ក្រោយ​មាន​ការ​តវ៉ា​មន្ត្រី​បំភ្លឺ​ថា​ការ​ផ្តល់​ផ្ទះជូ​ន​ជន​ភៀស​សឹក​ធ្វើ​ជា​ជំហានៗ

ក្រោយ​ពលរដ្ឋ​ភៀស​សឹក​ផ្ទុះ​ការ​តវ៉ា ​រដ្ឋ​​បា​លខេ​ត្ត​បន្ទាយ​មាន​ជ័យ​បាន​ចេញ​បំភ្លឺ​ថា ការ​ផ្តល់​ផ្ទះ​​​ឱ្យ​អ្នក​​រង​​គ្រោះ​​​​​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ ធ្វើ​​ឡើ​ង​​​ជា​ជំ​ហានៗ តាម​រយៈ​នៃ​ការ​ចាប់​ឆ្នោត​តាម​លំដាប់​លំដោយ រវាង​អ្នក​​​​​ចុះ​​ឈ្មោះ​​មុន​និង​អ្នក​ចុះ​ឈ្មោះ​ក្រោយ។

រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៦​ថា ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ថៃ​ហ៊ុំ​ព័ទ្ធ​លួស​បន្លា ដាក់​ទូកុង​តឺន័រ​យក​ដី​ធ្លី ផ្ទះ​សម្បែង ដែល​មិន​អាច​ចូល​ទៅ​រស់​នៅ​លើ​ទីតាំង​ដី​របស់​ខ្លួន​បាន រដ្ឋាភិ​បាល​តែង​តែ​គិត​គូរ និង​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​រស់​នៅ​និង​ជីវ​ភាព ពិសេស​​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ស្ថិត​នៅ​ឃុំ​អូរ​បីជាន់ ស្រុក​អូរ​ជ្រៅ និង​ភូមិ​សាមគ្គី ភូមិ​ត្រពាំង​សំរោង ​ភូមិ​ផ្លូវ​បំបែក និង​ភូមិ​បន្ទាយ​មាន​ឬទ្ធិ ស្ថិត​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ។

បើ​តាម​ប្រភព​នោះស្ថា​ប័ន​ពាក់​ព័ន្ធ កំពុង​រៀប​ចំ​ដីធ្លី​ជា​គម្រោង​របស់​សមាគម​អតីត​យុទ្ធ​ជន ដើម្បី​សាង​សង់​ ផ្ទះ​សម្រាប់​ផ្តល់​ជូន​នៅ​ភូមិ​ស្ល​ក្រាម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ លើ​ផ្ទៃ​ដី​ទំហំ​៤០០ ហិកតា និង​មាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​គ្រប់​គ្រាន់។ ហើយ​​ថា បច្ចុប្បន្ន ក្រុមការងារ កំពុងដំណើរការ សាងសង់​ផ្ទះ​បាន​មួយ​ចំនួន និង​ផ្តល់​ជូន ដើម្បី​​ចូ​ល​ទៅរ​ស់​នៅ​ជា​បណ្តោះ​អាសន្ន«ទៅ​តាម​ជំហានៗ តាម​រយៈ​នៃ​​ការ​ចាប់​ឆ្នោត​យក​លេខ​ក្បាល​ដីឡូត៍»។

ប្រភព​ដដែល បញ្ជាក់​ថា ថ្មីៗ​នេះ​ ក្រុម​ការ​ងារ​រៀប​ចំ​ដី​ឡូត៍​បាន​រៀប​ចំ​កម្ម​វិធី​ចាប់​ឆ្នោត​យក​ផ្ទះ និង​ដី​ឡូត៍​ជូន​ជន​ភៀស​សឹក ដើម្បី​ចូល​ទៅ​រស់​នៅ​បណ្តោះ​អាសន្ន ប៉ុន្តែ​នៅ​មាន​បង​ប្អូន​ជន​ភៀស​សឹក​មួយ​ចំនួន ដែល​បាន​ចុះ​ឈ្មោះ ក្រោយ​ជា​បន្ត​បន្ទាប់ ហើយ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ និង​ដី​ឡូត៍​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​អត់​ទទួល​បាន​ផ្ទះ និង​ដី​ឡូត៍។

ត្រង់​ចំនុច​នេះ រដ្ឋ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បញ្ជាក់​​ថា ការ​ដោះ​ស្រាយ​ជូន​នឹង​រៀប​ចំ​ស្រប​តាម​បែប​បទ​ និង​នីតិ​វិធី​ទៅ​តាម​លំដាប់​ដៃ​ការ​ចុះ​ឈ្មោះ​របស់​ជន​ភៀស​សឹក។

កាលពីថ្ងៃទី៦ខែ​មេសា ដើម​សប្តាហ៍​នេះ ពលរដ្ឋ​ភៀស​សឹក​ នៅ​​ភូមិ​​បន្ទាយ​មាន​ឫទ្ធិ ឃុំ​​គោក​រមៀត ស្រុក​​ថ្មពួក ខេត្ត​​បន្ទាយ​​មាន​ជ័យ ត្រូវ​បាន​គេ​អះ​អាង​ថា ប្រមាណ​ជា​១០០​នាក់ បា​នផ្ទុះ​កា​រតវ៉ា ដោយ​ចោទ​អាជ្ញាធរ​ថា ការ​បែង​ចែក​ផ្ទះ ស្នាក់​នៅ​បណ្តោះ​អាសន្ន​របស់​ស្ថាប័ន្ធ​ពាក់​ព័ន្ធ ធ្វើ​ឡើង​ខ្វះ​តម្លា​ភាព ប្រកាន់​បក្ខ​ពួក​ ខណៈ​ជន​ភៀស​សឹក​ខ្លះ​ចាប់​​លេខ​​បាន​ផ្ទះ​ចូល​ស្នាក់​នៅ​ជា​បន្ត​បន្ទាប់​រួច​ហើយ។

បញ្ហា​នេះ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ជំរុញ​រដ្ឋាភិ​បាល​ពិនិត្យ​ឡើង​វិញ ដើម្បី​បង្ហាញ​ត​ម្លា​ភាព​ដល់​ជន​ភៀស​សឹក កុំ​ឱ្យ​គេ​ជួប​វិបត្តិ​ផ្ទួនៗ ក្រោយ​រង​គ្រោះ​ពី​ថៃ​ឈ្លាន​ពាន ដែល​រដ្ឋាភិ​បា​ល​មិន​មាន​សម​ត្ថ​ភាព​​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

​បើតាម ​ក្រសួង​​មហា​ផ្ទៃ គិត​ត្រឹម​ថ្ងៃ​ទី៧ ខែ​មេសា នៅ​​មា​ន​​ពលរដ្ឋ​​ភៀស​​សឹក​​ជាង ៣​​ម៉ឺន (៣៤,៨៧០) នាក់ មិន​​ទាន់​​អាច​​ត្រឡប់​​​ទៅ​​កាន់​​ផ្ទះ​​របស់​​ខ្លួន​​វិញ ក្នុង​​នោះ​ ​ស្ត្រី​ជិត ២ម៉ឺន (១៩,១០៥)​នាក់ ​និង​​កុមារ​ជាង ១ម៉ឺន (១១,៥៨៥)​នាក់ ក្រោយ​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ