វិធានការចាប់ឃុំខ្លួនសកម្មជនបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់ ជាថ្មីទៀត ថ្មីៗនេះ និងការចាប់ឃុំខ្លួនពលរដ្ឋជាបន្តបន្ទាប់ពាក់ព័ន្ធការនិយាយពីបញ្ហាព្រំដែន ត្រូវបានគេមើលឃើញថា ជាសញ្ញាភ័យខ្លាចរបស់មេដឹកនាំ ដែលនឹងបំផ្លាញសន្តិភាពសង្គម និងភាពស្របច្បាប់នៃអំណាចរដ្ឋ បើមិនមានអ្វីកែលម្អ ។
ក្តីបារម្ភនេះ ចំពេលវិបត្តិសង្គមជាច្រើនកំពុងចាស់ស្រេះ ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនដោះស្រាយបាន ដូចជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បាត់បង់ដីធ្លី និងផ្ទះសម្បែង ដោយសារការឈ្លានពានរបស់ថៃ ដីខ្មែរតាមព្រំដែនជាង៥០ទីតាំងត្រូវថៃវាយដណ្តើមគ្រប់គ្រងរហូតបច្ចុប្បន្ន វិបត្តិជនរងគ្រោះពីអំពើឆបោករបស់ក្រុមឧកញ៉ាខិលខូច និងវិបត្តិនយោបាយជាដើម។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី និយាយនៅថ្ងៃទី៩ខែមេសានេះថា វិធានចាប់ឃុំខ្លួនអ្នករិះគន់នេះ ជាសញ្ញានៃការចុះខ្សោយនៃប្រព័ន្ធយុត្តិធម៌ បម្រើឱ្យមហិច្ឆតានយោបាយរបស់លោក ហ៊ុន ម៉ាណែត។
លោកគូសបញ្ជាក់ថា វិធាននេះ មិនបានទាញប្រយោជន៍សម្រាប់ជាតិទេ តែផ្ទុយទៅវិញ វាបំផ្លាញទំនុកចិត្តរបស់មហាជនលើប្រព័ន្ធយុត្តិធម៌ ដែលនាំទៅរកការបំផ្លាញសង្គមជាតិទាំងមូល។
ក្នុងន័យនេះ លោកពន្យល់ថា ភាពស្របច្បាប់នៃអំណាចប្រកបដោយកិត្តិយស ហើយមានពលរដ្ឋគាំទ្រនោះ គឺការបើកលំហសេរីភាព ការពារប្រព័ន្ធសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍បំបិទសំឡេងអ្នកប្រជាធិបតេយ្យ និងត្រូវគោរពតាមគោលការណ៍រដ្ឋធម្មនុញ្ញឱ្យបានខ្ជាប់ខ្ជួន។ ការបង្ក្រាបសំឡេងរិះគន់តាមរយៈវិធីសាស្ត្រក្រៅច្បាប់បែបនេះ គឺជាដំបៅមហារីកដែលបំផ្លាញសន្តិភាពសង្គម និងភាពស្របច្បាប់នៃអំណាចរដ្ឋ។ ខ្ញុំគិតថា យុត្តិធម៌ពិតប្រាកដមិនអាចកើតចេញពីការប្រើប្រាស់ខ្នោះដៃ និងការរំលោភច្បាប់ដើម្បីការពារអំណាចនោះទេ ប៉ុន្តែវាទាមទារឱ្យមានការបើកលំហសេរីភាព និងការគោរពសិទ្ធិមនុស្សជាចម្បង»។
បន្ថែមពីនេះ លោកថា ការចាប់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នរបស់គណបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់ ជាលើកទី២ ទាំងបំពាន និងដោយគ្មានដីកាបង្គាប់ពីតុលាការ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាការដើរបញ្ច្រាសទាំងស្រុងនៃស្មារតីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
ដាច់ដោយឡែកពីនេះ រដ្ឋអំណាច ក៏បានចាប់ខ្លួនកសិករម្នាក់បន្ថែមទៀត នាពេលថ្មីៗនេះ ក្រោយពីរិះគន់រដ្ឋាភិបាល ពីអសមត្ថភាពការពារទឹកដី ប្រឆាំងនឹងបរទេសឈ្លានពាន។
សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ទាំងសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន កំពុងត្រូវបានរិតត្បិតយ៉ាងខ្លាំង ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់។ លោកថា រដ្ឋាភិបាលអាចយល់ថា ការបញ្ចេញមតិរបស់ពលរដ្ឋកំពុងប៉ះចំណុចរសើប នឹងធ្វើឱ្យប្រជាប្រិយភាពនៃការដឹកនាំរបស់គណបក្សកាន់អំណាចធ្លាក់ចុះ ខណៈការបង្រួបបង្រួមជាតិ មិនអាចទៅរួចថែមទៀត។
លោកថា៖ «បើយើងនិយាយពីស្មារតីរួបរួមជាតិ វារួបរួមមិនបានទេ បើយើងអ្នកនិយាយ អ្នកថា ពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ ត្រូវបានចាប់ឃុំឃាំងហើយ ចំណុចហ្នឹងវាអត់ឆ្លើយទៅនឹងការចង់បានពីមតិអន្តរជាតិ ឬក៏ដៃគូប្រទេសជាមិត្តរបស់កម្ពុជាដែលតែងតែជ្រោមជ្រែង ជំរុញឱ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដអញ្ចឹងណា។ យើងមានតែនៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែការអនុវត្តជាក់ស្តែង យើងនៅក្នុងកម្រិតមួយទៀត»។
ភរិយាលោក ខឿន វីរ៉ាត់ អ្នកស្រី ថាច់ ចន្ធូ ប្រាប់វីអូឌីនៅថ្ងៃទី៨ ខែមេសា ថា ការចាប់ខ្លួនលោក ខឿន វីរ៉ាត់ ពុំមានដីកាត្រឹមត្រូវនោះទេ ខណៈអ្នកស្រីអះអាងថា ស្វាមីខ្លួនពុំបានធ្វើអ្វីខុសឡើយ។ ហើយថា ការចាប់ខ្លួនលើកទី២នេះ បន្ទាប់ពីអ្នកស្រី និងប្ដីទើបត្រឡប់ពីព្យាបាលជំងឺនៅប្រទេសវៀតណាម។
ទន្ទឹមនឹងនេះ គណបក្សកម្លាំងជាតិហៅការចាប់ខ្លួន លោក ខឿន វីរ៉ាត់ គឺជាការគំរាមកំហែងផ្នែកនយោបាយ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត ព្រមទាំងផ្ទុយពីការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត ដែលចង់ឱ្យមានការរួបរួមសាមគ្គី ឯកភាពជាតិខ្មែរ ដើម្បីទប់ទល់នឹងការឈ្លានពានពីប្រទេសជិតខាង។
គណបក្សកម្លាំងជាតិ ក៏អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងមន្ត្រីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិ។
តែផ្ទុយពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានច្រានចោលការចោទប្រកាន់នេះ។ លោកថា ការវិនិច្ឆ័យយ៉ាងណានោះ គឺជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែអ្នកដែលអាចសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មិនពាក់់ព័ន្ធនឹងគណបក្សកាន់អំណាចទេ។
លោកថា៖ «ដូច្នេះ រឿងតុលាការធ្វើយ៉ាងណា ជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាច មិនពាក់ព័ន្ធទេ។ អាហ្នឹងយើងត្រូវផ្តល់សិទ្ធិឱ្យតុលាការក្នុងការធ្វើកិច្ចការងារ តើតុលាការមានភស្តុតាងអំណះអំណាងអី? អាហ្នឹងដែលយើងជាប្រទេសនីតិរដ្ឋ យើងតតាំងគ្នាតាមផ្លូវច្បាប់»។
យ៉ាងណាជុំវិញភាពចម្រូងចម្រាសនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) កាលពីថ្ងៃទី៧ ខែមេសា បាននិយាយថា លោក សំ សុភាង ពលរដ្ឋរស់នៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចាប់ខ្លួនដល់លំនៅឋាន តាមបញ្ជារបស់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយចោទពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ប្រហាក់ប្រហែលនេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ឃើញថា វិធានការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងនយោបាយ ក្នុងកាលៈទេសៈដែលប្រព័ន្ធយុត្តិធម៌ត្រូវគេមើលឃើញថា មិនមែនជាស្ថាប័នឯករាជ្យនោះ ជាក្តីបារម្ភពីហានិភ័យជាតិ ខណៈថៃមិនទាន់បញ្ឈប់ការឈ្លានពាន។
លោកជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបើកលំហប្រជាធិបតេយ្យ ព្រមទាំងពន្យល់ពលរដ្ឋអំពីបញ្ហាជាតិសំខាន់ៗ ដើម្បីឱ្យខ្មែរទាំងអស់អាចអង្គុយទល់មុខគ្នា ឈានទៅដោះស្រាយរាល់បញ្ហាដែលជាតិកំពុងជួបប្រទះ។
លោកាថា៖ «ជាដំណោះស្រាយ ខ្ញុំគិតថារដ្ឋាភិបាលគួរតែមានការពន្យល់ ការបង្ហាញណែនាំជាកត្តាសំខាន់។ រដ្ឋាភិបាលគួរតែជ្រើសរើសរកវិធីសាស្ត្រណាដើម្បីធ្វើឱ្យខ្មែរ និងខ្មែរកុំឱ្យមានការឈឺចាប់ រកវិធីណាឱ្យខ្មែរយល់អំពីបញ្ហាការដោះស្រាយរបស់រដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗ។ វិធីសាស្ត្រនេះនឹងមានប្រសិទ្ធភាព ធ្វើឱ្យខ្មែរកាន់តែខ្លាំង មានភាពសាមគ្គីលើបញ្ហាដោះស្រាយបញ្ហាជាតិ ជាពិសេសគឺពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយថៃតែម្តង»។
របាយការណ៍របស់អង្គការលីកាដូ (Licadho) បង្ហាញថា មានពលរដ្ឋជាង ២០នាក់ កំពុងជាប់ឃុំដោយសារការបញ្ចេញមតិទាក់ទងនឹងបញ្ហាព្រំដែនខ្មែរថៃ ខណៈរដ្ឋាភិបាលតែងចោទពីបទញុះញង់ ដែលបទចោទដ៏ពេញនិយមជាទីបំផុត។
ក្នុងសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្លាំងបំផុតក្នុងពិភពលោក និងអាក្រក់បំផុតមួយក្នុងតំបន់អាស៊ាន ដែលជាលទ្ធផលដោយផ្ទាល់នៃកង្វះឆន្ទៈ ក្នុងការដុសក្អែលមន្ត្រីជាន់ខ្ពស់ ដែលមានខ្នងក្រាស់។
ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញភស្តុតាងដែលថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានបាត់បង់ឯករាជ្យភាពទាំងស្រុង ហើយត្រូវបានជំនួសមកវិញ ដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់។ ស្ថានភាពនេះ បង្កើតនូវបរិយាកាសអវិជ្ជមាន សម្រាប់វិស័យសេដ្ឋកិច្ច ព្រោះអ្នកវិនិយោគ ដែលមានគុណភាពតែងតែផ្តល់អាទិភាព លើប្រទេសដែលមានប្រព័ន្ធច្បាប់ច្បាស់លាស់។
ទន្ទឹមនឹងនេះ របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០២៦ របស់អង្គការ Freedom House ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព ដែលឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិនយោបាយ និងសេរីភាពស៊ីវិលយ៉ាងធ្ងន់ធ្ងរ ក្រោមលេសនៃការរក្សាសន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់បក្ខពួកនិយម៕









