លោក ហ៊ុន ម៉ាណែត ថា​មិន​ឱ្យ​បរទេស​បំផ្លាញ​ខ្មែរ​ទោះ​ថៃ​បន្ត​ឈ្លាន​ពាន​ជាង​កន្លះ​ឆ្នាំ

រូបភាពៈ ហ្វេសប៊ុ​ក Samdech Thipadi Hun Manet

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ការ​តាំង​ចិត្ត​​ក្នុង​​លិខិ​ត​​ជូន​​ពរ​ឆ្នាំ​ថ្មី​​ថា ​រដ្ឋាភិ​​បាល​​លោក​​នឹង​មិន​ឱ្យ​បុ​គ្គល​​ណា ​ឬ​ប​រទេស​ណា មក​បំផ្លាញ​​ខ្មែរ​​បាន​ឡើយ​ ទោះ​កម្ពុជា​បាន​ឆ្លង​កាត់​នូវ​វិញ្ញា​សារ​ដ៏​លំបាក និង​ថ្មីៗ ជា​ច្រើន​​មិន​​ធ្លាប់​មាន​ក៏​ដោយ។

សាររបស់លោក ហ៊ុន ម៉ាណែត នេះហាក់ផ្ទុយទៅនឹង​​អ្វីដែល​បាន​កើត​ឡើង​ក្នុង​សង្គម​ជាក់​ស្តែង​របស់​កម្ពុជា ជាពិសេស​រដ្ឋាភិ​បាល​កម្ពុជា ធ្លាប់​​តវ៉ា​​ជាង​៧០០​​លើក ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ តែ​ថៃ​នៅ​តែ​បន្ត​ឈ្លាន​ពាន​ជាង​កន្លះ​ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​ទឹក​​ដី​ខ្មែរ​តាម​បណ្តោយ​ព្រំដែន ដែល​គេ​ជឿ​ថា ជា​ង​៥០​ទីតាំង​ ធ្លាក់​ក្នុង​ដៃ​យោធា​ថៃ​គ្រប់​គ្រង​រហូត​បច្ចុប្បន្ន។

ក្នុងលិខិតជូនពរឆ្នាំថ្មី ចុះថ្ងៃទី១៣ខែ​មេសា​នេះ​ថា ក្នុងឱកាសពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ឆ្នាំ​មមី​នេះ លោក ហ៊ុន ម៉ាណែត និយាយ​ថា ក្នុង​ឆ្នាំ​កន្លង​ទៅ កម្ពុជា​បាន​ឆ្លង​កាត់​នូវ​វិញ្ញា​សារ​ដ៏​លំបាក និង​ថ្មីៗ ជា​ច្រើន​មិន​ធ្លាប់​មាន ទាំង​កត្តា​ខាង​ក្រៅ និង​កត្តា​ខាង​ក្នុង ជាមួយ​ភាព​មិន​ប្រាកដ​ប្រជា និង​ហានិ​ភ័យ​សកល ។

លើសពីនេះ លោកថា ឆ្នាំកន្លងទៅនេះ កម្ពុជា​បាន​ឆ្លងកាត់នូវវិញ្ញាសារ​ដ៏​លំបាក និង​ថ្មីៗ ជា​ច្រើន​មិន​ធ្លាប់​មាន ដែល​បាន​និង​កំពុង​បង្កើត​ជា​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល មក​លើ​សន្តិ​សុខ និងសង្គម​-សេដ្ឋ​កិច្ច​ជាតិ។ ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវ​តែ​ប្រែ​ក្លាយ​កា​រ​លំបាក និង​ការ​ឈឺ​ចាប់​នេះ ឱ្យ​ទៅ​ជា​ថាមពល​ដ៏​រឹង​មាំ និង​ប្រែ​ក្លាយ​ឧបសគ្គ​ឱ្យ​​ទៅ​ជា​ឱកាស ដើម្បី​ជោគ​ជ័យ។

លោកនិ​យា​យក្នុងសម្តីដើមថា៖ «ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេ​​ជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិ​បាល ក្នុង​ការ​ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ, ការ​ពារ​របប​រាជានិ​យម ស្រប​តាម​បាវចនា​ ជាតិ សាសនា ព្រះ​មហា​ក្សត្រ និង​ការ​ពារ​នូវ​រាល់​សមិទ្ធ​ផល​ដែល​រាជ​រដ្ឋាភិ​បាល និង​ប្រជា​ជន​កម្ពុជា​ទាំង​​មូល​​ស​ម្រេច​បាន នា​ពេល​កន្លង​មក ឱ្យ​បាន​គង់​វង្ស មិន​ឱ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរទេស​ណា មក​បំផ្លាញ​បាន​ឡើយ»

ជុំវិញ​បញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា​ ធ្លាប់និយាយ​ថា ការ​ឈ្លាន​ពាន​របស់​ថៃ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០២៥​មក រដ្ឋាភិ​បាល​មិន​បាន​​នៅ​ស្ងៀម​ទេ ​តែង​​បន្ត​តវ៉ា​យ៉ាង​សកម្ម​សរុប​ជាង​៧០០​លើក​ហើយ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​ថៃ។

ប៉ុន្តែជាការកាត់សម្គាល់ ថៃ​មិន​បា​ន​បញ្ឈប់ការឈ្លានពានទេ ទោះមានកិច្ចព្រមព្រៀងបទ​ឈប់​បាញ់​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ពិសេស​ថៃ​បាន​ពង្រីក​ព្រំដែន​ថ្មី​​​នៅ​ឃុំ​ថ្ម​ដា ខេត្ត​ពោធិ៍​សាត់ រាយ​លួស​បន្លា​ពង្រីក​យក​ដី​ខ្មែរ​បន្ថែម​ទៅ​តំបន់​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរ​មា​ន​ជ័យ និងនៅ​ស្រុ​ក​ជាំក្សា​ន្ត ជិត​ប្រាសាទ​ព្រះ​វិហារ និង​ថ្មីៗ​នេះ​កម្ពុជា​បន្ត​​​ចេ​ញ​លិ​ខិត​ប្រតិកម្ម​​នឹង​យោធា​​ថៃ​ដែលថា​បា​ន​ពង្រីក​ការ​ឈ្លាន​ពាន​ដល់​ទឹក​ដី​ខេត្តបាត់​ដំបង។

លើសពីនេះ លោក ប៉ែន បូណា និយាយកាលពីថ្ងៃទី១២ ខែមេសានេះថា រដ្ឋាភិបាលក​ម្ពុជា តា​ម​រយៈ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន ដែល​ជា​តំណាង​ឱ្យគ​ណៈ​កម្មកា​រ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា  (JBC) បាន​ស្នើ​សារ​ជា​ថ្មី​​ទៅ​ភាគី​ថៃ តាម​រយៈ​កំណត់​ទូត​ ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៦ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់ កាល​បរិច្ឆេទ​​ណា​មួយ​ចន្លោះ​ពី​ថ្ងៃ​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា​ ឆ្នាំ​២០២៦​នៅ​ក្នុង​ខេត្ត​សៀម​រាប ស្រប​តាម​កំណត់​ហេតុ​របស់​គណៈ​កម្ម​ការ​(JBC) ដើម្បី​ចុះ​វាស់​វែង​លើ​ដី​ជាក់​ស្តែង​តាមការ​ឯកភាព​គ្នា នា​ពេល​កន្លង​មក។

លោកថា៖ «ខ្ញុំសូមរំឭកផងដែរថា សំណើរកោះប្រជុំគណៈកម្មការ(JBC) និង​ចាត់​បញ្ជូន​ក្រុម​ការ​ងារ​​ចុះ​​វាស់​​វែ​ង​លើ​​ដី​ជាក់​ស្តែង​ គឺ​បាន​ធ្វើ​ឡើង​៦​លើ​ក​ហើយ គឺ​រាប់​ចាប់​ពី​បទ​​ឈ​ប់​បាញ់​លើក​ទី​២​ចូល​ជា​​ធរមាន​​ចាប់​​​តាំ​​ង​​​​​ពី​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​មក។ ​នេះ​បង្ហាញ​ឱ្យ​ឃើ​ញ​ពី​ភាព​សកម្ម​របស់​​រាជ​រដ្ឋាភិ​​បាល​ក​ម្ពុជា​​​​​ដែល​ចង់​​បាន​​ដំណោះ​​ស្រាយ​បញ្ហា​ព្រំដែ​ន​មួយ​ឱ្យ​បាន​ឆាប់​រហ័ស ​និង​ជា​ដំណោះ​ស្រាយ​​​ដ៏​ពិត​ប្រាកដ​ ដើ​ម្បី​​ស្ថិ​រភាព​​និង​​​សន្តិ​ភាព​យូរ​អង្វែង​នៅ​តា​ម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ»

យ៉ាងណា តំណាងរាស្រ្តពី​បក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា កម្ពុជាជា​អ្នក​រង​គ្រោះ​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​ ហើយ​ថា បើ​កម្ពុជា​ទៅ​​សុំ​ចរចា​ពី​ថៃ ដែល​ថៃ​ជា​ចោរ​ឈ្លាន​ពាន​ទឹក​ដី​នោះ លោក​ថា ពិត​ណាស់​ចោរ​នឹង​មិន​ឱ្យ​ដី​ខ្មែរ​ចំនួន​៥១​ទីតំាង​មក​ខ្មែរ​វិញ​ទេ។ ការណ៍​នេះ លោក​ថា ជម្រើស​របស់​ លោក ហ៊ុន ម៉ាណែត ប្រគល់ដី​​ឱ្យ​ថៃ​ ដើម្បី​ដូរ​យក​សន្តិ​ភាព និង​អំណាច គ្មាន​សមត្ថ​ភាព​ដណ្តើម​យក​ដី​ពី​ថៃ​មក​វិញ​នោះ​ទេ។

បើតាមលោក អ៊ុំ សំអាន ជម្រើសទី១ ហ៊ុន ម៉ាណែត នឹងកាត់ទឹកដីខ្មែរចំនួន៥១ទីតាំងឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភា​ព​និង​អំណាច។ ទី២ លោក ហ៊ុន ម៉ា​ណែត នឹង​ដោះ​ដូរ​ដី​ខ្មែរ ដូច​ភូមិ​កំណើត លោក ហេង សំរិន ដែល លោក ហ៊ុន សែន ធ្លាប់​ដោះ​ដូរ​កាត់​ដី​ខ្មែរ​ឱ្យ​វៀតណាម ដើម្បី​រក្សា​អំណាច។ និង​ទី៣ រដ្ឋា​ភិ​បាល​លោក ហ៊ុន ម៉ាណែត អាច​នឹង​សុំ​ដី​ខ្មែរ​​ពី​ថៃ​ចំនួន​ពី​៥%ទៅ​​២០%​មក​វិញ។

លើសពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានបទពិសោធន៍កិច្ចកា​រព្រំ​ដែ​ន នៅ​ថ្ងៃ​ទី​១៣​​ខែ​​មេសា​​នេះ​ បាន​បង្ហោះ​រូប​ភាព​ពី​សកម្ម​ភាព​ថៃ សម្រុក​ពង្រីក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ដី​ខ្មែរ​ ដែល​ថៃ​បាន​ដណ្តើម​គ្រប់​គ្រង។ លោក​និយាយ​ថា ថៃ​​បន្ត​សាង​សង់​​សំណង់​រឹង​​មាំ​​ជិ​ត​​រួច​រាល់ មាន​​ផ្លូវ និង​ជណ្ដើរ​​ឡើង​​ប្រាសាទ​​តាក្របី​របស់​ខ្មែរ នៅ​ស្រុក​បន្ទាយ​​អំពិល ខេត្ត​​ឧត្តរ​មាន​ជ័យ។

លោក​រំឭករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា សកម្មភាព​របស់​យោធា​ថៃ ក្នុង​ដែន​​អធិប​តេយ្យ​​របស់​​កម្ពុជា​​នេះ គឺ​​​ជា​ការ​​ពង្រីក​ការ​ឈ្លាន​​ពាន​ និង​​​ជា​​ការ​​​រំលោភ​​ច្បាប់​​អន្តរ​ជាតិ​​យ៉ាង​​ធ្ងន់​ធ្ងរ។ ហើ​យ​​​ក៏មាន​​ការ​​ជេរ​ប្រមាថ និង​​ញុះ​ញង់​​​​ទៅ​​កាន់​​ទាហាន​ខ្មែរ ដែល​ឈរ​ជើង​នៅ​តំបន់​ក្បែរ​គ្នា ក្នុង​បំណង​ចង់​បង្កហេតុ​ជម្លោះ ផង​ដែរ។

លោកថា ហេតុដូចនេះ លោក ហ៊ុន ម៉ាណែត គប្បី​ត្រូវ​​ពង្រីង​​សមត្ថ​ភាព និង​​យុទ្ធ​សាស្ត្រ​​រឹ​ង​មាំ​ ហើយ​​ត្រូវ​​តែ​​ទប់​​ស្កាត់​​ភាព​​​គឃ្លើន​​​របស់​​ភាគី​​ថៃ ដូច​​ជា​ ការ​ប្រើ​សិទ្ធិ​ការ​ពារខ្លួន ស្រប​តាម​​ច្បាប់​​អន្តរ​ជាតិ ត្រូវ​​ដំឡើង​​កម្រិត​​ការ​ទូត​​ខ្ពស់​​បំផុត​ ដើម្បី​​ទាម​ទារ​ឲ្យ​​ថៃ​ដក​យោធា​​​ពី​​ទឹក​ដី​​កម្ពុជា។

លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែប្តឹង​ថៃ​​ទៅ​កាន់​​តុលាការ​​អន្តរ​ជាតិ ICJ លើ​សំណុំ​រឿង​​ព្រំដែន និង​សំណុំ​​រឿង​ប្រាសា​ទ​បុរាណ​ខ្មែរ​ក្បែរ​ព្រំដែន និង​ប្តឹង​ទៅ​តុលាកា​​រឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ (ICC) លើ​សំណុំ​រឿង​បង្ក​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម និង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​​មនុស្ស​ជាតិ ពាក់​ព័ន្ធជន​ស៊ីវិល​ខ្មែរ។

លើសពីនេះ លោក ហ៊ុន ម៉ាណែត ត្រូវ​កែទម្រង់​ជាតិ​​អាទិភាព ធ្វើ​​ទំនើ​បកម្ម​វិស័យ​យោធា ពង្រឹង​​​វិស័យ​​សេដ្ឋ​កិច្ច និង​​ស្តារ​ប្រជា​ធិប​តេយ្យ រួម​ទាំង​​ត្រូវ​​មាន​ឯកភាព​​ជាតិ​​​ពិត​ប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ