សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​ប្តឹង​ទាស់ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា

សំណុំ​រឿង​ប្តឹង​ទាស់​​ដ៏ចម្រូង​ចម្រាស់​របស់​ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលា​​​ការ​កំ​ពូល​រំលាយ​​ជិត​១០​ឆ្នាំ​មក​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៣០​ខែ​មេសា ក្រោយ​ពី​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​​បញ្ចប់​ការ​ជំនុំ​ជម្រះ​កាល​ពី​ដើម​ខែ​មេសា​នេះ។

នេះបើ​តាម​លិខិត​ជូន​ដំណឹង​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ស្តីពី​ការ​ប្រកាស​សាល​ដីកា​ដែល​សហ​មេ​ធាវី​ការ​ពារ​​ក្តី​​​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​​ទី​២១ ខែ​​មេសា​ ឆ្នាំ​​២០២៦​នេះ។

សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ថា៖ «សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ​៥៥៦ ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​មាន​ជន​ជាប់​ចោទ ឈ្មោះ កឹម សុខា ជាប់​ចោទ​ពី​បទ សន្និដ្ឋិ​ភាព​ជាមួយ​បរទេស ក្រោយ​ពី​បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៦ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ កំណត់​យក ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក នៅ​បន្ទប់​​សវនា​ការ​ទី១ ដើម្បី​ប្រកាស​សាល​ដីកា»។

កាលពីថ្ងៃ​ទី​៩​ខែ​មេសា សហ​មេធាវីបានប្រាប់អ្នកសារព័ត៌មានក្រៅបន្ទប់​សវនា​ការ​ថា លោក កឹម សុខា បាន​សំណូម​​ពរ​ឱ្យ​សាលា​ឧទ្ធណ៍ទ​ម្លាប់​បទ​ចោទ ចុះ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាំង​ស្រុង។

បើតាម​មេធាវី​លោក កឹម សុខា បានប្រាប់សាលាឧទ្ធរណ៍ថា លោក​សូម​អះ​អាង​ជា​ឱឡារិក​ថា មិន​ក្បត់​ជាតិ​ខ្មែរ​ជា​ដាច់​ខាត ហើយ​ថា ក៏​មិន​បាន​គប់គិត​​ជាមួយ​អាមេ​រិក អឺរ៉ុប ឬ​បរទេស​ណា​នោះ​ដែរ។

លើសពីនេះ លោកថា ហើយ​ក៏គ្មានបរទេសណាមកគប់គិត​​ជាមួយ​លោក ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាត់​បង់​ជីវិត ឬ​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​ឡើយ។ ហើយ​ពិត​ជាមិ​ន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ត្រូវ​រ៉ូវ​​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ឬភ្នា​ក់​ងារ​បរទេស​ណា ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់ តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នោះ​ឡើយ។

ហើយក៏គ្មានរដ្ឋបរទេស ឬភ្នាក់ងារបរទេសណា ត្រូវរ៉ូវគ្នាជាមួយលោក​ដោយ​សម្ងាត់ មក​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំ​ង​នឹង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ឡើយ។

មួយវិញទៀត លោកថា តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​លោក ដោយ​មិន​មាន​ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់ ទោះ​បី​បា​ន​ប្រើ​រយៈ​ពេល​នៃ​ការ​ស៊ើ​ប​​អង្កេត ជំនុំ​ជម្រះ​ជិត​មួយ​ទស្សវត្សរ៍​ក៏ដោយ ជាពិសេស​មិន​មាន និង​មិន​បាន​បង្ហាញ​ភស្តុ​តាង​ត្រឹម​ត្រូវ ច្បាស់​លាស់ ។

លើសពី​នេះ មិនមានភស្តុតាងជាឯកសារនៃកិច្ចព្រមព្រៀងរវាងលោក និង​បរទេស​នោះ សូម្បី​តែ​មួយ​សន្លឹក​ក្នុង​ករណី​នេះ។ មួយ​វិញ​ទៀត សាលា​ដំបូង​រាជធានីភ្នំពេញ ក៏មិនបាន​បង្ហាញ​ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ ថា​លោក​និង​បរទេ​ស​នោះ បាន​ត្រូវ​រ៉ូវ​គ្នា​ជា​សម្ងាត់​ប្រព្រឹត្តិ​នៅ​ទីក​ន្លែង​ណា​(ភូមិ ឃុំ ស្រុក ខេត្ត ឬ​ប្រទេស​ណា)? នៅ​ពេល​វេលា​ណា​(ម៉ោង ថ្ងៃ ខែ ឆ្នាំណា?)​ជា​ដើម។

តែយ៉ាងណា ក្នុង​សវនាការ​ពេលនោះ តំណាង​​អយ្យការ​សាលាឧទ្ធរណ៍​ បាន​ការ​​ពារ​បណ្តឹង​​ឧទ្ធរណ៍​​របស់​​តំណាង​អយ្យកា​រ​​សាលា​​ដំបូង​​រា​ជ​ធានី​ភ្នំពេញ ហើយ​​បាន​​ធ្វើសេចក្តីសន្និដ្ឋាន​​ដោយ​ស្នើ​​ទៅ​ក្រុម​​ប្រឹក្សា​​​​​ជំនុំជម្រះ ​ឱ្យ​​ផ្តន្ទា​ទោស ​ដ​ក​​សិទ្ធិ​​​​​​​​​​ធ្វើ​​នយោ​បាយ​ ក៏ដូច​ជា​​សុំ​​​ឱ្យ​​ឃុំ​ខ្លួន​​លោក កឹម សុខា នៅ​ពន្ធនា​គារ​ឡើង​វិញ​ជាដើម​។

សម្រាប់សង្គមស៊ីវិលចាត់ទុកសំណុំរឿងចោទប្រកាន់ លោក កឹម សុខា មាន​ចរិត​នយោ​បាយ ដែល​ចាំ​បាច់​​ត្រូវ​ស្រាយ តាម​យន្ត​ការ​ចរចា​នយោ​បាយ ទើប​រក​ច្រក​ចេញ​រួម។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់​ខ្លួន​​ទាំង​ក​ណ្តាល​​យប់​ ឈាន​​ចូល​​​ថ្ងៃ​​ទី​៣ ខែ​​កញ្ញា ឆ្នាំ​​២០១៧ ក្រោយពី​គណបក្ស​ប្រឆាំងរបស់លោក ហក់​ឡើង​ប្រជា​ប្រិយ​ភាព ទទួល​បាន​សន្លឹក​ឆ្នោត​​គាំ​ទ្រ​​ជិត​​ពាក់​​កណ្តាល​​ប្រទេស ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច។

ប្រមាណជា​៣ខែ​​ប​ន្ទាប់ គណបក្ស​​សង្គ្រោះជាតិ​របស់លោក ត្រូវ​បាន​តុលាការ​​កំពូ​ល​​រំលាយ តាម​​បណ្តឹង​​របស់​​​គណប​ក្ស​​ប្រជាជន​​កម្ពុជា ​ដែល​​ចោទ​​​ថា លោក​​​បាន​គប់​គិត​ជាមួយ​សហរដ្ឋ​អា​មេ​រិក ចង់​ផ្តួ​ល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ។

យ៉ាង​ណា ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​​ផ្តន្ទា​​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​​ស្ថាន​ទូត​ប្រចាំ​កម្ពុជា បានចាត់ទុក​​សាល​​ក្រម​​ផ្តន្ទា​​ទោស​​នេះ​​ថា ដំណើរ​​ការ​​ច្រើន​​ឆ្នាំ ដើម្បី​​បំបិទ​​សំឡេង​ លោក កឹម សុខា ដោយ​​​ផ្អែក​​លើ​​​បទ​​សម​​គំនិត ប្រឌិត គឺ​​ជា​​បរា​ជ័យ​​នៃ​ប្រ​ព័ន្ធ​យុត្តិ​ធម៌។ ហើយ​ថា ការ​បដិសេធ​​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​​មតិ និង​ធ្វើ​នយោបា​យ​របស់ លោក កឹម សុខា និង​អ្នក​នយោ​បាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​​ធម្ម​​នុញ្ញ​​កម្ពុជា បំណង​​អន្តរ​ជាតិ និង​​វឌ្ឍន​ភា​ព​​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុ​​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ