លោក កឹម សុខា តតាំង​ក្តី​នៅ​សាលា​ឧទ្ធរណ៍​ក្រោម​សំឡេង​​ទាម​​ទារ​​ឱ្យ​ទម្លាក់​បទ​ចោទ

សហ​មេធាវី​ការ​ពារ​ក្តី​លោក កឹម សុខា និង​ក្រុម​អ្នក​តាម​ដាន ទាម​ទារ​ឱ្យ​សាលា​ឧទ្ធរណ៍ បដិសេធ​សាល​ក្រម​ចោទ​ប្រកាន់​របស់​សាលា​ដំបូង ដោយ​ចាត់​ទុក​ថា ការ​ចោទ​ជា​រឿង​អយុត្តិ​ធម៌ សម្រាប់​មេដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ ខណៈ​​ការ​កាត់​ក្តី​បាន​អូស​ពេល​ជិត​១០​ឆ្នាំ ដែល​ជឿថា​​មាន​ចរិត​នយោ​បាយ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ បានប​ង្ហាញ​មុខ​ជា​ថ្មី​ទៀត​នៅ​សា​លា​ឧទ្ធរ​ណ៍​ភ្នំពេញ​នា​ថ្ងៃ​ទី​៨ខែមេសា​នេះ បន្ត​តតាំង​ក្តី ប្រឆាំង​នឹង​បទ​ចោទ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ជុំវិញ​បណ្តឹង​ចោទ​របស់​រដ្ឋាភិ​បាល លោក ហ៊ុន សែន អំឡុង​ឆ្នាំ​២០១៧។

សហមេធាវីការពារ​សិទ្ធិ​ឱ្យ ​លោក កឹម សុខា គឺលោក​ ផែង ហេង ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយ​ដើរ​ចេញ​ពី​បន្ទប់​សវនា​ការ​នា​ព្រឹក​ថ្ងៃ​ទី​​០៨ ខែ​មេសា​នេះ​ថា ព្រឹក​នេះ ជា​កម្មវិធី​សវនា​ការ​បន្ត ដែល​សាលា​ឧទ្ធរណ៍ ចេះ​តែ​លើក​ពេល​ជា​បន្ត​បន្ទាប់ ចាប់​ពី​បាន​​លើ​ក តាំង​ពី​ថ្ងៃទី​១​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ មក ជុំវិញ​បណ្តឹង​​សារ​ទុក្ខ​​របស់​​កូន​​ក្តី។

​លោក​បន្តថា កម្មវិធីសវនាការ​របស់​សាលាឧ​ទ្ធរណ៍​ភ្នំពេញ នា​ពេលព្រឹក​​ ​បាន​​បញ្ចប់​​ត្រឹម​​សេច​​ក្តី​​សន្និ​​ដ្ឋាន​របស់​​តំណា​ង​​មហា​​អយ្យការ ហើយ​ពេល​រសៀល​ ​សហ​​មេធាវី​​​ដើម​​បណ្តឹង​​រដ្ឋ​ប្បវេ​ណី នឹង​​​ប្រើ​ពេ​ល ៣​ម៉ោង សម្រាប់​ធ្វើ​សេចក្តីសន្និ​ដ្ឋាន។

លោកបន្តថា បើពេលវេលាមិនអាចបញ្ចប់ល្ងាច​នេះ​ទេ នោះ​សហមេធាវីរបស់លោក​ កឹម សុខា នឹងធ្វើសេចក្តី​សន្និដ្ឋាន​​នៅព្រឹក​​​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៦ ហើយ​បន្ត​ដោយ​សំណូម​ពរ និង​​ម​តិ​ចុងក្រោ​យ​របស់​លោក​​ កឹម សុខា។

បើតាម​សហមេធាវីរូបនេះ ក្នុង​សវនាការ​ព្រឹកមិញនេះ តំណាង​​អយ្យការ​សាលាឧទ្ធរណ៍​ បាន​ការ​ពារ​បណ្តឹង​ឧទ្ធរណ៍​​របស់​តំណាងអយ្យការ​សាលា​ដំបូង​រាជធានីភ្នំពេញ និង​​​បាន​គូសបញ្ជាក់​​​ឡើង​​​វិញ​​នូ​​វសម្តី​សាក្សី​ ការ​ការ​​ពារ​​​របស់ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និងគូសបញ្ជាក់ពីសម្តីរបស់​​លោក កឹម សុខា ដែល​បានថ្លែង​​នៅ​ប្រទេស​​អូស្ត្រាលី ក៏ដូចជា​​ក្នុង​អំឡុង​ពេល​បាតុកម្មផ្សេង​ៗ ហើយ​​បាន​​ធ្វើសេចក្តីសន្និដ្ឋាន​​ដោយស្នើ​ទៅក្រុម​ប្រឹក្សា​​​​ជំនុំជម្រះ ​ឱ្យ​ផ្តន្ទាទោស ​ដក​សិទ្ធិ​​​​​​ធ្វើ​នយោ​បាយ​ ក៏ដូចជា​សុំ​ឱ្យ​ឃុំខ្លួន​លោក កឹម សុខា ជាដើម​។

តែយ៉ាងណា លោក ផែង ហេង យល់​​ថា ការ​ស្នើសុំរបស់តំណា​ងអយ្យការ​ជា​សិទ្ធិរបស់តំណាង​អយ្យ​ការ ហើ​យ​​ក្នុងនាមជាសហមេធាវីកា​រ​ពារក្តីឱ្យ លោក កឹម សុខ នឹង​ស្នើដល់​ប្រធាន​ក្រុមប្រឹក្សា​​ជំនុំជម្រះ​ ពិ​ចារណា​​​ក្នុងកា​រទម្លាក់បទ​ចោទលើ​កូនក្តីរបស់​លោក និងផ្តល់ភាព​ស្អាត​ស្អំ​ដល់​លោក កឹម សុខា ដែលមិនបានប្រព្រឹត្ត​កំហុស​ដូចការ​ចោទប្រកាន់។​

លោកថា៖ «ការ​ស្នើសុំ​​​របស់​តំណាង​អយ្យការ ជា​សិទ្ធិ​របស់​តំណា​ង​អយ្យការយល់ឃើញ ប៉ុន្តែ​សម្រាប់​មេធាវី យើងនឹង​ស្នើសុំ​ដោយ​បដិសេធ​ចោល​ ព្រោះថា​​អ្វី​ដែល​យើង​ប្តឹងឧទ្ធរណ៍​​​នឹង​សាល​ក្រម​របស់​​សាលា​​ដំបូង​​រាជធានីភ្នំពេញ​​នេះ ដោយសារ​តែ​យើង​ឃើញ​ថា​ជា​សាលក្រម​មួយ ដែល​ផ្តល់​​ភាព​អយុត្តិធម៌​ដល់​កូន​ក្តី​យើង​ ហើយ​យើងមានភស្តុតាង​គ្រប់គ្រាន់ដែល​យើង​បាន​ដាក់​នៅ​សាលា​ដំបូង ហើយ​ត្រូវ​បាន​សាលា​ដំបូង​​​​មិន​បាន​​​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​ភស្តុ​តាង​​​​គ្រប់​ជ្រុ​ង​ជ្រោយ​​របស់​សហ​​មេធាវី​​របស់​ឯក​ឧត្តម​ កឹម សុខា»។​

លោកមេធាវី ហេង​ ផេង ក៏បាន​ចាត់ទុកការ​អូសបន្លាយ​ពេល​វេលា​ជិត ១ទស្សវត្សរ៍ ឬជិត​១០ឆ្នាំ គិត​ចាប់តាំង​ពីថ្ងៃ​ចាប់ខ្លួនលោក ​កឹម សុខា កាលពីខែកញ្ញា ឆ្នាំ​២០១៧​​មក​នោះ ថា​មានភាព​អយុត្តិធម៌រួច​ទៅហើយ​ និង​​មិនស្របតាម​គោលការណ៍សន្ធិសញ្ញា​ស្តីពី​ សិទ្ធិពលរដ្ឋ​ សិទ្ធិ​​នយោ​​​​បាយ​ និងច្បាប់​របស់កម្ពុជាផង​ដែរ​។​​​

​ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍បន្តសវនាការ​​នេះដែរ គេក៏​សង្កេត​ឃើញ​មាន​បណ្តា​អង្គ​ទូត​បរទេស​ រួម​មាន អាមេរិក បារាំង អូស្ត្រាលី និងចក្រភពអង់គ្លេស ព្រមទាំង​អង្គកា​រ​សង្គម​ស៊ីវិល​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​​នៅរាជធានី និងបណ្តា​ខេត្ត​នានា បាន​ចូល​រួម​តាម​​ដានសង្កេត​​ការណ៍​​ផង​ដែរ។

លោក យី សុខសាន្ត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​​​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក បានកត់​សម្គាល់​ដែរ​ថា សវនាការរបស់​លោក កឹម សុខា ​​ដែលអូសបន្លាយ​ពេលវេលា​យូរបែបនេះ ហាក់​ជារឿង​នយោបាយច្រើនជាង​រឿង​ប្រព្រឹត្ត​បទល្មើស។​

លោកថា៖ ​«យើងមើលឃើញនីតិវិធីដែល​យើង​តាម​ដាន​រហូត​មក​ដល់​ពេល​នេះ​ គឺគ្រាន់តែ​ទុក​ពេល​ឱ្យ​សន្និដ្ឋាន​​ គឺជិត​២ឆ្នាំ ដូច្នេះយើង​មើល​​ថាតើស្ថានភាពទាំងអ្នក​ទោស ទាំ​ងចៅក្រម ព្រះរាជ​អាជ្ញា ទាំង​មេធាវី​ យើង​​យល់ថា វា​មិន​មែន​ជារឿង​ខុស​ច្បាប់​ទេ អានេះ​​វាហាក់ដូចជា​រឿង​នយោបាយ​ច្រើនជាងរឿង​ដែល​ឯកឧត្តម​ កឹម សុខា​ ប្រព្រឹត្ត​បទ​​ល្មើស​​ខុស​ច្បាប់​[…] ខ្ញុំគិត​ថា​ស្នើ​សុំឱ្យ​ការផ្សះផ្សា​បង្រួប​បង្រួមជាតិ ពីព្រោះ​ទាំង​​អស់​គ្នា​គឺ​ធ្វើ​ដើម្បី​ជាតិ មាន​ទិស​ដៅ​ដូច​គ្នា ហើយ​គណបក្ស​នយោបាយ​សុទ្ធ​តែ​មានការ​ចុះ​បញ្ជី​នៅ​ក្រសួង​​មហាផ្ទៃ​ស្រប​ច្បាប់»។​

​ប្រធាន​គណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលបង្ហាញវត្តមាន​នៅ​មុខ​សាលា​ជម្រះ​ក្តី បាន​​លើក​ឡើង​​​ថា បើ​ទោះ​ជា​មានក្តីរំពឹង​តិចតួច តែលោក​បន្ត​តស៊ូមតិ​ទាមទារ​ឱ្យ​តុលាការ​​​ផ្តល់​យុត្តិ​ធម៌ និង​ទម្លាក់​បទ​ចោទទៅលើ​លោក កឹម សុខា ដែលមិន​បានប្រព្រឹត្ត​ដូចការ​ចោទ​ប្រ​កាន់។ លោក​បន្តថា ដល់​ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​រួបរួមសាមគ្គីគ្នា ផ្សះផ្សា​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិសង្គម ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ និងការ​អភិវឌ្ឍជាតិ។​

លោកថា៖ «ទោះបីក្តីរំពឹងសង្ឃឹមទុក​តិចតួច ក៏​យើង​នៅ​តែ​​មិនបោះបង់គោលដៅនៃ​ការ​តស៊ូ​មតិ​ ហើយ​និង​ការ​​​ទាម​​ទារ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌ជូន​លោក កឹម សុខា ក៏ដូចជា​ទម្លាក់បទចោទជាដើម[…] ដល់ពេល​វេលាមួយ​ដែល​ខ្មែរ​​គួររួ​បរួមគ្នា​ ហើយ​សាមគ្គីផ្សះផ្សាជាតិ ហើយ​ដូចគោលការណ៍​ដែល​យើង​ធ្លាប់បាន​និយាយ​ ក្នុងនាម​ជា​បក្សប្រឆាំង គឺ​យើង​​​មិនត្រូវ​ចាត់ទុកខ្មែរ​ជាសត្រូវ ខ្មែរ​តែមួយ សន្តិវិធី អហិង្សា ដើម្បី​យក​​ពេល​វេលាផ្សះផ្សាជាតិ ហើយ​និង​ដោះស្រាយ​បញ្ហា​​​វិបត្តិ​សង្គម សេដ្ឋកិច្ច​​ និងជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​​យើង និងការ​អភិវឌ្ឍ​ប្រទេស​​​​ជាតិ​​យើង»។

ចំណែក ​​សមាជិកគណៈ​កម្មការនាយក​​នៃគណបក្ស​កម្លាំង​ជាតិ អ្នកស្រី ឡឹក រដ្ឋា បាន​បង្ហាញការ​សោក​​​ស្តាយ និង​​ការ​ឈឺចាប់ដែល​តុលាការ​ចោទប្រកាន់ទៅលើ​លោក កឹម សុខា ទាំង​ដែល​​លោក​មិនបានប្រព្រឹត្ត​កំហុស​​ដូចការ​ចោទ​ប្រកាន់។ ការណ៍នេះ អ្នក​ស្រីក៏​អំពាវនាវដល់​សាលាឧទ្ធរណ៍ទម្លាក់​បទចោទ និង​ដោះលែងលោក​ កឹម សុខា ឱ្យ​មាន​សេរីភាព​វិញ។

អ្នក​ស្រីថា៖ «គាត់អត់​មានកំហុស​អីទេ យើង​ក៏មិន​ឃើញថាគាត់​មាន​បទល្មើស​ជាក់ស្តែ​ង​ណា​​​ដែលចោទថា គាត់ហ្នឹង​​​​រួមគំនិត​ក្បត់ជាមួយនឹង​បរទេស​​​​ […]  មក​ដល់ថ្ងៃនេះ សូម្បី​តែខាងតុលាការ​ក៏​អត់​មាន​​ចោទ​គាត់​​ថា ឱ្យចំប្រទេស​ ក ឱ្យ​​ដឹង​ថាប្រទេស ក ណា​​​វា​អត់ ចឹងបានន័យថា គាត់មិនមែន​ជា​ជនក្បត់ជាតិ។ ហើយ​​យើងមើលជាក់​ស្តែង​ទៅ ពិតជា​​គាត់​​មិនមែនជា​ជន​ក្បត់ជាតិ​ ពី​ព្រោះគាត់មិនបានកាត់​ដី​ឱ្យ​បរទេស គាត់មិនបានស៊ុមក្រឡំ​ជាមួយ​បរទេស គាត់មិន​បានលក់រ៉ែ លក់ធន​ធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ គឺ​អត់តែម្តង ចឹងសុំឱ្យតុលាការ​ទម្លាក់​បទ​ចោទ​ហ្នឹង​ទៅ[…]​​ ​យើងទាំងអស់គ្នា​រួមគ្នាទៅ ខ្មែរ​​យើង​រួមគ្នា​​ទៅ បរទេស​​ក៏គេ​អត់ហ៊ាន​​​មើលងាយយើង ក៏​គេ​​អត់ហ៊ាន​​ឈ្លាន​​ពាន​យើងដែរ»។

ប្រជាពលរដ្ឋ​មួយ​រូ​ប​មក​ពី​ខេត្តសៀមរាប ​លោក គិន​ លាង ដែលបាន​មក​ឃ្លាំ​មើលសវនាការ​ដែរ​នោះ យល់ថា ការ​ចោទ​​ប្រកាន់​​​ទៅ​លើ​ លោក កឹម សុខា ពី​ប​ទ សន្និដ្ឋិ​ភាព​ជាមួយ​បរទេសគឺ​​ជារឿង​ធ្ងន់ធ្ងរ ខណៈលោក​សង្កេត​​​ឃើញ​​ថា ​អ្នក​​​នយោបាយ​ចាស់វស្សារូប​នេះ តែងតែ​លះ​បង់​​កម្លាំង​កាយ​ចិត្ត​ជួយ​ជាតិ​​មាតុភូមិ មិនដែល​​​រត់​ចោល​ស្រុក និង​​តែង​​ប្រកាស​ពីគោលការណ៍​នយោបាយ​​​អហិង្សា​ ដោយ​​មិន​យក​ខ្មែរណា​ជាសត្រូវជាដើម។

ការណ៍នេះ លោកក៏បានអំពាវនាវ​ដល់តុលាការ ​ពិចារណា​ទម្លាក់បទចោទប្រកាន់ទៅលើលោក កឹម សុខា និង​ដោះលែង​​គាត់​ឱ្យមានសេរីភាពវិញ ដើម្បីចូលរួម​​ជួយ​ជាតិមាតុភូមិ​ ស្រប​ពេល​ដែល​កម្ពុជាបាននិង​​​កំពុង​​រងការ​ឈ្លាន​ពាន​​ទឹក​​ដី​ពីប្រទេស​ថៃ។

លោកថា៖ «ខ្ញុំតែងតែ​មានសេចក្តីសង្ឃឹមជានិច្ចថា តុលាការ​នឹង​ត្រូវតែដោះលែង និងទម្លាក់ចោលលើ​បទ​ចោទ​ទាំង​​អស់​ទៅលើ​លោក​ប្រធាន[កឹម សុខា] ដើម្បី​ឱ្យលោក​មានសេរីភាពឡើង​​វិញ ហើយ​​ជាពិសេសប្រទេស​ជាតិ​យើង​បច្ចុប្បន្ន គឺ​​​យើងមានការ​បៀតបៀន​​ពីសត្រូវឈ្លាន​​ពានរបស់យើង​ផង​ ហើយ​​​​​យើងត្រូវការ​​ឯកភាពផ្ទៃក្នុង​ជាតិរបស់យើង​ជា​ចាំ​បាច់​បំផុត ក្នុងការ​​ឈានទៅរក​​ដោះស្រាយ​បញ្ហារបស់​ជាតិធំៗរបស់​យើង»។​

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់​ខ្លួន​ទាំងក​ណ្តាល​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​លោក​ ហ៊ុន សែន ធ្លាប់​ទម្លាយ​ថា លោក​ជា​អ្នក​បញ្ជា ដោយ​ចោទ​ថា មេ​បក្សប្រឆាំង​រូប​នេះ គប់​​គិត​​ជាមួយ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ខណៈ​គណបក្ស​ប្រឆាំង​នេះ ហក់​ឡើង​ប្រជា​ប្រិយ​ភាព ទទួល​បាន​សន្លឹក​ឆ្នោត​គាំ ទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច​ដែរ។

ប្រមាណជា​៣ខែ​​ប​ន្ទាប់ គណបក្ស​​សង្គ្រោះជាតិ​របស់លោក ដែលទទួលបានសំឡេងឆ្នោត ប្រហាក់ប្រហែល​​បក្ស​កាន់​អំណាច​ដែរ​នោះ ត្រូវ​បាន​តុលាការ​​កំពូ​ល​​រំលាយ តាម​​បណ្តឹង​​របស់​​គណប​ក្ស​​ប្រជាជន​​កម្ពុជា ​ដែល​​ចោទ​​​ថា លោក​​​បាន​គប់​គិត​ជាមួយ​សហរដ្ឋ​អា​មេ​រិក ចង់​ផ្តួ​ល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ។

ក្រោយពី​តុលាការកំពូល​រំលាយ អាសនៈក្នុងសភា និងនៅឃុំសង្កាត់ ដែលមានសំឡេងឆ្នោត គាំទ្រជិតពាក់កណ្តាល​ប្រទេស ត្រូវ​បាន​រឹប​អូស​យក​ទៅ​ចែក​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឱ្យ។ ក្នុងនោះ​​​អាសនៈ​ស្ទើរ​តែ​ទាំង​អស់​របស់​គណបក្ស​​ប្រឆាំង​ធំ​ជាង​គេ​នេះ បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេ​ស​អាសនៈ​ក្នុង​សភា ។

ចាប់ពីពេលនោះមក ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ បាន​ក្លាយ​ជា​រដ្ឋាភិ​បាល​ឯកបក្ស អំណាច​ទាំង​អស់​ត្រូវ​បាន​លោក ហ៊ុន សែន ក្រសោប​យក​ទាំង​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា។

៦ឆ្នាំក្រោយ​មក ពោល​គឺនៅ​ថ្ងៃ​ទី៣ ខែ​មិនា ឆ្នាំ​២០២៣ តុលាកា​រ​ក្រុ​ង​ភ្នំពេញ បាន​ប្រកាស​សាលក្រ​ម​ផ្តន្ទា​ទោស​ លោក កឹម សុខា ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ ឱ្យ​ជាប់ទោស​២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុ​ង​ផ្ទះ​ដែល​ជា​ការ​បន្ត​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើ​នយោ​បាយ។

យ៉ាង​ណា ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​​ផ្តន្ទា​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា ច្រាន​ចោល​ទៅ​នឹង​សេចក្តី​សម្រេច​រប​ស់​តុលាការ​នេះ ដោយ​ចាត់​ទុក​សាល​ក្រម​ផ្តន្ទា​ទោស​នេះ​ថា ជា​ការ​រំខាន​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​ផ្តន្ទា​ទោស លោក កឹម សុខា មេដឹក​នាំ​នយោបាយ​កម្ពុជា​ ដែល​ទទួល​បាន​នូវ​ការ​គោរព។

សហរដ្ឋ​​អាមេរិក គូសបញ្ជាក់ពេលនោះថា ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ដោយ​ ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃប្រ​ព័ន្ធ​យុត្តិ​ធម៌។ ហើយ​ថា ការ​បដិសេធ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​នយោបា​យ​របស់ លោក កឹម សុខា និង​អ្នក​នយោ​បាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​ ធម្ម​នុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាព​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុ​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ។

សម្រាប់​អាមេរិក​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់ ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​​ជា​សាកលក្នុង​ការ​ប្រមូល​​​ផ្តុំ​​គ្នា​ដោ​យ​សន្តិ​វិធី និង​សេរីភា​ព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ចូល​រួម​កសាង​ប្រព័ន្ធ ប្រជាធិ​ប​តេយ្យ​ពិត​ប្រាកដ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ