អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ ២រូប និងជនសង្ស័យ២នាក់ទៀត ទៅតុលាការ នៅរសៀលថ្ងៃពុធនេះ ក្រោយពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់ ខណៈអ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលពង្រឹងបន្ថែមលើការអនុវត្តច្បាប់ និងបន្តស្វែងរកមេឧក្រិដ្ឋកម្មធំៗបន្ថែមទៀត ដើម្បីស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ACU នឹងបញ្ជូនសំណុំរឿងរបស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។
ប្រភពដដែលបន្តថា ជនសង្ស័យពីរនាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមាន អ្នកស្រី អស កូ ពិសី ជាភរិយាលោក សរ សំណាង និងម្នាក់ទៀតឈ្មោះ យ៉ាត កុសល។
លោក ឱម យ៉ិនទៀង ប្រាប់ប្រភពដដែលបន្តថា ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ បានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រោយអង្គភាពនេះ បើកប្រតិបត្តិការស៊ើបអង្កេតរយៈពេល ២០ថ្ងៃ។ តែយ៉ាងណា លោកនៅមិនទាន់បញ្ជាក់លម្អិតជុំវិញរឿងនេះបាននៅឡើយទេ ដោយថានឹងបញ្ជាក់នៅក្រោយពេលបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅតុលាការរួចរាល់។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយរឿងនេះបន្ថែម ពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សាទរចំពោះវិធានការទៅលើមន្ត្រីដែលពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋឆបោកតាមអនឡាញនេះ និងបានជំរុញដល់រដ្ឋាភិបាល បន្តការស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធក្នុងរឿងនេះបន្ថែម រួមទាំងបង្ក្រាបមេឧក្រិដ្ឋកម្មផ្សេងទៀត ដើម្បីលុបបំបាត់បញ្ហានេះឱ្យអស់ពីកម្ពុជា ធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់សហគមន៍ជាតិនិងអន្តរជាតិ។
លោកបន្តថា ការងារបង្ក្រាបបទល្មើសនេះអាចជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យទៅលើឆន្ទៈ និងការតាំងចិត្តខ្ពស់របស់រដ្ឋាភិបាល ហើយបើសិនជាធ្វើឡើងដើម្បីតែរូបភាពល្អមើលនោះ នោះនឹងមិនអាចដោះស្រាយបញ្ហានេះបានយូរអង្វែងទេ។
យ៉ាងណា លោកថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនិងសមត្ថកិច្ចនឹងអនុវត្តការងារមួយនេះ ដោយយកចិត្តទុកដាក់ ហើយនិងការតាំងចិត្តខ្ពស់ ដើម្បីធានាបាននូវសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ សម្រាប់សហគមន៍ជាតិ និងអន្តរជាតិ ហើយក៏ដើម្បីឱ្យកម្ពុជារួចផុតពីការចោទប្រកាន់របស់ក្រុមបរទេស ដែលដាក់បន្ទុក ឬក៏ចោទប្រកាន់មកលើប្រទេសកម្ពុជា ថាជាសំបុក ឬក៏ជាអ្នកបង្កើតនូវប្រព័ន្ធឆបោកលើអនឡាញដ៏ធំនៅក្នុងតំបន់ ឬក៏នៅក្នុងពិភពលោកហ្នឹង។ ហើយសម្រាប់ខ្ញុំ នៅតែមានសុទិដ្ឋនិយមមួយថា បើសិនជារដ្ឋាភិបាលមានឆន្ទៈខ្ពស់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ខ្ញុំជឿជាក់ថា គ្រប់យ៉ាងនឹងអាចអនុវត្ត នឹងអាចធ្វើទៅបាន ក៏ប៉ុន្តែទាមទារឱ្យមានភាពស្មោះត្រង់ ទាមទារឱ្យមានការធ្វើដោយមានតម្លាភាព និងមានការទទួលខុសត្រូវ»។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា មានប្រសាសន៍ថា បញ្ហាអំពើពុករលួយ និងបក្ខពួកនិយមដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាលមួយចំនួន ដូចការរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងមន្ត្រីនគរបាលជាន់ខ្ពស់២រូបនៅពេលនេះ ជាការបើកឱកាសឱ្យមេឧក្រិដ្ឋកម្មឆបោកតាមអនឡាញអាចពួនសម្ងំជ្រកកោននៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អក្នុងឆាកអន្តរជាតិ។
ការណ៍នេះ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទឧក្រិដ្ឋនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងស្វែងរកមេឧក្រិដ្ឋកម្មធំៗដែលពួនសង្ងំនៅកម្ពុជា ជាពិសេសជនបរទេស ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីស្តារកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។
លោកថា៖ «កម្ពុជាដែលអាចធ្វើទៅបានហ្នឹងគឺ ទី១មើលទៅលើបញ្ហាអំពើពុករលួយដែលមន្ត្រីមានឥទ្ធិពលមួយចំនួនកំពុងតែពាក់ព័ន្ធ ឬក៏ស៊ើបរកមូលហេតុអ្វីបានជាមេឧក្រិដ្ឋកម្មអនឡាញធំៗ ពោលគឺស្គេមហ្នឹងតែងតែមកជ្រកសម្ងំនៅកម្ពុជាហ្នឹង ក៏នាំគ្នាយកទីតាំងកម្ពុជាហ្នឹងប្រព្រឹត្តនូវការឆបោកតាមប្រព័ន្ធអនឡាញហ្នឹង អីចឹងបញ្ហាពុករលួយ បញ្ហាបក្ខពួកនិយមនៅកម្ពុជាហ្នឹង ជាបញ្ហាជាឱកាសមួយបើកដៃឱ្យពួកស្គេមអនឡាញ ចាប់ផ្តើមប្រតិបត្តិការស្គេមអនឡាញនៅកម្ពុជា។ មួយវិញទៀត បញ្ហាការពង្រឹងនីតិរដ្ឋ ពង្រឹងប្រព័ន្ធច្បាប់ ត្រូវបានអនុវត្តឱ្យស្មើភាពគ្នាចំពោះបញ្ហាពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញហ្នឹង»។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា បានកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ ត្រូវតែបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យអស់។
បើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ចេញកាលពីពេលថ្មីៗនេះ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេក្លោងនិងបក្ខពួកចំនួន ៦៩៧នាក់ ក្នុងចំណោមនោះ មានជនជាតិចិនច្រើនជាងគេ បន្ទាប់មកមានជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងថៃជាដើម រួមទាំងមេខ្លោងជនជាតិចិនកាន់សញ្ជាត្តិខ្មែរ លោក ចេន ហ្ស៊ី ដែលជាអតីតទីប្រឹក្សា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលត្រូវបានចាប់បញ្ជូនទៅប្រទេសចិនផងដែរ។
ប៉ុន្តែយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនឧកញ៉ា ហ៊ុន តូ បងប្អូនជីដូនមួយ លោកហ៊ុន ម៉ាណែត ឧកញ៉ាទ្រី ភាព ឧកញ៉ាលី យ៉ុងផាត់ និងឧកញ៉ាកុក អាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗជិត៣០នាក់ផ្សេងទៀត ដែលសិ្នទ្ធនឹង លោក ហ៊ុន សែន ហើយមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញថា បានគប់គិតគ្នារកស៊ីឬធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនអនឡាញអន្តរជាតិ ដើម្បីរកប្រាក់ចំណូលឱ្យគ្រួសារហ៊ុន និងគណបក្សប្រជាជនកម្ពុជាណាម្នាក់នៅឡើយទេ៕









