អ្នកឃ្លាំ​មើល​និង​បក្ស​កាន់​អំណាច​ចោទ​គ្នា​ពី​ជម្រើស​ទាម​ទារ​​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ

អ្នក​​នយោ​បាយ​​ប្រឆាំង ​និ​ង​​បញ្ញ​វន្ត​ខ្មែរ​​​នៅ​ក្រៅ​​ប្រទេស​ បាន​អះ​អាង​មក​ថា ពួក​គេ​ជំរុញ​​​ឱ្យ​​រដ្ឋាភិ​បាល​​ លោក ហ៊ុន ម៉ាណែត ​ប្រញាប់​ប្តឹ​​ង​ថៃ​​​​​ទៅ​​តុលា​ការ​​អន្តរ​ជាតិ និង​​​ទៅ​​សហ​ប្រធាន​​កិច្ច​​ព្រម​ព្រៀង​​ទីក្រុង​​ប៉ា​រីស​ ព្រ​ម​ទាំង​​យន្ត​ការ​​ច្បាប់​​អន្តរ​ជាតិ​​ផ្សេង​​ៗ​​ទៀត ដើម្បី​ទាម​ទារ​ដី​ខ្មែរ​ជាង​៥០​ទីតាំង យក​ត្រឡប់​មក​វិញ ​មិន​មែន​ជំរុញ​ឱ្យ​​​ធ្វើ​​​សង្គ្រាម បង្ក​​ឱ្យ​​បាត់​​បង់​​អាយុ​ជីវិត​មនុស្ស​ ដូច​​ការ​​លើក​ឡើង​​របស់​ ​លោក ​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​សភា​​​​នោះ​ទេ។

ប្រតិកម្ម​ទាំង​នេះ ជាការ​ឆ្លើយតបទៅនឹងសារសំឡេងរបស់ ​លោក​ ​ហ៊ុន សែន ​ដែលត្រូវបាន​គេចែ​ក​ចាយ​ លើ​​បណ្តាញ​​​សង្គម​ក្នុងអំ​ឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ លោក ហ៊ុន សែន បានចោទខ្លាំងៗ​ទៅលើអ្នកដែលចង់ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ប្រើ​ប្រាស់​យន្ត​ការ​អន្តរ​ជាតិ ជាពិសេស​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​បារី​ស​ឆ្នាំ​១៩៩១ ។

លោកបានច្រាន​ចោលទាំងស្រុង នូវការយកកិច្ចព្រមព្រៀងនេះ មកប្រើដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ពេល​នេះ ដោយ​​​បាន​​ប្រៀប​​ធៀប​​រឿង​ព្រំដែន​ថា​គ្រាន់​តែ​ជា «របួស​កូន​ដៃ» ដែល​មិន​គួរ​ទុក​ឱ្យ​វា​ធ្វើ​ឱ្យ​ខ្វិន​​រាង​កាយ​ទាំង​មូល​នោះ​ឡើយ។

លើស​ពីនេះ លោកបានចោទជាសំណួរ​ទៅ​កាន់​ក្រុម​អ្នក​រិះ​គន់ និង​គណបក្ស​ប្រឆាំង​នៅ​ក្រៅប្រ​ទេស​​ដូច​នេះ​ថា៖ឥឡូវ[..] យក​ជម្រើស​វ៉ៃគ្នា ​ឬក៏​​​យក​ជម្រើស​ចរចា​ដោយ​សន្តិវិធី​ ដើម្បី​បញ្ចៀស​នូវការ​ស្លាប់ និង​របួស​​របស់​កងទ័ព ការស្លាប់ ​និង​របួស​របស់​ប្រជាជន​ខ្មែរ ​ការខូចខាតហេដ្ឋា​រចនា​​​សម្ព័ន្ធ ​ការនាំទៅដល់ការជម្លៀស​ប្រជាជន៦០-៧០ម៉ឺន​នាក់​ថែម​ទៀត ​ក៏ត្រូវ​ចរចាដោយ​សន្តិ​វិធី? ​ឥឡូវ​[…]​ឆ្លើយឱ្យ​ច្បាស់​មករាប់​ទាំង​អាពួក​ប្រឆាំងនៅ​ខាង​ក្រៅ ​ឱ្យសេនារីយោមក​តើ​ត្រូវ​វ៉ៃគ្នាក៏ត្រូវ​ចរចា? ​អាហ្នឹង​និយាយ​គ្នា​ឱ្យ​ច្បាស់មក​»

​ជាងនេះទៅទៀត លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន ម៉ាណែត ​បា​ន​ថ្លែង​​​នៅ​​ខេត្ត​​តាកែវ​​ កាល​​​ពី​​​ថ្ងៃ​ទី​១១​ខែ​មេសា ដោយ​​ព្រលយ​ឱ្យ​​ដឹ​ង​​ពី​​​ដំណោះ​​​ស្រាយ ​​តាម​រយៈ​​យន្ត​ការ​ចរចាទ្វេភាគី ​ដោយ​លោក​​ថ្លែងថា មាន​កន្លែងខ្លះ​ដែល​​កម្ពុជា​ចូល​ដីថៃ ​និង​​កន្លែង​ខ្លះ ​ថៃ​ចូលមក​ក្នុង​ទឹក​​ដីកម្ពុជា​​វិញ ​ដូច្នេះ​គឺ​ត្រូវ​ធ្វើការ​កាត់​កង​​ដើម្បី​តម្រឹម​តាម​​​ផែន​ទី​ប្រវត្តិ​សាស្ត្រ​ ដោយ​​ផ្អែក​​លើ​​​កិច្ច​ព្រម​​ព្រៀង​​អនុសញ្ញា​និង​សន្ធិសញ្ញា​។

ការ​ថ្លែង​របស់​លោក​ ហ៊ុន ម៉ាណែត ​នេះ គឺ​បន្ទាប់​ពី​​ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស ​​បាន​ថ្លែងនៅ​ពេល​​​ចុះ​​ទៅ​ពិនិត្យ​ព្រំដែន​នៅឃុំ​ថ្មដា ​​ខេត្ត​ពោធិ៍​សាត់ ​កាលពីថ្ងៃ​ទី​២៧ខែ​​មិនា​​ថា៖ «បើ​​វាស់ទៅឃើញ​ថា​ខាង​ណា​របស់​​យើង​ ​យើង​គ្រាន់​តែសុំ​របស់​យើង​មក​វិញ​​ ខាងណារបស់​គេ​យើង​ឱ្យទៅ​​គេទៅ​។ ហើយ​យើង​​ត្រៀម​​លក្ខណៈ ​ប្រ​សិន​បើមាន​ការចូល​បន្តិចបន្តួច​អី​ចឹង​ទៅ​យើង​ប្រគល់​ឱ្យ​គេ ​​សុខចិត្តយើង​រើនិង​កសាង​ផ្ទះ​សំបែង​ជូន​បងប្អូន​យើង​នៅ​កន្លែងដីជាប់​ព្រំដែន​ហ្នឹង​​សារជាថ្មីឡើង​វិញ​​។​ ​ប៉ុន្តែនេះ​អត់​ទេ​ គេយកប្រើ​​កម្លាំង​​​មក​កាន់​កាប់​យក​លួស​បន្លា​មក​ព័ទ្ធ​យក ​កុង​​តឺន័រ​យក​​មក​​ឃាំង ​ដោត​ទង់​ជាតិ​របស់​ខ្លួន​លើ​ដី​ខ្មែរ ​វា​ជា​រឿង​​​មួយ​​ដែល​​យើង​​ហួស​ចិត្ត​ដែរនិយាយ​ទៅ​»។

សម្រាប់ ​លោក ​អ៊ុំ សំអាន​ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ​និង​ជាអ្នក​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិ​បាល​​ក្រៅ​​ប្រទេស​​២៣​​តុលា ​បាន​ប្រាប់​វីអូឌី​នៅថ្ងៃទី​២០​ខែ​មេសានេះថា តាម​រយៈ​ការ​ថ្លែង​របស់​លោក​ប្រាក់ សុខុន ​និង​​លោក​ហ៊ុន ម៉ាណែត ក៏​ដូច​ជាការ​ថ្លែង​របស់​ លោក​ហ៊ុន សែន ​នា​ពេល​ចុង​ក្រោយ​នេះ​ គឺ​បាន​​លាត​​ត្រដាង​ឱ្យ​ឃើញ​កាន់​តែច្បាស់​​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បាន​ជ្រើស​រើស​យក​ការ​ដោះ​ស្រាយ​បញ្ហា​​​ព្រំដែន​​ដោយ​ប្រើយន្តការ​ចរចាទ្វេភាគី ​គឺ​ចរចា​ជា​មួយ​​ចោរ ដែល​ចាញ់​ប្រៀប​​ចោរ​ និងបាន​ត្រៀម​កាត់​ទឹក​​ដី​កម្ពុជា​​ដែល​ចោថៃកំពុង​គ្រប់គ្រង​ទៅ​ឱ្យ​ថៃ ​ដើម្បី​​ដូរ​យក​សន្តិភាព​និង​អំណាច​។

លោកថា៖ «ដូច្នេះការ​ថ្លែង​របស់​លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត​ ហ្នឹង​​ជាការ​ផ្ញើ​សារ​បែប​ទន់​ជ្រាយ ​​បែប​សុំ​អង្វរ​ក​ថៃ​​​សុំ​ទឹក​ដីមក​វិញ។ ថៃដឹង​ចំណុច​ខ្សោយ​​របស់​កម្ពុជា ​នឹង​មិន​ប្រគល់​ទឹក​ដីមក​ឱ្យ​កម្ពុជា​​ទេ​​ និង​បដិសេធ​ការ​​ចរចា។​ ទោះ​បីចរចាក៏ដោយ ​ក៏​មិន​អាច​ទាម​ទារ​ទឹក​ដីមក​វិញ​​បាន​ដែរ នៅពេល​ដែល​កម្ពុជាមិន​បង្ហាញជំហរ​រឹង​ប៉ឹង​ និង​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ។ ​​ដូច្នេះ​នៅ​ពេល​នឹង​ការ​​ផ្ញើ​សាររ​បៀប​​នេះ ខ្ញុំយល់​ថា ​ជាការ​ផ្ញើ​សារ​ទៅ​ថៃ​ឱ្យ​ថៃ​ដឹងពីចំណុច​ខ្សោយ​​​របស់​ខ្លួន ​ហើយ​នឹងពីភាព​ទន់​ជ្រាយ​ការ​​អង្វរ​ក​​លុន​តួរបស់ខ្លួន​ចំពោះ​ថៃ ​ហើយ​​ការផ្ញើ​​សារ​​ម្យ៉ាងទៀត​ទៅថៃប្រាប់ថា មិន​អីទេ​ចរចាទ្វេភាគីទៅ​វាស់​វែង​​ទៅ ​​នៅពេល​ដែល​វាស់​វែង​​ហ្នឹង ​​ខ្ញុំ​នឹងកាត់​ទឹក​ដីទៅ​ឱ្យ​អ្នក​ឯង ​ដើម្បីដូរ​យក​សន្តិភាព​​និង​អំណាច»។

បន្ថែម​ពីនេះ ​ទាំង​លោក​អ៊ុំ សំអាន ​និង​​លោក​ម៉ែន ណាត​ ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ យល់​​ស្របគ្នា​ថា ការ​ដែល​​លោក​ហ៊ុន ម៉ាណែត​ លើកឡើង​ថា ​បើកម្ពុជា​ចូល​ដី​ថៃ​​ ហើយ​​ថៃ​ចូល​ទឹក​ដី​កម្ពុជា​​ត្រូវ​ធ្វើការ​កាត់​​កង​​គ្នានោះ ​​​គឺ​ជា​ការ​ផ្ទុយ​ពីការ​ពិត ​ពីព្រោះ​កម្ពុជា​មិន​ដែល​រំលោភ​​ចូល​ទឹក​ដី​​ប្រទេស​ជិត​​ខាង ដូច​ដែល​លោក​​ហ៊ុន ម៉ាណែត ​និង​លោក​ហ៊ុន សែន ​ធ្លាប់​បាន​លើកឡើង​មែន​នោះ​ ពីព្រោះ​បើកម្ពុជា​រំលោភ​ចូល​​ទឹក​ដី​ប្រទេស​ជិត​ខាង ម្ល៉េះ​​ទឹកដី​​ខ្មែរ​​មិន​​មែន​​រួម​តូច​​​ពីអាណាចក្រ​ខ្មែរ​​ដែល​មាន​ទឹក​ដី​ធំល្វឹង​ល្វើយ​​មក​នៅ​តូច​ស្ទើរ​​តែបាត់​ឈ្មោះ​​ពី​ផែន​ទី​ពិភព​​លោក​ដូច​​បច្ចុប្បន្ន​នេះទេ។

លោក ​ម៉ែន ណាត ​និយាយ​ថា បើ​ស្តាប់​តាម​ការ​លើកឡើង​របស់ ​​លោក​ប្រាក់ សុខុន​ និង​លោក​ហ៊ុន ម៉ា​ណែត ​​គឺស្តែង​ឱ្យ​​ឃើញ​នូវគំនិត​មាយាទ​មេដឹកនាំ​ខ្មែរ​​ដែល​មាន​ចេតនា​កាត់​ទឹកដី​មួយ​ផ្នែក​ទៅ​ឱ្យថៃ​តាម​ការ​​ចង់​​​បាន​​​របស់ថៃ​ដែល​​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​គ្មាន​​សមត្ថភាព​ក្នុងការ​ការ​ពារ​ទឹក​ដី​​​របស់​​ដូនតាខ្មែរ​នោះទេ។

លោកថា៖ «ដោយ​ឡែក​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន ​ថ្មីៗ​នឹង​ក៏​អ៊ីចឹង​ដែរ​ ក៏មាន​ន័យ​មាន​ខ្លឹមសា​រ​ដូច​​​លោក​ហ៊ុន ម៉ាណែត​ ដូច​លោក​ប្រាក់​ សុខុន លើកឡើង​ដូចគ្នា​ក៏ប៉ុន្តែ​លោក​ហ៊ុន សែន ​ប្រើ​ពាក្យបន្ថែម​មួយ​ម៉ាត់​​ថា កម្ពុជា​​មិន​​​ធ្វើ​សង្គ្រាម​ ​តាម​ការញុះ​ញង់​របស់​ក្រុម​ប្រឆាំង​។ ​តែសូម​បញ្ជាក់​ថា ក្រុម​ប្រឆាំង​ ​រួម​ទាំង​​​អ្នក​ប្រឹក្សា​យោ​បល់​​​នានា​​នៅក្នុង​រឿង​ព្រំដែននេះ ​អត់ដែល​ផ្តល់​យន្តការ​ឱ្យ​ធ្វើ​សង្គ្រា​ម​​​តតាំង​ប្រឆាំង​នឹង​បរទេ​ស​​​ឈ្លានពាន​ទេ ​តែយើង​ផ្តល់​យោបល់​​​ឱ្យការពារ​ខ្លួន​ នៅ​ពេល​បរទេស​ឈ្លាន​ពាន​អាហ្នឹង​​​ទី​១។​ទី២​យើង​ផ្តល់​​យោបល់​​ឱ្យ​​ដើរ​ការ​ទូត​ហ្នឹង​​​ឱ្យ​​ខ្លាំង​​ក្លា​ ដើម្បី​ដាក់​សម្ពាធថៃ​ឱ្យ​ដកកងទ័ព​ចេញពី​ទឹកដីកម្ពុជា»។

បន្ថែម​ពីនេះ ​ទាំង​លោក​ម៉ែន ណាត ​និង​លោក​អ៊ុំ សំអាន ​ជំរុញ​ឱ្យ​កម្ពុជា​​ប្តឹងថៃទៅ​តុលាការ​អន្តរ​ជាតិ ​ទាំង​ICJ និង​​ICC ព្រម​ទាំង​យន្តការ​ច្បាប់​អន្តរជាតិ​​ជាច្រើន​ទៀត ​ដូច​ជា យន្តការ​អង្គការ​សហ​ប្រជាជាតិ​ ​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គ​ការ​​សហ​​ប្រជាជាតិ ​​​អាស៊ាន​ និង​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​និង​ត្រូវ​ធ្វើការ​បង្រួប​បង្រួម​ផ្សះ​ផ្សា​​ជាតិ​​​ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង​​។​

​ជារួម​​ សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល​​ដែល​មិន​ចំណុះ​រដ្ឋាភិបាល ​កត់​សម្គាល់​​ថា ការដែលលោក ហ៊ុន ម៉ាណែត មិន​អាច​ទាញ​ថៃ​​ឱ្យ​មក​ដោះ​ស្រាយជម្លោះ​ព្រំដែន ​តាមយន្តការអន្តរជាតិ​បាន គឺជាការ​បរាជ័យយ៉ាងធ្ងន់ធ្ងរ ទាំង​ផ្នែកកេរ្តិ៍ឈ្មោះ និងរបៀបគ្រប់គ្រង​របស់លោក​ ខណៈ​​ការបណ្តោយ​ឱ្យតំបន់ព្រំដែនកម្ពុជា ក្លាយជាកន្លែង​​ល្បីខាងជួញដូរមនុស្ស និងឆបោកតាមអ៊ីនធឺណិត បានធ្វើឱ្យរដ្ឋាភិបាលបាត់បង់តម្លៃ និងសិទ្ធិអំណាច ក្នុងការប្រើប្រាស់ច្បាប់អន្តរ​ជាតិជួយ​ការ​ពារ​​ខ្លួន។

លោក ​អ៊ុំ សំអាន ​បាន​ធ្វើការ​បូកសរុប​ជាថ្មីទៀត​​នូវ​ទីតាំង​ទឹកដីកម្ពុជា​ ដែល​ទាហាន​ថៃ​បាន​ដណ្តើម​គ្រប់​គ្រង​ ​​ចាប់​តាំង​ពីមាន​បទឈប់​បាញ់​លើក​​ទី​២​​ កាលពី​ថ្ងៃទី​២៧ ​ខែធ្នូ ​ឆ្នាំ​២០២៥​​ មក​ដល់​ត្រឹមថ្ងៃទី​២០ ​ខែមេសា​នេះ មាន​​ចំនួន​​សរុប​​៦៦​ទីតាំង ខណៈ​ទា​ទាហានខ្មែរកំពុងគ្រប់គ្រង​ទឹកដីខ្មែរ១១ទីតាំង​ ក្នុង​នោះ​រួមមាន ប្រាសាទ​ព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨ ព្រលានថ្ម សំបុកឃ្មុំ តំបន់​៧៥ និង ភ្នំ៣៩៨។

សម្រាប់​អ្នកតាមដានសង្គម និងភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់​ថា ការត្រឡប់មកប្រើយន្ត​​ការ​​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ទោះមានសង្ឃឹមតែមួយភាគ​រយ បង្ហាញ​ពី​ការ​វិល​ទៅ​រក​ការ​ចរចា​បែប​សម្ងាត់ ដែល​ធ្វើឱ្យ​​រឿង​ទឹក​​​ដី​​ក្លាយ​​ជាកា​រ​ដោះ​ដូរ​គ្នាតា​ម​ការ​ត្រូវ​រ៉ូវ​គ្នា​ ជាជាង​ការ​ការ​ពារ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ។

លើសពីនេះ លោកថា ការដែលលោក ហ៊ុន សែន ច្រាន​ចោលមិនព្រមយកកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ប្រើ គឺ​កាន់​តែ​ធ្វើ​ឱ្យក​ម្ពុជា​ឯកោ​ពី​ពិភព​លោក ព្រោះ​វា​បង្ហាញ​ថា រដ្ឋាភិ​បាល​នេះ​សុខ​ចិត្ត​ចាញ់​ប្រៀប​ថៃ​លើ​រឿង​ទឹក​ដី ប្រសើរ​​ជាង​ព្រម​ឱ្យ​អន្តរ​ជាតិ​ចូល​មក​មើល​ឃើញ​ពី​ភាព​ស្អុយ​រលួយ ឬ​ទង្វើ​ទុច្ច​រិត​របស់​មេដឹក​នាំ​ក្នុង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ