ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកនឹងមិនដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ចេញវិញទេ រហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ខណៈដែលភាពមិនច្បាស់លាស់នៅតែបន្តកើតមានជុំវិញការចរចាថ្មីៗដើម្បីបញ្ចប់សង្គ្រាម។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា ការបិទខ្ទប់ដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន កំពុងតែ «បំផ្លាញអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ» ដោយលោកបន្ថែមថា សហរដ្ឋអាមេរិកកំពុងមានប្រៀបក្នុងជម្លោះនេះ «យ៉ាងខ្លាំង»។
ការលើកឡើងរបស់លោកបានធ្វើឡើងចំពេលដែលបទឈប់បាញ់បណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ខែមេសានេះ ប៉ុន្តែគេនៅមិនទាន់ប្រាកដថា តើការចរចាសន្តិភាពជុំទីពីរនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសប៉ាគីស្ថានដែរឬយ៉ាងណានោះទេ។
សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំនេះ។ ប៉ុន្តែអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលត្រូវបានចាត់តាំងឱ្យដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក នៅមិនទាន់ចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ខណៈដែលអ៊ីរ៉ង់និយាយថា ខ្លួនមិនទាន់សម្រេចចិត្តថានឹងចូលរួមឬយ៉ាងណា។
យោងតាមបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បានឱ្យដឹងថា ចាប់តាំងពីការបិទខ្ទប់បានចាប់ផ្តើម កងកម្លាំងសហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាចំនួន ២៧ គ្រឿង ប្តូរទិសដៅ ឬត្រឡប់ទៅកាន់កំពង់ផែអ៊ីរ៉ង់វិញ។ សហរដ្ឋអាមេរិកក៏បានស្ទាក់ចាប់ និងរឹបអូសនាវាដឹកទំនិញដែលមានដោតទង់ជាតិអ៊ីរ៉ង់ជាលើកដំបូងនៅក្នុងជម្លោះនេះផងដែរ បន្ទាប់ពីនាវានោះបានព្យាយាមបើកកាត់ការបិទខ្ទប់កាលពីថ្ងៃទី១៩ខែមេសា។
វីដេអូដែលចែករំលែកដោយ Centcom បង្ហាញថា នាវានោះត្រូវបានផ្តល់ការព្រមាន មុនពេលកងទ័ពចុះទៅលើនាវា។ ទីក្រុងតេហេរ៉ង់បានចាត់ទុកសកម្មភាពនេះថាជា «អំពើចោរកម្មសមុទ្រ» និងជាការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។
អ៊ីរ៉ង់បានបន្តការបិទខ្ទប់របស់ខ្លួនលើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ អស់រយៈពេលជិតពីរខែមកហើយ ដែលបណ្តាលឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់។ ច្រកសមុទ្រនេះត្រូវបានបើកឡើងវិញមួយរយៈពេលខ្លីកាលពីថ្ងៃទី១៨ខែមេសា ប៉ុន្តែត្រូវបានបិទទៅវិញយ៉ាងរហ័ស បន្ទាប់ពីមានរបាយការណ៍ថាមាននាវានៅក្នុង ឬក្បែរច្រកសមុទ្រ រួមទាំងនាវាដឹកប្រេងផងដែរ បានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់។
លោក Trump បាននិយាយថា អ៊ីរ៉ង់បាន «សម្រេចចិត្តបាញ់កាំភ្លើង» ហើយហៅវាថាជា «ការរំលោភបំពានទាំងស្រុង» លើកិច្ចព្រមព្រៀងបទឈប់បាញ់។ ចំណែកអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបន្តបិទផ្លូវនេះ រហូតទាល់តែសហរដ្ឋអាមេរិកបញ្ឈប់ការបិទខ្ទប់កំពង់ផែរបស់ខ្លួន។
មានសញ្ញាបង្ហាញថា ការចរចាសន្តិភាពជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តទៅមុខ បើទោះបីជាទីក្រុងតេហេរ៉ង់បដិសេធមិនបញ្ជាក់ថាតើខ្លួននឹងបញ្ជូនគណៈប្រតិភូទៅឬយ៉ាងណាក៏ដោយ។ បន្ទាប់ពីការចរចាជុំទីមួយកាលពីដើមខែនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិក «មិនអាចឈានដល់ស្ថានភាពដែលភាគីអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌរបស់យើងបានទេ» ហើយក្រសួងការបរទេសអ៊ីរ៉ង់បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ «ការទាមទារហួសហេតុ និងសំណើខុសច្បាប់»។
ការចរចាជុំទីពីរដែលអាចកើតមាននេះ ឈានមកដល់ចំណុចរបត់ដ៏សំខាន់។ ប្រភពបានប្រាប់ BBC នៅថ្ងៃទី២១ខែមេសាថា គណៈប្រតិភូសហរដ្ឋអាមេរិកនឹងចាកចេញ «ក្នុងពេលឆាប់ៗ» ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ឡើយ ខណៈដែលមន្ត្រីបានប្រាប់ New York Times ថាពួកគេនឹងចាកចេញនៅថ្ងៃ២១មេសា។ នៅថ្ងៃទី២០ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា «រហូតមកដល់ពេលនេះ» ទីក្រុងតេហេរ៉ង់ «មិនទាន់មានផែនការ» ចូលរួមនោះទេ៕









