ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃទី៧ខែមេសានេះ លើសេចក្តីសម្រេចមួយ ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ប៉ុន្តែក្នុងទម្រង់ដែលត្រូវបានកាត់បន្ថយខ្លឹមសារឱ្យស្រាលជាងមុនយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដែលមានអំណាចវីតូ បានជំទាស់នឹងការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងបាយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូត។
តម្លៃប្រេងបានហក់ឡើងខ្ពស់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលបង្កឱ្យមានជម្លោះអូសបន្លាយអស់រយៈពេលជាង ៥ សប្តាហ៍ ហើយគេឃើញទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រ ដែលជាសរសៃឈាមថាមពលដ៏សំខាន់នេះស្ទើរតែទាំងស្រុង។
កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារ៉ែន ដែលជាប្រធានប្តូរវេនបច្ចុប្បន្ននៃក្រុមប្រឹក្សាដែលមានសមាជិក ១៥ ប្រទេស ដើម្បីសម្រេចឱ្យបាននូវសេចក្តីសម្រេចនេះ បានឆ្លងកាត់ការព្រាងជាច្រើនលើក ដើម្បីស្វែងរកការយកឈ្នះលើការជំទាស់ពីសំណាក់ប្រទេសចិន រុស្ស៊ី និងប្រទេសដទៃទៀត។ នៅក្នុងខ្លឹមសារចុងក្រោយដែលទីភ្នាក់ងារ Reuters បានឃើញ គឺបានលុបចោលរាល់ការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងបាយដោយផ្ទាល់។
ផ្ទុយទៅវិញ ខ្លឹមសារអត្ថបទបាន “លើកទឹកចិត្តយ៉ាងខ្លាំងដល់រដ្ឋទាំងឡាយណាដែលមានចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ផ្លូវនាវាចរណ៍ពាណិជ្ជកម្មក្នុងច្រកសមុទ្រ Hormuz ឱ្យធ្វើការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដែលមានលក្ខណៈការពារ និងស្របទៅតាមកាលៈទេសៈ ដើម្បីរួមចំណែកធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz”។
អត្ថបទនេះ បានបញ្ជាក់ថា ការរួមចំណែកបែបនេះអាចរួមបញ្ចូលទាំង “ការអមដំណើរនាវាដឹកទំនិញ និងនាវាពាណិជ្ជកម្ម” ហើយអត្ថបទក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង “ដើម្បីទប់ស្កាត់ការប៉ុនប៉ងបិទ រារាំង ឬការជ្រៀតជ្រែកផ្សេងៗដល់នាវាចរណ៍អន្តរជាតិឆ្លងកាត់ច្រកសមុទ្រ Hormuz” ផងដែរ។
អ្នកការទូត បាននិយាយថា កំណែដែលត្រូវបានកាត់បន្ថយខ្លឹមសារនេះ មានឱកាសខ្ពស់ក្នុងការអនុម័ត ប៉ុន្តែវានៅមិនទាន់ច្បាស់ថានឹងជោគជ័យឬយ៉ាងណានៅឡើយទេ។ វាត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង និងមិនមានការប្រើអំណាចវីតូពីសមាជិកអចិន្ត្រៃយ៍ទាំង ៥ រួមមាន អង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក។
ប្រទេសបារ៉ែន ដែលទទួលបានការគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ពីរដ្ឋអារ៉ាប់ឈូងសមុទ្រផ្សេងទៀត និងទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីព្រាងមួយកាលពីថ្ងៃទី២ខែមេសា ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់ “រាល់មធ្យោបាយការពារដែលចាំបាច់” ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម ប៉ុន្តែការបោះឆ្នោតលើបញ្ហានេះត្រូវបានពន្យារពេលកាលពីថ្ងៃទី៣ និងថ្ងៃទី៤ខែមេសា។
កាលពីថ្ងៃទី២ខែមេសា ប្រទេសចិន បានជំទាស់នឹងសេចក្តីសម្រេចដែលអនុញ្ញាតឱ្យប្រើកម្លាំងបាយ ដោយលើកឡើងថា ទង្វើនេះនឹង “ធ្វើឱ្យការប្រើប្រាស់កម្លាំងបាយដោយខុសច្បាប់ និងអសមធម៌ ក្លាយជាស្របច្បាប់ ដែលនឹងនាំឱ្យស្ថានភាពកាន់តែរីកធំឡើងដោយជៀសមិនរួច និងបង្កជាផលវិបាកធ្ងន់ធ្ងរ”។
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃទី៦ខែមេសាថា ខ្លួនចង់ឱ្យសង្គ្រាមបញ្ចប់ជាស្ថាពរ ហើយបានច្រានចោលការដាក់សម្ពាធឱ្យបើកច្រកសមុទ្រឡើងវិញ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសនេះអាចនឹងត្រូវ “កម្ចាត់ចោល” ប្រសិនបើមិនគោរពតាមឱសានវាទនៅយប់ថ្ងៃទី៧ខែមេសារបស់លោក ដើម្បីឈានទៅរកកិច្ចព្រមព្រៀង។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃទី៤ខែមេសា បន្ទាប់ពីបានពិភាក្សាជាមួយសមភាគីរុស្ស៊ីថា ប្រទេសចិនមានឆន្ទៈបន្តសហការជាមួយរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ និងខិតខំប្រឹងប្រែងធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ាមានភាពស្ងប់ស្ងាត់។ លោក Wang បានបញ្ជាក់ថា វិធីសាស្ត្រជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាច្រកសមុទ្រនេះ គឺត្រូវសម្រេចឱ្យបាននូវបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕









