តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី២១ខែមេសានេះ ដែលបានបង្វែរមកវិញនូវកំណើនកាលពីវគ្គមុន ដោយសារការរំពឹងទុកថា កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ ហើយនឹងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់បន្ថែមទៀត ពីតំបន់ផលិតកម្មដ៏សំខាន់នៅមជ្ឈិមបូព៌ា។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១% មកនៅត្រឹម ៩៤,៥៣ ដុល្លារ គិតត្រឹមម៉ោង ០០:០៣ ម៉ោងសកល (GMT)។ ចំណែកឯតម្លៃប្រេងឆៅសហរដ្ឋអាមេរិក West Texas Intermediate (WTI) សម្រាប់កិច្ចសន្យាខែឧសភា បានធ្លាក់ចុះ ១,៧២% មកនៅត្រឹម ៨៨,០៧ ដុល្លារ។ កិច្ចសន្យាខែឧសភានឹងផុតកំណត់នៅថ្ងៃទី២១ខែមេសានេះ ហើយកិច្ចសន្យាខែមិថុនា ដែលមានសកម្មភាពខ្លាំងជាង បានធ្លាក់ចុះ ១,៣% មកនៅត្រឹម ៨៦,៣៧ ដុល្លារ។
សន្ទស្សន៍ទាំងពីរបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃទី២០ខែមេសា ដោយ Brent កើនឡើង ៥,៦% និង WTI កើនឡើង ៦,៩% បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ម្តងទៀត ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់ ហើយសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃការបិទខ្ទប់កំពង់ផែរបស់ប្រទេសនេះ។
ទោះជាយ៉ាងណា វិនិយោគិនកំពុងផ្តោតលើលទ្ធភាពដែលថា កិច្ចពិភាក្សានៅសប្តាហ៍នេះនឹងឈានទៅដល់ការបន្តបទឈប់បាញ់ដែលមានស្រាប់ ឬឈានដល់កិច្ចព្រមព្រៀងចុងក្រោយ បើទោះបីជាឱកាសនៃជម្លោះបន្ថែមទៀត និងការរំខានដល់លំហូរប្រេងនៅតែមានក៏ដោយ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃ២០មេសាថា អ៊ីរ៉ង់កំពុងពិចារណាចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាពនៅប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងអ៊ីស្លាម៉ាបាដក្នុងការបញ្ចប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក។ ការបិទខ្ទប់នេះបានក្លាយជាឧបសគ្គចម្បងសម្រាប់ទីក្រុងតេហេរ៉ង់ក្នុងការចូលរួមជាថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ខណៈដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅសប្តាហ៍នេះ។
អ្នកវិភាគនៅ Citi បានលើកឡើងក្នុងកំណត់សម្គាល់ថា៖«យើងនៅតែមានទំនោរថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងត្រូវចុះហត្ថលេខា និង/ឬបទឈប់បាញ់នឹងត្រូវបន្តនៅក្នុងសប្តាហ៍នេះ ដែលអាចវិវត្តទៅជាកិច្ចព្រមព្រៀងទូលំទូលាយជាងមុន។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីបង្វែរទៅរកសេណារីយ៉ូនៃការរំខានអូសបន្លាយ ប្រសិនបើការចរចានៅសប្តាហ៍នេះទទួលបរាជ័យ»។
ដើម្បីបញ្ជាក់ពីភាពមិនច្បាស់លាស់ជុំវិញកិច្ចពិភាក្សា មន្ត្រីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងក្នុងការចូលរួមនោះទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា «ការបន្តរំលោភលើបទឈប់បាញ់» ដោយសហរដ្ឋអាមេរិក គឺជាឧបសគ្គដល់ការចរចាបន្ត។ ដោយឡែក អ្នកចរចាកំពូល និងជាប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានបញ្ជាក់ជាថ្មីថា ទីក្រុងតេហេរ៉ង់នឹងមិនចរចាក្រោមការគំរាមកំហែងឡើយ។
សកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាច្រករបៀងដ៏សំខាន់សម្រាប់ប្រហែលមួយភាគប្រាំនៃកការផ្គត់ផ្គង់ប្រេងពិភពលោក នៅតែមានកម្រិតកាលពីថ្ងៃទី២០មេសា។ Citi បាននិយាយថា ប្រសិនបើការរំខានដល់ច្រកសមុទ្រនេះនៅតែបន្តក្នុងរយៈពេលមួយខែទៀត ការខាតបង់សរុបអាចកើនឡើងដល់ប្រហែល ១,៣ ប៊ីលានបារ៉ែល ដោយតម្លៃអាចឡើងដល់ជិត ១១០ ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី ២ នៃឆ្នាំ២០២៦។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសគុយវ៉ែតបានប្រកាសស្ថានភាពអាសន្ន (force majeure) លើការដឹកជញ្ជូនប្រេង ដោយសារតែការបិទខ្ទប់ច្រកសមុទ្រនេះ៕









