អ្នកនយោបាយគណបក្សប្រឆាំង បន្តផ្ញើសារអំពីសារសំខាន់នៃការផ្សះផ្សាជាតិ ដើម្បីកុំឱ្យកម្ពុជាជួបសោកនាដកម្មដូចពីអតីតកាល ខណៈបន្ទាត់នយោបាយរបស់គណបក្សកាន់អំណាច ត្រូវបានគេមើលឃើញថា កំពុងជួបវិបត្តិជាច្រើន រួមទាំងឧក្រិដ្ឋកម្មអនឡាញ បញ្ហាព្រំដែន និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធជាដើម។
សារនេះ បានធ្វើឡើងស្របពេលដែលគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានរៀបចំពិធីបែបសាសនា បង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥) នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។
របបកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) ដែលដឹកនាំដោយ សាឡុត ស ហៅ ប៉ុល ពត ឡើងកាន់អំណាច បានជាង៣ឆ្នាំ តែត្រូវដួលរលំទៅវិញ ពោលគឺចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។
ប៉ុន្តែការកាន់អំណាចតែមួយរយៈពេលខ្លីរបស់ ប៉ុល ពត នេះ បានសម្លាប់មនុស្សអស់ជាង១លាន ៧សែននាក់ តាមរយៈការធ្វើទារុណកម្ម បង្ខំឲ្យធ្វើការលើសកម្លាំង បង្អត់អាហារ និងលុបបំបាត់ជំនឿសាសនា បែងចែកវណ្ណៈ រវាងអ្នកមាន និងអ្នកក្រ បញ្ញវន្ត និងកសិករ ជាដើម។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន មានប្រសាសន៍ក្នុងពិធីនោះថា ថ្ងៃទី១៧ខែមេសា ជាថ្ងៃដែលខ្មែរគ្រប់រូបចងចាំមិនភ្លេច ដោយសារវាជារបបប្រល័យពូជសាសន៍ និងជាសោកនាដកម្មដ៏អាក្រក់ ដែលធ្វើឱ្យពលរដ្ឋខ្មែររាប់លាននាក់បានស្លាប់ និងរងគ្រោះ ហើយហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានបំផ្លាញខ្ទេចខ្ទី។
ការណ៍នេះ លោកថា មេដឹកនាំខ្មែរបច្ចុប្បន្ន និងអ្នកនយោបាយទាំងអស់ គួរចងចាំ និងទប់ស្កាត់នូវរបបប្រល័យពូជសាសន៍នេះ កុំឱ្យកើតឡើងវិញ តាមរយៈការលើកស្ទួយនូវវប្បធម៌អត់ឱនឱ្យគ្នាអធ្យាស្រ័យគ្នា រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ និងការឯកភាពជាតិ នោះទើបតែខ្មែរខ្លាំង និងជៀសផុតពីការរងការប្រមាថម៉ាក់ងាយ និងការឈ្លានពានទឹកដីពីប្រទេសជិតខាង។
លោកថា៖ «ខ្មែរត្រូវតែដកហូតនូវមនោគមវិជ្ជាបរទេសចោលឱ្យអស់ ពីព្រោះថាមានតែខ្មែរទេ ទើបអាចធ្វើឱ្យខ្មែរខ្លាំង មានតែខ្មែររួបរួមគ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឯកភាពគ្នាក្នុងចំណោមខ្មែរតែមួយ ក្នុងស្មារតីខ្មែរតែមួយ ទើបខ្មែរខ្លាំង នៅពេលដែលខ្មែរខ្លាំង គឺខ្មែរអាចជៀសផុតពីការរងប្រមាថ ពីការមើលងាយ ពីការមើលថោក ពីការឈ្លានពានពីសំណាក់បរទេសជិតខាងទាំងឡាយ។ អីចឹងទេ អ្វីដែលខ្ញុំចង់ជំរាបថា ស្នើសុំឱ្យអ្នកនយោបាយគ្រប់ អ្នកនយោបាយនាពេលនេះ អ្នកដឹកនាំនាពេលនេះ ចងចាំនូវថ្ងៃ១៧មេសា ហើយ រួបរួមគ្នាក្នុងការទប់ស្កាត់នូវការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍»។
ក្រៅពីនោះ លោក លី សុធារ៉ាយុត្តិ ក៏ស្នើឱ្យមានការដោះលែងអ្នកជាប់ឃុំដែលរងភាពអយុត្តិធម៌ ទាំងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គម ព្រមទាំងបើកផ្លូវឱ្យអ្នកនយោបាយនៅក្រៅប្រទេស បានចូលរួមសកម្មភាពនយោបាយឡើងវិញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងប្រឆាំងការឈ្លានពានរបស់ប្រទេសជិតខាង។
ចំណែក ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ហុង សុខហួរ ដែលជាជនរងគ្រោះមួយរូបផងដែរតាំងពីឆ្នាំ១៩៧០ និងនៅរបបខ្មែរក្រហមដែរនោះ ក៏បានបន្តផ្ញើសារឱ្យមានការផ្សះផ្សាជាតិផងដែរ ដើម្បីកុំឱ្យមានសោកនាដកម្មដូចពីអតីតកាល និងស្របពេលដែលកម្ពុជាកំពុងរងគ្រោះ ដោយសារការឈ្លានពានរបស់ប្រទេសថៃ។
លោកថា៖ «យើងឃើញថា ផលវិបាកនៃសោកនាដកម្ម១៧មេសាឆ្នាំ១៩៧៥ ធ្វើឱ្យយើងបាត់បង់ច្រើន ខាងផ្នែកវប្បធម៌ សាសនា សង្គមយើង។ សង្គមយើងឥឡូវមិនដូចសង្គមពីមុនទេ មានការប្រែប្រួលសម្បើមណាស់ ហើយបូរណភាពទឹកដីយើង ក៏យើងមិនអាចនឹងគ្រប់គ្រងបានដោយស្រួលដូចលើកមុនទេ អ្នកជិតខាងគេចេះតែចង់រំលោភ រំលោភខ្លះហើយ ដើម្បីយកទឹកដីរបស់យើងយកទៅគ្រប់គ្រង ដូច្នេះក្នុងនាមគណបក្សនយោបាយ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ សូមអំពាវនាវដល់អ្នកប្រជាធិបតេយ្យឱ្យរួបរួមគ្នា វិញជាធ្លុងមួយ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ការពារសេរីភាព»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានច្រានចោលការលើកឡើងនេះ ដោយសំអាងថា កម្ពុជាបច្ចុប្បន្នគ្មានការបែកបាក់ទេ រស់នៅក្រោមដំបូលរដ្ឋាភិបាល ព្រះមហាក្សត្រ និងដំបូលរដ្ឋធម្មនុញ្ញតែមួយ គ្មានការបែកបាក់ជាតិ ដូចអតីតកាលនោះទេ។
យ៉ាងណា លោកថា អ្វីដែលក្រុមគណបក្សប្រឆាំងបានលើកឡើង ផ្ទុយទៅនឹងទង្វើរបស់ក្រុមប្រឆាំងដែលបានធ្វើចំពោះរដ្ឋាភិបាល ដែលលោកហៅថា ជាមនុស្សធ្វើពុតជាដេកលក់។
លោកថា៖ «និយាយពីផ្សះផ្សាជាតិៗ ប៉ុន្តែរកតែវិធីមួលបង្កាច់ វាយប្រហារ បំបែកបំបាក់ អីចឹងវាផ្ទុយគ្នា មិនដឹងថាឆ្លើយយ៉ាងម៉េច ដើម្បីឱ្យពួកគាត់យល់បាន។ ពិបាកណាស់ មនុស្សដែលពាក់វែនតាខ្មៅ ឬជាមនុស្សដេកមិនលក់ផង ធ្វើដេកលក់ យើងដាស់ម៉េច ក៏មិនក្រោកដែរ អាហ្នឹងពិបាក» ។
សម្រាប់មេដឹកនាំគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត វិញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក៏គេមិនឃើញមានការបង្ហោះសារណាមួយ រំលឹកដល់ថ្ងៃសោកនាដកម្មដែលពលរដ្ឋខ្មែរជិត ២លាននាក់បានស្លាប់ និងរាប់លាននាក់ទៀតរងទុក្ខក្នុងរបបខ្មែរក្រហមនោះទេ គឺមានតែបង្ហោះសារ និងរូបភាពនៃទិដ្ឋភាពការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យមានសោកនាដកម្ម និងការបែកបាក់ជាតិ គឺដោយសារតែមានអ្នកនយោបាយក្នុងប្រទេសមួយក្រុម មានទំនាក់ទំនងនិងអនុវត្តតាមប្រទេសកុម្មុយនីស្តផ្តាច់ការ ខណៈមួយក្រុមទៀតក៏ជឿទៅលើនិន្នាការប្រទេសលោកសេរី ដែលធ្វើឱ្យសង្គមកម្ពុជាច្របូកច្របល់ និងមានការកាប់សម្លាប់ខ្មែរគ្នាឯងរាប់លាននាក់។ ការណ៍នេះ លោកថា ជាមេរៀនមួយសម្រាប់អ្នកនយោបាយបច្ចុប្បន្ន ដែលត្រូវរៀនសូត្រ និងជៀសវាងកុំឱ្យសោកនាដកម្មនេះកើតឡើងជាថ្មីទៀត។
យ៉ាងណា សម្រាប់ លោក ករុណា មើលឃើញថា ស្ថានការណ៍បន្ទាត់នយោបាយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងចំណុចគ្រោះថ្នាក់ និងមានលំនាំដូចរបបខ្មែរក្រហម ដោយសារបច្ចុប្បន្ននៅតែការបែកបាក់ផ្ទៃក្នុង មានការចាប់ចងអ្នកមាននិន្នាការឬមតិផ្ទុយ ការរំលាយគណបក្សប្រឆាំង បញ្ហាឧក្រិដ្ឋកម្មអនឡាញ បញ្ហាព្រំដែន ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធជាដើម ដែលទាមទារឱ្យមានការកែលម្អឡើងវិញ។
លោកថា៖ «វាទាល់តែខ្មែរយើងខ្លួនឯង ត្រូវចាប់យកអ្វីដែលជាផលប្រយោជន៍ជាតិ ជារួមជាធំ នោះទើបអ្នកនយោបាយឬក៏ប្រទេសជាតិយើង អាចមានដំណើរការអភិវឌ្ឍទៅរួមគ្នាបាន ប៉ុន្តែប្រសិនបើក្នុងការប្រទាញប្រទង់ដូចស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថា មិនមានសង្ឃឹមទេ ពីព្រោះយើងមើលឃើញហើយ មេដឹកនាំបច្ចុប្បន្ន គឺដឹកនាំដោយភាពអត្មានិយម គឺគិតតែទៅលើតែក្រុមគ្រួសារខ្លួនឯង បក្ខពួកខ្លួនឯង ក្នុងខណៈដែលប្រទេសជាតិកំពុងតែជួបនូវស្ថានភាពវិបត្តិធ្ងន់ធ្ងរ ទាំងបញ្ហាប្រជាពលរដ្ឋរស់នៅរងទុក្ខលំបាក[…] ស្ថានភាពសន្តិសុខសង្គម វាមានគ្រឿងញៀន ឆបោកអនឡាញ […] ការចាប់សកម្មជនដាក់ពន្ធនាគារបើគ្រាន់តែជាទស្សនៈនយោបាយផ្សេងគ្នា ការបញ្ចេញមតិរិះគន់អីផ្សេងៗ បែរជាចោទប្រកាន់ក្នុងបទល្មើសធ្ងន់ធ្ងរជាដើម នេះហើយជាការបង្កឱ្យមានភាពឈឺចាប់ អាចថាសង្គមហ្នឹងនឹងកើតនូវហិង្សាឡើងវិញ ដោយមានការប្រយុទ្ធកើតនូវសង្គ្រាម ដូចដែលជំនាន់ដើមវិលមកវិញ ចឹងគួរតែកុំសាងភាពឈឺចាប់ឱ្យគ្នាទៅវិញទៅមក គួរតែមានការបញ្ចប់នូវអំពើទាំងអស់នោះ ខ្ញុំគិតថា នោះទើបអាចស្តារមកបាន»។
ចំណែក លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ដែរថា ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ជាទីអវសាននៃរបបសាធារណរដ្ឋខ្មែរ ដោយពួកទាហាន លន់ នល់ បានដាក់អាវុធចុះ ហើយប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានទទួលសេរីភាពពិតប្រាកដហើយ។ ប៉ុន្តែក្ដីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យភ្លាមៗ ដោយសារកងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ ចាកចេញពីទីក្រុង ហើយប្រជាជននៅតាមបណ្ដាខេត្ត-ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយ។
លោកបណ្ឌិត គិន ភា បន្តថា ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយជាលទ្ធផលនៃរបបដឹកនាំនោះ បានធ្វើឱ្យប្រជាជនខ្មែរជិត ២លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដែលបណ្ដាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការបង្អត់អាហារ ការសម្លាប់រង្គាល ឬការបង្ខំឱ្យធ្វើពលកម្មលើសកម្លាំង។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានលើកឡើងបន្តថា ប្រជាជនខ្មែរត្រូវរង់ចាំអស់រយៈពេលជាង ៥០០ឆ្នាំ ទើបទទួលបានសន្តិភាព តែសន្តិភាពនេះ ក៏អាចបាត់បង់ទៅវិញដែរ បើមិននាំគ្នាថែរក្សា និងឱ្យតម្លៃ ជាពិសេសស្របពេលដែលប្រទេសថៃកំពុងឈ្លានពានលើបូរណភាពទឹកដីកម្ពុជា។
ការណ៍នេះ លោកបានសង្កត់ធ្ងន់ក្នុងសំណេរដើមថា៖ «ដូច្នេះប្រជាជនខ្មែរ អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់រូប ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន និងរួមចំណែកលើកស្ទួយ និងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌សង្គម អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទើបជាតិយើងរឹងមាំ មាននិរន្តរភាព សុខដុមរមនា វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»៕









