កម្ពុជា​​គួរ​​​ទ​ប់​​ស្កាត់​​ថៃ​ឈ្លាន​ពាន​លើ​​ដី​ជាក់​ស្តែង ជា​ជាង​​កា​រ​ចេញ​លិខិត​​ដែល​​​​ថៃ​មិន​អើ​ពើ​

អ្នក​​ជំនាញ​កិច្ច​ការ​​ព្រំដែន​​ បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត នៃ​​បក្ស​​ប្រជាជន​​​ដាក់​​កង​​កម្លាំង​ឈរ​​ជើង​​​​ការ​​​ពារ​​​​​​ទឹក​​​​​ដី​​ខ្មែរ​​នៅ​​លើ​​​ដី​ជាក់​ស្តែង ដើម្បី​​ទប់​​ស្កាត់​​ការ​បន្ត​​រុល​​​ចូ​ល​​​វាទ​យក​​ទឹក​ដី​​ខ្មែរ​​តាម​​អំពើ​​ចិត្ត​​​​ជា​រៀង​​រាល់​ថ្ងៃ​ ​ពី​​សំណា​ក់​​ទា​ហាន​​ថៃ និង​​ត្រូវ​​ដាក់​​ពាក្យ​​ប្តឹង​​ថៃ​​​​ជា​ប​ន្ទាន់​ ​​​​​ជា​ជាង​​​ការ​​​បន្ត​​ចេញ​​លិខិត​​ថ្កោល​​ទោស​​អំពើ​​ឈ្លាន​​ពាន​​របស់​​ថៃ និង​​​ស្នើ​​​ឱ្យ​​ថៃ​ចូល​​តុច​រចា ខណៈ​​​​​​ថៃហាក់​​មិន​​អើ​​ពើ​​​ចំពោះ​​លិខិត​​ជាង​​៧០០​​លើក​​របស់​​កម្ពុជា​​ក្នុង​​រយៈ​​ពេល​​ជា​​ច្រើន​​ខែ​មក​​នេះ​​។

ការ​ជំរុញ​​ជាថ្មីទៀត​របស់​អ្នក​ជំនាញ​កិច្ចការ​ព្រំដែនដែល​មិន​ស្របនឹង​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​​នេះ​ ធ្វើ​ឡើង​នៅ​​​ពេ​ល​​​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាល​ពី​ថ្ងៃទី៧​ខែមេសា បាន​ចេញ​សេចក្តីប្រកាសព័ត៌​មាន​ជា​ថ្មី​​ទៀត ស្តី​ពី​​ កា​រ​ដាក់​សំណើរ​ជាថ្មី​ទៅ​ភាគីថៃ ​ដោយ​គូស​បញ្ជាក់ថា កន្លងមក ​គណៈកម្មការចម្រុះ​ខណ្ឌសីមា​ព្រំ​ដែន​គោក​(JBC) ភាគីកម្ពុជា​​បាន​បញ្ជូន​កំណត់ទូត​ជា​ច្រើនលើក​ទៅ​JBC​ភាគីថៃ​​ ដើម្បី​ស្នើ​រៀបចំកិច្ច​ប្រជុំ​ពិសេស​​របស់​JBC ​ប៉ុន្តែភាគី​ថៃ​បាន​​ឆ្លើយ​​តប​ដោយ​​ស្នើ​លើក​ពេល​ជា​បន្ត​បន្ទាប់ ​ក្រោម​ហេតុផល​រង់ចាំ​នីតិ​វិធី​ផ្ទៃ​ក្នុង​ ​ដើម្បី​តែង​តាំងសមាសភាព​JBC​​របស់​ខ្លួន​ ក្រោយ​​ពីគណៈ​រដ្ឋមន្ត្រី​ថ្មីថៃ​ត្រូវ​បាន​បង្កើតឡើង។

សេចក្តីប្រកាសព័ត៌មាន​​របស់​រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន​នេះ ​ឱ្យដឹង​ថា នៅក្នុង​កំណត់​ទូត​ថ្មី​មួយ​ទៀត​ ដែល​កម្ពុជា​បាន​ដាក់​ទៅ​ភាគី​ថៃ​នៅថ្ងៃទី​៧​ខែមេសា គឺស្នើ​ឱ្យ​រៀប​ចំកិច្ចប្រជុំ​ JBCកម្ពុជា ថៃ​នៅ​កាល​ប​រិច្ឆេទ​​សម​ស្របណាមួយ​ចន្លោះពីថ្ងៃទី​១៧ ដល់​ថ្ងៃទី​២២ ​ខែ​មេសា ឆ្នាំ​២០២៦ ​នៅ​ខេត្ត​សៀម​រាប​។

កម្ពុជា​​បាន​ស្នើ​​ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs)​នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងនៅកាល​បរិច្ឆេទ​សម​ស្រប​ណា​មួយ ​ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ​ខែមេសា ដើម្បី​​ប​ន្ត​អនុវត្ត​ការងា​រ​​វាស់​​វែង ​​និង​​បោះ ​បង្គោល​​បណ្តោះ​អាសន្ន​នៅ​កំណាត់​ខ្សែព្រំ​ដែន​​ ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ ​ស្ថិតក្នុងភូមិ​សាស្ត្រ​ភូមិ​​​ជោគ​ជ័យ ​និង​​ភូមិ​ព្រៃចាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​នៅ​កំណាត់​ខ្សែព្រំដែន​ចន្លោះ​បង្គោល​​ព្រំដែន​​លេខ៥២-៥៩ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុកកំរៀង ​​ខេត្ត​​បាត់​ដំបង ​ស្របតាមការ​ព្រមព្រៀងគ្នា​នា​ពេល​​កន្លង​មក​។

បន្ថែមពី​​នេះ កម្ពុជា​ក៏ស្នើ​ឱ្យក្រុម​(JSTs)ចុះវាស់វែងដើម្បី​សាងសង់ឡើងវិញ នូវបង្គោល​ព្រំដែន​ចំនួន​១៥​តាម​​​គំរូដើម​បង្គោល​ជំនាន់​បារាំង​ ​នៅទីតាំងដើម​ដែល​ភាគីទាំងពីរបានឯកភាពគ្នា និង​បោះបង្គោល​បណ្តោះ​​អាសន្ន​នៅកំណាត់​​ខ្សែព្រំដែន​ចន្លោះ បង្គោល​លេខ៣៣-៣៧តំបន់​បឹង​ត្រកួន កំណាត់​ខ្សែព្រំដែន​ចន្លោះ​​បង្គោល​លេខ​១៤-១៧​ តំបន់​​អូរស្មាច់​ តំបន់​អានសេះ តំបន់​ថ្ម​ដា និង​តំបន់​ព្រំដែន​ផ្សេងទៀត​ ​ស្រប​តាម​​​ស្មារតីនៃសេចក្តី​​ប្រកាសរួម​នៃកិច្ចប្រជុំពិសេស​លើកទី​៣ របស់​គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះ​ថ្ងៃទី​២៧ ខែ​​ធ្នូ ឆ្នាំ​​២០២៥ជាដើម។

ជុំ​វិញ​បញ្ហា​នេះ ​លោក​អ៊ុំ សំអាន ​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ ដែល​ជាអ្នក​ជំនាញ​កិច្ច​ការព្រំដែន​បាន​​ប្រាប់​វីអូឌី​​នៅថ្ងៃទី​៨​ខែ​មេសានេះថា ការដែល​ភាគីកម្ពុជា​ស្នើ​ឱ្យ​ថៃ​កោះ​ប្រជុំ​JBC ឬក៏​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​​​ចុះវាស់វែងលើដីជាក់​​ស្តែង​នេះ ​នឹងពុំមានការ​យល់​ព្រមពីភាគីថៃ​នោះ​ទេ ​ពីព្រោះ​ថៃ​គ្រោង​លុប​ចោល​​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ​ទៅហើយ ​ដូច្នេះយន្តការ​នៃការ​ចរចា​ទ្វេភាគី​តាម​រយៈ​JBC គឺ​មិន​​អាច​​ទៅ​រួចនោះ​ទេ។

លោកថា៖ «បើសិន​ជាថៃលុប​ចោល​អនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ​ហើយ​ថៃគេលែង​អើ​ពើ​ចរចា​ជា​មួយ​​​កម្ពុជា​តាម​រយៈ​យន្តការ​ទ្វេភាគីទ្វេភាគី តាម​រយៈ​យន្តការ​JBCទៀត​ ហើយ​ថៃ​គេកំពុង​ជាប់​ដៃ​ឈ្លាន​ពាន​​​​យក​ទឹក​ដី​យើង ​ដូច​ជារាយបន្លាលួស​ដាក់​ទូរកុងតឺន័រ​ អភិវឌ្ឍន៍​​​ជាសំណង់​រឹង​នៅ​លើ​ទឹក​ដីខ្មែរ​​យើង​​ ដូច​ជា​​រូប​ព្រះពុទ្ធ​​បដិមា ​សាង​សង់​​ត្រង់​ស្សេ​រ​ ហើយនិងសាង​សង់​ដងទង់​ជាតិ​ថៃជាដើម ​ជាពិសេស​សាង​សង់​ផ្លូវ​បេតុង​​នៅ​លើ​ទឹក​ដី​ខ្មែរ​យើង។ ​ដូច្នេះ​នៅពេល​គេអភិវឌ្ឍ​ន៍​នៅ​លើ​ដីខ្មែរយើង​​ចំនួន​៥១​ទីតាំង​ក្លាយ​​ជាដី​​របស់​ថៃ​​ហើយ​ ​បើ​ចង់​ចរចាទ្វេភាគី​ជាមួយ​ថៃ ​ទាល់​តែកាត់ទឹកដីនឹងទៅ​ឱ្យថៃទើប​ថៃព្រម»។

យ៉ាងណាក្តី​​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន ប្រកាសថា ភាគីកម្ពុជា​ប្រកាន់​ជំហរ​​យ៉ាងម៉ឺង​ម៉ាត់​ក្នុងការ​តវ៉ា​​ប្រឆាំង​​​យ៉ាង​ដាច់អហង្កការ​ ​ទៅ​នឹង​សកម្មភាព​ឈ្លាន​ពាន​កាន់​កាប់​ទឹកដី​​កម្ពុជា​ដោយ​ខុស​ច្បាប់​របស់​យោធា​ថៃ និង​ការ​បន្ត​ធ្វើ​សកម្មភាព​​រំលោភបំពាន​​លើ​បូរណៈ​ភាព​ទឹក​ដី ​និង​អធិបតេយ្យភាពកម្ពុជា។ ភាគី​កម្ពុជា​​​មិន​ទទួល​ស្គាល់​ដាច់​ខាត​នូវការកែប្រែខ្សែ​ព្រំដែនណា​មួយ ​ដែល​កើតចេញពីការ​ប្រើប្រាស់កម្លាំង​​ទាំង​​ពេល​កន្លងមក ​ទាំង​បច្ចុប្បន្ន ​និង​អនាគត។

លើសពីនេះ កម្ពុជាប្រកាន់​ជំហរយ៉ាងម៉ឺងម៉ាត់​ ​ក្នុងការការពារខ្សែបន្ទាត់ព្រំដែន​អន្តរជាតិកម្ពុជា ថៃ​​​ដែល​បន្សល់​​ទុក​ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ​ដោយ​គោរពគោលការណ៍​ច្បាប់​​អន្តរជាតិ ​គោ​ល​ការ​ណ៍​​​ខ្សែ​ព្រំដែន​​មិន​​កែប្រែ​ គោរពសន្ធិសញ្ញា អនុសញ្ញាបារាំង-សៀម ​​ផែន​​ទីដែល​ជាលទ្ធផល​នៃការ​ងារ​ខណ្ឌ​​សីមា​​របស់គណៈកម្មការកំណត់​ព្រំដែន​ឥណ្ឌូ​ចិន-​សៀម ​និងកំណត់​ហេតុបោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះ​បង្គោល​ព្រំដែន​​ឥណ្ឌូ​ចិន-​សៀម និង​​MOUឆ្នាំ២០០០​​ជាដើម។

​សូម​បញ្ជាក់ថា ក្រសួង​ការបរទេស​កម្ពុជា ​កាលពីថ្ងៃទី៣ខែ​មេសា ​ក៏បាន​ធ្វើការ​តវ៉ានិង​ប្រឆាំង​ជំទាស់​​យ៉ាង​​ខ្លាំង​​ចំពោះ​​​​សកម្មភាព​ខុសច្បាប់​​របស់​ថៃ​ ដែល​​បាន​ដឹកនាំ​ពល​រដ្ឋ​ថៃមួយក្រុមធ្វើ​​សកម្មភាពផ្ទៀង​​ផ្ទាត់​កម្មសិទ្ធិ​ដីធ្លី​​​ តាម​បណ្តោយ​​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​​​៤៤ ​និង​៤៥ នៅ​ភូមិ​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យ​​ផងដែរ​។

សម្រាប់ ​លោក ​អ៊ុំ សំអាន ​ដែល​​ជា​ប្រធាន​​ស្ថាប័ន​អន្តោប្រវេស​ន៍ ​និង​កិច្ចការព្រំដែន​របស់​​រដ្ឋា​ភិបាល​ក្រៅ​ប្រទេស​២៣​​​តុលា ​​យល់​​ថា ចាប់​ពីពេល​នេះតទៅ​ ថៃនឹង​នៅ​តែបន្តបដិសេធ​សំណើរ​របស់កម្ពុជា ​ដោយ​ឆ្លើយ​​ដោះ​សារ​មិន​ចូល​រួម​​ប្រជុំ​JBC ​និង​វាស់វែងលើ​ដីជាក់​ស្តែង​នោះ​ទេ ដូច្នេះ​អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​​គឺ​ត្រូវ​ប្រើ​សិទ្ធិ​​ការពារ​ទឹកដីរបស់​ខ្លួន​នៅ​លើ​​ដី​ជាក់​​ស្តែង​។

លោកថា៖ «អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជាបន្ទាន់​នៅ​ពេល​នេះ គឺ​ត្រូវ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​​​របស់​កម្ពុជា​ទៅ​រារាំង​​ទប់​​ស្កាត់​ការរាយ​បន្លាលួស​យក​ដីខ្មែរ​ស្រេច​ចិត្ត ​ការដាក់ទូរកុងតឺន័រ ឬជីកប្រឡាយ​​យក​ដីខ្មែរ​យើង​ស្រេច​​ចិត្ត​ ​អាហ្នឹង​ដែលកម្ពុជា​ត្រូវធ្វើ​ជាបន្ទាន់ ​មិន​មែន​ឱ្យ​ថៃ​ធ្វើ​អីស្រេចចិត្ត ​និង​ទប់​ស្កាត់​ការឈ្លានពាន​របស់​​ថៃ ទប់ស្កាត់ការអភិវឌ្ឍ​​​ជាសំណង់​រឹង​​នៅ​លើ​ទឹក​ដីខ្មែរ​យើង​។ ​ហើយ​ជំហ៊ាន​បន្ទាប់​​​កម្ពុជា​ត្រូវប្រញ៉ាប់​ប្តឹងថៃទៅកាន់​តុលាការ​អន្តរ​ជាតិ​​ICJ ហើយ​នឹងប្តឹងថៃ​ទៅកាន់​សហប្រធាន​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ និង​​ប្តឹង​​​ថៃ​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខអង្គ​ការ​​​សហ​ប្រជាជាតិ ​​ដើម្បី​ទាម​ទារឱ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​​កម្ពុជា»។

ជាមួយគ្នា​នេះ ​លោក ​ម៉ែន ណាត ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែល​ក៏ជាអ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​ផង​​ដែរ​នោះ ​ក៏បាន​ប្រាប់​វីអូឌីនៅថ្ងៃទី​៨ខែ​​មេសានេះផងដែរ ​ដោយ​ចាត់​ទុកការស្នើ​របស់​រដ្ឋលេខា​ធិការ​​ដ្ឋាន​កិច្ច​​​ការ​​ព្រំដែន​​​​កម្ពុជាថា ជាការ​ធ្វើការងាប់​ក្រឡា​មិន​មាន​អ្វីថ្មី​។ ​លោក​ថា រដ្ឋាភិបាល​ លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​​រក​មធ្យោ​បាយ​​​ល្អជាងនឹង​ច្រើន​​ជាង​នឹង ​​ដើម្បី​តវ៉ា ដូច​ជា​​ការ​តវ៉ា​តាម​រយៈ​ការទូតដោយ​ដាក់​​សម្ពាធ​ជា​អន្តរជាតិ គឺ​​ត្រូវ​ទៅ​បញ្ចុះ​​បញ្ចូល​​ប្រទេស​មហា​អំណាច ​ដូចជាបច្ចុប្បន្ន​ លោក ​ហ៊ុន​ ម៉ាណែត ​កំពុង​​ទៅ​ប្រជុំ​នៅ​ប្រទេស​បារាំង​។

លោក​បន្តថា នៅ​ពេល​នៅ​ក្នុង​ប្រទេសបារាំង ​លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​រក​មធ្យោបាយ​និយាយ​ជាមួយ​ប្រធានា​​ធិបតី​បារាំង ​​ដើម្បី​​ទាញ​បារាំង​ឱ្យ​ចូល​រួមនៅ​ក្នុងយន្ត​ការ​ដោះ​ស្រាយ​​បញ្ហា​ព្រំដែនកម្ពុជា-​ថៃ​ និង​ស្នើ​ឱ្យ​បា​រាំង​​​ដាក់​សម្ពាធ​ថៃ ​ពីព្រោះបារាំង​គឺជាអតីត​ម្ចាស់​​​​អាណានិគម​ន៍​របស់កម្ពុជា​ ​ដោយ​បាន​ធ្វើកិច្ច​ព្រម​ព្រៀង​​​សន្ធិ​សញ្ញា​ ​អនុ​សញ្ញា និង​ផែន​ទី​​​កំណត់ព្រំដែន​ជាមួយ​​ថៃ គឺជារឿងសំខាន់​ណាស់​។

លោកថា៖ «ប៉ុន្តែយើង​​មិន​ដឹងថា រដ្ឋាភិបាល​របស់​លោក ​ហ៊ុន ម៉ាណែត ​នឹង​ធ្វើ​រឿង​នឹង​ដែរឬទេ? ឬក៏គ្រាន់​តែ​ទៅ​ប្រជុំ​ក្នុង​ប្រធានបទ​ផ្សេង​ហើយ​ចប់​។ ព្រោះ​យើ​ងមើល​រដ្ឋាភិបាល​កម្ពុជា​ខ្សោយ ​ខ្សោយ​ក្នុងការ​តវ៉ា​ជា​​អន្តរជាតិ ​ខ្សោយ​មែនទែន ហើយ​អន្តរជាតិក៏គេអត់​ទុកចិត្ត​កម្ពុជាដែរ​ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​រឿង​អាក្រក់​ច្រើន​ពេក ​ក្នុង​ផ្ទៃក្នុងជាតិគ្នាឯងហ្នឹង ហើយ​​មានកេរ្តិ៍ឈ្មោះ​មិន​ល្អទៀត ​ដល់​ចឹងទៅការ​ទាមទារ​ការទុក​​ចិត្ត​ជាអន្តរជាតិ​នឹងមិន​ស្រួលទេ។ ​ហើយ​ដើម្បីទាម​ទារ​ការទុកចិត្ត​ជាអន្តរជាតិ​បាន ​វាទាល់​តែ​កែទម្រង់​រដ្ឋាភិបាលកម្ពុជា​ផ្ទៃក្នុងហ្នឹង ហើយ​​ស្តារមុខមាត់​លើ​ឆាកអន្តរជាតិ​ឡើង​វិញ ​ហើយ​ត្រូវដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ​ដូចជា​ដោះ​ស្រាយបញ្ហា​ប្រជាធិបតេយ្យ ​ស្តារសិទ្ធិមនុស្សជាដើម ​ស្របតាម​ស្មារតីរដ្ឋ​ធម្មនុញ្ញ»

ទាំង​លោក​អ៊ុំ សំអាន ​និង​លោក​ម៉ែន ណាត ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​ត្រូវ​ធ្វើ​កិច្ច​ការ​ឱ្យ​ច្រើន​និង​​​ឱ្យ​បាន​​សកម្ម​ខ្លាំងក្លាបំផុត​ក្នុង​ពេល​តែមួយ គឺ​ក្រៅ​ពី​ជំរុញឱ្យថៃចូលតុចរចា​កម្ពុជា​ ​ត្រូវ​ធ្វើ​សកម្មភាព​ការទូត​ឱ្យ​បាន​ខ្លាំង​ក្លាបំផុត ​ដើម្បី​ដាក់​សម្ពាធឱ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដីកម្ពុជា ​និងចាំបាច់​​ត្រូវ​ដាក់​ពាក្យ​​ប្តឹងទៅ​តុលាការ​អន្តរជាតិ ​ដោយ​មិន​អាច​នៅ​បង្អង់តទៅ​ទៀត​បានទេ។​ បន្ថែម​ពីនេះ ​ត្រូវ​ស្តារ​​មុខ​មាត់​​កម្ពុជា​​ឡើង​​​វិញ​ តាម​រយៈ​ការ​​ធ្វើ​​កំណែទម្រង់​នយោ​បាយ​ជាតិ​របស់ខ្លួន ដូច​ជា​ការ​ស្តារ​​ប្រជាធិប​តេយ្យ និង​លុប​បំបាត់​​​​បញ្ហា​រឿងអាស្រូវ​​ជា​ច្រើន​ ទើបអាចមាន​ប្រសិទ្ធភាព​ ក្នុងការ​ដាក់​សម្ពាធថៃ​ឱ្យចូល​តុចរចាផង ​​ឱ្យ​ដក​កងទ័ព​ថៃ​​​ចេញ​ពី​ទឹកដីកម្ពុជា​​នៅ​​ជាង​​៥០​ទីតាំង​​ផង ​និង​ឱ្យ​ថៃ​សងជំងឺ​ចិត្ត​ដល់ការបំផ្លិច​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​នានា​​​របស់​កម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ