មេធាវី​ស្នើ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​​ដោះ​លែង​​លោក កឹម សុខា ដោយ​​ថា ការ​​​ចោទ​សម្អាង​លើ​ភស្តុ​តាង​​ក្លែង​

មេធាវី​ការ​​ពារ​សិទ្ធិ​​​ឱ្យ​​លោក កឹម សុខា ស្នើ​​សាលាឧទ្ធរណ៍​ដោះលែង​កូនក្តី​ឱ្យ​មានសេរីភាព​វិញ ដោយ​លើក​ហេតុ​ផល​​ថា ការ​ចោទរបស់​តុលាការ​ថ្នាក់​ទាប សម្អាងលើភស្តុតាង​ក្លែង។

សាលាឧទ្ធរណ៍ភ្នំពេញ បានចាប់ផ្តើម​បើក​សវនាការ​លើបណ្តឹង​សារទុក្ខ​របស់ ​លោក កឹម សុខា​ ជាថ្មី នៅ​ថ្ងៃទី​០៨ ខែ​មេសា ​ម្សិលមិញ និងបានបន្ត​នៅថ្ងៃទី​០៩​ ខែ​មេសា​នេះ ចាប់តាំងពីបានលើកពេល​លើក​ដំបូង​ កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០២៤ និង​ការ​លើក​ពេលជាបន្ត​បន្ទាប់​។

សម្រាប់សវនាការ​លើ​កា​រសន្និដ្ឋាន​នា​ថ្ងៃទី​០៩ ខែមេសានេះ សហមេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា គឺ​លោក អាង ឧត្តម បានឱ្យ​ដឹង​នៅមុខ​សាលាឧទ្ធរណ៍ភ្នំពេញ​​នា​ពេលសម្រាក​ថ្ងៃត្រង់​ថា ក្នុង​ការ​ធ្វើសន្និដ្ឋាន​របស់​សហ​មេធាវី ​លោក កឹម សុខា គឺ​បានសង្កត់​ធ្ងន់​ពី​​លិខិត​របស់​ប្រធានា​ធិបតី​​សហរដ្ឋ​អាមេរិក ដែលបដិសេធ​​ថា អាមេរិកមិនជាប់​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា នោះទេ ដូច្នេះសហមេធាវី​​ច្រាលចោលសាលក្រម​​របស់​​សាលា​ដំបូង ដែលចោទ លោក កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬ​ត្រូវ​រ៉ូវជាមួយបរទេស​​ចង់ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា ជា​រឿង​មិន​ត្រឹម​ត្រូវ​។

ការណ៍នេះ លោកមេធាវី​បានស្នើទៅ​ក្រុមប្រឹក្សាជំនុំជម្រះនៃសាលា​ឧទ្ធរណ៍ភ្នំពេញ ពិចារណា​ទម្លាក់​បទចោទ និង​​ដោះលែង​លោក កឹម សុខា ឱ្យមានសេរីភាព​វិញ។

លោកមេធាវី អាង ឧត្តម​ ថ្លែង​​ថា៖ «សង្ឃឹមថា​ តុលាការ​នឹង​ផ្តល់យុត្តិធម៌​ឱ្យ​ឯកឧត្តម​ កឹម សុខា ព្រោះ​តាម​ទឡ្ហីករ តាម​ភស្តុតាង តាម​​ច្បាប់ យើង​លើក​​ប្រឆាំងនឹង​ការ​កាត់ទោស​នៅសាលា​ដំបូង វា​អត់​ត្រឹម​ត្រូវ​ វាខុស​ ខុស​ច្បាប់ ខុស​នីតិវិធី​ ខុស​បែប​បទ​ទ្រង់ទ្រាយ​​គ្រប់បែបយ៉ាង ខ្ញុំថា តុលាការ​​នឹង​ទទួលយកការ​តតាំង​របស់​យើងនៅសាលាឧទ្ធរណ៍ ហើយ​សម្រេច​ក្តី​ដោយ​យុត្តិ​ធម៌​​ជូន​​ឯកឧត្តម​ កឹម សុខា»។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់​ខ្លួន​ទាំងក​ណ្តាល​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​លោក​ ហ៊ុន សែន ធ្លាប់​ទម្លាយ​ថា លោក​ជា​អ្នក​បញ្ជា ដោយ​ចោទ​ថា មេ​បក្សប្រឆាំង​រូប​នេះ គប់​​​គិត​​​ជាមួយ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ខណៈ​គណបក្ស​ប្រឆាំង​នេះ ហក់​ឡើង​ប្រជា​ប្រិយ​ភាព ទទួល​បាន​សន្លឹក​ឆ្នោត​គាំ ទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច​ដែរ។

៦ឆ្នាំក្រោយ​មក ពោល​គឺនៅ​ថ្ងៃ​ទី៣ ខែ​មិនា ឆ្នាំ​២០២៣ តុលាកា​រ​ក្រុ​ង​ភ្នំពេញ បាន​ប្រកាស​សាលក្រ​ម​ផ្តន្ទា​ទោស​ លោក កឹម សុខា ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ ឱ្យ​ជាប់ទោស​២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុ​ង​ផ្ទះ​ដែល​ជា​ការ​បន្ត​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើ​នយោ​បាយ។

យ៉ាង​ណា ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​​ផ្តន្ទា​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា ច្រាន​ចោល​ទៅ​នឹង​សេចក្តី​សម្រេច​រប​ស់​តុលាការ​នេះ ដោយ​ចាត់​ទុក​សាល​ក្រម​ផ្តន្ទា​ទោស​នេះ​ថា ជា​ការ​រំខាន​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​ផ្តន្ទា​ទោស លោក កឹម សុខា មេដឹក​នាំ​នយោបាយ​កម្ពុជា​ ដែល​ទទួល​បាន​នូវ​ការ​គោរព។

សហរដ្ឋ​​អាមេរិក គូសបញ្ជាក់ពេលនោះថា ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង លោក កឹម សុខា ដោយ​ ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃប្រ​ព័ន្ធ​យុត្តិ​ធម៌។ ហើយ​ថា ការ​បដិសេធ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​នយោបា​យ​របស់ លោក កឹម សុខា និង​អ្នក​នយោ​បាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​ ធម្ម​នុញ្ញ​កម្ពុជា បំណង​អន្តរ​ជាតិ និង​វឌ្ឍន​ភាព​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុ​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ។

សម្រាប់​អាមេរិក​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ទាំង​អស់ ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​​ជា​សាកលក្នុង​ការ​ប្រមូល​​​​ផ្តុំ​​គ្នា​ដោ​យ​សន្តិ​វិធី និង​សេរីភា​ព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ចូល​រួម​កសាង​ប្រព័ន្ធ ប្រជាធិ​ប​តេយ្យ​ពិត​ប្រាកដ​មួយ។

មន្ត្រី​អង្កេត​ជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខ​សាន្ត ដែល​បាន​​​​តាម​ដាន​សវនាការ​​នេះ បានឱ្យ​ដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​​ដែរ​​ថា ​ក្រៅពី​ការ​លើកឡើង​​ពីលិខិត​​របស់​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិកនោះ ការ​សន្និដ្ឋាន​របស់​​មេធាវី​លោក​ កឹម សុខា​ ក៏​បាន​បដិ​សេធ​​សាល​ក្រម​របស់​សាលា​ដំបូង​​រាជធានីភ្នំពេញ ដោយចាត់​ទុក​​សាលក្រម​នោះថា​ភាគច្រើន​ជា​ភស្តុតាង​​ក្លែង ដូច​ជា ការ​លើក​ពី​រឿង​​បាតុកម្ម​​ជាច្រើន​​របស់សង្គមស៊ីវិល យុវជន និង​មហា​ជន​ យក​មក​បូករួម​ជាមួយ​​​​នឹង​បាតុកម្ម​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ​​​​ដែល​ធ្វើ​តែ​រឿ​ងទាមទារ​រាប់សន្លឹក​​​ឆ្នោត​ឡើងវិញ នៅទីលាន​ប្រជាធិបតេយ្យ​។ ហើយការ​​​លើកឡើង​ពីភស្តុតាងនៃកា​រថ្លែង​របស់​លោក កឹម សុខា នៅ​​អូស្ត្រាលីនោះ ដែលមានជាវីដេអូកាត់​ខ្លីត្រឹម​២នាទីនោះ ក៏សហមេធាវី​យល់​ថាជាភស្តុតាង​មិន​គ្រប់គ្រាន់ ដោយ​សារ​តែមិនមែនជាវីដេអូពេញ ដូច្នេះសហមេធាវី បានស្នើសុំសាលាឧទ្ធរណ៍បដិសេធ​សាលក្រមរបស់សាលាដំបូង​ទាំង​ស្រុង។

យ៉ាងណា ក្នុងនាមជាសង្គមស៊ីវិល លោក យី សុខសាន្ត ​សង្ឃឹមថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់អតីត​មេដឹកនាំ​បក្ស​​នយោ​បាយ​​មួយ​រូបនេះ ដើម្បី​បង្ហាញពីការ​រួបរួម​ជាតិ។

លោកថា៖ «យើងសង្ឃឹមថា​ តុលាការ​គួរនឹង​ផ្តល់​យុត្តិធម៌​ឱ្យ​គណបក្ស​នយោបាយ​ ពីព្រោះអី​គណបក្ស​នយោបាយ ក៏​ដូ​ច​​ជា​​តាំង​ពី​ដើម​មក ដែលគាត់​ធ្វើការ​ងារ​​​​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស រហូត​ដល់​គណបក្សនយោបាយ គណបក្ស​សិទ្ធិ​​មនុស្ស​ រហូតមក​ដល់​សង្គ្រោះ​ជាតិ​​​ គឺ​​សុទ្ធ​តែ​​ជា​​ការ​ដែល​គាត់ធ្វើអនុវត្ត​ទៅតាម​ច្បាប់់​​ មានចុះបញ្ជីត្រឹម​ត្រូវ មិន​មាន​​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ទេ ហើយ​យើង​ចង់ឃើញ ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​ យើង​ចង់​ឃើញ​​​ភាគី​ខ្មែរ​ទាំង​អស់​​ហ្នឹង​រួបរួម​គ្នា​ ដើម្បីជាតិ​សាសន៍​និយម​មួយ​ ដើម្បី​​ជួយ​កសាង​​ប្រទេស​​ជាតិ»។​

ទីប្រឹក្សា​​គណបក្ស​​កម្លាំង​ជាតិ លោក រ៉ុង ឈុន កត់សម្គាល់ឃើញថា​ ​ប្រព័ន្ធច្បាប់​នៅកម្ពុជា បើ​អ្នក​នយោបា​យ សកម្ម​​ជន​​នយោបាយ និ​ង​សកម្មជនផ្សេង​ៗ ដែល​រង​ការ​ចោទប្រកាន់ ​គឺពួ​ក​គេ​​​ពិបាក​​នឹង​​ទទួល​បាន​យុត្តិ​ធម៌ណាស់​​ ហើយ​ជារឿយ​ៗអ្នកដែលទទួលបានសេរីភាព​ លុះត្រា​តែពួកគេ​សារ​ភាព និង​​សុំ​ចុះ​ចូល​ជាមួយគណបក្ស​កាន់អំណាច។ សម្រាប់ករណី លោក កឹម សុខា នេះ ​​លោកថា បើសិនជាមានការ​ចង្អុលបង្ហាញណាមួយ​​ ឬមានដំណោះស្រាយ​ផ្នែក​នយោបាយ​​ នោះ​លោក កឹម សុខា អាច​នឹង​ទទួលបានសេរីភាពក្នុ​ង​កម្រិត​ណាមួយ​។

យ៉ាងណា ក្នុ​ងកាលៈទេសៈ​ដែល​ប្រទេស​កំពុង​រង​កា​រឈ្លានពានទឹកដី​​​ពីប្រទេស​ថៃ លោកចង់​ឃើញ​​អ្នកនយោបាយ​​ស្រុះស្រួល​គ្នា និង​​រក​យុទ្ធ​សាស្ត្រ​ក្នុងការ​ការ​ពារ​ទឹកដី តាមរយៈ​ការ​ទម្លាក់​បទចោទ​ និងដោះលែង ​លោក កឹម សុខា និង​អ្នកជាប់ឃុំមនសិការ​ទាំង​អស់ ឱ្យដូច​ទៅនឹង​សារ​របស់​ថ្នាក់ដឹកនាំបក្សកាន់អំណាច ​និង​នាយករដ្ឋមន្ត្រី ដែលចង់ឱ្យ​មានការ​រួបរួមសាមគ្គី​​ជាតិ​។

លោកបន្តថា៖ «ខ្ញុំចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់ អង្គុយ​តុ​ជជែកគ្នា​រក​យុទ្ធសាស្រ្តក្នុងការ​ការ​ពារ​នូវ​ដែន​​​​​​អធិប​​តេយ្យ​[…]ចឹង​យើងចង់ឃើញអ្នកនយោបាយដែលនិរទេស​​នៅក្រៅ ក៏ដូចជា​នៅក្នុង​ស្រុក​​ ជាពិសេស​​​ករណី​លោក កឹម សុខា ក្តី​គឺត្រូវ​ទទួលបានសេរីភាព ដើម្បី​ថា​ ខ្មែរ​សាមគ្គីភាពគ្នា​ ខ្មែរ​ឯកភាពគ្នា ពេល​ហ្នឹង ខ្មែរ​យើងខ្លាំង ហើយ​បើ​សិន​ថា​យើ​ង​នៅតែ​ឃើញ​រូប​ភាព​​ផាត់សំឡេង​ប្រឆាំង នៅតែបន្ត​ការ​ចាប់បន្តបន្ទាប់[…]អត់មានអ្វីដែល​ចំណេញ​ដល់​ជាតិ​ទេ មានតែ​ខាត ហើយ​ឃើញ​ជាតិ​នៅតែ​បន្ត​​បែកបាក់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ