បញ្ហា​ចោរ​កម្ម​និងបញ្ហា​គ្រឿង​ញៀន​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​​ពលរដ្ឋ​នៅ​ស្រុក​ជុំ​គិរី ខេត្ត​កំពត​

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ជ្រេស ស្រុក​ជុំ​គិរី ខេត្ត​កំពត បាន​អះ​អាង​ថា ​រាល់​ថ្ងៃ​នេះ មូល​ដ្ឋាន​​របស់​ពួក​គាត់​មិន​មានសុ​វត្ថិ​​​ភាព​​ទេ ខណៈ​បទ​ល្មើស​ជា​ច្រើន​បន្ត​កើន​ឡើង ដូច​ជា ចោរ​លួច​កាត់​ខ្សែ​ភ្លើង​តាម​ដង​ផ្លូវ ក្មេង​​ទំ​នើ​​ង ល្បែង​ស៊ីសង​ជាដើម ដែល​ថា មន្ត្រី​ជំនាញ​មិន​អាច​ទប់​ស្កាត់​បាន។

​ពលរដ្ឋ​មួយ​ចំនួន ឲ្យដឹងថា បង្គោលភ្លើងបំភ្លឺផ្លូវ ឬបង្គោល​សឡា ដែល​សប្បុរសជ​ន​​ឧបត្ថម្ភ និង​យក​មក​តម្លើង​ជូន​ពលរដ្ឋ ឬសាធារណជន សម្រាប់បំភ្លឺផ្លូវ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៣ ឆ្ពោះទៅរម្មណីយដ្ឋានធម្មជាតិម្លេច ក៏ដូច​ជា​មជ្ឈ​មណ្ឌល​កែប្រែ និងបន្សាបគ្រឿងញៀន ត្រូវ​ចោរលួចកាត់អស់​រាប់សិបបង្គោល។ ពួកគេថា ជារៀងរាល់យប់ ទាំងពលរដ្ឋ​ក្នុងមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់តំបន់ខាងលើនេះ មាន​​ការភ័យខ្លាច ក្នុងការធ្វើដំណើរ​ ដ្បិត​ស្ថាន​ភាព​ផ្លូវ​​ស្ងាត់ ​ងងឹតគ្មានភ្លើងបំភ្លឺ​ និងមានក្រុមក្មេង​ទំនើងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ព្រមទាំង​រង់ចាំស្ទាក់ផ្លូវពលរដ្ឋ នៅពេលយប់ថែមទៀត​។

អ្នកស្រី ឌៀប ផាវី ​រស់នៅឃុំច្រេស ឲ្យដឹងនៅថ្ងៃទី១៣ខែមេសានេះថា គាត់សោកស្តាយ ដែលអំពូលភ្លើង​បំភ្លឺផ្លូវ ដែល​សប្បុរសជនជួយឧប្បត្ថម្ភ និងតម្លើងបំភ្លឺនៅតាមផ្លូវស្ងាត់ ជាប់​នឹង​ជួរ​​ភ្នំ​នារាយណ៍​ រាប់​សិប​ដើម ត្រូវ​ចោរ​លួច​​​អស់​គ្មាន​សល់។

ស្រ្តីរូបនេះ ឱ្យដឹងទៀតថា ចោរកម្មខាងលើនេះ គ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព​​ពី​សំណាក់​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ក្នុង​មូល​ដ្ឋាន​នេះ​ទេ ដែល​ថា​នេះ​​ជាមូលដ្ឋានចម្បងបង្កការភ័យខ្លាចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

អ្នកស្រីថា៖ «ផ្ទាំងសឡាភ្លើងបំភ្លឺផ្លូវហ្នឹង​ឥឡូវចោរលួចអស់ហើយ។ ចាប់ពីមេអំប៉ៅមកដល់​ខ្លោងទ្វារវត្ត​បាក់​​​នឹ​ងនៅសល់មួយដើម ពីខាងកើតផ្លូវហ្នឹង។ បើគិតពីទ្វារទៅត្បូងកាច់អស់ហើយ គឺនៅសល់​តែ​ពី​ខាង​ត្បូ​ង​រោ​ង​ចក្រ​ទឹកកកពីខាងកើតផ្លូវ នៅសល់ភ្លើង​សឡា​​មួយ​ដើមទៀតដែរ។ ក្រៅពីហ្នឹងកាត់អស់​ហើយ ហើយ​គ្មា​ន​សមត្ថ​កិច្ច​​ឬអាជ្ញាធរណាខ្វល់ទេ។ ចោរលួចកាត់អស់ហើយ។ ពីមុនចាប់តាំងពីមេអំបៅ ពី​ភ្នំ​នារាយណ៍​​មក​ ​គឺគេដាំ​បង្គោល​សឡា​ហ្នឹង ចន្លោះៗគ្នា ឥឡូវគេលួចកាច់អស់ហើយ។ បង្គោល​ខ្លះ​គេ​ឡើង​យ​ក​ទាំង​គ្រឹះ​​បេតុង​ថែម​ទៀត​ផង ហើយ​បើ​កាច់​យកតែបង្គោលសឡា ក៏កាត់ដល់គ្រឹះដែរ។ ហើយ​ចំណុច​ទីតាំង​​​ជើង​​​​ភ្នំ​នារាយណ៍​ គឺជាកន្លែងមានក្មេងជក់ថ្នាំច្រើន ខ្ញុំ និង​អ្នក​ដំណើរដទៃទៀត ខ្លាចរអារមិនហ៊ាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​នៅ​ពេល​យប់​ទៀត​ទេ»។

ចំណែក លោក ឌីណា ជាកសិករម្នាក់ទៀត រស់នៅឃុំច្រេស បញ្ជាក់ថា បញ្ហាទាំង​នេះ វាបានកើតឡើង រីករាល​ដាល់​ខ្លាំង ប៉ុន្មានខែដើមឆ្នាំ២០២៦នេះ។ ហើយថា អំពើចោរកម្មនេះ បានកើតឡើងស្របពេលដែលមាន​ការកើនឡើងចំនួនក្មេងជក់គ្រឿងញៀន ​។

លោកថា៖ «បង្គោលសឡាហ្នឹងចោរលួចអស់ហើយ។ គេឧបត្ថម្ភឲ្យដាក់បំភ្លឺតាមផ្លូវ ពីមេអំបៅ ផ្លូវ​បែក​ចេញ​​ពី​ផ្លូវ​ជាតិ​លេខ​៣ ឆ្ពោះ​មកទ្វារ​​បាក់នឹម ក្បែរការាស់សាំងច្រកទ្វារហ្នឹង ត្រូវ​ចោរ​លួច​កាត់​អស់​ហើយ។ ឥឡូវ​ផ្លូវ​ហ្នឹងង​ងឹត​ឈឹង ព្រោះ​បង្គោល​សឡា​បំភ្លឺ​ផ្លូវ​ហ្នឹង ត្រូវ​ចោរ​​លួច​​កាច់​អស់​ហើយ»

វីអូឌី មិនទាន់អាចទាក់ទង អធិការស្រុកជុំគិរី និងស្នងការនគរបាល​ខេត្តកំពត ដើម្បីបញ្ជាក់ជុំវិញ ការលើកឡើង​របស់ប្រជាពលរដ្ឋនេះបានទេ។ ​ប៉ុនែ្ត​ លោក ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងកា​រ​​នគរបាល​ខេត្ត​​កំ​ពត ធ្លាប់​ប្រកាស​​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​ផ្តល់ព័​ត៌មា​ន​មក​​កម្លាំង​សមត្ថ​កិច្ច ជុំវិញ​បទល្មើសអ្វីមួយ ដែលកើតមានក្នុងមូលដ្ឋានរបស់​ខ្លួន ដើម្បី​​បញ្ជូន​កម្លាំងចុះបង្ក្រាប​ឲ្យ​បានទាន់ពេល។

ទាក់ទិនបញ្ហានេះដែរ លោក សេក សុជាតិ​ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ មើល​ឃើញ​ថា ការ​ទុក​បណ្តោយ​​ឲ្យកើត​មានបទល្មើសផ្សេងៗ ​បន្តកើតមាន នៅក្នុងមូលដ្ឋានឃុំច្រេស បង្ហាញពី​ការខ្ជីខ្ជារ ឬមិន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បទ​បញ្ជា​​របស់់​​រដ្ឋា​​​ភិបាល ជាពិសេស​ធ្វើ​ឲ្យ​​ពល​រដ្ឋ​អស់​ជំនឿ​ទៅលើ​អាជ្ញាធរ។

លោកថា៖ «បង្ហាញពីការមិនទទួលខុសត្រូវ​របស់​អាជ្ញា​ធរ ជាពិសេសគឺសមត្ថកិច្ច។ បើកាលណាវែក​រក​មុខ​អ្នក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​សាធារណៈអត់បាន មានន័យថា ពួកគាត់ មិនមានការទទួលខុសត្រូវទេ។ ត្រង់​ចំណុច​នេះ បង្ហាញ​ថា ពួកគា​ត់​មិនបានយកចិត្តទុកដាក់​ចំពោះគោល​នយោបាយ របស់រដ្ឋាភិបាល ​និង​ក្រសួងមហាផ្ទៃទេ។ ហើយ​គឺជាសញ្ញាមួយធ្វើឲ្យ​ប្រជាពលរដ្ឋលែង​មាន​ទំនុក​ចិត្ត​​​ទៅ​លើ​​​អាជ្ញា​​​ធរ ហើយ​​ក៏មិនផ្តល់តម្លៃទៅឲ្យសមត្ថកិច្ច និងរដ្ឋាភិបាលដែរ»។

ជាងនេះ លោក សុជាតិ យល់​ថា ការ​ទុក​បណ្តោយ​ឲ្យ​មាន​​បទ​ល្មើស​ផ្សេងៗ​កើត​មាន និង​ធ្វើស​កម្ម​ភាព​​នៅ​នឹង​មុខ ហើយ​បែរ​ជា​សមត្ថ​កិច្ច​​​នគរ​បាល ឬ​អាជ្ញាធរ​ឃុំ​ច្រេស គ្មាន​​​សមត្ថ​ភាព​​ទប់​ស្កាត់ ​​គឺបង្ហាញ​ពី​ភា​ព​កម្សោយ​​នៃ​ការ​ដឹក​នាំ។ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏គួរ​ពិនិត្យ​កែ​​សម្រួលសមាស​ភាពដឹកនាំមូល​ដ្ឋាន​នេះ​ឡើង​វិញ ប្រយោជន៍ដើម្បីស្អំចិត្តពលរដ្ឋ។​ ​

លោក​​បន្តថា៖ «ពីព្រោះរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ មានគោលការណ៍ច្បាស់លាស់ ក៏ប៉ុន្តែ​បែ​រជា​មន្ត្រី​អសមត្ថ​ភាព។ នេះគឺ​ជារូប​ភាព​​អវិជ្ជមានធ្ងន់ធ្ងរមែនទែន បើសិនជាបង្ហាញ​ជា​សា​ធារណៈថា ពួក​គាត់​​ពិ​តជាមិនបានដឹងថានរណាជាបំផ្លាញបង្គោលសឡា ហើយ​មិន​អាច​​កំ​ណ​ត់​មុខសញ្ញា​ជនល្មើស​មិន​បាន​ ​នេះជាបរាជ័យធ្ងន់​ធ្ងរ។ ​បើតាមការយល់ឃើញ​របស់ខ្ញុំ នៅក្នុងមូលដ្ឋាន​ខេត្តកំពត​​មួយ​ហ្នឹង​បាទ»។

គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គឺត្រូវបានរដ្ឋាភិបាល ​ដាក់ចេញ ដើម្បីឲ្យអាជ្ញាធរគ្រប់ជាន់​ថ្នាក់ នៅតាមរាជធានី ខេត្តនានា អនុវត្ត​​ឲ្យ​មាន​ប្រសិទ្ធ​ភាព ប្រយោជន៍​ឲ្យមូលដ្ឋាននីមួយៗ មានសន្តិសុខ សុវត្ថិភាព និង​សុខមាលភាពល្អសម្រាប់​​ប្រជាពលរដ្ឋ។

​​​គោលនយោបាយនេះ ​ផ្តោតសំខាន់​លើ​៧ចំណុច រួមទាំអផ្តល់សេវាសាធារណៈល្អ​ ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ គ្រឿង​ញៀន ល្បែងស៊ីសង សណ្ដាប់ធ្នាប់សាធារណៈ គ្មានការជួញដូរមនុស្ស និងក្មេងទំនើងជាដើម។

យ៉ាងនេះក្តី គោលនយោបាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត អះអាងថា មក​ដល់​ពេល​នេះប​ញ្ហាគ្រឿ​ង​ញៀន ក្មេងទំនើង និងអំពើចោរកម្មជាដើមនៅតែជា ជាការគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ