​ទាំង​នោះ ​គ្រាន់​តែជាតួអង្គ​បន្ទាប់​បន្សំ​​ដែល​​ជួយ​ឱ្យ​ការ​​បោះ​ឆ្នោត​មើល​​ទៅ​ឃើញ​មាន​​​ពហុបក្សតែប៉ុណ្ណោះ ​ប៉ុន្តែ​ធាតុ​​ពិតគ្មាន​កម្លាំងណា​មួយ​ អាច​ទៅ​អង្រួន​​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ ប្រសិន​បើ​មិន​​មាន​​ការរួបរួមគ្នា​​ឱ្យទៅជាគណបក្ស​ប្រឆាំង​​តែ​​មួយ​​​ដែល​មានកម្លាំង​ខ្លាំងទេនោះ​​។

សម្រាប់​លោក សេង វណ្ណលី នាយកកម្មវិធីតស៊ូមតិនៃអង្គការប្រជាធិបតេយ្យ​ខ្មែរ (KDO) បានព្រមានថា ប្រសិន​បើអ្នក​ប្រជាធិបតេយ្យមិនព្រមដាក់ចុះនូវ «អញនិយម» ហើយ​មិនអាចមើលធ្លុះនូវល្បែងបំបែកបំបាក់​​របស់គណបក្សកាន់​អំណាចទេនោះ ជោគវាសនានយោបាយរបស់កម្លាំងប្រឆាំង នឹងត្រូវរលាយសាប​​សូន្យ​ក្នុង​អាណត្តិ​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ