វិភាគ៖ ការ​ដក​ថយ​របស់​លោក ហ៊ុន ម៉ាណែត មក​ចរចា​ជាមួយ​​ថៃ​​ជា​បរាជ័យ​យុទ្ធ​សាស្ត្រ​ការ​ទូត​ឬ?

បន្ទាប់​ពី​ថៃ​បាន​បើក​ការ​ឈ្លាន​ពាន​មក​លើ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​​ខិត​ខំ​ស្វែង​រក​កិច្ច​អន្តរា​គមន៍​ពី​សហគមន៍​អន្តរ​ជាតិ និង​ចង់​យក​បញ្ហា​នេះ​ទៅ​ដោះ​ស្រាយ​នៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់។

ប៉ុន្តែនៅពេលឈានចូលដល់ត្រីមាសទីពីរ​នៃ​ឆ្នាំ​២០២៦ លោក​បែរ​ជា​សម្រេច​ចិត្ត​ដក​ថយ​យ៉ាង​ទន់​ខ្សោយ​ ដោយ​ត្រឡប់​​មក​ប្រើ​ប្រាស់​យន្ត​ការ​ចរ​ចា​ផ្ទាល់​ជាមួយ​ថៃ​វិញ។ ការ​ផ្លាស់​ប្តូរ​ជំហរ​នេះ មិន​មែន​គ្រាន់​តែ​ជា​ការ​ប្តូរ​តិច​និក​ការ​ទូត​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​​​ពី​ការ​ដួល​រលំ​នៃ​គោល​នយោ​បាយ​ផ្អែក​លើ​ច្បាប់ ដែល​រដ្ឋាភិ​បាល​ថ្មី​របស់​លោក​បាន​ខំ​ប្រឹង​កសាង​កន្លង​មក។

មូល​ហេតុ​ចម្បង​ដែល​នាំ​ឱ្យ​យុទ្ធ​សាស្ត្រ​នេះ​បរា​ជ័យ គឺ​កើតចេញពីការគណនាខុសម្តងហើយម្តងទៀត ជាពិសេស​គឺរឿងអាស្រូវនៃការបែកធ្លាយកិច្ចសន្ទនាឯកជន​កម្រិតខ្ពស់ក្នុងឆ្នាំ២០២៥ រវាងលោក ហ៊ុន សែន និង​លោកស្រី ផែ ថងថាន។

ភាពជឿជាក់លើរដ្ឋាភិបាលកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ដោយសារតែឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត​នៅតាមព្រំដែន។ នៅចុងឆ្នាំ២០២៥ ការរីករាលដាលនៃសំបុកឆបោកទ្រង់ទ្រាយធំ ជាពិសេសនៅរីសត​អូស្មាច់ និងតំបន់សេដ្ឋកិច្ចពិសេសនានា បានក្លាយជារឿងអាម៉ាស់មួយនៅលើឆាកអន្តរជាតិ។

រដ្ឋាភិបាលថៃ​ដែលកំពុងប្រឈមនឹងការខាតបង់ប្រាក់រាប់ពាន់លានដុល្លារ លែងចាត់ទុកបញ្ហានេះជាកិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ ប៉ុន្តែជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ពួកគេ។ ការប្រើកម្លាំង​យោធាវាយប្រហារពីសំណាក់កងទ័ពថៃនៅចុងឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់បំផុត។ ទោះ​បី​ជា​​កម្ពុជា​បានថ្កោលទោស​ថា ថៃរំលោភអធិបតេយ្យភាពទឹកដីក៏ដោយ ក៏ថៃបានយកលេស «បង្ក្រាបមជ្ឈ​មណ្ឌល​​ឆបោក» មកធ្វើជា​ខែល ដើម្បី​ធ្វើឱ្យកម្ពុជានៅឯកោពីពិភពលោក។ ថៃបានអះអាងថា ការជួញដូរមនុស្ស និងការធ្វើទារុណកម្មនៅក្នុង​សំបុក​ឆបោក​ទាំងនោះ គឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលតម្រូវឱ្យ​មាន​​ការ​អន្តរាគមន៍យោធាដោយផ្ទាល់។

ក្នុងស្ថានភាពបែបនេះ ការឈ្លានពានរបស់ថៃត្រូវបានគេមើលឃើញថា ជាការការពារស្ថិរភាពក្នុងតំបន់ទៅវិញ ដែល​ជា​ហេតុ​ធ្វើឱ្យរដ្ឋបាលលោក ហ៊ុន ម៉ាណែត ស្ទើរតែគ្មានការគាំទ្រពីដៃគូអន្តរជាតិ ព្រោះគ្មានអ្នកណា​ចង់ចេញមុខ​ការ​ពារ​រដ្ឋាភិបាល​ ដែលពិភពលោកយល់ថាជាជម្រកសម្រាប់ឧក្រិដ្ឋជនឆ្លងដែន​​នោះឡើយ។

រឿង​រ៉ាវនេះ បានឈានដល់កម្រិតក្តៅគគុកបំផុតនៅថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលកងទ័ពថៃបាន​នាំអ្នកកាសែតអន្តរជាតិ​ទៅមើលទីតាំងដែលពួកគេបានវាយយកកាលពីចុងឆ្នាំ២០២៥។ សកម្មភាពនេះ គឺជាយុទ្ធសាស្ត្រ​ការទូតបែបថ្មីមួយ ដោយប្រើភស្តុតាងនៅលើគំនរបាក់បែក មកធ្វើជាអាវុធ។ តាមរយៈ​ការបង្ហាញបន្ទប់ឆបោក​និងភស្តុតាងនៃការបង្ខំមនុស្សឱ្យធ្វើការដូចទាសករ ថៃបានបង្វែររឿងនេះ ពីការ​ជជែក​គ្នារឿងកិច្ចព្រមព្រៀង​ព្រំដែន មកជារឿងបញ្ចុះបញ្ចូលមតិសាធារណៈពិភពលោកវិញ។

បើទោះបីជាតាមច្បាប់អន្តរជាតិ ប្រទេសមួយមិនអាចចូលទៅធ្វើអ្វីលើដីប្រទេសមួយទៀតដោយគ្មានការអនុញ្ញាត​ក៏​ដោយ ប៉ុន្តែ​ថៃបានប្រើរឿងការលាតត្រដាងការរំលោភសិទ្ធិមនុស្សមកធ្វើជាលេសខាងសីលធម៌ ដើម្បីធ្វើ​ឱ្យ​អំណះ​អំណាង​ផ្លូវ​ច្បាប់​របស់​កម្ពុជាមានភាពស្មុគស្មាញ។ បញ្ហានេះ ក៏ត្រូវបានបញ្ជាក់ផងដែរនៅ​ក្នុង​សម័យប្រជុំលើកទី​៥៨ និង ៥៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ​២០២៦ ដែលបានបង្ហាញជាប្រយោលថា រដ្ឋាភិបាលមានការពាក់ព័ន្ធ ឬមិនអាចបង្ក្រាបឧក្រិដ្ឋកម្មធំៗបាន។

បញ្ហាទាំងអស់នេះហើយ ដែលបានផ្តល់ឱកាសមាសឱ្យភាគីថៃ ប្រើប្រាស់ធ្វើជាលេសខាងសីលធម៌ និងសន្តិ​សុខ ដើម្បីធ្វើការឈ្លានពានទឹកដី និងដាក់សម្ពាធមកលើកម្ពុជាយ៉ាងពេញទំហឹង។ ប្រហែលដោយ​សារ​រង​សម្ពាធ​ខ្លាំង​ពេក លោក ហ៊ុន ម៉ាណែត បានប្តូរជំហររបស់លោកយ៉ាងខ្លាំង នៅក្នុងខែមេសា ឆ្នាំ​២០២៦។ កាលពីថ្ងៃទី១១ ខែ​មេសា ក្នុង​សុន្ទរកថា ទៅកាន់សាធារណជន លោកបានបង្ហាញឱ្យឃើញយ៉ាង​ច្បាស់​ថា យុទ្ធសាស្ត្រពឹងផ្អែកលើអន្តរ​ជាតិ​របស់​លោក​ត្រូវបានបញ្ចប់ហើយ។

លោកបានប្រកាសថា កម្ពុជានឹងងាកមកផ្តល់អាទិភាពលើការចរចាដោយផ្ទាល់​ជាមួយ​ថៃ តាម​រយៈ​គណៈ​កម្ម​ការ​​ព្រំដែន​ចម្រុះ​វិញ (JBC) ជំនួសឱ្យការស្វែងរកយុត្តិធម៌ពីតុលាការអន្តរជាតិ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនៃការដកថយនេះ គឺការដែលលោកបានសារភាពថា ទោះបីជាការចរចាផ្ទាល់ជាមួយ​ថៃ មានសង្ឃឹមជោគជ័យតែមួយភាគរយក៏ដោយ ក៏លោកនៅតែបន្តធ្វើដែរ។ «គោលការណ៍មួយភាគ​រយ» នេះ គឺ​ជា​ការ​ទទួលស្គាល់យ៉ាងច្បាស់ នូវភាពទន់ខ្សោយផ្នែកយុទ្ធសាស្ត្រ និងការគណនាខុសរបស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។ វាក៏បានបង្ហាញឱ្យភាគីថៃឃើញថា កម្ពុជាលែងមានសមត្ថភាពទាម​ទាររកយុត្តិធម៌តាមផ្លូវច្បាប់ដែលស្មើ​ភាព​គ្នាទៀតហើយ គឺគ្រាន់តែសង្ឃឹមថា នឹងអាចចរចាគ្នាដើម្បីរស់​ប៉ុណ្ណោះ។

ការផ្លាស់ប្តូរជំហរនេះ បានកើតឡើងចំពេលដែលខាងភាគីថៃ កំពុងតែព្យាយាមបោះបង់យន្តការដែលលោក ហ៊ុន ម៉ាណែត ចង់ត្រឡប់ទៅរកនោះចោលទៅវិញ ដោយក្រសួងការបរទេសថៃ បានបង្ហាញបំណងចង់​លុបចោលកិច្ចព្រម​ព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការចរចាព្រំដែនកន្លងមក។

ខណៈលោក ហ៊ុន ម៉ាណែត កំពុងរៀបចំការដកថយតាមផ្លូវការ ឪពុករបស់លោកឯណោះវិញ បានចេញមុខ​មកពង្រឹង​ជំហររបស់រដ្ឋាភិបាលលោក ដោយការទម្លាក់កំហុសយ៉ាងធ្ងន់ៗ ទៅលើអ្នករិះគន់ទាំងក្នុង និង​ក្រៅប្រទេស។ នៅ​ក្នុង​សារសំឡេងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ លោក ហ៊ុន សែន បានចោទខ្លាំងៗ​ទៅលើអ្នកដែលចង់ជម្រុញឱ្យរដ្ឋាភិបាលប្រើប្រាស់យន្តការអន្តរជាតិ ជាពិសេស កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​បារីសឆ្នាំ១៩៩១ (PPA)។

លោកបានច្រានចោលទាំងស្រុងនូវការយកកិច្ចព្រមព្រៀងនេះ មកប្រើដើម្បីដោះស្រាយបញ្ហាព្រំដែនពេលនេះ ដោយ​បាន​ប្រៀបធៀបរឿងព្រំដែនថាគ្រាន់តែជា «របួសកូនដៃ» ដែលមិនគួរទុកឱ្យវាធ្វើឱ្យខ្វិនរាងកាយ​ទាំងមូលនោះ​ឡើយ។

ការមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកប្រើនេះ គឺក្នុងបំណងបិទផ្លូវមិនឱ្យអង្គការសហប្រជាជាតិ ឬ​ប្រទេស​​ដទៃទៀត ចូលមកពាក់ព័ន្ធ ឬតាមដានបញ្ហានេះបានឡើយ។ នេះគឺជាយុទ្ធសាស្ត្រដែលចង់រក្សាជម្លោះឱ្យស្ថិត​ក្នុងកម្រិតចរចាគ្នាបែបសម្ងាត់ ដូចដែលធ្លាប់បែកធ្លាយកាលពីឆ្នាំ២០២៥ ទោះបីជាការជ្រើស​រើសផ្លូវនេះ អាចនឹង​ធ្វើឱ្យកម្ពុជាត្រូវខាតបង់ប្រយោជន៍យ៉ាងខ្លាំងក្នុងការចរចាក៏ដោយ។

សាររបស់ លោក ហ៊ុន សែន ហាក់ចង់បង្ហាញថា រាល់កំហុសឆ្គងរបស់រដ្ឋាភិបាលកន្លងមក គឺជាលទ្ធផលដែល​កើតចេញពីការញុះញង់របស់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ។ មេបក្សកាន់អំណាច​រូប​នេះ ហាក់​ចាត់ទុកការរិះគន់​ពី​មជ្ឈ​ដ្ឋាន​​អន្តរ​ជាតិ រឿងសំបុកឆបោកមិនឈប់ឈរ គឺជាការរៀបចំឡើងដោយក្រុមប្រឆាំងនៅក្រៅប្រទេស ក្នុងគោល​បំណង​បង្កអស្ថិរភាពនយោបាយផ្ទៃក្នុង។

ការលើកឡើងបែបនេះ ហាក់ដូចជាចង់មើលរំលងការពិតដែលថា មជ្ឈមណ្ឌលឆបោកទាំងនោះ គឺជាទីតាំងពិតប្រាកដ​ដែលមានជនរងគ្រោះពិតមែន ប៉ុន្តែលោកបែរជាចាត់ទុកការលាតត្រដាងការពិតនេះថា ជាអំពើក្បត់ជាតិទៅ​វិញ។ ការព្យាយាមបង្វែរសាច់រឿងនេះ ក៏មានការគាំទ្រតាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០២៦ ស្តីពីច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាថ្មីផងដែរ។

ទោះបីជាសេចក្តីថ្លែងការណ៍នេះ ចង់បង្ហាញថា កម្ពុជាកំពុងពង្រឹងច្បាប់យ៉ាងណាក៏ដោយ ក៏មតិទូទៅមើល​ឃើញ​ថា វាគ្រាន់តែជាសកម្មភាពដើម្បីដោះស្រាយបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ។ ដូចដែលលោក ភីល រ៉ូបឺតសុន (Phil Robertson) នាយកនៃស្ថាប័នអ្នកតស៊ូមតិសិទ្ធិមនុស្ស និងសិទ្ធិការងារអាស៊ី (Asia Human Rights and Labour Advocates – AHRLA) បានវិភាគកាលពីពាក់កណ្តាលខែមេសាថា គ្រាន់តែអត្ថបទច្បាប់​នៅ​លើ​ក្រដាស គឺ​មិន​អាចទៅ​លុបលាងភស្តុតាងនៃឧស្សាហកម្មឆបោក ដែលពិភពលោកបានឃើញនឹងភ្នែករួចទៅហើយនោះទេ។

ការដែលលោក ហ៊ុន ម៉ាណែត មិនអាចទាញថៃ ឱ្យមកដោះស្រាយជម្លោះតាមយន្តការអន្តរជាតិបាន គឺជាការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកកេរ្តិ៍ឈ្មោះ និងរបៀបគ្រប់គ្រងរបស់លោក។ ការបណ្តោយឱ្យតំបន់ព្រំដែនកម្ពុជា ក្លាយ​ជាកន្លែងល្បីខាងជួញដូរមនុស្ស និងឆបោកតាមអ៊ីនធឺណិត បានធ្វើឱ្យរដ្ឋាភិបាលបាត់បង់តម្លៃ និងសិទ្ធិអំណាច ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិជួយការពារខ្លួន។

ការត្រឡប់មកប្រើយន្តការចរចាទ្វេភាគីជាមួយថៃ ទោះមានសង្ឃឹមតែមួយភាគរយ បង្ហាញពីការវិលទៅរកការចរចា​បែប​សម្ងាត់ ដែលធ្វើឱ្យរឿងទឹកដីក្លាយជាការដោះដូរគ្នាតាមការត្រូវរ៉ូវគ្នា ជាជាងការការពារតាមច្បាប់ឱ្យបាន​ត្រឹម​ត្រូវ។ លើសពីនេះ ការដែលលោក ហ៊ុន សែន ច្រានចោលមិនព្រមយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស​មក​ប្រើ គឺកាន់តែធ្វើឱ្យកម្ពុជាឯកោពីពិភពលោក ព្រោះវាបង្ហាញថា រដ្ឋាភិបាលនេះ សុខចិត្តចាញ់ប្រៀប​ថៃ​លើ​រឿង​ទឹក​ដី ប្រសើរជាងព្រមឱ្យអន្តរជាតិចូលមកមើលឃើញពីភាពស្អុយរលួយ ឬទង្វើទុច្ចរិតរបស់មេដឹកនាំក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ