កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ជា​ជ័យ​ជម្នះ​សម្រាប់​​​លោក ត្រាំ ប៉ុន្តែ​​បង់​ខាត​ក្នុង​តម្លៃ​ខ្ពស់

នៅម៉ោង ១៨:៣២ នាទី ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីន​តោន ប្រធានា​ធិបតី ដូណាល់ ត្រាំ បាន​បង្ហោះ​នៅ​លើ​​បណ្តាញ​សង្គម​របស់​​លោក​​ថា សហរដ្ឋ​អាមេ​រិក និង​អ៊ីរ៉ង់ បាន​ឈាន​មក​ដល់ “ដំណាក់​កាល​ឆ្ងាយ​ណាស់​ហើយ” ជាមួយ​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព “ច្បាស់​លាស់” មួយ ហើយ​លោក​បាន​យល់​ព្រម​លើ​បទ​ឈប់​បាញ់​រយៈ​ពេល​ពីរ​សប្តាហ៍ ដើម្បី​អនុ​ញ្ញាត​ឱ្យ​ការ​ចរចា​បន្ត​ទៅ​មុខ​ទៀត។

វាមិន​មែនជាការសម្រេចចិត្តនៅនាទីចុងក្រោយបង្អស់នោះទេ ប៉ុន្តែវាបានកើតឡើងយ៉ាងប្រកៀកប្រកិតបំផុត មុន​​ពេលដល់ឱសានវាទ​​ម៉ោង ២០:០០ នាទី (ម៉ោងនៅតំបន់ភាគខាងកើត ឬម៉ោង ០០:០០ ម៉ោងសកល​នៅថ្ងៃពុធ) ដែលលោក ត្រាំ បានកំណត់ថាត្រូវតែសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង បើមិនដូច្នោះ​ទេ សហរដ្ឋអាមេរិកនឹង​បើកការវាយប្រហារទ្រង់​ទ្រាយធំ​លើហេដ្ឋារចនា​សម្ព័ន្ធថាមពល និងដឹកជញ្ជូន​របស់អ៊ីរ៉ង់។

អ្វីៗទាំងអស់នេះ គឺអាស្រ័យលើការដែលអ៊ីរ៉ង់ក៏ត្រូវផ្អាកអរិភាព និងបើកច្រកសមុទ្រ Hormuz ទាំងស្រុងសម្រាប់​ការ​ដឹកជញ្ជូនពាណិជ្ជកម្មផងដែរ ដែលអ៊ីរ៉ង់និយាយថាខ្លួននឹងធ្វើតាម។ ជាមួយនឹងការប្រកាសនេះ លោក ត្រាំ បាន​សម្រេចនូវគោលដៅចំពោះមុខធំបំផុតរបស់លោក ទោះបីជាអ៊ីរ៉ង់បាននិយាយថាខ្លួននៅតែមាន “អំណាចត្រួត​ត្រា” លើផ្លូវទឹកនេះក៏ដោយ។

ពេលនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចូលរួមក្នុងការចរចាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីព្យាយាម​ឈាន​ទៅរកដំណោះស្រាយអចិន្ត្រៃយ៍។ វាទំនងជានឹងមានភាពរដិបរដុប ប៉ុន្តែនៅក្នុងការជួញដូរបន្ទាប់​ពីម៉ោងធ្វើការ តម្លៃ​ប្រេងក្នុងមួយបារ៉ែលបានធ្លាក់ចុះក្រោម ១០០ ដុល្លារជាលើកដំបូងក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ ហើយផ្សារភាគហ៊ុន​អាមេរិកបានហក់ឡើងខ្ពស់។ ហាក់ដូចជាមានសុទិដ្ឋិនិយមថា ស្ថាន​ភាព​ដ៏អាក្រក់បំផុតបានកន្លងផុតទៅហើយ។

ទោះជាយ៉ាងណា វឌ្ឍនភាពបែបនេះ គឺមិនទាន់មានភាពប្រាកដប្រជាទាល់តែសោះ កាលពីព្រឹកថ្ងៃទី​៧ខែ​មេសា នៅ​ពេលដែលលោក ត្រាំ បានគំរាមកំហែងពីការស្លាប់នៃអរិយធម៌អ៊ីរ៉ង់ ដែល “មិនអាចវិលត្រឡប់មកវិញបានឡើយ”។

ថាតើការគំរាមកំហែងដ៏គួរឱ្យភ្ញាក់ផ្អើលបែបនេះពីប្រធានាធិបតីអាមេរិក បានដាក់សម្ពាធឱ្យអ៊ីរ៉ង់យល់ព្រមលើ​បទ​ឈប់បាញ់ដែលពួកគេធ្លាប់បានបដិសេធពីមុនមកឬយ៉ាងណានោះ គឺមិនទាន់ច្បាស់ឡើយ។ អ្វីដែល​ច្បាស់នោះ​គឺ​ថា ការប្រកាសដ៏គួរឱ្យតក់ស្លុត និងមានលក្ខណៈញុះញង់របស់លោក ត្រាំ — ត្រឹមតែពីរ​ថ្ងៃ​បន្ទាប់ពីការទាមទារតាម​រយៈ Truth Social ដែលប្រើពាក្យសម្តីអសុរសស្រដៀងគ្នា — គឺមិនដូចអ្វីដែល​ប្រធានាធិបតីអាមេរិកសម័យទំនើប​ធ្លាប់បានធ្វើ ឬបង្ហើបឱ្យដឹងពីមុនមកនោះទេ។

ទោះបីជាបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ នាំឱ្យមានសន្តិភាពអចិន្ត្រៃយ៍ក៏ដោយ ក៏សង្គ្រាមអ៊ីរ៉ង់ និង​សម្តីថ្មីៗរបស់លោក ត្រាំ អាចនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវរបៀបដែលពិភពលោកទាំងមូលមើលមកសហរដ្ឋអាមេរិក។

ប្រទេសមួយដែលធ្លាប់ចាត់ទុកខ្លួនឯងថា​ជាកម្លាំងសម្រាប់ស្ថិរភាពជុំវិញពិភពលោក ឥឡូវនេះកំពុងធ្វើឱ្យ​​រង្គោះ​​រង្គើ​​​មូល​ដ្ឋាន​គ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ប្រធានាធិបតីម្នាក់ដែលហាក់ដូចជាចូលចិត្តការបំបែកបទ​ដ្ឋាន និងប្រពៃណីក្នុងនយោបាយក្នុងស្រុក ឥឡូវនេះ​កំពុងធ្វើរឿងដដែលនេះនៅលើឆាកពិភពលោក​។

សមាជិកគណបក្សប្រជាធិបតេយ្យ បានចេញមកថ្កោលទោសសម្តីរបស់លោកត្រាំ ភ្លាមៗកាលពីថ្ងៃទី​៧ខែ​មេសា ដោយ​​មាន​អ្នក​ខ្លះ​ឈាន​ដល់​ការ​អំពាវ​នាវ​ឱ្យ​ដក​លោក​ចេញ​ពី​តំណែង​ទៀត​ផង។

សមាជិកសភាលោក Joaquin Castro បានសរសេរលើបណ្តាញសង្គម X ថា៖ «វាច្បាស់ណាស់ថា ប្រធានា​ធិបតី​​នៅតែ​បន្ត​ធ្លាក់​ចុះ​ដុន​ដាប ហើយមិនស័ក្តិសមនឹងដឹកនាំឡើយ»

លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាអាមេរិក បាននិយាយថា សមាជិក​គណបក្ស​សាធារណរដ្ឋណា​ ដែលមិនចូលរួមបោះឆ្នោត​ ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ “ត្រូវទទួលខុស​​ត្រូវរាល់ផលវិបាកនៃអ្វីក៏ដោយដែលកំពុងកើតឡើងនេះ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ