ក្រុមអ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា ការបន្តប្រើប្រាស់ក្រមព្រហ្មទណ្ឌ ចោទប្រកាន់អ្នកសារព័ត៌មាន វានឹងប៉ះពាល់ដល់មុខមាត់មេដឹកនាំកាន់តែខ្លាំង ដែលចាំបាច់ត្រូវកែលម្អ ដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ការលើកឡើងនេះ ស្របពេលដែលចាងហ្វាងសារព័ត៌មាន HR News TV លោក ហង្ស រដ្ឋា អាយុ៤០ឆ្នាំ ម្នាក់ទៀត ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ចេញដីកាកោះឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលាដំបូងខេត្តនេះ ជុំវិញដំណើររឿង បរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់អភិបាលស្រុកកងមាស លោក ភោគ សាវុធ។ នេះបើតាមការឱ្យដឹងពីសមាគមអាដហុក។
ប្រភពដដែលបន្តថា ចាងហ្វាងសារព័ត៌មានអនឡាញរូបនេះ ក៏បានរងបណ្តឹងចំនួន០២រួចទៅហើយដែរ ដែលប្តឹងដោយឈ្មោះ អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម ហើយត្រូវបានព្រះរាជអាជ្ញាឲ្យចូលខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ហើយបណ្តឹង០១ទៀតប្តឹងដោយឈ្មោះ ស្រ៊ុន ម៉េងលី ម្ចាស់សិប្បកម្មឡឥដ្ឋ ហើយត្រូវបានព្រះរាជាអាជ្ញាឲ្យចូលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ ហើយចាងហ្វាងរូបនេះបានចូលបំភ្លឺទៅតាមកាលកំណត់។
អនុប្រធានសមាមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី បានកត់សម្គាល់នៅថ្ងៃទី២១ខែមេសានេះថា ការចោទប្រកាន់ ការចាប់ខ្លួនទៅលើអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលបញ្ចេញមតិពីបញ្ហាសង្គម មានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។
លោកមើលឃើញថា ករណីទាំងនេះ អាចបណ្តាលមកពីការមើលឃើញរបស់ប្រជាពលរដ្ឋ ពីភាពអសកម្មរបស់អាជ្ញាធរនៅមូលដ្ឋាន ដែលធ្វើឱ្យពួកគាត់បញ្ចេញមតិ ហើយអ្នកសារព័ត៌មានយកទៅចុះផ្សាយ ក៏ធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់មន្ត្រីទាំងនោះ ដែលនាំឱ្យមានការប្តឹងផ្តល់ និងរឹតបន្តឹងផ្នែកសេរីភាពសារព័ត៌មាន។ ហើយមួយទៀត អាចថាតើការផ្សាយរបស់អ្នកសារព័ត៌មាននោះ មានប្រភព និងការសម្អាងច្បាស់លាស់ដែរឬទេ មុននឹងការចុះផ្សាយ។
យ៉ាងណា លោក យិន ម៉េងលី យល់ថា បញ្ហានេះ អាជ្ញាធរគួរអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ទៅលើអ្នកសារព័ត៌មាន ប្រសិនបើមានកំហុសឆ្គងលើការចុះផ្សាយ ហើយគួរចុះទៅស្រាវជ្រាវឱ្យបានច្បាស់ នៅពេលមានការចុះផ្សាយពីភាពអសកម្មទាំងនោះ ជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ និងច្បាប់ក្រមព្រហ្មទណ្ឌ ប្តឹងផ្តល់ទៅលើអ្នកសារព័ត៌មាន។
លោកថា៖ «ការបើកលំហរការធ្វើឱ្យសេរីភាពបញ្ចេញមតិវាមានភាពប្រសើរឡើង វាស្របទៅនឹងកាតព្វកិច្ចជាអន្តរជាតិរបស់រដ្ឋ យើងដែលជារដ្ឋហត្ថលេខីទៅលើពាក់ព័ន្ធនឹងច្បាប់អន្តរជាតិនេះ ហើយវានឹងជួយដល់រដ្ឋាភិបាលច្រើននៅក្នុងបញ្ហារឿងសេរីភាពបញ្ចេញមតិ ទាំងព័ត៌មាន ទាំងមុខមាត់របស់រដ្ឋាភិបាលផងដែរ»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុប វី ហៅការប្រើជម្រើសប្តឹងអ្នកសារព័ត៌មាន មិនបានហុចផល ជាគុណប្រយោជន៍សម្រាប់ជាតិទេ។
ក្នុងន័យនេះ លោកពន្យល់ថា អ្នកសារព័ត៌មានដើរតួនាទីជាអ្នកពិនិត្យផ្ទៀងផ្ទាត់ ក៏ដូចជាការឃ្លាំមើលចំពោះអ្វីដែលជាប្រយោជន៍សាធារណៈ និងអ្វីជាប្រយោជន៍ជាតិ ក្នុងករណីណាមួយដែលមានផលប៉ះពាល់ ឬការប្រព្រឹត្តអំពើពុករលួយជាដើម អ្នកសារព័ត៌មាននឹងធ្វើសេចក្តីរាយការណ៍ ទៅភាគីពាក់ព័ន្ធដើម្បីជំរុញវិធានការទប់ស្កាត់ ឬកែលម្អ ។
លោកគូសបញ្ជាក់ថា ទាំងអស់នេះ ជាតួនាទីរបស់អ្នកសារព័ត៌មាន ហើយថា ការជ្រើសរើសយកមធ្យោបាយប្តឹងផ្តល់អ្នកសារព័ត៌មាន មិនមានអ្វីចំណេញដល់ផលប្រយោជន៍ជាតិទេ។
លោកថា៖ «ផ្ទុយទៅវិញថា ការប្ដឹងផ្ដល់ទៀតវាកាន់តែរុញច្រានឲ្យអ្វីដែលជាចលករជំរុញឲ្យមានតម្លាភាពនៅក្នុងសង្គម អ្វីដែលជាកត្តាជំរុញឲ្យមាន គេហៅថា យុត្តិធម៌អភិបាលកិច្ចនោះនៅក្នុងសង្គមហ្នឹង គឺថាកាន់តែមានភាពផុយស្រួយកាន់តែមានការព្រួយបារម្ភទេអ៊ីចឹង សម្រាប់ខ្ញុំយល់ថា យើងកុំជ្រើសរើសយកមធ្យោបាយប្ដឹងផ្ដល់ ក៏ប៉ុន្តែផ្ទុយទៅវិញយើងជ្រើសរើសយកមធ្យោបាយពន្យល់ត្រឡប់ទៅវិញ»។
សម្រាប់លោក ណុប វី មន្ត្រីសាធារណៈជាទូទៅ ទទួលរងនូវការតាមដាន ការឃ្លាំមើលពីសាធារណជន គឺជារឿងត្រឹមត្រូវ ហើយអ្វីដែលគួរតែជ្រើសរើស គឺការពន្យល់ ការឆ្លើយតប ឬផ្តល់ព័ត៌មានត្រឡប់ដោយថាស្ថាប័នរដ្ឋមានមន្ត្រីទទួលបន្ទុកព័ត៌មាន ដូច្នេះលោកគិតថា ស្ថាប័នរដ្ឋគួរតែរួមគ្នាជំរុញឱ្យមន្ត្រីបំពេញតួនាទីនេះទើបជារឿងត្រឹមត្រូវ។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង បច្ចុប្បន្នជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័តុ្ន និយាយថា ជាទូទៅប្រសិនបើអ្នកកាសែតចុះផ្សាយព័ត៌មានមិនពិតចំពោះបុគ្គល ទោះបុគ្គលជាសាធារណៈក៏ដោយ ត្រូវតែមានភស្តុតាង និងការពិត ដោយថា អ្នកកាសែតមិនមែនចេះតែផ្សាយដោយអត់មានសាក្សី និងភស្តុតាងបានទេ។
លោកគូសបញ្ជាក់ថា បើការផ្សាយនោះ ប៉ះពាល់ដល់បុគ្គល ហើយមិនមានការពិត វាជាបទបរិហាកេរ្តិ៍ ទោះជាបុគ្គលសាធារណៈក៏ដោយ។ ប៉ុន្តែថា មិនត្រូវប្តឹងទេ ព្រោះជាបុគ្គលសាធារណៈ ត្រូវសុំឱ្យអ្នកកាសែតកែតម្រូវ ហើយថា វាលើកលែងតែអ្នកកាសែតនោះមិនព្រមកែតម្រូវ ហើយនៅតែបំពានលើអ្វីដែលមិនមែនជាការពិត គេអាចប្តឹងបានមិនមានអ្វីខុសទេ។
លោកថា៖ «ប៉ុន្តែជាទូទៅយើងឃើញឃើញហើយ ទាំងអ្នកកាសែត និងប្រជាពលរដ្ឋ ឱ្យតែប៉ះពាល់ដល់មន្ត្រីរាជការដល់អ្នកមានអំណាចអីជាដើមហ្នឹង ច្រើនណាស់ត្រូវបានប្ដឹង ដើម្បីបំបិទសំឡេង បំបិទមាត់អ៊ីចឹងវាប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិដែរ អ៊ីចឹងហើយការប្ដឹងហ្នឹង ប្រសិនជាមន្ត្រីហ្នឹង មានខ្សែមានបក្ខមានពួក គេនៅតុលាការទៀត អាហ្នឹងមិនអាចផ្តល់យុត្តិធម៌ដល់អ្នកកាសែត ដល់ប្រជាពលរដ្ឋបានទេ មានតែបង្ខំដើម្បីបំបិទសំឡេងប៉ុណ្ណឹងឯង »។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទេនៅថ្ងៃអង្គារនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់និយាយថា អង្គភាព ឬស្ថាប័នព័ត៌មាន ជាតួអង្គ ចូលរួមយ៉ាងសំខាន់ ជំរុញលទ្ធិប្រជាធិបតេយ្យឈរលើមូលដ្ឋាននីតិរដ្ឋ។
លោកថា៖ «វិស័យព័ត៌មាន ចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ ដូចជា ទី១ ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្នែកលើមូលដ្ឋាននីតិរដ្ឋ។ ទី២ បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល។ ទី៣ ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង។ ទី៤ ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងទី៥ ចូលរួមចំណែកកែលម្អសង្គម តាមរយៈផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រដ្ឋាភិបាល»។
យ៉ាងណា ការអនុវត្តជាក់ស្តែងហាក់ផ្ទុយពីការអះអាងនេះ។ តួយ៉ាងដូចជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយកត់សម្គាល់ថា អ្នកសារព័ត៌មាន ត្រូវបានកោះហៅ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួនជាបន្តបន្ទាប់ ដែលការធ្វើបែបនេះ គឺមិនអនុលោមតាមច្បាប់ស្តីពី របបសារព័ត៌មាន និងបង្កឱ្យប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល។
ប្រភពដដែល បន្តថា ការអនុវត្តបែបនេះ បានបង្កើតជារូបភាពឱ្យទៅបរទេសចាប់យកជាមូលដ្ឋានធ្វើជារបាយការណ៍ និងវាយតម្លៃចោទប្រកាន់ដោយអយុត្តិធម៌លើរដ្ឋាភិបាលកម្ពុជា ថាបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ។ ហើយកម្មវិបាកដែលជះមកវិញ គឺជាការធ្វើឱ្យរិចរិលជំនឿលើការអនុវត្តច្បាប់ និងដាក់បន្ទុកបង្កការលំបាកដល់រដ្ឋាភិបាល ចំពោះមតិសាធារណមតិទាំងក្នុងនិងក្រៅប្រទេស។
ការណ៍នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីអនុវត្តច្បាប់ ពិចារណាឡើងវិញអំពីវិធីសាស្ត្រអនុវត្តនីតិវិធីសម្រាប់ការដោះស្រាយបញ្ហា និងបានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
ចំណែក របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅកាត់ RSF ចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជា បរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព៕









