កសិករជាង ១៤០គ្រួសារ នៅខេត្តព្រះវិហារ ចេញតវ៉ាជាថ្មីទៀត ដោយបារម្ភខ្លាចមានការបណ្តេញចេញពីដីធ្លាប់អាស្រ័យផល ជុំវិញបញ្ហាដីធ្លីជាមួយសែស្រឡាយអ្នកមានអំណាច បើទោះបីជារដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាអាទិភាព ជាង៣ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពកសិករក្តី។
គោលនយោបាយអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ចំនួន៦ចំនុច របស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រកាសកាលពីចុងឆ្នាំ២០២៣។ គោលនយោបាយនេះ ត្រង់ចំនុចទី៦ បាននិយាយពីការដាក់ពង្រាយមន្ត្រីកសិកម្ម នៅគ្រប់ឃុំ សង្កាត់ ដើម្បីជួយលើកកម្ពស់ដល់គ្រួសារកសិករនៅតាមជនបទ ទាំងការផលិត និងរកទីផ្សារ។
ប៉ុន្តែជាង៣ឆ្នាំមកនេះ គេនៅតែសង្កេតឃើញកសិករ ចេញតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការគំរាមបណ្តេញចេញពីដីធ្លាប់អាស្រ័យផល ពីសំណាក់អាជ្ញាធររដ្ឋ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគលើដីកសិករធ្លាប់អាស្រ័យផង។
ជ្រុងមួយនៃបញ្ហានេះ បានកើតឡើងលើពលរដ្ឋចំនួន ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានឡើងមកដាក់ញត្តិនៅសាលាខេត្ត ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលថា ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច កូនលោក ទ្រី ភាព រំលោភឈូសឆាយយកដើម្បីធ្វើអាជីវកម្មរ៉ែ។
លោក រឹម រឿន ជាតំណាងប្រជាកសិករនៅឃុំរួសរាន់ និយាយថា ការដែលពលរដ្ឋនាំគ្នាទៅប្រមូលផ្តុំដាក់ញតិ្តនៅរដ្ឋបាលខេត្ត ដោយសារតែខាងអាជ្ញាធរស្រុកមិនមានដំណោះស្រាយសមស្របដែលពួកគាត់ទទួលយកបាន ក្រោយពីពួកគាត់បានដាក់ញតិ្តសុំអន្តរាគមន៍កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។
លោកថា៖ «អត់ឃើញមានដំណោះស្រាយអី[នៅរដ្ឋបាលស្រុករវៀង] ទើបផ្ញើញតិ្តឡើងទៅខេត្តទៀត។ មូលហេតុចម្បងគឺដាក់ញតិ្តទៅទាមទារចង់បានដីត្រឡប់មកវិញ»។
តំណាងប្រជាកសិករម្នាក់ទៀត អ្នកស្រី នុត សុខខឿន បានឱ្យដឹងដែរថា ការរកដំណោះស្រាយនាពេលកន្លងមក នៅរដ្ឋបាលស្រុក គឺខាងអាជ្ញាធរសម្របសម្រួលឱ្យពលរដ្ឋទទួលយកសំណង ប៉ុន្តែសំណងនោះមិនសមរម្យដែលប្រជាពលរដ្ឋអាចទទួលយកបាន ទើបប្រជាពលរដ្ឋនាំគ្នាបន្តការតវ៉ាទៅរដ្ឋបាល ដើម្បីទាមទារឱ្យមានការអន្តរាគមន៍កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ឬមានដំណោះស្រាយសមរម្យ។
អ្នកស្រីថា៖ «ខ្ញុំស្នើសុំឱ្យគាត់ជួយរកដំណោះស្រាយ ដែលខាងក្រុមហ៊ុនគាត់មកវៃ វៃឈូសដំណាំរបស់ខ្ញុំ វៃប្រាវៗដូចថាឈូសយកៗ ហើយគាត់គំរាមឱ្យខ្ញុំយកលុយ គាត់ថាបើមិនយកស្មើនឹងអត់ ថ្លៃពលកម្ម បើថាថ្លៃដី គឺដីរបស់រដ្ឋ ខ្ញុំស្នើសុំទៅខាងអាជ្ញាធរឱ្យគាត់រកដំណោះស្រាយ អារឿងដីរដ្ឋ ត្រង់ណាដីរដ្ឋ ដីរដ្ឋ ត្រង់ណាដីរាស្ត្រដែលខ្ញុំអាស្រ័យផលកន្លងមកនេះតើមានដំណោះស្រាយជូនពួកខ្ញុំអត់»។
ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេលនេះ ដីស្រែចម្ការរបស់ពលរដ្ឋរាប់រយគ្រួសារនៅឃុំរីករាយ និងឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) យកគ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំ និងរារាំងអ្នកភូមិមិនឱ្យចូលទៅបង្កបង្កើនផល លើទំហំដីរាប់ពាន់ហិកតា។
វីអូឌី មិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញបញ្ហានេះ ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែបើតាមក្រុមប្រជាពលរដ្ឋ អំឡុងពេលប្រមូលផ្តុំនោះ លោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ បានចេញមកទទួលយកញត្តិរបស់ពលរដ្ឋ និងប្រាប់ពលរដ្ឋថា គាត់នឹងយកញត្តិនេះដាក់ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបោះត្រាចូលចុះកាលបរិច្ឆេទលើញត្តិហើយ នាយកទីចាត់ការការិយាល័យប្រជាពលរដ្ឋ បានយកលិខិតថតចម្លងមកប្រគល់ឱ្យពលរដ្ឋនិងប្រាប់ពលរដ្ឋថា នៅពេលលិខិតដល់អភិបាលខេត្តហើយ ហើយគាត់សម្រេចយ៉ាងណានោះ ខេត្តនឹងជម្រាបជូនប្រជាពលរដ្ឋតាមក្រោយ។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ហាក់មិនមានជំនឿថា អាជ្ញាធរមូលដ្ឋាន អាចរកដំណោះស្រាយសមរម្យសម្រាប់ពលរដ្ឋនោះទេ ដោយសារតែក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន ជារបស់សាច់ញាតិអ្នកមានលុយមានអំណាច។
លោកថា៖ «យើងមើលទៅក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន ហ្នឹងជាអ្នកណា? យើងមើលសមាសភាពជាអ្នកណា ថាតើក្រុមហ៊ុនហ្នឹងមានឥទ្ធិពលប៉ុណ្ណា អីចឹងតើអាជ្ញាធរស្រុកនិងខេត្ត មានអំណាចខ្លាំងជាងក្រុមហ៊ុន ឬក៏អាចមានអំណាចតិចជាងក្រុមហ៊ុន ការសម្របសម្រួលដោះស្រាយ លុះត្រាតែភាគីអ្នកសម្របសម្រួលជាអ្នកមានអំណាចមានឥទ្ធិពល បើសិនអ្នកសម្របសម្រួលហ្នឹងមិនមានអំណាចជាងទេ ភាគីអត់ស្តាប់ទេ ត្រង់ហ្នឹងហើយដែលខ្ញុំថាយើងអត់មានសង្ឃឹមនៅក្នុងបញ្ហានេះ»។
យ៉ាងណា លោក យិន ម៉េងលី ថា អាជ្ញាធរមូលដ្ឋានមានតួនាទីក្នុងការរាយការណ៍ និងធ្វើរបាយការណ៍ពីបញ្ហាដីធ្លីនេះឱ្យបានជាក់លាក់ ហើយសុំគោលការណ៍ពីថ្នាក់ជាតិ ឬប្រមុខរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ចប់ បើពុំនោះទេ វិវាទនឹងកាន់តែអូសបន្លាយពេលយូរ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «មានតែថ្នាក់ជាតិទេ ក្រសួងពាក់ព័ន្ធ និងប្រមុខរដ្ឋាភិបាល ជាអ្នកសម្រេចអីចឹងទៅ ទើបអាចដោះស្រាយបញ្ហានេះចេញ […]អីចឹងមធ្យោបាយគឺមានតែមួយទេ គឺថ្នាក់ខេត្តធ្វើរបាយការណ៍សុំគោលការណ៍កាត់ឆ្វៀលឱ្យពលរដ្ឋផលប៉ះពាល់ ឬបើថាមិនអាចកាត់ឆ្វៀលបាន ចរចាគ្នាទៅលើសំណង ដើម្បីបញ្ចប់បញ្ហានេះទៅ កុំអូសបន្លាយយូរពេក ហើយការអូសបន្លាយយូរហ្នឹង ក៏ធ្វើឱ្យប្រជាពលរដ្ឋកាន់តែឈឺចាប់ថែមទៀត ទៅលើបញ្ហាការបាត់បង់ដីនេះឯង បាត់បង់ចំណូលរបស់គាត់ហ្នឹង»។
កាលពីឆ្នាំ២០២៣ រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ដោយលើកហេតុផលថា ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ត្រូវជាកូនបង្កើត ឧកញ៉ា ទ្រី ភាព ដែលមានរឿងអាស្រូវលក់ដូរឈើប្រណីតខុសច្បាប់នាំចូលទៅក្រៅប្រទេស និងជាឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជា។ ឧកញ៉ា ទ្រី ភាព ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន តាមរយៈការផ្ដល់ថវិកា និងផលប្រយោជន៍សេដ្ឋកិច្ច ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំជាង ៣០ឆ្នាំកន្លងទៅនេះ៕









