សមាជិករដ្ឋសភា-ព្រឹទ្ធសភាជិត២០០នាក់ រងការស្តីបន្ទោសថា បាននៅសម្ងំស្ងៀមដេកស៊ីប្រាក់ខែរាស្ត្របង់ពន្ធក្នុងម្នាក់ៗប្រមាណ ៥ពាន់ដុល្លារក្នុងមួយខែ ដោយមិនឃើញកោះហៅរដ្ឋាភិបាលទៅសួរពីរឿងថៃបន្តឈ្លានពានចូលមកកាន់កាប់ទឹកដីកម្ពុជារាប់សិបទីតាំង ចាប់តាំងពីមានបទឈប់បាញ់លើកទី២ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។
លើសពីនេះ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារទឹកដីទៅតាមការសម្រេចរបស់សមាជរដ្ឋសភា-ព្រឹទ្ធសភា កាលពីជាង១០ខែមកនេះដែរ។
នៅក្នុងអង្គសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាជិករដ្ឋសភា-ព្រឹទ្ធសភាចំនួន ១៨២នាក់ បានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រឱ្យរដ្ឋាភិបាលនាំយកបញ្ហាព្រំដែនកម្ពុជា ថៃនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្ដឹងទៅតុលាការអន្តរជាតិ។
កាលពីក្នុងខែមិថុនា ឆ្នាំ២០២៥ មានតែប្រាសាទតាមាន់តូចតែមួយប៉ុណ្ណោះ ដែលថៃកាន់កាប់ទាំងស្រុង ចំណែកប្រាសាទតាមាន់ធំ តាក្របី កងទ័ពកម្ពុជានិងថៃ ដាក់កម្លាំងឈរជើងរួមគ្នា។ ប៉ុន្តែចាប់តាំងពីក្រោយមានបទឈប់បាញ់លើកទីពីរ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រសាទខ្នាជាដើម រួមទាំងទឹកដីខ្មែរជាង៦០ទីតាំងផ្សេងទៀត ត្រូវថៃដណ្តើមគ្រប់គ្រងទាំងស្រុង។ នេះបើតាម លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាលក្រៅប្រទេស២៣តុលា។
លោកបានប្រាប់វីអូឌីនៅថ្ងៃទី២១ខែមេសានេះថា ការស្ងៀមស្ងាត់របស់សមាជិកព្រឹទ្ធសភា រដ្ឋសភា លើបញ្ហាបូរណៈភាពទឹកដី ដោយមិនកោះហៅរដ្ឋាភិបាលទៅសាកសួរជុំវិញបញ្ហានេះ គឺដោយសារតែសមាជិកព្រឹទ្ធសភា រដ្ឋសភាទាំងនោះ ស្ទើតែទាំងអស់គឺជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយមានតែ៣នាក់ប៉ុណ្ណោះ ដែលជាសមាជិកគណបក្សប្រឆាំង។ សមាជិកព្រឹទ្ធសភា រដ្ឋសភារបស់គណបក្សប្រជាជនទាំងអស់ គឺបម្រើតែគណបក្សមិនបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ ដោយសារពួកគេកើតឡើងពីការបោះឆ្នោតបង្គ្រប់កិច្ចដែលពុំមានភាពសេរី និងយុត្តិធម៌ ខណៈការបោះឆ្នោតទាំងនោះពុំមានគណបក្សប្រឆាំងចូលរួមដូចជាគណបក្សសង្គ្រោះជាតិ។
លោកថា៖ «សមាជិកសភាភាគច្រើនកើតចេញពីគណបក្សកាន់អំណាច ចឹងអត់ហ៊ានសួរដេញដោលទៅរដ្ឋាភិបាល ឬក៏មេដឹកនាំកាន់អំណាចនោះទេ ចឹងហើយបានជាពួកគេនៅតែស្ងៀមស្ងាត់អត់មានធ្វើសកម្មភាពអីណាមួយ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ឬក៏ផ្តល់អនុសាស្ត្រណាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ផ្ទុយទៅវិញពួកគេស្ងៀមស្ងាត់ចុះមូលដ្ឋានពង្រឹងបក្ស ធ្វើទៅតាមតែអ្វីដែលត្រកូលហ៊ុនចង់បាន មានន័យថា សមាជិកព្រឹទ្ធសភា រដ្ឋសភា សព្វថ្ងៃនេះ គ្រាន់តែជាកន្លែងដែលចាំប្រថាប់ត្រាឱ្យក្រកូលហ៊ុនកាន់អំណាចតែប៉ុណ្ណោះឯង អ៊ីចឹងហើយបានពួកគេអត់មានសកម្មភាពអ្វីទាំងអស់ជុំវិញការឈ្លានពានរបស់ថៃ»។
វីអូឌី មិនអាចទាក់ទង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី២១ខែមេសានេះ។
ប៉ុន្តែនៅក្នុងសារជាសំឡេង កាលពីយប់ថ្ងៃទី១៥ខែមេសា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះអ្នកដែលតែងតែទាមទារឱ្យរដ្ឋាភិបាល ធ្វើការបកស្រាយពីបញ្ហាព្រំដែន ដែលកំពុងមានវិវាទ ដោយលោកថ្លែងថា មានតែរដ្ឋសភាប៉ុណ្ណោះ ដែលមានសិទ្ធិកោះហៅរដ្ឋាភិបាលទៅបកស្រាយឬក៏សួរដេញដោល។
ជាមួយគ្នានេះ លោក ហ៊ុន សែន ដែលមានអំណាចត្រួតត្រាលើស្ថាប័នជាតិទាំងអស់របស់កម្ពុជា រួមទាំងស្ថាប័នតុលាការផងនោះ ក៏បានចោទសួរក្រុមប្រឆាំងនៅក្រៅប្រទេស ទាក់ទងទៅនឹងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថាតើគួរយកជម្រើសវ៉ៃគ្នា ឬក៏យកជម្រើសធ្វើការចរចាដោយសន្តិវីធី ដូចដែលរដ្ឋាភិបាលកំពុងធ្វើបច្ចុប្បន្ន?។ លោក ហ៊ុន សែន ស្នើឱ្យក្រុមប្រឆាំងផ្តល់សេនារីយោឱ្យលោក ពីជម្រើសក្នុងការដោះស្រាយបញ្ហាព្រំដែននេះ បើទោះបីជាអ្នកនយោបាយប្រឆាំងតែងតែទទូចឱ្យរដ្ឋាភិបាលយកបញ្ហាជម្លោះព្រំដែនកម្ពុជាថៃនេះ ទៅកាន់តុលាការអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្តី។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា រដ្ឋសភា ព្រឹទ្ធសភា បច្ចុប្បន្នគឺជាស្ថាប័នរង់ចាំតែប្រថាប់ត្រាឱ្យត្រកូលហ៊ុន បន្តកាន់អំណាច ដោយមិនហ៊ានកោះហៅរដ្ឋាភិបាលទៅសាកសួរពីការបន្តឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ ហើយក្រសួងការពារជាតិ បែរជាមិនប្រើកម្លាំងការពារទឹកដីរបស់ខ្លួន ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។
លោកថា៖ «អត់មានអីចម្លែកទេ ករណីរដ្ឋសភា ព្រឹទ្ធសភាកម្ពុជា នៅស្ងាត់ឈឹង ទោះបីសៀមពង្រីការឈ្លានពានដល់ណាក៏មិនមាត់មិនក ដោយសារអី? ដោយសារប្រទេសកម្ពុជាបច្ចុប្បន្ន បានប្រែក្លាយពីរបបប្រជាធិបតេយ្យសេរីពិតប្រាកដ ឱ្យទៅជារបបផ្តាច់ការគ្រួសារនិយម លើកតម្កើងសាច់ញាតិគ្នាឯង លើកតម្កើងបក្ខពួកគ្នាឯងឱ្យកាន់អំណាច។ អ៊ីចឹងហើយបានពួកសាច់ញាតិពួកបក្ខពួកកាន់អំណាចកម្ពុជាហ្នឹងមិនហ៊ានមាត់មិនហ៊ានកទេ ទោះបីថាក្នុងចិត្តហ្នឹងឈឺចាប់យ៉ាងណាក៏ដោយ ពីព្រោះបញ្ហានៅចំពោះមុខពួកគេបច្ចុប្បន្នគឺអំណាច។ ពួកគេខ្លាចអំណាចក្រុមគ្រូសារ លោក ហ៊ុន សែន ម្ល៉ោះហើយបានរដ្ឋសភា ព្រឹទ្ធសភា ធ្វើមិនដឹងមិនឮ»។
សម្រាប់អ្នកឃ្លាំមើលរូបនេះ ក្នុងស្ថានភាពអាសន្នដូចបច្ចុប្បន្ន វាចាំបាច់ណាស់ដែលសមាជិករដ្ឋសភា ព្រឹទ្ធសភា ត្រូវចេញលិខិតកោះហៅនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៅបំភ្លឺពីភាពអសមត្ថភាពយ៉ាងខ្លាំង ក្នុងការទប់ទល់ការនៅតែបន្តឈ្លានពានទឹកដីកម្ពុជាឥតឈប់ឈរពីសំណាក់ភាគីថៃ ឬក៏ត្រូវចេញញតិ្តស្តីបន្ទោសរដ្ឋាភិបាលដោយមិនអាចខកខានបានឡើយ ពីព្រោះរដ្ឋាភិបាលបានធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាយ៉ាងច្រើនទៅប្រទេសថៃ។
បន្ថែមពីនេះ លោកថា គ្រប់ស្ថាប័នជាតិទាំងអស់ ក្នុងនោះរួមទាំងស្ថាប័នព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីផងដែរ គឺត្រូវតែរួមគ្នាជំរុញឱ្យរដ្ឋាភិបាលត្រូវតែធ្វើការឱ្យបានសកម្ម និងខ្លាំងក្លាបំផុតនៅលើឆាកអន្តរជាតិ ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា និងត្រូវប្តឹងថៃទៅកាន់តុលាការអន្តរជាតិ មិនមែនធ្វើត្រឹមតែចេញលិខិតថ្កោលទោសថៃរាប់រយ និងអង្គុយរង់ចាំចរចាទ្វេភាគី ខណៈថៃដែលជាភាគីចោរមិនអើពើដូចបច្ចុប្បន្ននេះបានទេ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់វីអូឌីនៅថ្ងៃទី២១ខែមេសានេះថា គ្រប់គ្នាសុទ្ធតែមើលឃើញពីភាពអសកម្មរបស់រដ្ឋសភាខ្មែរ ដែលពុំឃើញមានការខិតខំប្រឹងប្រែង ក្នុងការការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក។
អ្នកឃ្លាំមើលរូបនេះ បន្តថា រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានវិធានការណាមួយដែលអាចគួរឱ្យជឿទុកចិត្តបានថា រដ្ឋាភិបាលបានធ្វើទៅតាមការសម្រេចនៅក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា ដែលគាំទ្រឱ្យរដ្ឋាភិបាលប្តឹងថៃទៅកាន់តុលាការអន្តរជាតិនៅឡើយទេ។
លោកថា៖ «អ៊ីចឹងមានន័យថា រដ្ឋាភិបាលមិនគោរពទៅតាមអំណាចរបស់នីតិបញ្ញត្តិ ដែលគេបានចេញនូវសេចក្តីសម្រេចទាំងអស់ហ្នឹងទេ។ ជាការពិត តួនាទីរបស់រដ្ឋាភិបាល ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ក្រោយពីសភាសម្រេចអំពីការប្តឹងហ្នឹង ប៉ុន្តែមកទល់ពេលនេះ យើងឃើញហើយអត់ទាន់មានការដាក់ប្តឹងណាមួយទេ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការខកចិត្តចំពោះរដ្ឋាភិបាល ក្នុងរឿងហ្នឹង ពីព្រោះយើងដឹងទាំងអស់គ្នាហើយ អំពីសង្គ្រាមនាពេលកន្លងមក ដែលយើងប្រយុទ្ធគ្នាជាមួយថៃហ្នឹង។ ចឹងយើងមានការចាញ់ប្រៀបក្នុងការប្រយុទ្ធ ដោយសារទាំងសព្វាវុធ សេដ្ឋកិច្ចផ្សេងៗ ការទំនាក់ទំនងការទូតផ្សេងៗ គឺយើងមានភាពកំសោយខ្លាំង»។
សម្រាប់អ្នកឃ្លាំមើលរូបនេះ ក្នុងស្ថានភាពដែលកម្ពុជាមានភាពទន់ខ្សោយយ៉ាងខ្លាំង ទាំងខាងយោធា និងការទូត ដូច្នេះចាំបាច់ណាស់ត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ និងកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា ដែលកិច្ចព្រមព្រៀងនេះ មានភាពរឹងមាំជាច្បាប់អន្តរជាតិមួយដែលអាចជួយការពារនូវបូរណៈភាពទឹកដីរបស់កម្ពុជាបាន។
បន្ថែមពីនេះ លោក សួន សូរីដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២១ខែមេសានេះដែរថា ទឹកដីគឺជារឿងរបស់ខ្មែរគ្រប់រូប មិនមែនជារឿងរបស់បុគ្គលណា ឬគណបក្សនយោបាយណានោះទេ។ លោកថា ប្រជាពលរដ្ឋខ្មែរពិតជាមានការឈឺចាប់ណាស់ ហើយរដ្ឋាភិបាលកម្ពុជាក៏មានការឈឺចាប់ផងដែរ។
ក្នុងគ្រាដែលមានឈឺចាប់ទាំងអស់គ្នា យើងមិនគួរចោទដាក់កំហុសគ្នាទៅវិញទៅមកទេ ព្រោះវារឹតតែធ្វើឱ្យមានការបែកបាក់ជាតិខ្មែរកាន់តែខ្លាំងឡើងៗ ដែលពិបាកនឹងមានសង្ឃឹមក្នុងការទាមទារយកដីទាំងនោះមកវិញបាន។
បន្ថែមពីនេះ ក្នុងនាមជាមេដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា បានអំពាវនាវដល់អ្នកនយោបាយទាំងអស់ គួររួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះជាមួយគ្នា ទើបជាវិធីល្អ ខណៈរាជរដ្ឋាភិបាលក៏ទទួលស្គាល់ថា រឿងព្រំដែននេះមិនងាយស្រួលដោះស្រាយនោះទេ ហើយសង្ឃឹមតិចណាស់ប្រសិនបើយើងខ្សោយ។
លោកថា៖ «រឿងនេះធំណាស់ រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱបដោះស្រាយបញ្ហានេះតែម្នាក់ឯងបានទេ ចុះបើដោះស្រាយមិនរួច ហើយដីទាំងនោះបាត់បង់ វាច្បាស់ណាស់នឹងក្លាយជាការទទួលខុសត្រូវសម្រាប់មេដឹកនាំបច្ចុប្បន្ន តែម្នាក់ឯងប៉ុណ្ណោះ ហើយនឹងជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រទៅជំនាន់ក្រោយៗទៀត។ ជាជំហានដំបូងបន្ទាន់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើឱ្យខ្មែរខ្លាំងជាមុនសិន តាមរយៈសាមគ្គីជាតិ ឯកភាពជាតិខ្មែរពិតប្រាកដ ដោយការផ្សះផ្សាស្នាមរបួសនយោបាយ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យឡើងវិញ ដោយចិត្តស្មោះ កុំប្រជាពិថុតិ»។
បន្ថែមពីនេះ លោក សូរីដា បញ្ជាក់ថា បើកម្ពុជាខ្សោយកុំសង្ឃឹមថា ការចរចាទ្វេភាគីរវាងកម្ពុជា-ថៃ បានលទ្ធផលតាមចិត្តរបស់យើងនោះ។
សម្រាប់ លោកអ៊ុំ សំអាន ការដែលទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ប្រកាសពីការបន្តធ្វើការចរចាទ្វេភាគីជាមួយថៃ ដែលជាភាគីចោរ បើទោះបីជាមានសង្ឃឹមត្រឹម១ភាគរយក៏ដោយនោះ គឺដោយសាររដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនហ៊ានប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះទេ ពីព្រោះខ្លាចថៃខឹងនឹងធ្វើសង្គ្រាមម្តងទៀត ទម្លាក់ត្រកូលហ៊ុនពីអំណាច និងខ្លាចប៉ះពាល់ទៅដល់វៀតណាមដែលជាចៅហ្វាយរបស់លោកហ៊ុន សែន។
លោកថា បើកម្ពុជាប្តឹងថៃ វាអាចប៉ះពាល់ទៅដល់កោះត្រល់ និងចង្កោមកោះក្រចកសេះ រួមទាំងដែនសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រការ៉េ ដែលលោកហ៊ុន សែន ចុះហត្ថលេខាកាត់ឱ្យវៀតណាម តាមរយៈសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥៕









