ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានទទួលរងការថ្កោលទោសយ៉ាងទូលំទូលាយ ចំពេលមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីស្រោចស្រង់បទឈប់បាញ់នេះឡើងវិញ។
មនុស្សជាង ២០០ នាក់ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយគ្រាប់ធុនធ្ងន់លើតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដែលបានបង្កឱ្យមានការខឹងសម្បារពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងអង្គការមនុស្សធម៌អន្តរជាតិផ្សេងទៀត។
លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា ប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលក្នុងបទឈប់បាញ់កាលពីយប់ថ្ងៃទី៧ខែមេសា ដែលត្រូវបានព្រមព្រៀងដោយ លោក Donald Trump នោះទេ ហើយលោកបានប្តេជ្ញាថា កងទ័ពអ៊ីស្រាអែលនឹងបន្តវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា (Hezbollah) “នៅគ្រប់ទីកន្លែងដែលចាំបាច់”។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបាននិយាយថា កងកម្លាំងរបស់លោកបានសម្លាប់លេខារបស់មេដឹកនាំហេសបូឡា គឺលោក Naim Qassem។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានគាំទ្រលោក Netanyahu ដោយអះអាងថា សហរដ្ឋអាមេរិកមិនដែលយល់ព្រមលើការដាក់បញ្ចូលប្រទេសលីបង់ទៅក្នុងបទឈប់បាញ់នោះទេ។
លោក Vance បាននិយាយថា៖ «ខ្ញុំគិតថានេះ មកពីការយល់ច្រឡំដ៏សមហេតុផលមួយ»។
លោកត្រូវបានគេរំពឹងថា នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សានៅថ្ងៃទី១១ខែមេសានេះ ក្នុងបំណងស្រោចស្រង់បទឈប់បាញ់ និងប្រែក្លាយវាទៅជាកិច្ចព្រមព្រៀងសន្តិភាពដែលមានស្ថិរភាពជាងមុន។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានមានប្រសាសន៍ថា ការវាយប្រហារបន្ថែមទៀតរបស់អ៊ីស្រាអែលលើលីបង់ នឹងធ្វើឱ្យការចរចា “គ្មានន័យ”។ លោកបានបន្តថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលប្រជាជនលីបង់ឡើយ។
ប្រទេសប៉ាគីស្ថាន ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់ បន្ទាប់ពីលោក Trump បានគំរាមកំហែងដល់ការវាយប្រហារដែល “បញ្ចប់អរិយធម៌” នោះ បាននិយាយថា លីបង់គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
លោក Robert Malley អតីតប្រេសិតអាមេរិក ដែលធ្លាប់ដឹកនាំការចរចារវាងអាមេរិក និងអ៊ីរ៉ង់នាពេលកន្លងមក បាននិយាយថា៖ «ខ្ញុំជឿជាក់លើអ្នកសម្របសម្រួលប៉ាគីស្ថានថា លីបង់ត្រូវបានរាប់បញ្ចូល។ ពួកគេបានចេញសេចក្តីថ្លែងការណ៍ថាវាត្រូវបានរាប់បញ្ចូល ហើយយើងមិនបានឮជនជាតិអាមេរិកណាម្នាក់កែតម្រូវការលើកឡើងរបស់ប៉ាគីស្ថាន ក្នុងរយៈពេលជាច្រើនម៉ោងនោះទេ»។
លោក Malley បានបន្ថែមថា វាហាក់បីដូចជាករណីដែលសហរដ្ឋអាមេរិកមិនគោរពតាមការសន្យា ហើយបានផ្តល់ការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែករយៈពេល ២៤ ម៉ោងទៀត មុនពេលពួកគេត្រូវបាន “រារាំង”។
អាជ្ញាធរនៅទីក្រុងអ៊ីស្លាម៉ាបាដ បានចាប់ផ្តើមអនុវត្តវិធានការសន្តិសុខតឹងរ៉ឹង ដើម្បីត្រៀមលក្ខណៈសម្រាប់ការមកដល់នៃគណៈប្រតិភូសម្រាប់ការចរចា ដែលរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី១១ខែមេសា។
ខណៈដែលអនាគតនៃបទឈប់បាញ់ហាក់ស្ថិតក្នុងគ្រោះថ្នាក់ លោក Trump បានចេញឱសានវាទចុងក្រោយរបស់លោកតាមបណ្តាញសង្គម ដោយប្តេជ្ញាថានឹងត្រឡប់ទៅរកការវាយប្រហាររបស់អាមេរិកវិញ ប្រសិនបើអ៊ីរ៉ង់មិនព្រមអនុវត្តតាម “កិច្ចព្រមព្រៀងពិតប្រាកដ”។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេហេរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង សម្រាប់ការដឹកជញ្ជូនអន្តរជាតិ ហើយមិនត្រូវមាន “អាវុធនុយក្លេអ៊ែរ” ឡើយ។ លោកមិនបានលើកឡើងអំពីប្រទេសលីបង់ទេ។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានទទូចថា បទឈប់បាញ់គួរតែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សេចក្តីថ្លែងការណ៍រួមដោយចក្រភពអង់គ្លេស បណ្តាប្រទេសសហភាពអឺរ៉ុប កាណាដា និងជប៉ុន បានអំពាវនាវដល់ “គ្រប់ភាគីទាំងអស់ឱ្យអនុវត្តបទឈប់បាញ់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ” ជាកន្លែងដែលអ៊ីស្រាអែលកំពុងស្វែងរកការកម្ចាត់ចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃទី៩ខែមេសាថា៖ «ក្រុមហេសបូឡាបានអូសទាញលីបង់ចូលក្នុងសង្គ្រាម ប៉ុន្តែសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន មិនមែនជាហេតុផលត្រឹមត្រូវសម្រាប់ការបង្កការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះទេ»៕









