សកម្មជន​​ព្រៃឡង់​ថា មន្ត្រី​​​​​នៅ​បណ្តែត​​បណ្តោយ​ឱ្យ​​ជន​ល្មើស​​​ចូល​​​កាប់​​​​ព្រៃ​​​ឡង់​​បំពាន​​បម្រាម​​ក្រសួង

ប្រជា​​សហគមន៍​​​ព្រៃ​ឡង់​​ខេតុ្ត​​ស្ទឹង​ត្រែង​ ​​ស្នើ​​​ឱ្យ​​រដ្ឋាភិ​បាល​ពិនិត្យ​​​ពី​​ប្រសិទ្ធ​ភាព​​ការ​ងារ​ឆ្មាំ​​អភិរក្ស​​របស់​​ក្រសួង​​បរិស្ថាន​​​​មួយ​​ចំនួន ​ដែល​​កំពុង​​ឈរ​ជើង​ការ​ពារ​​ព្រៃ​ឡង់​ថា មិន​​បាន​​បំពេញ​​តួនាទី​​ស្មោះ​ត្រង់ ថែ​រក្សា​​កេរ​​មរតក​​ដូន​តា​​ឱ្យ​​គង់​វង្ស​​នោះ​ទេ តែ​​ផ្ទុយ​​​ទៅ​​វិញ​ ពួក​គេ​​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​កាប់​បំផ្លាញ​​​ព្រៃ​​ឡង់។

សំណើ​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​រក​ឃើញ​បទល្មើស​ជា​ថ្មី​ទៀត  នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ រហូត​ដល់​ថ្ងៃ​ទី​​១៨ ខែ​មេសា ​នៅ​​​ចំណុច​​​ក្បាល​​​ពើង ស្រុក​​ថាឡាបរិវ៉ាត់ ខេត្ត​​ស្ទឹង​ត្រែង និងចំណុច​ជាំអង្គប់​ ស្រុកជ័យសែន ខេត្តព្រះវិហារ។

សកម្មជន​ការពារ​បរិស្ថាន លោក អ៊ុក ម៉ៅ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​​ថា ក្រុម​​ជន​ល្មើស​​​នៅ​តែ​​លួច​​អារ​​ឈើ​​ធំៗ មាន​​អាយុ​កាល​​រាប់​​រយ​​ឆ្នាំ​ ​ធ្វើ​អាជីវកម្ម​អស់​ជា​ច្រើន​ដើម​ជា​ថ្មី​ទៀត​ នៅ​សល់​តែ​គល់។

លោក​បន្ថែមថា ​លោក​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក សរ សុពុត្រា ហើយ​អភិ​បាល​​ខេត្ត​​រូប​​នេះ​​​បាន​​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​​ច្បាប់ ដោយ​រឹបអូស​ឈើ​រក្សា​ទុក ក៏​ប៉ុន្តែ​ក្រុម​ជនល្មើស​ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​​​បណ្ដែត​​បណ្ដោយ​​ឱ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​នេះ​ នៅ​មិន​ទាន់​ស៊ើប​អង្កេត​មកផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

លោក​​ស្នើ​ឱ្យ​អភិបាលខេត្តរូបនេះ ​អនុវត្ត​ច្បាប់​មន្ត្រី​ខិលខូច ទើប​អាច​ការពារ​ព្រៃ​គង់វង្ស។

លោក អ៊ុក ម៉ៅ និយាយ​ថា៖ «កាប់រុករានដីយកធ្វើជាកម្មសិទ្ធិមូយប៉ែកទៅមួយរយៈពេលចូលឆ្នាំនេះ។ មួយ​ក្រុមផ្សេងទៀតអារឈើ អារឈើវែងៗ។ ខ្ញុំសូមណូមពរទៅលោក អភិបាលខេត្តម្តងទៀត ពង្រឹង​​មន្ត្រីខិលខូច​គប់គិត​​បំផ្លាញធនធានធម្មជាតិសូម ទប់​ស្កាត់ពួកហ្នឹងឱ្យបាន។ បើលោកអភិបាល​ខេត្ត​មិន​ទប់ស្កាត់ មន្ត្រីខិលខូចមួយចំនួន ធនធានធម្មជាតិនឹងបាត់បង់»។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា លោក អ៊ុក ម៉ៅ និង​​សកម្ម​ជន​​ការ​ពារ​​​ព្រៃ​ឈើ​​មួយ​​ក្រុម​​ទៀត​ បាន​​ចុះ​​ល្បាត​​ព្រៃ​នៅ​​ចំណុច​​ក្បាល​​ពើង ក្នុង​​ស្រុក​​ថាឡា​បរិវ៉ាត់ ប្រទះ​​ឃើញ​​​ឈើ​​ធំៗ​ ដែល​​​ជា​​ជម្រក​យ៉ាង​​សំខាន់​​របស់​​សត្វ​ព្រៃ ​ត្រូវ​​គេ​កាប់​​នៅ​សល់​តែ​គល់។ រីឯ​ចម្រៀក​ឈើ​ជា​ច្រើន​ទៀត ត្រូវ​គេ​អារ​ជា​បន្ទះក្ដារ​ ត្រៀម​ដឹក​តាម​គោយន្ត​ចេញ​ក្រៅ ឆ្លង​កាត់​ស្នាក់ការ​មន្ត្រី​បរិស្ថាន។ ពួកគេ​បាន​ថត​រូបភាព និង​វីដេអូ បង្ហោះ​តាម​បណ្ដាញ​សង្គម ដើម្បី​ឱ្យ​មហាជន​កុំ​ភ្លេច​ព្រៃ​ឡង់​ នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់កំពុងរស់នៅ។

សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់​ទៀត លោក សឹម សុច បាន​ថ្លែង​ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា  មន្ត្រី​បរិស្ថាន​​​ដែល​មាន​តួនាទី​ការពារ​ព្រៃ​កំពុង​សម្ងំ​ស្ងៀម​ ខណៈ​ដែល​សកម្មភាព​អារ​ឈើ​មាន​តម្លៃ​បន្តកើត​​មាន​យ៉ាង​ពេញ​ទំហឹង​។

លោកថា៖ «ខ្ញុំចង់ថា មន្ត្រីបរិស្ថានគាត់នៅសម្ងំស្ងៀម ឈើអារពេញព្រៃ យ៉ាងអនាធិបតេយ្យ។ នេះឈើ ឈើ​មានភស្តុតាងគ្រប់គ្រាន់ មិនមែនថា បំភ្លើសទេ»។

វីអូឌី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង លោក ស្រេង ជាហេង និង​លោក​​អភិបាល​ស្ទឹង​​ត្រែង លោក សរ សុពុត្រា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

តែ​យ៉ាង​ណា អភិបាល​ខេត្ត​រូបនេះ បាន​ប្រាប់​​លោក អ៊ុក ម៉ៅ តាម​ទូរសព្ទ​ថា​ លោក​នឹង​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ពិនិត្យ​​ករណី​នេះ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។

លោក សរ សុពុត្រា ថា អាជ្ញាធរ​ខេត្ត​ស្វាគមន៍​​កិច្ច​សហការ​ជាមួយ​ លោក អ៊ុក ម៉ៅ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។

ក្រសួង​​បរិស្ថាន នៅថ្ងៃទី១៩ ​ខែ​មេសា បាន​ព្រមាន​ជា​ថ្មី​ទៀត ចំពោះ​ជន​ណា​ដែល​​កាប់​ និង​​ជួញ​ដូរ​​​ឈើ​​ក្នុង​​តំបន់​​ការ​​ពារ​​​ប្រឈម​​មុខ​ជាប់​ពន្ធនាគារ។ ក្រសួង​ប្តេជ្ញា​ថា នឹង​លុប​បំបាត់​បទល្មើស​ព្រៃឈើ​ ​ទូទាំង​ប្រទេស និង​ហាម​​មហា​​ជន​​មិន​​​ឱ្យ​​ទិញ​​លក់​ និង​​ដឹក​​ជញ្ជូន​​ដើម​​ឈើ​​ចេញ​​ពី​​ដែន​​ជម្រក​សត្វ​ព្រៃ ជា​ទង្វើ​ល្មើស​ច្បាប់​ដោយ​ត្រូវ​ផ្តន្ទាទោស​​ធ្ងន់​ធ្ងរ​​តាម​ច្បាប់។

សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​មន្ត្រី​មួយ​ចំនួន ​ដែល​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​រឿង​បទល្មើស​ព្រៃឈើ មក​ផ្ដន្ទាទោស​ ទើប​អាច​ការពារ​ព្រៃ​បាន។ លោក​ថា បើ​គ្មាន​​ការ​បើក​ដៃ​​​ពី​​មន្ត្រី​​ជំនាញ​នៅ​តំបន់​នោះ​ទេ​ ក្រុម​ជនល្មើស​មិន​ហ៊ាន​ចូល​ព្រៃ​អារ​ឈើ​លក់​នោះ​ទេ។

លោក ប៊ី វ៉ាន់នី និយាយ​ថា៖ «ស្នើសុំឱ្យមេត្តាស្រាវជ្រាវ ឬក៏ត្រួតពិនិត្យមន្ត្រីអនុវត្តច្បាប់ ជុំវិញតំបន់អភិរក្ស​នេះឡើង​វិញ ហើយបើសិនជាមានកំហុស ឬប្រព្រឹត្តអំពើពុករលួយ យើងស្នើឱ្យចាត់វិធានការច្បាស់​លាស់។ មិនមែនធ្វើគ្រាន់​តែ​បង្ហាញ​ឱ្យ​សាធារណជន នៅជុំវិញតំបន់ហ្នឹងឱ្យតែនបានឮទេ»។

សកម្មជន​ការពារ​បរិស្ថាន​ លោក អ៊ុក ម៉ៅ បន្ថែម​​ថា បទល្មើស​ព្រៃឈើ​នា​ពេល​បច្ចុប្បន្ន​នេះ បើ​មើល​ពី​ខាង​ក្រៅ​ហាក់​​ដូច​​ជា​​ទ្រង់​ទ្រាយ​​តូច​ៗ ក៏ប៉ុន្តែ​វា​តែងតែ​កើតមានឡើង​ជា​ទម្លាប់​ ធ្វើ​ឱ្យ​ព្រៃឈើ​បន្ត​បាត់បង់​យ៉ាង​លឿន​ពីរ​ទម្រង់​ផ្សេ​ងៗគ្នា រួមមាន ការ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ និង​​សកម្ម​ភាព​​​​កាប់​​ដើម​​ឈើ​ធំ​ៗ យក​​ដើម។

ព្រៃ​​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​​​ចំនួន​បួន គឺ​​ខេត្ត​​​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​​​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​​ជា​​ដែន​​ជម្រក​សត្វព្រៃ ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤​សែន​ហិកតា (៤៣១.៦៨៣​ហិកតា​) ដែល​​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ