អេស្ប៉ាញ​ថា​ខ្លួន​នឹង​មិន​ទះ​ដៃ​សាទរ​លោក ត្រាំ ដែល​ដុត​បញ្ឆេះ​​ពិភព​​លោក​​ឡើយ

នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក Pedro Sánchez កាល​ពី​ថ្ងៃទី​៨ខែ​មេសា បាន​ចូល​រួម​ជាមួយ​បណ្តា​មេដឹក​នាំ​ពិភព​លោក​​ក្នុង​ការ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​ឈប់​បាញ់​គ្នា​រវាង​សហរដ្ឋ​អាមេ​រិក និង​អ៊ីរ៉ង់ ប៉ុន្តែ​លោក​បាន​ប្រើ​សម្តី​ឌឺ​ដង​មិន​ចំ​ឈ្មោះ​ទៅ​កាន់​រដ្ឋ​បាល​លោក Trump ចំពោះ​ការ​បង្ក​ឱ្យ​មាន​ជម្លោះ​តាំង​ពី​ដំបូង​មក។

លោក Sánchez បានបង្ហោះសារនៅលើបណ្តាញសង្គមតាមរយៈការបកប្រែថា៖ «ការ​ឈប់​បាញ់​គ្នា​ជា​រឿង​ល្អជា​និច្ច ជាពិសេស​​ប្រសិន​បើ​វា​ដឹក​នាំ​ទៅ​រក​សន្តិភាព​ដ៏​យុត្តិ​ធម៌ និង​យូរ​អង្វែង។ ប៉ុន្តែ​ការ​ធូរ​ស្រាល​មួយ​គ្រានេះ​ មិន​អាច​ធ្វើ​ឱ្យ​យើង​ភ្លេច​នូវ​ភាព​វឹក​វរ ការ​បំផ្លិច​បំផ្លាញ និង​ការ​បាត់​បង់​ជីវិត​មនុស្ស​នោះ​ទេ»។

លោកបានបន្តថា៖ «រដ្ឋាភិបាលអេស្ប៉ាញ នឹងមិនទះដៃអបអរដល់អ្នកដែលដុត​បញ្ឆេះ​ពិភព​លោក គ្រាន់​តែ​ដោយ​សារ​តែ​ពួក​គេ​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ធុង​ទឹក​នោះ​ឡើយ»

លោក Sánchez ដែលបានក្លាយជាអ្នករិះគន់ឈានមុខគេមួយរូបនៅក្នុងសហភាពអឺរ៉ុប ប្រឆាំងនឹងការវាយ​ប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានអំពាវនាវឱ្យមាន «ការប្រើប្រាស់ការទូត ច្បាប់អន្តរជាតិ និងសន្តិភាព» ជាចម្បង។

មតិយោបល់របស់លោកបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា លោក​បានយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់រយៈពេលពីរលើក ដែលបង្កឱ្យ​មាន​​​ការ​ងើប​ឡើង​វិញ​នៃទីផ្សារទ្រព្យសកម្មហានិភ័យ។

មុននេះ លោក Trump បានគំរាមថា «អារ្យធម៌ទាំងមូលនឹងត្រូវរលាយសាបសូន្យនៅយប់នេះ ហើយមិនអាច​វិល​ត្រឡប់​​មក​វិញ​បាន​ឡើយ» ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងត្រឹមថ្ងៃអង្គារ​ដែលជាឱសាន​វាទ​របស់​លោក។

មន្ត្រីអ៊ីរ៉ង់បាននិយាយថា បទឈប់បាញ់បណ្តោះអាសន្ននេះមានន័យថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហម៉ូស (Hormuz) ដែល​មានសារៈសំខាន់ខ្លាំងខាងយុទ្ធសាស្ត្រនឹង «អាចទៅរួច» ដោយផ្អែកលើការសម្របសម្រួល​ជា​មួយ​កង​កម្លាំងប្រដាប់​អាវុធរបស់ខ្លួន និង «កម្រិតបច្ចេកទេស» ដែលជាលក្ខខណ្ឌអាចឱ្យទីក្រុងតេហេរ៉ង់មានឱកាសកំណត់ការអនុវត្តតាមលក្ខខណ្ឌផ្ទាល់ខ្លួន។

មេដឹកនាំពិភពលោកបានស្វាគមន៍ចំពោះបទឈប់បាញ់នេះ ទោះបីជាក្រុមអ្នកវិភាគបានចាត់ទុកកិច្ចព្រមព្រៀងនេះថាមានភាពផុយស្រួយ និងបានព្រមានថា កង្វះការទុកចិត្តគ្នាយ៉ាងខ្លាំងពីភាគីទាំងសងខាង នឹងធ្វើឱ្យផ្លូវទៅ​រក​សន្តិ​ភាព​យូរ​អង្វែង​មានភាពស្មុគស្មាញ។

លោក Sánchez បានធ្វើឱ្យសេតវិមានខឹងសម្បារជាខ្លាំងជាច្រើនដង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន​ចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

រដ្ឋាភិបាលអេស្ប៉ាញបានបដិសេធមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នាពីរនៅក្នុងទឹកដីរបស់ខ្លួនសម្រាប់ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ឡើយ ហើយក្រោយមកបានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះអាមេ​រិក​ដែល​ពាក់​ព័ន្ធ​នឹង​ការវាយប្រហារ ខណៈដែលខ្លួនបានប្រកាន់ជំហរប្រឆាំងនឹងសង្គ្រាមយ៉ាងម៉ឺងម៉ាត់។

ជាការឆ្លើយតប លោក Trump បានរិះគន់ជាថ្មីចំពោះការចំណាយលើវិស័យការពារជាតិរបស់អេស្ប៉ាញ និងបានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសនៅអឺរ៉ុបខាងត្បូងមួយនេះ។

ទន្ទឹមនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានស្វាគមន៍ចំពោះ​បទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះផងដែរ ដោយលោកស្រីមានប្រសាសន៍ថា វាបាននាំមកនូវ «ការបន្ធូរបន្ថយភាពតានតឹងដែលកំពុងត្រូវការយ៉ាងចាំបាច់»។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានពិពណ៌នាកិច្ចព្រមព្រៀងនេះថាជា «ការដកថយមួយជំហានពីមាត់ជ្រោះ ក្រោយភាពតានតឹងដែលបានកើនឡើងជាច្រើនសប្តាហ៍»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ