ពលរដ្ឋរស់នៅក្រុងបាវិត ព្រួយបារម្ភពីបរិយាកាសធម្មជាតិនៅជុំវិញខ្លួនសម្បូរដោយសារធាតុគីមី មិនត្រឹមតែក្នុងទឹក និងលើដីប៉ុណ្ណោះទេ ក្លិនឆ្អេះឆ្អាបសាយភាយតាមរលកខ្យល់ កើតចេញពីកាកសំណល់រោងចក្រ និងសហគ្រាសក្នុងក្រុងបាវិត បានក្លាយក្តីកង្វល់រួមមួយ កំពុងរងផលប៉ះពាល់ដោយផ្ទាល់ជាង២ឆ្នាំមកហើយ។
ពួកគាត់អះអាងថា បច្ចុប្បន្នមានរោងចក្រសហគ្រាសយ៉ាងហោចណាស់ ១០ រោងចក្រ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កំពុងគ្រប់គ្រងកាកសំណល់មិនត្រឹមត្រូវ។
ពលរដ្ឋរស់នៅក្រុងបាវិត លោក និត នា ប្រាប់វីអូឌីនៅថ្ងៃទី២១ ខែមេសាថា បឹងដ៏ធំមួយ នៅកណ្ដាលក្រុងបាវិតប្រែពណ៌ខុសប្រក្រតី និងជះក្លិនស្អុយខ្លាំងនៅរដូវប្រាំងឆ្នាំនេះ ប៉ះពាល់សុខភាពពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់។
លោកថា ស្ទើរជារៀងរាល់ថ្ងៃកម្មកររោងចក្ររាប់ពាន់នាក់ ដើរឆ្លងកាត់បឹងនេះ ជាប់ផ្លូវជាតិលេខ១ ពួកគេយកដៃខ្ទប់ច្រមុះ ខ្លះពាក់ម៉ាស។
លោក និត នា និយាយថា៖«វានៅតែប៉ះពួករោងចក្រវាជិះតាមហ្នឹង វា បិទម៉ាសបិទមុខទាំងអស់ពេលវាយូរឈឺក្បាល ពេលភ្លៀងអត់ធុំក្លិន ដល់ពេលវាភ្លៀងមកវាផុសមកទៀត»។
ក្រសួងព័ត៌មាន ចុះផ្សាយអត្ថបទកាលពីឆ្នាំ២០២០ ឱ្យដឹងថា ក្រុងបាវិត ខេត្តស្វាយរៀង គឺជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ ដែលមានរោងចក្រ និងសហគ្រាសជាច្រើនកំពុងដំណើរការយ៉ាងហោចណាស់ ៣៦ កន្លែង កំពុងវិនិយោគ ផលិតសម្ភារៈតុបតែងដើមណូអែល, ផលិតសម្ភារៈតុបតែង ប្រើប្រាស់ និងផលិតសំបកកង់រថយន្តជាដើម។ រោងចក្រភាគច្រើនជាជនជាតិចិន កំពុងវិនិយោគនៅតំបន់មេនហាតធេន (Manhattan) តំបន់តាយសេង (Tai Seng) និងតំបន់ស៊ីនបាវិត ជាដើម។
ពលរដ្ឋរស់នៅក្រុងបាវិត និងជាសន្តិសុខក្រុមហ៊ុនឯកជនមួយ គឺលោក សុខ ប៊ន បារម្ភថា ពលរដ្ឋ និងអាជីវករលក់ដូរចល័តខ្លះ មិនហ៊ានលក់នៅក្បែរបឹងនេះទេ ដោយសារក្លិនស្អុយពេក។
លោកថា ការបង្ហូរសារធាតុគីមីចូលបឹងកណ្ដាលក្រុងបាវិត ដូច្នេះមិនត្រឹមតែមានក្លិនស្អុយអសោចប៉ុណ្ណោះទេ ប៉ះពាល់ជីវចម្រុះក្នុងទឹក និងធ្វើឱ្យទឹកមិនអាចប្រើប្រាស់បាន។
លោក សុខ ប៊ន និយាយថា៖ «ពីមុនមិនសូវពាក់ម៉ាសដល់ឥលូវធំក្លិនទៅយូរទៅ ចេះតែពាក់ទៅគ្រប់គ្នាទោះបីអ្នកលក់បន្តិចបន្តួចនេះចេញតែធុំក្លិន បើមុនវាគ្រាន់ឥលូវចេះតែផុតៗរហូត»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។ រីឯអភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកវេជ្ជសាស្ត្រ និងជាគ្រូពេទ្យឯកជនមួយរស់នៅរាជធានីភ្នំពេញ លោក ឡេង បូរី ពន្យល់ថា សារធាតុគីមីហូរចេញពីរោងចក្រ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់គុណភាពទឹក និងសុខភាពមនុស្សសត្វ។
លោកថា នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង សារធាតុគីមីនោះនឹងហៀរចូលស្ទឹង បឹងបួ និងទន្លេ ប៉ះពាល់ដល់ជីវចម្រុះ និងសុខភាពពលរដ្ឋ អាចបណ្ដាលឱ្យកើតជំងឺមហារីកពេលទទួលទានទឹកនេះ។
លោក ឡេង បូរី និយាយថា៖ «ការប្រើប្រាស់ទឹកពុលវាធ្វើឱ្យគុណភាព រាងកាយរបស់មនុស្ស ដែលគាត់ញាំបរិភោគទឹកហ្នឹង វាធ្វើឱ្យរាងកាយគាត់គ្រោះថ្នាក់ដល់ប្រការណាមួយ បង្កើតជាមហារីកផ្សេង»។
ជុំវិញរឿងនេះ អ្នកជំនាញធនធានទឹក និងជានាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ស្នើឱ្យអាជ្ញាធរខេត្តស្វាយរៀង និងក្រសួងបរិស្ថាន ត្រូវជំរុញឱ្យម្ចាស់រោងចក្រ និងសហគ្រាសដែលពាក់ព័ន្ធរឿងនេះទទួលខុសត្រូវ។
លោកថា៖ «ដំណោះស្រាយល្អប្រសើរជាងគេបំផុត អាជ្ញាធរ និងមន្ត្រីជំនាញច្បាប់ ព្រមទាំងបរិស្ថានហ្នឹង លោកបានសហការគ្នាត្រួតពិនិត្យ ទៅតាមអនុក្រឹត្យលេខ២៧នេះ។ ខ្ញុំគិតថា ដំណោះស្រាយល្អប្រសើរឱ្យមានអ្នកទទួលខុសត្រូវអ្នកបង្កជាតិពុលផងដែរ ដើម្បីទទួលខុសត្រូវរាស់បរិមាណចូលមន្ទីរពិសោធន៍។ យើងអាចស្តារឡើងវិញ នូវអ្វីដែលជាក្តីបារម្ភរបស់ពលរដ្ឋ»។
អនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា២៩ ចែងថា តំបន់ទឹកសាធារណៈទទួលរងការបំពុល បង្កឱ្យមានការគំរាមកំហែង ដល់ជីវិតមនុស្ស និងជីវចម្រុះ ក្រសួងបរិស្ថានត្រូវផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ និងទប់ស្កាត់ការបំពុលទឹក ហើយស្ដារគុណភាពទឹក ក្នុងតំបន់សាធារណៈនោះឡើងវិញ។ អនុក្រឹត្យនេះចែងថា អ្នកដែលបង្កជាតិពុលត្រូវទទួលខុសត្រូវ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាដោះស្រាយរឿងនេះ ដើម្បីស្ដារឡើងវិញពីផលប៉ះពាល់បរិស្ថាន និងសង្គម។
រីឯច្បាប់ស្តីពីការគ្រប់គ្រងជាតិពុល មាត្រា៣៦ ចែងថា មន្ត្រី ឬភ្នាក់ងាររបស់ក្រសួងពាក់ព័ន្ធធ្វេសប្រហែសរួមគំនិត ឬគប់គិតគ្នា ធ្វើឱ្យប៉ះពាល់ទឹកស្ទឹង បឹងបួ ទន្លេ និងអូរ ត្រូវផ្ដន្ទាទោសផ្នែករដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការដែរ៕









