សិទ្ធិ​មនុស្ស​​​ឱ្យ​ដោះ​លែង​​សកម្ម​ជន​សង្គម​​ក្រោយ​​​តុលាការ​​​​​​​ដោះ​​លែង​អ្នក​រាយ​ការណ៍​ឧក្រិដ្ឋ​កម្ម​អន​ឡាញ

អ្នក​ធ្វើ​ការ​​ផ្នែក​សិទ្ធិ​​មនុស្ស សាទរ​ចំពោះ​​សាលា​​ឧទ្ធរណ៍​​បាត់​​ដំបង ​ដែល​​​សម្រេច​​​​ដោះ​លែង​​អ្នក​​សារ​​ព័ត៌​​មាន​​អ​ន​​​ឡាញ​ លោក​ ហែម វណ្ណា ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន និង​បានស្នើដល់តុលាការ​ពិចារណា​ទម្លាក់បទចោទទៅលើរូបគាត់ រួមនិង​​ការ​ដោះលែង​អ្នកសារព័ត៌មាន​ និងអ្នក​ជាប់ឃុំដោយសារ​ការ​​បញ្ចេញមតិ​ផ្សេង​ទៀត​​ ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញពីការ​រិះគន់​។

លោក ហែម វណ្ណា មានតួនាទីជាចាងហ្វាងកាសែត HVNN ត្រូវបានតុលាកាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេច​ឃុំបណ្តោះខ្លួនជាអាសន្ននៅពន្ធនាគារ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយជាប់​ចោទ​​​ពី​បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ «ស្តាប់​ឫ​ថត​ពាក្យ​​សម្ងាត់​ឯក​ជន» បន្ទាប់ពីលោកចុះផ្សាយព័ត៌មានពាក់ព័ន្ធ​ថា “ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេង​ទៀត ដែលគេដឹងថា ជាអ្នក​បម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់ ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។ ករណី​​នេះ ត្រូវ​បាន​គេស​ង្ស័យ​ថា​អា​ច​ជា​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scammer)” ។

អនុប្រធានសមាគមការ​ពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ឱ្យ​ដឹង​នៅថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៦នេះថា លោក ហែម វណ្ណា ត្រូវ​បានតុលាការ​សម្រេច​ដោះលែង​​​​​​ឱ្យ​​​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ហើយ នៅថ្ងៃទី​០៨ ខែមេសា ក្រោយ​មេធាវីរបស់គាត់​ដាក់​ពាក្យស្នើសុំនៅក្រៅ​ឃុំជាថ្មីទៀត នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកបង្ហាញការ​សាទរចំពោះការ​ដោះលែង លោក ហេង វណ្ណា ឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន​​នេះ ដើម្បីបានជួបជុំគ្រួសារ​ក្នុង​ឱកា​សបុណ្យចូល​ឆ្នាំ​នេះ។ យ៉ាងណា លោក​នៅ​តែ​ចង់​ឃើញ​តុលាការ​​ទម្លាក់​បទចោទ​ទៅ​លើអ្នកសារព័ត៌​មាន​​រូប​​នេះ និងដោះលែង​​​អ្នកសារព័ត៌មាន​ផ្សេង​ទៀត រួម​ទាំង​អ្នកជាប់ឃុំដោយ​សារ​​ការ​​បញ្ចេញ​មតិ​ និងសកម្មជនការ​​ពារ​​សិទ្ធិ​​មនុស្ស ដើម្បីបង្ហាញពីឆន្ទៈបង្រួបបង្រួបជាតិ និង​ស្តារមុខ​មាត់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោកថា៖ «​ហើយ​យើងក៏ចង់ឃើញថាបទល្មើសរបស់គាត់​ ត្រូវ​បានលើក​លែង​ការ​ចោទ​ប្រកាន់​​ទៅលើ​អ្នក​សារព័ត៌​មាន​​នេះ មិនត្រឹម​តែ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ទេ។ ជាមួយគ្នានេះ​ដែរ យើងក៏ចង់ឱ្យមានការ​អនុវត្ត​ទៅលើ​អ្នកសារព័ត៌មាន​ ទៅលើ​អ្នកបញ្ចេញ​មតិ​ទោះ​ឋិត​នៅ​ក្នុង​ទម្រង់​ណា​ក៏ដោយ​ ចង់ឱ្យ​​មានការ​ដោះលែង​ពួកគាត់​​ឱ្យមាន​សេរីភាព​ឡើងវិញ ទោះបីជានៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ក្តី​ ទោះបីជាមិន​ទាន់​ទម្លាក់​បទ​ចោទក្តី ព្រោះ​នៅ​​ពេល​ខាង​មុខ​នេះ​ជារដូវ​ជួប​ជុំ​បង​ប្អូន​ យើង​ចង់​ឱ្យមាន​ការ​​ដោះលែង​ទាំង​អស់»។

លោក យិន ម៉េងលី ក៏បាន​សំណូមពរដល់រដ្ឋាភិបាល លើកតម្កើង​ច្បាប់ស្តីពីររបប​សារព័ត៌​មាន​​ឆ្នាំ​១៩៩៥ និង​បើក​លំហ​​សេរី​ភាព​​ជាមូលដ្ឋាន ជាពិសេស​សេរីភាព​បញ្ចេញ​មតិ​ ដើម្បី​​ស្តារ​មុខ​មាត់​កម្ពុជា​ឡើងវិញ ក្នុង​សង្គម​ប្រជាធិប​​តេយ្យ។ មួយ​ទៀត លោកក៏ស្នើរដ្ឋាភិបាល ជាពិសេស​ក្រសួង​យុត្តិធម៌ ពិនិត្យឡើង​វិញ​ទៅលើ​​​ក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និង៤៩៥ ​ពាក់ព័ន្ធ​នឹង​បទញុះញង់ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់សេរីភាពបញ្ចេញ​មតិ​របស់ពលរដ្ឋ។​

ស្របពេលគ្នានេះដែរ អង្គការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ តាមរយៈទំព័រហ្វេស​ប៊ុក​របស់​ខ្លួន ក៏បាន​​អំពាវ​នាវឱ្យ​មានការ​ដោះលែង​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស និងបរិស្ថាន ចំនួន ៧នាក់​ផងដែរ ខណៈដែល​ប្រជាពលរដ្ឋ​​ខ្មែរ​​ទាំ​ង​ក្នុង​ និងក្រៅ​ប្រទេស កំពុង​តែ​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

អ្នកទាំង៧រូប​​ដែល​លីកាដូស្នើសុំឱ្យដោះលែង​នោះ​​​ រួ​មមាន លោក កើត សារ៉ាយ និង លោក ធី ថន ប្រធាន និង​អនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និង​សកម្មជន​នៃ​​ចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង លោក យីម លាងហ៊ី ។

អ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថាន​ទាំង ៧​រូប​ ត្រូ​វ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ ដោយ​សារ​ភាព​សកម្ម​និយម​របស់​ពួក​គេ ទៅ​លើកិ​ច្ច​ការ​ងារ​សិទិ្ធ​មនុស្ស បរិស្ថាន និង​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​ប្រទេស។

លីកា​ដូបានបញ្ជាក់ក្នុងសំណេរ​ដើមថា៖ «យើង​ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ទាំង​ ៧ រូប ដោយ​ឥត​លក្ខ​ខណ្ឌ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខាង​មុខ​នេះ និង​បន្ត​ភាព​​សកម្ម​​និយម​ក្នុង​កិច្ច​ការ​ពារ​សិទ្ធិ​មនុស្ស បរិស្ថាន ធន​ធាន​ធម្ម​ជាតិ ដីធ្លី វិញ»

វីអូឌី មិនអាចសុំការ​ឆ្លើយ​តបបាន​ទេពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ។

បើតាម​ការ​ចងក្រង​ដោយ​​លីកាដូ គិត​មកដល់ពេលនេះ​​ មានសកម្មជន​សិទ្ធិមនុស្ស​ បរិស្ថាន អ្នកនយោ​បាយ អ្នក​​សារព័ត៌​មាន​ និង​ពលរដ្ឋចំនួន ៩៨នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​ ដោយ​​សារ​​​កា​រ​ប្រើប្រាស់​សិទ្ធិ​ ​និង​ភាព​សកម្មរបស់​ពួកគេ​ក្នុង​រឿងសង្គម និងបញ្ហាព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ