ថៃបន្តពង្រឹងមូលដ្ឋានទ័ពឈរជើងជិត៤ខែមកនេះ លើទឹកដីខ្មែរ ដែលថៃវាយដណ្តើមគ្រប់គ្រង ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនទាន់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារទឹកដីជាង៥០ទីតាំង ហើយបន្តជ្រើសរើសយកយន្តការចរចាទ្វេភាគីជាមួយថៃ ទោះមានសង្ឃឹមតែ១ភាគរយក្តី។
ក្រសួងការបរទេសកម្ពុជា បាននិយាយកាលពីថ្ងៃទី១៩ ខែមេសានេះថា ខ្លួនតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
បើតាមក្រសួង យោធាថៃ បានពង្រីកការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅក្នុងតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត។
ខេត្តឧត្តរមានជ័យ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ជើងភ្នំដងរែក ស្រុកត្រពាំងប្រាសាទ ខណៈនៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃបានដឹកចល័តរថយន្តនិងរថក្រោះ នៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ ព្រមទាំងនៅសង្កាត់កូនក្រៀល ក្រុងសំរោង។
លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើង នៃតំបន់នេះ និងនៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវថ្មើរដីកម្ពុជា ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវ នៅភាគខាងកើតច្រកថ្មដូន។
រីឯនៅខេត្តពោធិ៍សាត់វិញ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រត្រាក់ទ័រ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពរបស់យោធាថៃទាំងនេះ គឺជាការរំលោភលើការប្ដេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។
កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយ ក្នុងការប្រើប្រាស់សកម្មភាពទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
លើសពីនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា កម្ពុជារក្សាជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវមានការកែប្រែដោយការប្រើប្រាស់កម្លាំងឡើយ។
លោក ប៉ែន បូណា ថ្លែងថា៖ «កម្ពុជារក្សាជំហរដាច់ខាត ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា កាលពីពេលកន្លងមក» ។
ទោះយ៉ាងណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ និយាយថា ក្នុងពិភពលោកនេះ មិនដែលមានប្រទេសណាមួយទទួលបានជោគជ័យ ពីប្រទេសឈ្លានពាន ដោយគ្រាន់តែប្រើសេចក្ដីថ្លែងការណ៍ ឬថ្កោលទោសនោះទេ។
តែផ្ទុយទៅវិញ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវប្ដឹងថៃទៅស្ថាប័នអន្តរជាតិ មានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អង្គការសហប្រជាជាតិ និងផ្លូវការទូតនៅតាមបណ្ដាប្រទេសនានា ជាដើម។
លោក សុន ឆ័យ ថ្លែងថា៖ «ពីព្រោះរឿងទាំងអស់នេះ វាត្រូវការការជួយធានាពីអន្តរជាតិ ហើយបើកម្ពុជាជាសមាជិកអាស៊ាន ក៏ត្រូវធ្វើសកម្មភាពខ្លាំងដែរជាមួយអាស៊ាន។ មិនអាចប្រើប្រាស់ត្រឹមតែការចរចាទ្វេភាគីទេ។ ប្រទេសដែលគេខ្លាំងជាង គេចូលចិត្តប្រើការចរចាទ្វេភាគី ពីព្រោះគេដឹងថា យើងនៅចំណុចខ្សោយ គេមានផលចំណេញពីការចរចាទ្វេភាគីជាង»។
លើសពីនេះ លោកថា កម្ពុជាមិនអាចឈរមើលឲ្យប្រទេសជិតខាងបំពានស្រេចចិត្តបានទេ ដោយលោកគាំទ្រឱ្យកងទ័ពកម្ពុជាប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ទល់ទៅនឹងការឈ្លានពាននេះ។ លោកគូសបញ្ជាក់ថា បើកម្ពុជាមិននៅស្ងៀម ឱ្យថៃធ្វើអ្វីគ្រប់យ៉ាងបាន ប្រហែលជាថៃ មិនហ៊ានក្អេងក្អាង និងបន្តឈ្លានពានបន្ថែមទៀតបានទេ។
ជុំវិញបញ្ហានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា គ្មានប្រទេសណាមួយអាចទទួលបានយុត្តិធម៌ពីប្រទេសឈ្លានពាន តាមលិខិតថ្កោលទោសនោះទេ បើគ្មានយន្តការច្បាប់អន្តរជាតិ ទំនាក់ទំនងការទូត និងការប្រើសិទ្ធិការពារខ្លួនស្របច្បាប់ តាមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលជាច្បាប់កំពូលរបស់ពិភពលោក។
ក្នុងន័យនេះ លោកថា ការថ្កោលទោស គឺគ្រាន់តែជាការបង្ហាញនៃគោលជំហរនយោបាយ ចំណែកការទូតគ្រាន់តែជាការជូនដំណឹង ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហានៃការឈ្លានពានបានឡើយ វាទាល់តែកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីកាត់សេចក្តីបញ្ហានេះ ទើបអាចទទួលបានយុត្តិធម៌។
លោក សេក សុជាតិ ថ្លែងថា៖ «ដើម្បីអាចការពារទឹកដីបានពិតប្រាកដនោះ គឺប្រទេសមួយត្រូវតែមានវិធានការច្រើន ត្រូវអនុវត្តក្នុងពេលជាមួយគ្នា។ ទីមួយគឺត្រូវចាត់តាមវិធានការផ្លូវច្បាប់ ច្បាប់អន្តរជាតិគឺត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។ ហើយនិងអាចប្រើប្រាស់យន្តការទ្វេភាគី តាមរយៈអនុស្សរណៈយោគយល់ ឬក៏កិច្ចព្រមព្រៀងផ្សេងៗដែលមានស្រាប់ ហើយជាពិសេសនៅក្នុងប្រទេសថៃដែលធ្លាប់មានកិច្ចព្រមព្រៀងព្រំដែនបារាំងសៀម ឆ្នាំ១៩០៤-១៩០៧ ហ្នឹងគឺជានីតិវិធីផ្លូវច្បាប់ដែលយើងអាចយកមកប្រើ។ ហើយក្រៅពីនោះគឺយើងអាចប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏អាចប្រើបានដែរ»។
អ្នកឃ្លាំមើលរូបនេះ អះអាងថា កម្ពុជាត្រូវប្រមូលភស្តុតាងឱ្យបានគ្រប់គ្រាន់ និងរៀបចំដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅពេលដែលចាំបាច់។ ក្រៅពីនោះ កម្ពុជាក៏ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារប្រទេសរបស់ខ្លួន ស្របច្បាប់នូវគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារកុំឲ្យមានការទន្ទ្រាន និងការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយមិនគិតតែថ្កោលទោសតែមួយមុខនោះទេ ព្រោះការធ្វើដូច្នេះ កម្ពុជានឹងពុំអាចទទួលបាននូវការគាំទ្រពីសហគមន៍អន្តរជាតិឡើយ៕









