អ្នកឃ្លាំមើលដែលជាអ្នកជំនាញកិច្ចការព្រំដែន បានចោទសួរថា តើកម្ពុជាអាចទាមទារទឹកដីរបស់ខ្លួនដែលថៃបានចូលមកដណ្តើមកាន់កាប់ចំនួន៥១ទីតាំងបានយ៉ាងដូចម្តេច បើកម្ពុជាមិនពឹងពាក់ឱ្យបារាំងជួយ និងមិនដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិទេនោះ ខណៈវិស័យការពារជាតិកម្ពុជាត្រូវបានគេមើលឃើញថា ទន់ខ្សោយយ៉ាងខ្លាំងនោះ។
ប្រតិកម្មទាំងនេះ បានកើតមានឡើងនៅពេល លោក ហ្សង់ ហ្វង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកកាសែតនៅពេល លោក ហ៊ុន ម៉ាណែត បានប្រាប់ក្រុមអ្នកកាសែត នោះថ្ងៃទី៩ខែមេសា ពេលវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសបារាំង។
លោកថា នៅក្នុងជំនួបជាមួយ លោក ម៉ាក្រុង នាវិមានប្រធានាធិបតីបារាំង ក្នុងទីក្រុងប៉ារីស លោក ហ៊ុន ម៉ាណែត មិនបានស្នើសុំឱ្យ លោក ម៉ាក្រុង ជួយអន្តរាគមន៍លើបញ្ហាវិវាទព្រំដែនកម្ពុជាថៃនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានលើកឡើងពីភាពតានតឹងអចិន្រ្តៃយ៍ ដែលកំពុងបន្តគ្របដណ្តប់លើបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជា។
កងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់អន្តរជាតិ ថែមទាំងកម្ទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរ និងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់ មិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ និងបានសាងសង់សំណង់ ដូចជា ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើទឹកដីកម្ពុជាទាំងនោះ។
បើតាម លោក ហ្សង់ហ្វ្រង់ស័រ លោកហ៊ុន ម៉ាណែត លើកឡើងប្រាប់ លោក ម៉ាក្រុង ថា កម្ពុជាដាច់ខាតមិនទទួលឡើយនូវស្ថានភាពការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ និងថា កម្ពុជានៅតែបន្តរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា។
លោកថា៖ «ស្ថានភាពនៅទល់ដែនកម្ពុជាថៃ ដើរមកដល់របត់មួយ ដែលទាមទារឱ្យកម្ពុជាយើងនឹងគិតជ្រៅគិតវែងឆ្ងាយលម្អិត និងបែបយុទ្ធសាស្ត្រជាទីបំផុត ដើម្បីសម្រេចចិត្តឱ្យត្រូវ ទាមទារឱ្យទាល់តែបានមកវិញ នូវទឹកដីដែលថៃកាន់កាប់ គឺជាអាទិភាពចំបងរបស់រដ្ឋាភិបាល មិនបាច់សង្ស័យទេ ហើយមិនបាច់ស្តាប់ការឃោសនារបស់អ្នកដទៃទេ។ នោះហើយជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។ តើត្រូវឬគួរទាមទារបែបណា? ចម្លើយស្រួលទេគ្រប់មធ្យោបាយទាំងអស់ ដែលរាជរដ្ឋាភិបាលកម្ពុជាអាចធ្វើទៅបាន។ ប៉ុន្តែដោយត្រូវគិតថ្លឹងថ្លែងគ្រប់ពេលវេលា និងបែបលម្អិតជាទីបំផុត»។
ជុំវិញបញ្ហានេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកជំនាញកិច្ចការព្រំដែនថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១០ខែមេសានេះថា អ្វីដែល លោកហ៊ុន ម៉ាណែត និងលោក ហ្សង់ហ្វ្រង់ស័រ លើកឡើងគឺគ្រាន់តែជាការនិយាយឱ្យតែរួចពីមាត់ ដែលជាវោហាសាស្ត្រនយោបាយប្រជាភិថុតិដដែលៗ តែប៉ុណ្ណោះ ដោយពុំឃើញមានយុទ្ធសាស្ត្រអ្វី ដែលអាចរំពឹងថា នឹងអាចទាមទារទឹកដីពីថៃមកវិញបាននោះទេ ខណៈនៅតែមិនប្តឹងថៃ។
លោកថា៖ «នៅពេលដែលគាត់មិនបាននិយាយពីការប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ មិនបាននិយាយពីការប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយលោក ហ្សង់ហ្រ្វង់ស័រ គាត់បាននិយាយហើយតើថា លោក ហ៊ុន ម៉ាណែត មិនបានស្នើសុំឱ្យប្រធានាធិបតីបារាំងនឹងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយថៃនោះទេ។ ដូច្នេះខ្ញុំយល់ថា នៅពេលដែលបារាំងដែលជាសហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស មិនស្នើឱ្យបារាំងជួយដោះស្រាយបញ្ហាព្រំដែនមិនស្នើឱ្យបារាំងជួយអន្តរាគមន៍រឿងបញ្ហាព្រំដែនកម្ពុជាជាមួយថៃ ដែលបារាំងជាអ្នកគូសផែនទីខ្នាត១លើ២០០ពាន់ហ្នឹង វាអត់មានសង្ឃឹមថាទាមទារទឹកដីបានមកវិញនោះទេ»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានប្រាប់វីអូឌីនៅថ្ងៃទី១០ខែមេសានេះផងដែរថា ការលើកឡើងរបស់ លោក ហ្សង់ហ្វ្រង់ស័រ ហាក់ដូចជាមានចេតនាបំភាន់មតិពលរដ្ឋ និងសាធារណៈជន បើទោះបីជាអ្នកនាំពាក្យរូបនេះ បាននិយាយការពិតពីថៃចូលឈ្លានពានមកជ្រៅក្នុងទឹកដីកម្ពុជាក៏ដោយ។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ ក៏យល់ស្របទៅនឹងការលើកឡើងរបស់ លោក អ៊ុំ សំអាន ផងដែរថា ប្រទេសបារាំង ជាអតីតប្រទេសអាណានិគមន៍ ដែលជាអ្នកគ្រប់គ្រងកម្ពុជាពីអតីតកាលជាអ្នកគូសវាសផែនទីកម្ពុជា សៀមនិងជាអ្នកធ្វើសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤-១៩០៧។ ដូច្នេះបារាំងគឺជាប្រទេសដែលជាគន្លឹះក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែបើតាម លោក ហ្សង់ហ្រ្វង់ស័រ លោក ហ៊ុន ម៉ាណែត បែរជាមិនបានស្នើឱ្យបារាំងជួយអន្តរាគមន៍បញ្ហាវិវាទព្រំដែនកម្ពុជា ថៃទៅវិញ។
លោកថា៖ «កម្ពុជាកំពុងរងគ្រោះដោយសារសៀមឈ្លានពាន ដូច្នេះកម្ពុជាគួរណាស់ស្នើបារាំងឱ្យធ្វើសក្ខីកម្មក្នុងការដាក់សម្ពាធថៃជាអន្តរជាតិ ពីព្រោះបារាំងជាមហាអំណាចមួយដែរនៅក្រុមសមាជិកប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើបារាំងជាម្ចាស់អាណានិគមន៍របស់កម្ពុជា បារាំងជាម្ចាស់ផែនទីព្រំដែនកម្ពុជា–ថៃ ដូច្នេះបារាំងជាចំណុចគន្លឹះសំខាន់ណាស់។ ដល់តែពេល លោក ហ្សង់ ហ្រ្វង់ស័រ តាន់ គាត់លើកឡើងអំពី លោក ហ៊ុន ម៉ាណែត ហ្នឹងថា មិនបានសុំអន្តរាគមន៍ពីបារាំង ដើម្បីដាក់សម្ពាធថៃឱ្យដកកងទ័ពចេញពីកម្ពុជា មិនបានដាក់សម្ពាធថៃធ្វើយ៉ាងណាឱ្យថៃគោរពច្បាប់អន្តរជាតិឱ្យជាក់លាក់?»។
បន្ថែមពីនេះ លោក អ៊ុំ សំអាន ដែលជាអ្នកជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាលក្រៅប្រទេស២៣តុលា បានលើកឡើងថា ដូចដែលលោកធ្លាប់បាននិយាយកាលពីមុន គឺលោកហ៊ានភ្នាល់ដាក់ជីវិតថា រដ្ឋាភិបាលគ្រួសារហ៊ុន មិនអាចទាមទារទឹកដីខ្មែរចំនួន៥១ទីតាំង ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញបាននោះទេ។
លោកថា៖ «ត្រកូលហ៊ុនគ្រាន់តែនិយាយកុហក់បោកប្រាស់ប្រជាពលរដ្ឋប្រាប់ថា អូ! ចាំតិចសិនទៅនឹងទាមទារទឹកដីបានមកវិញ ហើយឥឡូវនេះសាងសង់ផ្ទះឱ្យរស់នៅបណ្តោះអាសន្ននោះទេ តាមពិតផ្ទះហ្នឹងមិនមែនផ្ទះបណ្តោះអាសន្នទេ គឺផ្ទះអចិន្ត្រៃយ៍តែម្តង ពីព្រោះត្រកូលហ៊ុនអត់មានមធ្យោបាយណាដើម្បីទាមទារទឹកដីបានមកវិញនោះទេ មានតែកាត់ទឹកដីហ្នឹងឱ្យថៃ ដើម្បីដូរយកសន្តិភាពនឹងអំណាច ដូចលោក ប្រាក់ សុខុន ថា វាស់វែងទៅបាត់ដីបន្តិចបន្តួចកាត់ទៅឱ្យថៃទៅរើផ្ទះចូលមកក្នុងដីខ្មែរវិញទៅ អ៊ីចឹងឃើញទេ។ ខ្ញុំយល់ថា ត្រកូលហ៊ុនមិនអាចទាមទារទឹកដីមកវិញបាននោះទេ ប្រជាពលរដ្ឋដែលទុកចិត្តត្រកូលហ៊ុនថា អាចទាមទារទឹកដីបានមកវិញនឹងប្រាកដជាខកចិត្តហើយនៅពេលអនាគត»។
លោក ម៉ែន ណាត បានចោទសួរថា តើកម្ពុជាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជាបាន បើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នធ្វើត្រឹមតែអង្គុយបកអាក្រាតថៃ និងនិយាយការពិតពីថៃឈ្លានពានលើឆាកអន្តរជាតិ ប៉ុន្តែមិនពឹងពាក់ប្រទេសមហាអំណាច មិនពឹងពាក់អន្តរជាតិដើម្បីឱ្យគេជួយដាក់សម្ពាធថៃនិងមិនប្តឹងថៃផងនោះ?
លោកថា៖ «បើលោក ហ៊ុន ម៉ាណែត លើកឡើងគំនិតនឹងមែនមិនសុំបារាំងឱ្យអន្តរាគមន៍ទាំងផ្លូវច្បាប់ ទាំងការដាក់សម្ពាធទេ ដូច្នេះជាការឆោតល្ងង់មួយ របស់លោក ហ៊ុន ម៉ាណែត ដែលទៅជួបអតីតមេអាណានិគមន៍របស់កម្ពុជា របស់ឥណ្ឌូចិន ដែលជាម្ចាស់ផែនទីបារាំងសៀម១៩០៤-១៩០៧ហើយ វាគួរណាស់តែស្នើបារាំងនឹងឱ្យដាក់សម្ពាធធ្ងន់ធ្ងរទៅដល់ប្រទេសថៃ ពីព្រោះបារាំងមិនមែនតែម្នាក់ឯងឯណា បារាំងមានអង់គ្លេស មានសហរដ្ឋអាមេរិក ដែលជាដៃគូ។ កាលណាបារាំងចេញមុខ គឺនឹងធ្វើឱ្យថៃនឹងក៏មានការគិតគូឡើងវិញដែរ អំពីភាពគឃ្លើនរបស់ខ្លួនដែលឈ្លានពានកម្ពុជា»។
សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី៨ខែមេសា លោកហ៊ុន ម៉ាណែត បានជម្រាបជូនប្រធានាធិបតីប្រទេសមហាអំណាចមួយនេះ អំពីការកាន់កាប់ទឹកដីកម្ពុជាដោយយោធាថៃ និងសកម្មភាពរបស់យោធាថៃនៅលើដីផ្ទាល់ ដែលផ្លាស់ប្តូរស្ថានភាពដើមក្នុងគោលដៅបង្កើតឱ្យមាននូវស្ថានភាពបង្ខំឱ្យកម្ពុជាទទួលយកនូវអ្វីដែលកើតមាន។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានប្រាប់លោកម៉ាក្រុងអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយគ្មានការប្រើប្រាស់កម្លាំងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងគោរពតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដែលមានស្រាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ខែមេសា។
ជាការឆ្លើយតប លោក ម៉ាក្រុង លើកឡើងថា បារាំងបាននិងកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ យ៉ាងយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យភាគីទាំងពីរដោះស្រាយជម្លោះនេះ តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលពាក់ព័ន្ធ។
បន្ថែមពីនេះ លោកប្រធានាធិបតីបារាំង បានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់របស់រដ្ឋាភិបាលបារាំងក្នុងការសម្របសម្រួលការចូលទៅយកឯកសារបច្ចេកទេស និងប្រវត្តិសាស្ត្រ ពាក់ព័ន្ធព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ ក្នុងទស្សនៈគាំទ្រការដោះស្រាយបញ្ហានេះដោយសន្តិវិធី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
សូមជម្រាបថា ក្នុងជំនួបនៅប្រទេសបារាំង កាលពីខែមិថុនាឆ្នាំ២០២៥ លោក ម៉ាក្រុង បានប្រាប់លោកហ៊ុន ម៉ាណែត ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជានិងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរក្នុងករណីចាំបាច់។
ប៉ុន្តែយ៉ាងណាក្តី ចាប់តាំងពីមានបទឈប់បាញ់លើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ឃើញដាក់ពាក្យប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងស្ថាប័នច្បាប់អន្តរជាតិផ្សេងៗទៀតនៅឡើយទេ និងក៏មិនបានប្រើកងកម្លាំងក្នុងចំនួនច្រើន ដើម្បីការពារទឹកដីរបស់ខ្លួននៅលើដីជាក់ស្តែងផងដែរ ធ្វើឱ្យកងទ័ពថៃកាន់តែគឃ្លើនបន្តរាយបន្លាលួស និងដាក់ទូរកុងតឺន័រចូលមកក្នុងទឹកដីខ្មែរតាមអំពើចិត្តជារៀងរាល់ថ្ងៃ។
ការណ៍នេះនាំឱ្យមានការចោទសួរថា តើរដ្ឋាភិបាលគ្រួសារហ៊ុន អាចការពារទឹកដីនិងទាមទារទឹកដីខ្មែរពីថៃបានមកវិញបានយ៉ាងដូចម្តេច បើឃើញតែប្រើវោហាសាស្ត្រថ្កោលទោសថៃ តាមរយៈការចេញកំណត់ទូតនិងលិខិតថ្កោលទោសផ្សេងៗ រហូតដល់ជាង៧០០តែថៃមិនអើពើ ប៉ុន្តែបែរជាមិនប្រើសិទ្ធការពារទឹកដីរបស់ខ្លួននៅលើដីជាក់ស្តែង បណ្តោយឱ្យថៃបន្តចូលមករំលោភទឹកដីខ្មែរ តាមអំពើចិត្តនិងក៏មិនប្តឹងថៃទៅតុលាការអន្តរជាតិ និងស្ថាប័នអន្តរជាតិផងនោះ៕









